« ថ្ងៃទី ១៩–២៥ ខែ កញ្ញា, អេសាយ ៤០–៤៩ ៖ ‹ ចូរកម្សាន្ដទុក្ខរាស្ត្រយើងចុះ › » ចូរមកតាមខ្ញុំ—សម្រាប់ សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១៩–២៥ ខែ កញ្ញា, អេសាយ ៤០–៤៩ » ចូរមកតាមខ្ញុំ—សម្រាប់ សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ១៩–២៥ ខែ កញ្ញា
អេសាយ ៤០–៤៩
« ចូរកម្សាន្ដទុក្ខរាស្ត្រយើងចុះ »
មនុស្សមួយចំនួនអាចស្ទាក់ស្ទើរមិនហ៊ានចែកចាយគំនិតរបស់ពួកគេនៅក្នុងថ្នាក់ឡើយ ដោយសារពួកគេមានអារម្មណ៍ថា ពួកគេមិនសូវចេះព្រះគម្ពីរ ។ តើបងប្អូនអាចជួយសមាជិកក្នុងថ្នាក់ទាំងអស់ឲ្យមានអារម្មណ៍ថា ការយល់ដឹងខាងវិញ្ញាណរបស់ពួកគេមានតម្លៃតាមរបៀបណា ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមពិចារណាសរសេរសំណួរមួយដូចតទៅនេះនៅលើក្ដារខៀន ៖ តើព្រះវិញ្ញាណបានបង្រៀនបងប្អូនអ្វីខ្លះ កាលបងប្អូនបានសិក្សាក្នុង អេសាយ ៤០–៤៩ ? សមាជិកក្នុងថ្នាក់អាចគិតពិចារណាអំពីសំណួរនេះ និងកត់ត្រាចម្លើយទុក ហើយសមាជិកពីរបីនាក់អាចឡើងចែកចាយគំនិតរបស់ពួកគេបាន ។
បង្រៀនគោលលទ្ធិ
ព្រះយេស៊ូវគ្រីស្ទអាចកម្សាន្ដទុក្ខយើង ហើយផ្ដល់សេចក្ដីសង្ឃឹមដល់យើង ។
-
គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ណែនាំឲ្យរកមើលសារលិខិតនៃការកម្សាន្ដទុក្ខ និងសេចក្ដីសង្ឃឹមនៅក្នុង អេសាយ ៤០–៤៩ ហើយកត់ត្រាវគ្គបទគម្ពីរមួយចំនួនទុកដើម្បីចាប់ផ្ដើមអាន ។ បងប្អូនអាចសូមឲ្យសមាជិកក្នុងថ្នាក់ចែកចាយសារលិខិតណាមួយ ដែលពួកគេបានរកឃើញ ។ សូមលើកទឹកចិត្តពួកគេឲ្យនិយាយអំពីមូលហេតុ ដែលសារលិខិតទាំងនេះអាចជួយសាសន៍យូដានៅក្នុងការជាប់ឃុំឃាំង និងរបៀបដែលសារលិខិតទាំងនេះអាចជួយយើងនាពេលបច្ចុប្បន្ន ។ បងប្អូនក៏អាចបង្ហាញពួកគេនូវវគ្គបទគម្ពីរ ដែលបងប្អូនបានរកឃើញនៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់បងប្អូនបានផងដែរ ។ តើព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងដឹងអ្វីខ្លះអំពីទ្រង់ ? តើទ្រង់កម្សាន្ដទុក្ខយើងយ៉ាងដូចម្ដេច ? បងប្អូនអាចរំឭកសមាជិកក្នុងថ្នាក់ថា « ព្រះយេហូវ៉ា » នៅក្នុងព្រះគម្ពីរសញ្ញាថ្មីសំដៅទៅលើព្រះអម្ចាស់ ឬព្រះយេស៊ូវគ្រីស្ទ ។
-
ទំនុកតម្កើង « គ្រឹះដ៏មាំមួន » ( ទំនុកតម្កើង ល.រ. ៣៧ ) ផ្អែកលើពាក្យពេចន៍របស់អេសាយនៅក្នុង អេសាយ ៤១:១០; ៤៣:២–៥; ៤៦:៤ ។ ក្រោយពីការអានបទគម្ពីរទាំងនេះ និងច្រៀងឃ្លានៅក្នុងទំនុកតម្កើងដែលទាក់ទងរួចហើយ សមាជិកក្នុងថ្នាក់អាចនិយាយអំពីគ្រា ដែលពួកគេបានមានអារម្មណ៍ថា ព្រះអម្ចាស់បានគង់នៅជាមួយនឹងពួកគេ ព្រមទាំងរបៀបដែលបទពិសោធន៍របស់ពួកគេបានជួយពួកគេ « កុំឲ្យខ្លាច » ផងដែរ ។
អេសាយ ៤០:១–៣, ៩–១១; ៤៣:៨–១៣; ៤៨:២០–២១; ៤៩:១–៩
« ឯងរាល់គ្នាជាស្មរបន្ទាល់របស់យើង » ។
-
តើវាមានអត្ថន័យយ៉ាងដូចម្តេចដើម្បីធ្វើជា « ស្មរបន្ទាល់ » របស់ព្រះអម្ចាស់ ? សមាជិកក្នុងថ្នាក់អាចសញ្ជឹងគិតពីសំណួរនេះ នៅពេលពួកគេអានវគ្គបទគម្ពីរដូចតទៅនេះមួយ ឬច្រើន ៖ អេសាយ ៤០:១–៣, ៩–១១; ៤៨:២០–២១; ៤៩:១–៩ ។ សេចក្ដីថ្លែងការណ៍នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ក៏អាចផ្ដល់ចម្លើយមួយចំនួនផងដែរ ។ តើអ្វីខ្លះជា « ដំណឹងល្អ » ដែលយើងចែកចាយក្នុងនាមជាស្មរបន្ទាល់របស់ព្រះអម្ចាស់ ? តើមានអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលអាចជួយយើង « កុំខ្លាចឡើយ » ក្នុងការចែកចាយស្មរបន្ទាល់របស់យើង ? ( អេសាយ ៤០:៩ ) ។ សមាជិកក្នុងថ្នាក់អាចនិយាយអំពីឱកាសដែលពួកគេមាន ដើម្បីធ្វើជាស្មរបន្ទាល់របស់ព្រះអម្ចាស់ និងរបៀបដែលទីបន្ទាល់របស់ពួកគេអាចផ្ដល់ពរជ័យដល់មនុស្សដទៃ ។
-
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យអនុវត្តការបង្រៀននៅក្នុង អេសាយ ៤៣:៨–១៣ បងប្អូនអាចអញ្ជើញពួកគេឲ្យស្រមៃថា ពួកគេត្រូវបានហៅឲ្យធ្វើជាសាក្សីនៅក្នុងការជំនុំជម្រះរបស់តុលាការ ។ នៅក្នុងការជំនុំជម្រះក្តីនេះ ព្រះយេស៊ូវគ្រីស្ទត្រូវបានជាប់ចោទពីបទថាបានអះអាងសេចក្ដីដូចបានកត់ត្រានៅក្នុង អេសាយ ៤៣:១១ ។ ប្រសិនបើយើងត្រូវបានហៅឲ្យធ្វើជាសាក្សី ដើម្បីគាំទ្រដល់ការអះអាងរបស់ព្រះយេស៊ូវ ( សូមមើល ខទី ១០ ) តើយើងអាចថ្លែងទីបន្ទាល់អ្វីខ្លះ ? តើយើងនឹងបង្ហាញភស្ដុតាងអ្វីខ្លះចេញពីជីវិតរបស់យើង ?
ព្រះអម្ចាស់អាចបន្សុទ្ធយើងបានតាមរយៈទុក្ខវេទនារបស់យើង ។
-
ប្រហែលជាសមាជិកក្នុងថ្នាក់អាចពិភាក្សាពីរបៀបដែលពាក្យសម្ដីទាំងនេះមកពីអែលឌើរ ឃ្វីនថិន អិល ឃុក ជួយយើងឲ្យយល់ពី អេសាយ ៤៨:១០ បាន ៖ « គុណសម្បត្តិនៃបុគ្គលិកលក្ខណៈ និងសេចក្ដីសុចរិតដែលត្រូវបានចម្រើនឡើងនៅក្នុងគុកភ្លើងនៃទុក្ខវេទនា បានធ្វើឲ្យយើងបានល្អឥតខ្ចោះ និងបរិសុទ្ធ » ( « The Songs They Could Not Sing » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១០៦ ) ។ ពួកគេក៏អាចនិយាយអំពីរបៀបដែល « គុកភ្លើងនៃទុក្ខវេទនា » របស់ពួកគេផ្ទាល់ បានជួយបន្សុទ្ធពួកគេខាងវិញ្ញាណផងដែរ ។ តើ អេសាយ ៤៩:១៣–១៦ ជួយយើងដោយរបៀបណា នៅពេលយើងរងទុក្ខវេទនានោះ ? សូមមើលវីដេអូ « The Refiner’s Fire » ផងដែរ ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
ធនធានបន្ថែមទាំងឡាយ
ឈរជាសាក្សីម្នាក់ ។
ប្រធាន ម៉ាហ្គារិត ឌី ណាឌុល បានពន្យល់ពីអត្ថន័យនៃការ « ឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្តី និងគ្រប់ទីកន្លែង » ( ម៉ូសាយ ១៨:៩ ) ៖
« នៅក្នុងការឈរជាសាក្សីម្នាក់នៅគ្រប់ពេលទាំងអស់ នោះយើងសន្យាថានឹងស្រឡាញ់ព្រះអម្ចាស់ គោរពទ្រង់គ្រប់ពេលទាំងអស់—ទាំងពេលថ្ងៃ និងពេលយប់ រដូវក្ដៅ និងរដូវរងារ ពេលល្អ និងពេលអាក្រក់—ស្រឡាញ់ព្រះអម្ចាស់ ហើយអនុញ្ញាតឲ្យសេចក្ដីស្រឡាញ់នោះបង្ហាញឡើងតាមរបៀបដែលយើងរស់នៅ ។ …
« ការឈរជាសាក្សីម្នាក់នៅគ្រប់សេចក្ដីទាំងអស់មានន័យថា គ្រប់ សេចក្ដីទាំងអស់—រឿងធំ រឿងតូច ការសន្ទនាទាំងអស់ ការនិយាយកំប្លែង ការលេងហ្គេម និងសៀវភៅដែលអាន ព្រមទាំងតន្ដ្រីដែលស្ដាប់ ការគាំទ្រដល់បព្វហេតុនានា ការផ្ដល់ការបម្រើ សម្លៀកបំពាក់ដែលស្លៀកពាក់ និងក្នុងចំណងមិត្តភាព ។ …
« ទីបញ្ចប់ យើងនិយាយថា យើងនឹងឈរជាសាក្សីម្នាក់នៅគ្រប់ទីកន្លែងទាំងអស់ ។ ការណ៍នោះមិនត្រឹមតែមានន័យថានៅក្នុងទីសាធារណៈប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងនៅក្នុងកន្លែងឯកជន សម្ងាត់ ងងឹត ឬភ្លឺផងដែរ នៅក្នុងសាសនាចក្រ សាលារៀន គេហដ្ឋាន ឬឡាន នៅតាមភ្នំ ឬមាត់សមុទ្រ នៅតាមដងផ្លូវ ឬសួនច្បារផងដែរ ។ …
« នៅពេលយើងគិតដល់ភាពមហស្ចារ្យនៃអំណោយទាន [ របស់ព្រះអង្គសង្គ្រោះ ] ចំពោះពួកយើង តើយើងអាចធ្វើការណ៍តូចតាចអ្វីខ្លះសម្រាប់ទ្រង់ និងសម្រាប់ព្រះវរបិតាសួគ៌របស់យើងដែលបានបញ្ជូនទ្រង់មកនោះ ? យើងអាចឈរជាសាក្សីដល់សេចក្ដីស្រឡាញ់ និងការបង្រៀនរបស់ទ្រង់ទាំងទ្វេនៅគ្រប់ពេល និងគ្រប់សេចក្តី និងគ្រប់ទីកន្លែង » ( « Stand as a Witness » Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៩៣, ៩៥ ) ។