« ថ្ងៃទី ២៥–៣១ ខែ ធ្នូ ។ វិវរណៈ ១៥–២២ ៖ ‹ ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្តីទាំងនេះទុកជាមរតក › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២២១ )
« ថ្ងៃទី ២៥–៣១ ខែ ធ្នូ ។ វិវរណៈ ១៥–២២ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៥–៣១ ខែ ធ្នូ
វិវរណៈ ១៥–២២
« ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្តីទាំងនេះទុកជាមរតក »
តើចម្បាំងរវាងសេចក្ដីល្អ និងសេចក្ដីអាក្រក់ដែលបានពិពណ៌នានៅក្នុងគម្ពីរ វិវរណៈ បង្រៀនបងប្អូនអ្វីខ្លះ អំពីសារៈសំខាន់នៃការធ្វើតាមព្រះគ្រីស្ទនៅលើផែនដីនេះ ? បន្ទាប់ពីពិចារណាអំពីគោលការណ៍នេះ សូមពិចារណាអំពីសេចក្ដីត្រូវការរបស់សមាជិកក្នុងថ្នាក់របស់បងប្អូន ។ តើសេចក្ដីពិតអ្វីខ្លះមកពី វិវរណៈ ដែលអាចជួយពួកគេឲ្យធ្វើការជ្រើសរើសសុចរិតបាន ?
អញ្ជើញឲ្យចែកចាយ
នៅពេលសមាជិកក្នុងថ្នាក់របស់បងប្អូនសិក្សាដល់ចុងបញ្ចប់នៃព្រះគម្ពីរសញ្ញាថ្មី សូមលើកទឹកចិត្តពួកគេឲ្យចែកចាយគំនិតរបស់ពួកគេអំពីព្រះគម្ពីរសញ្ញាថ្មី ។ សូមអញ្ជើញពួកគេឲ្យចែកចាយពីរបៀបដែលការសិក្សាព្រះគម្ពីររបស់ពួកគេ បានជួយពួកគេឲ្យស្គាល់ព្រះគ្រីស្ទកាន់តែច្បាស់ និងកាន់តែប្រែក្លាយដូចជាទ្រង់ ។
បង្រៀនគោលលទ្ធិ
យើងត្រូវតែញែកខ្លួនយើងចេញពីសេចក្ដីទុច្ចរិតនៃពិភពលោកនេះ ។
-
ជាពិសេស វាពុំមែនជារឿងដ៏រីករាយដើម្បីអានអំពីសេចក្ដីទុច្ចរិត និងការធ្លាក់នៃទីក្រុងបាប៊ីឡូននៅក្នុង វិវរណៈ ១៧–១៨ នោះទេ ប៉ុន្តែវាគឺជាចំណេះដឹងមួយដែរ ដោយសារទីក្រុងបាប៊ីឡូនអាចជានិមិត្តរូបមួយនៃពិភពលោកដ៏ទុច្ចរិតដែលយើងរស់នៅសព្វថ្ងៃនេះ ។ ប្រហែលជាបងប្អូនអាចបែងចែកជំពូកទាំងនេះទៅក្នុងចំណោមសមាជិកក្នុងថ្នាក់ ហើយសូមឲ្យពួកគេរកមើលចម្លើយចំពោះសំណួរដូចជាសំណួរទាំងនេះ ៖ ហេតុអ្វីបានជាមនុស្សបានខិតទៅរកទីក្រុងបាប៊ីឡូន ឬរឿងខាងលោកិយ ? ហេតុអ្វីទីក្រុងបាប៊ីឡូនគឺជាទីក្រុងដ៏គ្រោះថ្នាក់ ? តើនឹងមានអ្វីខ្លះកើតឡើងចំពោះទីក្រុងបាប៊ីឡូន ? តើយ៉ូហានបានផ្ដល់ការព្រមានអ្វីខ្លះ ដើម្បីជួយយើងឲ្យចៀសវាងពីជោគវាសនារបស់ទីក្រុងបាប៊ីឡូន ?
-
បន្ទាប់ពីអាន វិវរណៈ ១៨:៤ ហើយ សមាជិកក្នុងថ្នាក់អាចពិភាក្សាអំពីរបៀបដែលពួកគេអាច « ចេញពី » ទីក្រុងបាប៊ីឡូន ហើយ « កុំឲ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ » ។ ពួកគេអាចចែកចាយបទគម្ពីរ ឬសារលិខិតមកពីថ្នាក់ដឹកនាំក្នុងសាសនាចក្រ ដែលបានជួយពួកគេឲ្យតតាំងនឹងការល្បួងរបស់ទីក្រុងបាប៊ីឡូន ឬពិភពលោកនេះ ។ សូមពិចារណាមើលវីដេអូ « Dare to Stand Alone » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ឬអានសេចក្ដីថ្លែងការណ៍របស់អែលឌើរ ឃ្វីនថិន អិល ឃុក នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ សមាជិកក្នុងថ្នាក់អាចចែកចាយគំនិតអំពីរបៀបដើម្បីអនុវត្តតាមគោលការណ៍ទាំងពីរ ដែលអែលឌើរ ឃុក បានលើកឡើងមក ។ តើយើង « ចេញពី » ក្រុងបាប៊ីឡូនក្នុងន័យដូចម្ដេចដែរ ? ( ឧទាហរណ៍ សូមមើល អេសាយ ៥២:១១; គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១០ ) ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីលើកទឹកចិត្តមនុស្សដទៃទៀតឲ្យធ្វើដូចគ្នា ?
យើងអាចត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ និងថ្ងៃនៃការកាត់សេចក្ដី ។
-
ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានហៅជាញឹកញាប់ថា « ថ្ងៃធំគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ា » ( យ៉ូអែល ២:៣១ ) ហើយដោយផ្អែកលើ វិវរណៈ ១៩–២០ វាហាក់ដូចជាការពិពណ៌នាដ៏ល្អមួយ ។ សូមសរសេរព្រឹត្តិការណ៍មួយចំនួនដែលបានពិពណ៌នាក្នុង វិវរណៈ ១៩:៥–២០:១៥ ដាក់នៅលើក្ដារខៀន ។ សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យស្វែងរកខគម្ពីរ ដែលពិពណ៌នាអំពីព្រឹត្តិការណ៍ទាំងនេះ ។ ហេតុអ្វីព្រឹត្តិការណ៍ទាំងនេះត្រូវបានហៅថា ថ្ងៃធំគួរស្ញែងខ្លាច ? តើយើងរៀនបានអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះអំពីព្រះអង្គសង្គ្រោះ និងអស់អ្នកដែលដើរតាមទ្រង់ ? តើយើងអាចធ្វើអ្វីខ្លះបាននៅពេលនេះ ដើម្បីបាននៅក្នុងចំណោមអស់អ្នកដែលនឹងរីករាយនៅគ្រានៃការយាងមករបស់ទ្រង់ ?
-
ដើម្បីបំផុសឲ្យមានការពិភាក្សាមួយអំពីសៀវភៅជីវិត និងការជំនុំជម្រះចុងក្រោយ បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យធ្វើសៀវភៅសាមញ្ញមួយក្បាល ដោយការបត់ក្រដាសមួយសន្លឹកទៅជាបួន ។ បន្ទាប់មក ពួកគេអាចអាន វិវរណៈ ២០:១២–១៥; នីហ្វៃទី២ ៩:១៤; ២៩:១១ ហើយសញ្ជឹងគិតអំពីអ្វីដែលពួកគេចង់ឲ្យគេកត់ត្រាទុកអំពីពួកគេនៅក្នុងសៀវភៅជីវិត ។ សូមអញ្ជើញពួកគេឲ្យសរសេរការណ៍ទាំងនោះនៅក្នុងសៀវភៅរបស់ពួកគេ ហើយសូមអញ្ជើញឲ្យសមាជិកក្នុងថ្នាក់ពីរបីនាក់ចែកចាយអ្វីមួយ ដែលពួកគេបានសរសេរ ។ តើយើងអាចធ្វើការជ្រើសរើសអ្វីខ្លះបាននៅពេលនេះ ដើម្បីឲ្យការណ៍ទាំងនេះនឹងត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅជីវិត ? ដើម្បីជួយសមាជិកក្នុងថ្នាក់កុំឲ្យមានអារម្មណ៍បាក់ទឹកចិត្ត អំពីការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេផ្ទាល់ សូមពិចារណាចែកចាយការប្រឹក្សាមកពីសារលិខិតរបស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « Be Ye Therefore Perfect—Eventually » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤០–៤២ ) ។
ប្រសិនបើយើងស្មោះត្រង់ នោះយើងនឹងមានពរជាមួយនឹងសិរីល្អសេឡេស្ទាល ។
-
ទោះជាថ្ងៃចុងក្រោយត្រូវបានព្យាករថា នឹងពោរពេញដោយអំពើទុច្ចរិត និងមហន្តរាយក្ដី ក៏រង្វាន់ដែលយ៉ូហានបានឃើញសម្រាប់ពួកអ្នកស្មោះត្រង់គឺលើសពីសេចក្តីឈឺចាប់ ដែលចាប់ផ្ដើមឲ្យមានគ្រានោះទៅទៀត ។ ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យរុករកសេចក្ដីសន្និដ្ឋានដ៏មានន័យនេះចំពោះ វិវរណៈ បងប្អូនអាចអញ្ជើញពួកគេឲ្យរំឭកសាឡើងវិញក្នុង វិវរណៈ ២១:១–២២:៥ ដោយរកមើលឃ្លាដែលបំផុសគំនិតពួកគេឲ្យខិតខំស្វែងរកសិរីល្អសេឡេស្ទាល ។ តើមានការសន្យាអ្វីខ្លះ ដែលបានធ្វើឡើងដល់ពួកអ្នកស្មោះត្រង់ ? តើការពិពណ៌នានេះជួយយើងយ៉ាងដូចម្ដេចខ្លះ នៅពេលយើងជួបប្រទះនឹងឧបសគ្គ និងការសាកល្បងបច្ចុប្បន្នរបស់យើង ?
ធនធានបន្ថែមទាំងឡាយ
ការជ្រើសរើសយកសេចក្ដីសុចរិតជាជាងជ្រើសយកសេចក្ដីទុច្ចរិតរបស់បាប៊ីឡូន ។
អែលឌើរ ឃ្វីនថិន អិល ឃុក បានបង្រៀន ៖
« យើងមិនអាចចៀសវាងពីពិភពលោកនេះបានទេ ។ ការដើរចេញពុំមែនជាចម្លើយនោះឡើយ ។ នៅក្នុងន័យវិជ្ជមានមួយ ការបរិច្ចាគរបស់យើងទៅកាន់ពិភពលោកនេះ គឺជាផ្នែកមួយនៃឧបសគ្គរបស់យើង ហើយវាគឺជារឿងចាំបាច់ ដូច្នេះយើងត្រូវអភិវឌ្ឍទេពកោសល្យរបស់យើង ។ …
… សមាជិកសាសនាចក្រចាំបាច់ត្រូវចូលរួមចំណែកនៅក្នុងពិភពលោកនេះតាមរបៀបវិជ្ជមានមួយ ។ ដូច្នេះ តើយើងធ្វើឲ្យមានតុល្យភាពរវាងសេចក្ដីត្រូវការដើម្បីបរិច្ចាគដល់ពិភពលោកនេះដោយវិជ្ជមាន និងមិនខិតទៅរកអំពើបាបនៃពិភពលោកនេះតាមរបៀបណា ? [ សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១០; ៥៩:៩ ] ។ មាននូវគោលការណ៍ពីរយ៉ាង ដែលនឹងធ្វើឲ្យមានការខុសប្លែកមួយយ៉ាងខ្លាំង ។
-
សូមឲ្យមនុស្សទូទៅដឹងថា បងប្អូនគឺជាពួកបរិសុទ្ធថ្ងៃចុងក្រោយម្នាក់ ដែលមានការតាំងចិត្តខ្ពស់ ។
-
សូមមានទំនុកចិត្តចំពោះជំនឿរបស់បងប្អូន ហើយរស់នៅតាមវា » ( « Lessons from the Old Testament: In the World but Not of the World » Ensign ខែ កុម្ភៈ ឆ្នាំ ២០០៦ ទំព័រ ៥៤–៥៥ ) ។