« ថ្ងៃទី ២៧ ខែ វិច្ឆិកា–ថ្ងៃទី ៣ ខែ ធ្នូ ។ យ៉ូហាន ទី១–ទី៣; យូដាស ៖ ‹ ព្រះទ្រង់ជាសេចក្តីស្រឡាញ់ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៧ ខែ វិច្ឆិកា–ថ្ងៃទី ៣ ខែ ធ្នូ ។ យ៉ូហាន ទី១–ទី៣; យូដាស » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៧ ខែ វិច្ឆិកា–ថ្ងៃទី ៣ ខែ ធ្នូ
យ៉ូហាន ទី១–ទី៣; យ៉ូដាស
« ព្រះទ្រង់ជាសេចក្តីស្រឡាញ់ »
តើប្រធានបទ និងគោលការណ៍អ្វីខ្លះ ដែលបងប្អូនចាប់អារម្មណ៍ នៅពេលបងប្អូនអានគម្ពីរ យ៉ូហាន ទី១–ទី៣ និង យូដាស ? តើបងប្អូនអាចប្រើវា ដើម្បីជួយសមាជិកក្នុងថ្នាក់របស់បងប្អូនតាមរបៀបណា ?
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញសមាជិកក្នុងថ្នាក់បីបួននាក់ឲ្យចែកចាយប្រធានបទ ឬសេចក្ដីពិតជាក់លាក់ ដែលពួកគេចាប់អារម្មណ៍ នៅពេលពួកគេបានសិក្សា សំបុត្ររបស់យ៉ូហាន និងគម្ពីរ យូដាស ។ តើសារលិខិតអ្វីខ្លះមកពីសំបុត្រទាំងនេះទាក់ទងនឹងពួកគេ និងក្រុមគ្រួសាររបស់ពួកគេខ្លាំងបំផុត ?
បង្រៀនគោលលទ្ធិ
យ៉ូហាន ទី១ ១:៥–១០; ២:៣–១១; ៣:១–៣; ៤:៧–២១; ៥:១–៣
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ល្អឥតខ្ចោះនៃពន្លឺ និងសេចក្ដីស្រឡាញ់ ។
-
តើបងប្អូនអាចជួយអស់អ្នកដែលបងប្អូនបង្រៀនឲ្យស្គាល់ពន្លឺ និងសេចក្ដីស្រឡាញ់របស់ព្រះនៅក្នុងជីវិតរបស់ពួកគេតាមរបៀបណា ? បងប្អូនអាចចាប់ផ្ដើមដោយការសរសេរពាក្យ ពន្លឺ និង សេចក្ដីស្រឡាញ់ ដាក់នៅលើក្ដារខៀន ។ សូមឲ្យសមាជិកក្នុងថ្នាក់ចែកចាយពាក្យផ្សេងទៀតដែលមាននៅក្នុងគំនិត នៅពេលពួកគេគិតអំពីពាក្យទាំងពីរនេះ ។ បន្ទាប់មក សមាជិកម្នាក់ៗក្នុងថ្នាក់អាចសិក្សាវគ្គបទគម្ពីរដូចតទៅនេះមួយ ហើយរកមើលអ្វីមួយ ដែលខគម្ពីរទាំងនេះបង្រៀនអំពីពន្លឺ និងសេចក្ដីស្រឡាញ់ ៖ យ៉ូហាន ទី១ ១:៥–១០; ២:៣–១១; ៣:១–៣; ៤:៧–១២; ៤:១៦–២១; ៥:១–៣ ។ សូមឲ្យសមាជិកក្នុងថ្នាក់ពីរបីនាក់ចែកចាយជាមួយនឹងសមាជិកក្នុងថ្នាក់អំពីអ្វីដែលពួកគេបានរកឃើញ ។ បងប្អូនក៏អាចអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយបទពិសោធន៍នានា ដែលពួកគេទទួលបាននូវពន្លឺ និងសេចក្ដីស្រឡាញ់របស់ព្រះផងដែរ ។
-
បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យមើលទៅភ្លើងនៅលើពិដាន ឬពន្លឺកាត់តាមបង្អួចមួយ ហើយចែកចាយអ្វីដែលពួកគេដឹងអំពីពន្លឺខាងរូបកាយ ។ តើពន្លឺខាងរូបកាយប្រៀបបាននឹងពន្លឺខាងវិញ្ញាណតាមរបៀបណា ? សមាជិកក្នុងថ្នាក់អាចសិក្សាបទគម្ពីរដូចតទៅនេះ ដើម្បីស្វែងរកការយល់ដឹងបន្ថែមអំពីរបៀបដែលព្រះ និងព្រះរាជបុត្រារបស់ទ្រង់ប្រទានពន្លឺមកក្នុងជីវិតរបស់យើង ៖ ទំនុកតម្កើង ២៧:១; យ៉ូហាន ១:៤–៥; យ៉ូហាន ទី១ ១:៥–៧; នីហ្វៃទី៣ ១១:១១; គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦–១៣ និងទំនុកតម្កើងអំពីពន្លឺ ដូចជាបទ « ទ្រង់ជាពន្លឺខ្ញុំ » ( ទំនុកតម្កើង ល.រ. ៣៩ ) ។ សមាជិកក្នុងថ្នាក់ក៏អាចចែកចាយបទពិសោធន៍ជាមួយនឹងការស្វែងរក និងការទទួលពន្លឺខាងវិញ្ញាណនៅក្នុងជីវិតរបស់ពួកគេផងដែរ ។
យ៉ូហាន ទី១ ២:១៨–២៨; ៤:៣; យ៉ូហាន ទី២ ១:៧–១១; យ៉ូហាន ទី៣ ១:៩–១១; យូដាស
យើងត្រូវតែ « [ កាន់ខ្ជាប់ ] ក្នុងសេចក្តីបង្រៀនរបស់ព្រះគ្រីស្ទ » ។
-
ការបង្រៀនរបស់យ៉ូហាន និង យូដាស អំពីការក្បត់សាសនាអាចជួយសមាជិកក្នុងថ្នាក់ឲ្យពិចារណាអំពីរបៀបដើម្បីរក្សាសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទឲ្យបានរឹងមាំ ។ សូមពិចារណាអញ្ជើញសមាជិកពាក់កណ្ដាលថ្នាក់ឲ្យស្រាវជ្រាវរកការពិពណ៌នាអំពីការបង្រៀនខុសឆ្គង ឬការក្បត់សាសនានៅក្នុង យ៉ូហាន ទី១ ២:១៨–២៣, ២៦–២៨; ៤:៣; យ៉ូហាន ទី២ ១:៧–១១; យ៉ូហាន ទី៣ ១:៩–១១ ហើយពាក់កណ្ដាលថ្នាក់ទៀតស្រាវជ្រាវរកការពិពណ៌នាបែបនេះនៅក្នុងគម្ពីរ យូដាស ។ ឬពួកគេអាចរកមើលចម្លើយចំពោះសំណួរទាំងនេះ ៖ តើយ៉ូហាន និង យូដាស កំណត់អត្ថន័យអ្នកទទឹងនឹងព្រះគ្រីស្ទយ៉ាងដូចម្ដេច ? ( សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អ្នកទទឹងនឹងព្រះគ្រីស្ទ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ តើមានអ្វីមួយនៅក្នុងខគម្ពីរទាំងនេះ ដែលទំនងជាអនុវត្តជាពិសេសចំពោះឧបសគ្គដែលយើងជួបនៅសព្វថ្ងៃនេះដែរឬទេ ? តើការ « [ កាន់ខ្ជាប់ ] ក្នុងសេចក្តីបង្រៀនរបស់ព្រះគ្រីស្ទ » មានន័យដូចម្តេច ? ( យ៉ូហាន ទី២ ១:៩ ) ។
-
យូដាសប្រើនិមិត្តរូបដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីពិពណ៌នាអំពីពួកគ្រូបង្រៀនក្លែងក្លាយ ឬអស់អ្នកដែល « ជេរប្រមាថដល់ទាំងអ្វីៗ ដែលគេមិនស្គាល់ » ( យូដាស ១:១០ ) ។ បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ពីរបីនាក់ឲ្យគូររូបមួយចំនួន ដែលបានពិពណ៌នានៅក្នុង យូដាស ១:១២–១៣ ដាក់នៅលើក្ដារខៀន កាលសមាជិកក្នុងថ្នាក់ដទៃទៀតទស្សន៍ទាយថា តើឃ្លាមួយណា ដែលសមាជិកក្នុងថ្នាក់នោះកំពុងគូរ ។ តើរូបភាពទាំងនេះតំណាងឲ្យពួកគ្រូបង្រៀនក្លែងក្លាយ និងអ្នកទទឹងនឹងព្រះគ្រីស្ទតាមរបៀបណា ? ឧទាហរណ៍ តើការអនុវត្តខុសឆ្គងបង្កើត « ដុំស្មោកគ្រោក ក្នុងពេលដែល [ យើង ] បរិភោគ ជាមួយគ្នាដោយស្រឡាញ់ » តាមរបៀបណា ? តើយើងអាចធ្វើអ្វីខ្លះដើម្បីពង្រឹងខ្លួនយើងប្រឆាំងនឹង « មនុស្សចំអក » ? ( សូមមើល យូដាស ១:១៨–២១ ) ។ ហេតុអ្វីយូដាសបានណែនាំថា យើងត្រូវ « មានចិត្តអាណិតអាសូរ » ( យូដាស ១:២២ ) ចំពោះអ្នកដែលសើចចំអកដល់ដំណឹងល្អ ?
អំណរកើតឡើង នៅពេលយើងជួយមនុស្សដទៃឲ្យ « ប្រព្រឹត្តតាមសេចក្ដីពិត » ។
-
ប្រហែលជាមានសមាជិកក្នុងថ្នាក់របស់បងប្អូន ដែលអាចយល់ពីអ្វីដែលយ៉ូហានកំពុងមានអារម្មណ៍ នៅពេលលោកបានមានប្រសាសន៍ថា លោក « គ្មានសេចក្តីណាដែលនាំឲ្យខ្ញុំអរសប្បាយ » ជាងការស្ដាប់ឮថា កៃយុស ( « កូន » របស់លោកម្នាក់ ) បានប្រព្រឹត្តតាមសេចក្ដីពិតនោះទេ ។ សមាជិកក្នុងថ្នាក់អាចទទួលបានប្រយោជន៍មកពីការស្ដាប់ឮបទពិសោធន៍របស់គ្នាទៅវិញទៅមក ។ ប្រហែលជាបងប្អូនអាចចាប់ផ្ដើមដោយការអានរួមគ្នាក្នុង យ៉ូហាន ទី៣ ១:១–៤ និងបទគម្ពីរនៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ តើបទគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីប្រភពនៃអំណរដ៏ពិត ? សមាជិកក្នុងថ្នាក់អាចនិយាយអំពីអារម្មណ៍ដែលពួកគេមានក្នុងនាមជាឪពុកម្ដាយ អ្នកផ្សព្វផ្សាយសាសនា ថ្នាក់ដឹកនាំសាសនាចក្រ ឬគ្រូបង្រៀន នៅពេលពួកគេបានដឹងថា មនុស្សដែលពួកគេបានបង្រៀនកំពុងប្រព្រឹត្តតាមសេចក្ដីពិត ។ បងប្អូនអាចទាក់ទងទៅសមាជិកក្នុងថ្នាក់ពីរបីនាក់ពីមុនថ្នាក់ចាប់ផ្ដើម ហើយសូមឲ្យពួកគេយករូបថតរបស់មនុស្សដែលពួកគេបានជួយនាំមកកាន់ព្រះគ្រីស្ទ ហើយប្រាប់អំពីបទពិសោធន៍របស់ពួកគេ ។