« ថ្ងៃទី ៤–១០ ខែ កញ្ញា ។ កូរិនថូស ទី១ ១៤–១៦ ៖ ‹ ព្រះទ្រង់មិនមែនជាព្រះនៃសេចក្តីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្តីសុខសាន្តវិញ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ៤–១០ ខែ កញ្ញា ។ កូរិនថូស ទី១ ១៤–១៦ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ៤–១០ ខែ កញ្ញា
កូរិនថូស ទី១ ១៤–១៦
« ព្រះទ្រង់មិនមែនជាព្រះនៃសេចក្តីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្តីសុខសាន្តវិញ »
ពីមុនរំឭកគម្រោងមេរៀននេះឡើងវិញ សូមអាន កូរិនថូស ទី១ ១៤–១៦ ។ សូមកត់ត្រាការបំផុសគំនិតរបស់បងប្អូនអំពីសេចក្ដីពិតអ្វីខ្លះ ដែលនឹងជួយដល់សមាជិកក្នុងថ្នាក់របស់បងប្អូន ហើយបន្តស្វែងរកការដឹកនាំបន្ថែមទៀតមកពីព្រះវិញ្ញាណ នៅអំឡុងសប្ដាហ៍នេះ ។
អញ្ជើញឲ្យចែកចាយ
សូមទុកពេលពីរបីនាទីឲ្យសមាជិកក្នុងថ្នាក់រំឭក កូរិនថូស ទី១ ១៤–១៦ ឡើងវិញ ហើយស្វែងរកខគម្ពីរមួយ ដែលពួកគេមានអារម្មណ៍ថាមានអត្ថន័យជាពិសេស ។ សូមអញ្ជើញពួកគេឲ្យដើររកនរណាម្នាក់នៅក្នុងថ្នាក់ ដែលពួកគេអាចចែកចាយខគម្ពីររបស់ពួកគេជាមួយបាន ហើយពន្យល់អំពីហេតុផលដែលពួកគេបានជ្រើសរើសខគម្ពីរនោះ ។
បង្រៀនគោលលទ្ធិ
នៅពេលយើងជួបជុំគ្នា នោះយើងគួរតែខិតខំដើម្បីស្អាងគ្នាទៅវិញទៅមក ។
-
សូមពិចារណាប្រើការបង្រៀនរបស់ប៉ុលនៅក្នុង កូរិនថូស ទី១ ១៤ ដើម្បីរំឭកសមាជិកក្នុងថ្នាក់ថា យើងទាំងអស់គ្នាអាចស្អាង—ឬគាំទ្រ ហើយលើកស្ទួយ—គ្នាទៅវិញទៅមកនៅឯព្រះវិហារបាន ។ វិធីដ៏សាមញ្ញមួយដើម្បីរំឭកជំពូកនេះឡើងវិញ អាចជាការសរសេរសំណួរមួយនៅលើក្ដារខៀន ដូចជាសំណួរថា តើគោលដៅរបស់យើងគួរជាអ្វីទៅ នៅពេលយើងជួបជុំគ្នា ? សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យស្រាវជ្រាវរកចម្លើយដែលអាចមាននៅក្នុង កូរិនថូស ទី១ ១៤ ។ គំនិតផ្សេងទៀតអាចរកបាននៅក្នុង មរ៉ូណៃ ៦:៤–៥ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១៧–២៣ ។ នៅពេលសមាជិកក្នុងថ្នាក់ចែកចាយអ្វីដែលពួកគេបានរកឃើញ សូមពិចារណាសួរថា តើពួកគេមានអារម្មណ៍ថាសមាជិកក្នុងថ្នាក់របស់បងប្អូនធ្វើបានល្អប៉ុណ្ណាដែរ ក្នុងការសម្រេចគោលដៅទាំងនេះ ។ ពួកគេក៏អាចចែកចាយបទពិសោធន៍នានា ដែលពួកគេបានទទួលអារម្មណ៍ថា បានស្អាងឡើងដោយសារអ្វីមួយដែលសមាជិកក្នុងថ្នាក់ម្នាក់បានចែកចាយផងដែរ ។
ដោយសារព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ នោះយើងទាំងអស់គ្នានឹងរស់ឡើងវិញផងដែរ ។
-
តើបងប្អូនអាចប្រើទីបន្ទាល់របស់ប៉ុលនៅក្នុង កូរិនថូស ទី១ ១៥ ដើម្បីពង្រឹងដល់ទីបន្ទាល់របស់សមាជិកក្នុងថ្នាក់បងប្អូនអំពីការរស់ឡើងវិញតាមរបៀបណា ? វិធីមួយអាចជាការបំបែកសមាជិកក្នុងថ្នាក់ជាពីរក្រុម ហើយសូមឲ្យក្រុមនីមួយៗមើលនៅក្នុង កូរិនថូស ទី១ ១៥ រកមើលលទ្ធផលដែលយើងនឹងជួបប្រទះ ប្រសិនបើព្រះយេស៊ូវគ្រីស្ទពុំបានមានព្រះជន្មរស់ឡើងវិញទេនោះ ។ ក្រុមផ្សេងទៀតអាចរកមើលពរជ័យដែលយើងទទួលបាន ដោយសារការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក ក្រុមនីមួយៗអាចសរសេរនៅលើក្ដារខៀននូវអ្វីដែលពួកគេបានរៀនសូត្រ ។ តើពួកគេអាចបន្ថែមអ្វីខ្លះទៅលើបញ្ជីរបស់ពួកគេ បន្ទាប់ពីអានសេចក្ដីថ្លែងការណ៍របស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ហើយ ? ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យមានអារម្មណ៍ពីព្រះវិញ្ញាណអំឡុងការពិភាក្សានេះ សូមពិចារណាដាក់បង្ហាញរូបភាពមួយរបស់ព្រះអង្គសង្គ្រោះ ដែលបានមានព្រះជន្មរស់ឡើងវិញ ( សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ឬចាក់ ឬច្រៀងទំនុកតម្កើងមួយអំពីការរស់ឡើងវិញ ។
-
ដោយសារប៉ុលកំពុងឆ្លើយតបទៅកាន់ប្រជាជន ដែលមិនបានជឿលើការរស់ឡើងវិញ នោះសមាជិកក្នុងថ្នាក់អាចទទួលបានប្រយោជន៍មកពីការដើរតួសម្ដែងអំពីស្ថានភាពស្រដៀងគ្នាមួយ ។ ឧទាហរណ៍ តើពួកគេអាចពង្រឹងសេចក្ដីជំនឿទៅលើការរស់ឡើងវិញរបស់មនុស្សជាទីស្រឡាញ់ម្នាក់តាមរបៀបណា ? តើយើងរកឃើញអ្វីខ្លះនៅក្នុង កូរិនថូស ទី១ ១៥ ដែលនឹងជួយយើងឲ្យពន្យល់អំពីសេចក្ដីត្រូវការដើម្បីមានការរស់ឡើងវិញ និងភស្ដុតាងនៃការរស់ឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ ? តើបទគម្ពីរផ្សេងទៀតណាខ្លះដែលយើងអាចប្រើបាន ? ( ឧទាហរណ៍ សូមមើល លូកា ២៤:១–១២, ៣៦–៤៦; អាលម៉ា ១១:៤២–៤៥ ) ។
-
កូរិនថូស ទី១ ១៥ គឺជាកន្លែងមួយក្នុងចំណោមកន្លែងកម្រមួយចំនួននៅក្នុងព្រះគម្ពីរ ដែលបានលើកឡើងអំពីពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ( សូមមើល ខទី ២៩; សូមមើលផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៨ ) ។ ប្រហែលជាសមាជិកក្នុងថ្នាក់អាចចែកចាយអំណរ ដែលពួកគេធ្លាប់បានដកពិសោធន៍ក្នុងការធ្វើបុណ្យជ្រមុជទឹក ឬពិធីបរិសុទ្ធផ្សេងទៀតសម្រាប់បុព្វការីជនរបស់ពួកគេ ។ ហេតុអ្វីបានជាប៉ុលយោងទៅពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ទុកជាភស្ដុតាងអំពីការរស់ឡើងវិញ ? ប្រសិនបើវានឹងជាជំនួយដល់ការពិភាក្សាអំពីមូលហេតុ ដែលចាំបាច់ត្រូវមានពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន នោះសូមមើលអត្ថបទនៅក្នុង Gospel Topics « Baptisms for the Dead » ( នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។ វីដេអូ « Glad Tidings: The History of Baptisms for the Dead » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ពន្យល់អំពីរបៀបដែលគោលការណ៍នេះត្រូវបានស្ដារឡើងវិញនៅជំនាន់របស់យើង ។
ធនធានបន្ថែមទាំងឡាយ
សារៈសំខាន់នៃការរស់ឡើងវិញ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀន ៖
« សូមគិតបន្តិចអំពីអត្ថន័យពិតនៃដំណើររស់ឡើងវិញក្នុងការដោះស្រាយសម្រាប់បុគ្គលម្នាក់ និងទាំងអស់គ្នាអំពីអត្តសញ្ញាណពិតរបស់ព្រះយេស៊ូវនៃណាសារ៉ែត និងការប្រឆាំងខាងចិត្តវិទ្យា និងសំណួរនៃជីវិត ។ បើព្រះយេស៊ូវពិតជាមានព្រះជន្មរស់ឡើងវិញមែន វាចាំបាច់ត្រូវជឿថា ទ្រង់ជាសភាវៈអាទិទេព ។ គ្មានមនុស្សលោកណាម្នាក់មានអំណាចដោយខ្លួនឯងដើម្បីមានជីវិតម្ដងទៀត ក្រោយពីការស្លាប់នោះឡើយ ។ ដោយសារទ្រង់បានមានព្រះជន្មរស់ឡើងវិញ នោះព្រះយេស៊ូវមិនមែនត្រឹមតែជាជាងឈើ គ្រូបង្រៀន គ្រូគង្វាល ឬព្យាការីម្នាក់នោះទេ ។ ដោយសារទ្រង់បានមានព្រះជន្មរស់ឡើងវិញ នោះព្រះយេស៊ូវត្រូវតែជាព្រះមួយអង្គ គឺព្រះរាជបុត្រាតែមួយគត់របស់ព្រះវរបិតា ។
ហេតុដូច្នេះហើយ អ្វីដែលទ្រង់បង្រៀនគឺពិត ព្រះមិនអាចកុហកឡើយ ។
ហេតុដូច្នេះហើយ ទ្រង់ជាព្រះដ៏បង្កបង្កើតផែនដី ដូចដែលទ្រង់មានបន្ទូលហើយ ។
ហេតុដូច្នេះហើយ ស្ថានសួគ៌ និងស្ថាននរកមានពិតមែន ដូចទ្រង់ត្រាស់បង្រៀនហើយ ។
ហេតុដូច្នេះហើយ មានពិភពវិញ្ញាណដែលទ្រង់បានយាងទៅ បន្ទាប់ពីការសុគត ។
ហេតុដូច្នេះហើយ ទ្រង់នឹងយាងមកម្ដងទៀត ដូចដែលទេវតាបានមានបន្ទូល ហើយ ‹ សោយរាជ្យនៅលើផែនដីផ្ទាល់ › ។
« ហេតុដូច្នេះហើយ មានដំណើររស់ឡើងវិញ និងការជំនុំជម្រះចុងក្រោយដល់មនុស្សទាំងពួង » ( « The Resurrection of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១៣ ) ។