« ថ្ងៃទី ៥–១១ ខែ កញ្ញា ។ អេសាយ ១–១២ ៖ ‹ ព្រះទ្រង់ជាសេចក្តីសង្គ្រោះរបស់ខ្ញុំ › » ចូរមកតាមខ្ញុំ—សម្រាប់ សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៥–១១ ខែ កញ្ញា ។ អេសាយ ១–១២ » ចូរមកតាមខ្ញុំ—សម្រាប់ សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ៥–១១ ខែ កញ្ញា
អេសាយ ១–១២
« ព្រះទ្រង់ជាសេចក្តីសង្គ្រោះរបស់ខ្ញុំ »
សូមពិចារណាពីរបៀបដើម្បីលើកទឹកចិត្តឲ្យសមាជិកក្នុងថ្នាក់ចែកចាយចំណាប់អារម្មណ៍ និងការយល់ដឹងដែលពួកគេបានទទួលអំឡុងការសិក្សាផ្ទាល់ខ្លួន និងជាគ្រួសាររបស់ពួកគេ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ផ្ដល់ជាគំនិតដើម្បីយល់ពីការសរសេររបស់អេសាយ ។ បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយពីរបៀបដែលគំនិតមួយក្នុងចំណោមគំនិតទាំងនេះ ឬគំនិតផ្សេងទៀតបានជួយពួកគេឲ្យរៀនមកពី អេសាយ ១–១២ ។
បង្រៀនគោលលទ្ធិ
ពាក្យពេចន៍របស់អេសាយនឹងត្រូវបានបំពេញទាំងអស់ ។
-
ដោយមានបន្ទូលអំពីអេសាយ នោះព្រះអង្គសង្គ្រោះបានបង្រៀនថា « ហើយគ្រប់ទាំងការណ៍ដែលលោកមានប្រសាសន៍នោះបានកើតឡើង ហើយនឹងកើតឡើង គឺស្របតាមពាក្យពេចន៍ដែលលោកបានប្រាប់ » ( នីហ្វៃទី៣ ២៣:៣ ) ។ បងប្អូនអាចចាប់ផ្ដើមការពិភាក្សាមួយអំពីអេសាយ តាមរយៈការចែកចាយបទគម្ពីរនេះ និងសេចក្ដីថ្លែងការណ៍នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ រួចហើយបងប្អូនអាចសរសេរនៅលើក្ដារខៀនថា ជំនាន់របស់អេសាយ ការងារបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ និង ថ្ងៃចុងក្រោយ ។ សមាជិកក្នុងថ្នាក់អាចរកមើលវគ្គបទគម្ពីរនៅក្នុង អេសាយ ១–១២ ដែលអាចអនុវត្តបានចំពោះឃ្លានៅលើក្ដារខៀនមួយ ឬច្រើន ( ឧទាហរណ៍ អេសាយ ២:១–៥; ៧:១–៧; ៧:១០–១៤; ៩:២–៧; ១០:២០; ១១:១០; ១២:១ ) ។ ហេតុអ្វីវាគឺជាពរជ័យមួយ ដើម្បីមានការព្យាករទាំងនេះសម្រាប់ពួកយើងនាសព្វថ្ងៃនេះ ?
« លែងប្រព្រឹត្តអំពើអាក្រក់តទៅ » ។
-
បងប្អូនអាចសូមឲ្យសមាជិកក្នុងថ្នាក់ចែកចាយអ្វី ដែលពួកគេបានរៀនមកពីការសិក្សាផ្ទាល់ខ្លួន និងជាគ្រួសាររបស់ពួកគេនៅក្នុង អេសាយ ១, ៣, ៥ អំពីស្ថានភាពខាងវិញ្ញាណនៃនគរយូដានៅជំនាន់របស់អេសាយ ។ ប្រហែលជាពួកគេអាចរំឭកជំពូកទាំងនេះឡើងវិញ ហើយធ្វើបញ្ជីមួយអំពីខគម្ពីរ និងស្ថានភាពដែលខនោះពិពណ៌នា ។ តើមានសារលិខិតនៃសេចក្ដីសង្ឃឹមអ្វីខ្លះ ដែលយើងអាចរកឃើញនៅក្នុងជំពូកទាំងនេះ ? ( ប្រសិនបើចាំបាច់ បងប្អូនអាចឲ្យសមាជិកក្នុងថ្នាក់បើកទៅ អេសាយ ១:១៦–២០, ២៥–២៧; ៣:១០ ) ។ ប្រសិនបើយូដាពីបុរាណមានសារលិខិតមួយសម្រាប់ពួកយើង តើវាអាចជាអ្វីទៅ ?
-
សមាជិកក្នុងថ្នាក់អាចសម្ដែងថា ពួកគេបានរស់នៅក្នុងទីក្រុងយេរូសាឡិម នៅពេលអេសាយបានធ្វើការព្យាករ ។ បងប្អូនអាចធ្វើការសម្ភាសពួកគេពីរបីនាក់ ដោយសួរពួកគេថា តើអេសាយបាននិយាយអ្វីខ្លះ ហើយតើពួកគេមានអារម្មណ៍យ៉ាងណាអំពីពាក្យពេចន៍ទាំងនោះ ។ ឧទាហរណ៍ បងប្អូនអាចសូមឲ្យសមាជិកក្នុងថ្នាក់ជជែកគ្នាអំពីពាក្យពេចន៍របស់អេសាយ ដែលមាននៅក្នុង អេសាយ ១:១៦–២០; ៣:១៦–២៦; ៥:២០–២៣ ។ តើអេសាយបានថ្លែងអំពីអ្វីខ្លះ ដែលបំផុសគំនិតពួកយើងឲ្យប្រែចិត្ត ?
ព្រះនឹងធ្វើកិច្ចការដ៏ធំនៅក្នុងថ្ងៃចុងក្រោយ ។
-
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យសញ្ជឹងគិតពីរបៀប ដែលការព្យាកររបស់អេសាយអំពីថ្ងៃចុងក្រោយកំពុងត្រូវបានបំពេញ នោះបងប្អូនអាចជ្រើសរើសខគម្ពីរមួយចំនួនមកពី អេសាយ ២; ៤; ១១–១២ បាន ( ដូចជា អេសាយ ២:២–៣; ៤:៥–៦ ) ។ បន្ទាប់មក សូមឲ្យសមាជិកក្នុងថ្នាក់ស្វែងរកកិរិយាសព្ទអនាគតកាលនៅក្នុងខគម្ពីរទាំងនេះ ( ដូចជា « នឹងបាន » ឬ « នឹងទៅ » ) ។ សូមឲ្យសមាជិកក្នុងថ្នាក់ដាក់ជំនួសកិរិយាសព្ទអនាគតកាលទាំងនេះមួយចំនួន ដោយកិរិយាសព្ទបច្ចុប្បន្នកាល ( ដូចជា « កំពុងបាន » ឬ « កំពុងតែទៅ » ) ។ តើការព្យាករទាំងនេះត្រូវបានបំពេញនៅក្នុងជីវិតរបស់យើងដោយរបៀបណា ? ហេតុអ្វីវាមានសារៈសំខាន់ដើម្បីដឹងពីការព្យាករទាំងនេះ ?
-
បងប្អូនអាចចង្អុលបង្ហាញថា នៅពេលមរ៉ូណៃបានមកជួបនឹង យ៉ូសែប ស៊្មីធ នៅឆ្នាំ ១៨២៣ នោះលោកបានដកស្រង់សម្ដីពី អេសាយ ១១ ហើយបានពោលថា វាហៀបនឹងបានបំពេញហើយ ( សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៤០; សូមមើលផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៣:១–៦ ) ។ សមាជិកក្នុងថ្នាក់អាចអានខគម្ពីរពីរបីមកពី អេសាយ ១១ ( ដូចជា ខទី ៦–១២ ) ហើយសង្ខេបនូវអ្វីដែលអេសាយបានព្យាករ ជាពាក្យសម្ដីរបស់ពួកគេផ្ទាល់ ។ តើយើងមានតួនាទីអ្វីខ្លះ នៅក្នុងការបំពេញការព្យាករទាំងនេះ ?
អេសាយបានព្យាករអំពីព្រះយេស៊ូវគ្រីស្ទ ។
-
បងប្អូនអាចសួរសិស្សក្នុងថ្នាក់ថា តើពួកគេបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទចេញពីវគ្គបទគម្ពីរដូចជា អេសាយ ៧:១៤; ៨:១៣–១៤; ៩:២, ៦–៧ ។ ឧទាហរណ៍ ហេតុអ្វីអេម៉ាញូអែលគឺជាព្រះនាមដ៏ល្អមួយសម្រាប់ព្រះអង្គសង្គ្រោះ ? ( សូមមើល ម៉ាថាយ ១:២៣ ) ។ តើព្រះយេស៊ូវគ្រីស្ទគឺជា « ព្រះដ៏ជួយគំនិត » ឬ « ម្ចាស់នៃមេត្រីភាព » ដោយរបៀបណា ? សមាជិកថ្នាក់ក៏អាចចែកចាយនូវវគ្គបទគម្ពីរផ្សេងទៀត ដែលពួកគេបានរកឃើញនៅក្នុង អេសាយ ១–១២ ផងដែរ ជាខគម្ពីរដែលរំឭកពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។ តើវគ្គបទគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីទ្រង់ ?
-
ពីមុនមកថ្នាក់រៀន បងប្អូនអាចអញ្ជើញឲ្យសមាជិកក្នុងថ្នាក់យករូបភាពព្រះគ្រីស្ទមួយមកតាមខ្លួន ជារូបភាពដែលពួកគេមានអារម្មណ៍ថាតំណាងឲ្យការពិពណ៌នាមួយអំពីព្រះអង្គសង្គ្រោះ ដែលមាននៅក្នុង អេសាយ ៧–៩ ។ អំឡុងម៉ោងបង្រៀន សូមឲ្យពួកគេមានពេលវេលាបង្ហាញរូបភាព ដែលពួកគេបានយកមកនោះ ហើយពន្យល់ពីរបៀបដែលវាទាក់ទងនឹងពាក្យពេចន៍របស់អេសាយ ។
ធនធានបន្ថែមទាំងឡាយ
ការព្យាកររបស់អេសាយអាចមានការបំពេញជាច្រើនដង ។
ប្រធាន ដាល្លិន អេក អូក បានបង្រៀន ៖ « គម្ពីរអេសាយមាននូវការព្យាករជាច្រើន ដែលហាក់ដូចជាមានការបំពេញជាច្រើនដង ។ អត្ថន័យមួយហាក់ទាក់ទងនឹងប្រជាជននៃជំនាន់របស់អេសាយ ឬស្ថានភាពនៃមនុស្សជំនាន់ក្រោយ ។ អត្ថន័យមួយទៀត ជាញឹកញាប់ជានិមិត្តសញ្ញាដែលហាក់សំដៅលើព្រឹត្តិការណ៍នៅក្នុងវណ្ឌនៃពេលវេលា កាលទីក្រុងយេរូសាឡិមត្រូវបានបំផ្លាញចោល ហើយប្រជាជនត្រូវខ្ចាត់ខ្ចាយបន្ទាប់ពីការឆ្កាងព្រះរាជបុត្រានៃព្រះ ។ ប៉ុន្តែនៅតែមានអត្ថន័យ ឬការបំពេញមួយទៀតចំពោះការព្យាករដដែលនេះ ដែលហាក់ដូចជាពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ ការពិតដែលថា ការព្យាករទាំងនេះជាច្រើនអាចមានអត្ថន័យច្រើនខុសៗគ្នា បញ្ជាក់ពីសារៈសំខាន់នៃការស្វែងរកវិវរណៈរបស់យើងពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយយើងឲ្យបកស្រាយអត្ថន័យទាំងនោះ » ( « Scripture Reading and Revelation » Ensign ខែ មករា ឆ្នាំ ១៩៩៥ ទំព័រ ៨ ) ។