« ថ្ងៃទី ១៩–២៥ ខែ កញ្ញា ។ អេសាយ ៤០–៤៩ ៖ ‹ ចូរកម្សាន្តទុក្ខរាស្ត្រយើងចុះ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១៩–២៥ ខែ កញ្ញា ។ អេសាយ ៤០–៤៩ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ១៩–២៥ ខែ កញ្ញា
អេសាយ ៤០–៤៩
« ចូរកម្សាន្តទុក្ខរាស្ត្រយើងចុះ »
ជារឿយៗ អេសាយបានប្រើភាសាដែលមាននិមិត្តសញ្ញា ។ សូមយកចិត្តទុកដាក់ទៅលើគំនិត និងអារម្មណ៍ ដែលនិមិត្តសញ្ញាទាំងនោះនាំឲ្យមានក្នុងចិត្ត និងគំនិតរបស់បងប្អូន ។ ការធ្វើបែបនេះអាចជួយបងប្អូនឲ្យយល់ពីអ្វីដែលលោកបានបង្រៀនកាន់តែប្រសើរ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
« កំសាន្តទុក » គឺជាពាក្យដំបូងរបស់អេសាយនៅក្នុង ជំពូក ៤០ ។ វាគូសចំណាំពីការចាប់ផ្ដើមនៃសូរសព្ទខុសគ្នាមួយ ជាការគូសបញ្ជាក់ខុសគ្នាមួយនៅក្នុងសារលិខិតរបស់ព្យាការីរូបនេះ ។ នៅកន្លែងដែលការសរសេរពីមុនមករបស់អេសាយបានព្រមានសាសន៍អ៊ីស្រាអែល និងសាសន៍យូដាអំពីការបំផ្លិចបំផ្លាញ និងសេវកភាពដែលនឹងមកដល់ដោយសារតែអំពើបាបរបស់ពួកគេ នោះការព្យាករនៅថ្ងៃចុងក្រោយទាំងនេះគឺមានន័យដើម្បីលួងលោមចិត្តពួកសាសន៍យូដាជាង ១៥០ ឆ្នាំនាពេលអនាគត—បន្ទាប់ពីក្រុងយេរូសាឡិមត្រូវបានបំផ្លាញចោល ព្រះវិហារបរិសុទ្ធត្រូវបានគេប្រមាថ ហើយប្រជាជននោះត្រូវបានចាប់ជាឈ្លើយដោយក្រុងបាប៊ីឡូន ។ ប៉ុន្តែការព្យាករទាំងនេះឈោងទៅកាន់តែឆ្ងាយនាពេលអនាគត មិនមែនគ្រាន់តែទៅដល់ពួកសាសន៍អ៊ីស្រាអែលដែលបានចាញ់ និងបាក់ទឹកចិត្តប៉ុណ្ណោះទេ ។ ការព្យាករទាំងនេះនិយាយមកកាន់យើង ដែលពេលខ្លះមានអារម្មណ៍ចុះចាញ់ បាក់ទឹកចិត្ត និងអស់សង្ឃឹមផងដែរ ។
សារលិខិតរបស់អេសាយចំពោះពួកគេ និងចំពោះយើងគឺសាមញ្ញ ៖ « កុំឲ្យខ្លាចឡើយ » ( អេសាយ ៤៣:១ ) ។ អ្វីគ្រប់យ៉ាងពុំវិនាសបង់ឡើយ ។ ព្រះអម្ចាស់ពុំបានបំភ្លេចបងប្អូនឡើយ ហើយទ្រង់មានព្រះចេស្ដាគ្រប់គ្រងស្ថានភាពដែលបងប្អូនប្រហែលជាមិនអាចគ្រប់គ្រងបាន ។ តើព្រះអម្ចាស់ពុំមែន « ជាព្រះដែលបានបង្កើតអស់ទាំងជាន់ផ្ទៃមេឃ ហើយ … គឺជាព្រះដែលបានក្រាលផែនដី និង … គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាននៅផែនដីមានដង្ហើម » ទេឬអី ? ( អេសាយ ៤២:៥ ) ។ តើទ្រង់ពុំមានព្រះចេស្ដាខ្លាំងជាងក្រុងបាប៊ីឡូន ជាងអំពើបាប ជាងអ្វីៗដែលកំពុងចាប់ចងបងប្អូនទេឬអី ? ទ្រង់មានបន្ទូលអង្វរថា « ចូរវិលមកឯយើងវិញ ពីព្រោះយើងបានលោះឯងហើយ » ( អេសាយ ៤៤:២២ ) ។ ទ្រង់អាចព្យាបាល ស្ដារ ពង្រឹង អភ័យទោស និងលួងលោមចិត្ត—នៅក្នុងករណីរបស់បងប្អូន មិនថាអ្វីក៏ដោយដែលចាំបាច់ដើម្បីឲ្យបងប្អូនទទួលបានការប្រោសលោះ ។
ដើម្បីរៀនពីរបៀបដែលនីហ្វៃ និងយ៉ាកុបបានប្រដូច អេសាយ ៤៨–៤៩ ទៅនឹងប្រជាជនរបស់ពួកលោក សូមមើល នីហ្វៃទី១ ២២ និង នីហ្វៃទី២ ៦ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះយេស៊ូវគ្រីស្ទអាចលួងលោមចិត្តខ្ញុំ និងប្រទានសេចក្ដីសង្ឃឹមដល់ខ្ញុំ ។
វាច្បាស់ជារឿងគួរឲ្យបាក់ទឹកចិត្ត និងគួរឲ្យខ្លោចផ្សាណាស់សម្រាប់សាសន៍អ៊ីស្រាអែលដែលបានឃើញថា ពួកគេជាប់សេវកភាពនៅក្រុងបាប៊ីឡូន ។ ប្រហែលជាមានមនុស្សជាច្រើនងឿងឆ្ងល់ថា តើពួកគេបានបាត់បង់នូវកន្លែងរបស់ពួកគេជារាស្ត្រនៃសេចក្ដីសញ្ញាដ៏ជម្រើសរបស់ព្រះដែរឬទេ ។ នៅពេលបងប្អូនអាន អេសាយ ៤០–៤៩ សូមរកមើលវគ្គបទគម្ពីរដែលអាចផ្ដល់ការលួងលោមចិត្ត និងសេចក្ដីសង្ឃឹម ។ ចំពោះវគ្គបទគម្ពីរនីមួយៗដែលបងប្អូនរកឃើញ សូមពិចារណា និងកត់ត្រានូវអ្វីដែលព្រះអម្ចាស់អាចនឹងមានបន្ទូលទៅកាន់ បងប្អូន នៅក្នុងខគម្ពីរទាំងនេះ ។ នេះគឺជាខគម្ពីរមួយចំនួនដែលបងប្អូនអាចចាប់ផ្ដើមបាន ៖
តើបងប្អូនអាចចែកចាយសារលិខិតទាំងនេះជាមួយនឹងមនុស្សម្នាក់ដែលត្រូវការការលើកទឹកចិត្ត ឬសេចក្ដីសង្ឃឹមតាមរបៀបណា ? ( សូមមើល អេសាយ ៤០:១–២ ) ។
សូមមើលផងដែរ ជែហ្វ្រី អ័រ ហូឡិន « A Perfect Brightness of Hope » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨១–៨៤ ។
អេសាយ ៤០:៣–៨, ១៥–២៣; ៤២:១៥–១៦; ៤៧:៧–១១
ព្រះចេស្តារបស់ព្រះគឺមហិមាជាងអំណាចខាងលោកិយ ។
អេសាយបានរំឭកប្រជាជនរបស់លោកម្ដងហើយម្ដងទៀតអំពីព្រះចេស្ដាដ៏មហិមារបស់ព្រះ ថែមទាំងបានប្រៀបធៀបទៅនឹងអំណាចខាងលោកិយដែលហ៊ុមព័ទ្ធពួកគេផងដែរ ។ សូមរកមើលសារលិខិតនេះ នៅពេលបងប្អូនអាន អេសាយ ៤០:៣–៨, ១៥–២៣; ៤២:១៥–១៦ និង ៤៧:៧–១១ ( សូមកត់ចំណាំថា ជំពូក ៤៧ ត្រូវបានលើកឡើងទៅកាន់អ្នកចាប់បង្ខាំងសាសន៍អ៊ីស្រាអែល គឺក្រុងបាប៊ីឡូន ) ។ តើវគ្គទាំងនេះបង្រៀនបងប្អូនអ្វីខ្លះអំពីរឿងខាងលោកិយ ? តើវគ្គទាំងនេះបង្រៀនបងប្អូនអ្វីខ្លះអំពីព្រះ ? សូមពិចារណាពីហេតុផលដែលសារលិខិតនេះអាចមានតម្លៃចំពោះសាសន៍យូដាដែលជាប់ក្នុងសេវកភាព ។ ហេតុអ្វីបានជាវាមានតម្លៃចំពោះបងប្អូន ?
សូមមើលផងដែរបទ « សូមគង់នឹងខ្ញុំ ! » ទំនុកតម្កើង ល.រ. ៩៨ ។
អេសាយ ៤១:៨–១៣; ៤២:១–៧; ៤៣:៩–១២; ៤៤:២១–២៨; ៤៥:១–៤; ៤៨:១០; ៤៩:១–៩
« ឯង…ជាអ្នកបម្រើយើងអើយ » ។
ចាប់ពី អេសាយ ៤០–៤៩ ព្រះអម្ចាស់បានមានបន្ទូលទៅកាន់ « អ្នកបម្រើ » និង « ស្មរបន្ទាល់ » របស់ទ្រង់ ។ នៅក្នុងវគ្គបទគម្ពីរមួយចំនួន ពាក្យទាំងនេះហាក់ដូចជាចង់និយាយពីព្រះយេស៊ូវគ្រីស្ទ ( សូមមើល អេសាយ ៤២:១–៧ ) បទគម្ពីរខ្លះទៀតនិយាយអំពីវង្សអ៊ីស្រាអែល ( សូមមើល អេសាយ ៤៥:៤ ) ហើយប៉ុន្តែបទគម្ពីរដទៃទៀតចង់និយាយពីស្តេចស៊ីរូស ដែលទ្រង់បានព្រះរាជានុញ្ញាតឲ្យពួកសាសន៍យូដា ត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយសាងសង់ព្រះវិហារបរិសុទ្ធឡើងវិញ ( សូមមើល ៤៤:២៦–៤៥:៤ ) ។ ទោះជាយ៉ាងណា នៅក្នុងករណីនីមួយៗ បងប្អូនក៏អាចពិចារណាពីរបៀបដែលវគ្គបទគម្ពីរទាំងនេះអនុវត្តចំពោះបងប្អូនដែលជាអ្នកបម្រើ និងជាស្មរបន្ទាល់នៃព្រះអម្ចាស់ផងដែរ ។ ឧទាហរណ៍ សូមពិចារណាសំណួរបែបនេះ ៖
អេសាយ ៤១:៨–១៣; ៤២:៦; ៤៤:២១ ។ តើព្រះអម្ចាស់បានហៅបងប្អូនឲ្យធ្វើអ្វី ? សូមពិចារណាពីការហៅទូទៅជាផ្លូវការក្នុងសាសនាចក្រ ក៏ដូចជាទំនួលខុសត្រូវផ្សេងទៀតក្នុងសេចក្តីសញ្ញាដើម្បីបម្រើទ្រង់ផងដែរ ។ តើទ្រង់ជួយគាំទ្រដល់បងប្អូន និង « កាន់ដៃ [ បងប្អូន ] » ( អេសាយ ៤២:៦ ) កាលដែលបងប្អូនបម្រើដោយរបៀបណា ? តើទ្រង់ « បានរើសតាំង » បងប្អូនដើម្បីធ្វើជាអ្នកបម្រើទ្រង់ដោយរបៀបណា ? ( សូមមើលផងដែរ អេសាយ ៤៨:១០ ) ។
អេសាយ ៤៣:៩–១២ ។ តើបងប្អូនជាស្មរបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទក្នុងន័យបែបណា ? តើបទពិសោធន៍អ្វីខ្លះនៅក្នុងជីវិតរបស់បងប្អូនដែលបានបង្ហាញបងប្អូនថា ទ្រង់ជាព្រះអង្គសង្រ្គោះ ?
អេសាយ ៤៩:១–៩ ។ តើបងប្អូនរកឃើញសារលិខិតអ្វីខ្លះ នៅក្នុងខគម្ពីរទាំងនេះដែលអាចជួយ នៅពេលដែលការខិតខំ និងការបម្រើរបស់បងប្អូនហាក់ដូចជា « ទទេៗជាអសារឥតការ » ? ( ខទី ៤ ) ។
សូមមើលផងដែរ ម៉ូសាយ ១៨:៩; ហិនរី ប៊ី អាវរិង « A Child and a Disciple » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ២៩–៣២ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
អេសាយ ៤០:៣–៤ ។ដើម្បីស្វែងយល់ថាតើវាមានអត្ថន័យយ៉ាងណាក្នុងការ « រៀបចំផ្លូវ … ទទួលព្រះយេហូវ៉ា » ក្រុមគ្រួសាររបស់បងប្អូនអាចតម្រង់អ្វីមួយដែលកោងឲ្យត្រង់វិញ សម្អាតឥដ្ឋដែលរាយប៉ាយឲ្យមានសណ្តាប់ធ្នាប់ ឬសម្អាតផ្លូវដែលមានក្រួសឲ្យស្អាតវិញ ។ បងប្អូនក៏អាចបង្ហាញរូបភាពយ៉ូហាន បាទីស្ទ និងយ៉ូសែប ស្ម៊ីធ ផងដែរ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៣៥,៨៧ ) ។ តើពួកលោកបានរៀបចំផ្លូវសម្រាប់ការយាងមករបស់ព្រះអម្ចាស់យ៉ាងដូចម្តេច ? ( សូមមើល លូកា ៣:២–១៨; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៣ ) ។ តើយើងអាចជួយរៀបចំផ្លូវសម្រាប់ទ្រង់យ៉ាងដូចម្តេច ? ( ឧទាហរណ៍ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១០ ) ។
-
អេសាយ ៤០:២៨; ៤៣:១៤–១៥; ៤៤:៦ ។តើព្រះនាម ឬព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទអ្វីខ្លះដែលយើងរកឃើញនៅក្នុងខគម្ពីរទាំងនេះ ? តើព្រះនាម ឬព្រះបរមងារនីមួយៗបង្រៀនយើងអ្វីខ្លះអំពីទ្រង់ ?
-
អេសាយ ៤១:១០; ៤៣:២–៥; ៤៦:៤ ។ខគម្ពីរទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងទំនុកតម្កើង « គ្រឹះដ៏មាំមួន » ( ទំនុកតម្កើង ល.រ. ៣៧ ) ។ គ្រួសាររបស់បងប្អូនប្រហែលជាចូលចិត្តច្រៀងចម្រៀងជាមួយគ្នា ហើយស្វែងរកឃ្លាដែលស្រដៀងនឹងឃ្លានៅក្នុងខគម្ពីរទាំងនេះ ។ តើឃ្លានេះបង្រៀនយើងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
-
អេសាយ ៤៤:៣–៤; ៤៥:៨ ។បន្ទាប់ពីអានខគម្ពីរទាំងនេះរួច គ្រួសាររបស់បងប្អូនអាចស្រោចទឹករុក្ខជាតិ នៅពេលបងប្អូននិយាយអំពីពរជ័យដែលព្រះអម្ចាស់បានចាក់មកលើពួកគេ ។ តើមានអ្វីកើតឡើងចំពោះរុក្ខជាតិនៅពេលយើងស្រោចទឹកវា ? តើព្រះអម្ចាស់រំពឹងអ្វីពីយើងនៅពេលដែលទ្រង់ប្រទានពរដល់យើង ?
-
អេសាយ ៤៨:១៧–១៨ ។សូមពិចារណាបង្ហាញរូបភាព ឬវីដេអូអំពីទឹកទន្លេ និងរលកសមុទ្រ ។ តើយើងអាចស្ងប់ដូចជាទឹកទន្លេយ៉ាងដូចម្តេច ? តើសេចក្តីសុចរិតអាចដូចជារលកយ៉ាងដូចម្តេច ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលលើកទឹកចិត្តឲ្យប្រើ ៖ « គ្រឹះដ៏មាំមួន » ទំនុកតម្កើង ល.រ. ៣៧ ។