« គំនិតដែលត្រូវចងចាំ ៖ ព្យាការី និងការព្យាករ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« គំនិតដែលត្រូវចងចាំ ៖ ព្យាការី និងការព្យាករ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
គំនិតដែលត្រូវចងចាំ
ព្យាការី និងការព្យាករ
នៅក្នុងទំនៀមទម្លាប់របស់ក្រុមគ្រីស្ទាននៃព្រះគម្ពីរសញ្ញាចាស់ ផ្នែកចុងក្រោយគេ ( ចាប់ពីគម្ពីរអេសាយ រហូតដល់ម៉ាឡាគី ) ត្រូវបានគេហៅថា « ព្យាការី » ។១ ប្រហែលជាមួយភាគបួននៃផ្នែកនេះនៃព្រះគម្ពីរសញ្ញាចាស់ មាននូវពាក្យសម្តីរបស់ពួកអ្នកបម្រើដែលមានសិទ្ធិអំណាចរបស់ព្រះ ដែលជាអ្នកបានទូលនឹងព្រះអម្ចាស់ ហើយបន្ទាប់មកបានថ្លែង ជំនួស ទ្រង់ តាមរយៈការចែកចាយសារលិខិតរបស់ទ្រង់ជាមួយប្រជាជន នៅប្រមាណជារវាងឆ្នាំ ៩០០ និង ឆ្នាំ ៥០០ ម.គ.ស. ។២
ព្យាការី និងការព្យាករដើរតួយ៉ាងសំខាន់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ទាំងមូល ។ លោកអយ្យកោអ័ប្រាហាំ អ៊ីសាក និង យ៉ាកុប បានឃើញនៅក្នុងការនិមិត្ត ហើយបានទូលជាមួយសារទូតសួគ៌ា ។ ម៉ូសេ បានទូលជាមួយព្រះប្រទល់មុខ ហើយចែកចាយព្រះឆន្ទៈរបស់ទ្រង់ទៅដល់ពួកកូនចៅនៃអ៊ីស្រាអែល ។ គម្ពីរពង្សាវតារក្សត្រទីមួយ និងទីពីរ បានរៀបរាប់ឡើងវិញនូវកិច្ចការដ៏អស្ចារ្យ និងសារលិខិតរបស់ព្យាការី អេលីយ៉ា និង អេលីសេ ។ ព្រះគម្ពីរសញ្ញាចាស់ក៏ថ្លែងអំពីពួកហោរា ដូចជា ម៉ារាម ( សូមមើល និក្ខមនំ ១៥:២០ ) និង ដេបូរ៉ា ( សូមមើល ពួកចៅហ្វាយ ៤ ) ព្រមទាំងស្រ្តីផ្សេងទៀតដែលប្រទានពរឲ្យមានវិញ្ញាណនៃការព្យាករ ដូចជា រេបិកា ( សូមមើល លោកុប្បត្តិ ២៥:២១–២៣ ) និង ហាណា ជាដើម ( សូមមើល សាំយូអែល ទី១ ១:២០–២:១០ ) ។ ហើយទោះបីជាគម្ពីរទំនុកដំកើងពុំបានសរសេរដោយព្យាការីត្រឹមត្រូវក្តី ក៏គម្ពីរទាំងនេះសម្បូរទៅដោយវិញ្ញាណនៃការព្យាករផងដែរ ជាពិសេស កាលដែលគម្ពីរទាំងនេះទន្ទឹងរង់ចាំដល់ការយាងមករបស់ព្រះមែស៊ី ។
អ្វីៗទាំងអស់នេះពុំមែនជារឿងភ្ញាក់ផ្អើលដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយនោះទេ ។ តាមពិតទៅ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ បង្រៀនយើងថា ពួកព្យាការីពុំមែនគ្រាន់តែជាផ្នែកមួយដ៏គួរឲ្យចាប់អារម្មណ៍របស់ប្រវត្តិសាស្រ្តនោះទេ ប៉ុន្តែគឺជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ព្រះ ។ ខណៈពេលដែលមនុស្សមួយចំនួនអាចមើលឃើញថា ព្យាការីមានលក្ខណៈពិសេសនៅសម័យព្រះគម្ពីរសញ្ញាចាស់ នោះយើងមើលឃើញថា គម្ពីរទាំងនេះ ដូចជា អ្វីមួយដែលយើងមានដូចគ្នាទៅនឹងព្រះគម្ពីរសញ្ញាចាស់ដែរ ។
ទោះជាយ៉ាងនេះក្តី ការអានជំពូកមួយពីគម្ពីរអេសាយ ឬ អេសេគាល អាចមានអារម្មណ៍ថាខុសគ្នាពីការអានសារលិខិតនៅក្នុងសន្និសីទទូទៅមកពីប្រធានសាសនាចក្របច្ចុប្បន្នដែរ ។ ពេលខ្លះវាពិបាកនឹងមើលឃើញថា ព្យាការីពីបុរាណមានអ្វីដែលត្រូវនិយាយមកកាន់យើង ។ យ៉ាងណាមិញ ពិភពលោកដែលយើងរស់នៅសព្វថ្ងៃនេះ គឺខុសគ្នាឆ្ងាយពីកន្លែងដែលពួកលោកបានបង្រៀន និងព្យាករ ។ ហើយការណ៍ដែលថា យើងកំពុងតែ មាន ព្យាការីដែលនៅរស់នោះ អាចនាំឲ្យមានសំណួរមួយ ៖ ហេតុអ្វីយើងចាំបាច់ត្រូវខិតខំ—ហើយវាពិតជាត្រូវការការខិតខំមែន—អានពាក្យសម្តីរបស់ព្យាការីពីបុរាណ ?
ពួកលោកពិតជាមានអ្វីមួយនិយាយមកកាន់យើងមែន ។
ភាគច្រើន មនុស្សសព្វថ្ងៃនេះមិនមែនជាអ្នកអានចម្បងដែលព្យាការីនៃព្រះគម្ពីរសញ្ញាចាស់សំដៅទៅលើនោះឡើយ ។ ព្យាការីទាំងនោះបានមានកង្វល់បន្ទាន់ ដែលពួកលោកបានថ្លែងនៅសម័យ និងទីកន្លែងរបស់ពួកលោក—ដូចជាព្យាការីនៅថ្ងៃចុងក្រោយរបស់យើងថ្លែងពីកង្វល់បន្ទាន់ៗរបស់យើងនៅសព្វថ្ងៃនេះដែរ ។
ទន្ទឹមពេលគ្នានេះ ព្យាការីក៏អាចមើលឃើញហួសពីកង្វល់បន្ទាន់ទាំងឡាយផងដែរ ។ កាតព្វកិច្ចមួយគឺ ពួកលោកបង្រៀនពីសេចក្ដីពិតដ៏អស់កល្បជានិច្ច ដែលទាក់ទងដល់គ្រប់សម័យកាលទាំងអស់ ។ ហើយដោយមានពរជ័យឲ្យមានវិវរណៈ នោះពួកលោកយល់កាន់តែច្បាស់ មានទស្សនៈដ៏ទូលំទូលាយអំពីកិច្ចការរបស់ព្រះ ។ ឧទាហរណ៍ អេសាយមិនត្រឹមតែអាចព្រមានមនុស្សនៅសម័យលោកអំពីអំពើបាបរបស់ពួកគេប៉ុណ្ណោះទេ—លោកថែមទាំងអាចសរសេរអំពីការរំដោះសាសន៍អ៊ីស្រាអែលដែលរស់នៅ ២០០ ឆ្នាំ នាពេលអនាគត ហើយបង្រៀនដំណាលគ្នាអំពីការរំដោះ ដែលរាស្រ្តទាំងអស់របស់ព្រះស្វែងរកផងដែរ ។ បន្ថែមពីលើនោះ លោកអាចសរសេរការព្យាករដែលសូម្បីតែនៅសព្វថ្ងៃនេះក្តី ក៏នៅតែរង់ចាំការសម្រេចបានពេញលេញផងដែរ—ដូចជាការសន្យានៃ « ផែនដីថ្មី » ( អេសាយ ៦៥:១៧ ) ដែល « នឹងស្គាល់ព្រះយេហូវ៉ា » ( អេសាយ ១១:៩ ) ដែលជាពួកពូជអំបូរដែលបាត់នៃសាសន៍អ៊ីស្រាអែល ថានឹងត្រូវបានប្រមូលផ្តុំគ្នាវិញ ហើយ « នគរ » ពុំ « ហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ » ( អេសាយ ២:៤ ) ។ ផ្នែកមួយនៃអំណរ និងការបំផុសគំនិតដែលមកតាមរយៈការអានពាក្យសម្តីរបស់ព្យាការីនៃព្រះគម្ពីរសញ្ញាចាស់ ដូចជា អេសាយ គឺការដឹងថា យើង ដើរតួសំខាន់នៅក្នុងថ្ងៃដ៏រុងរឿងដែលពួកលោកបានស្រមៃឃើញ ។៣
ដូច្នេះនៅពេលបងប្អូនអានការព្យាកររបស់ព្យាការីពីបុរាណ វាមានអត្ថប្រយោជន៍ដើម្បីរៀនអំពីបរិបទដែលពាក្យព្យាករនេះត្រូវបានសរសេរឡើង ។ ប៉ុន្តែបងប្អូនក៏គួរតែមើលខ្លួនឯងនៅក្នុងការព្យាករនេះផងដែរ ឬ « ប្រៀបធៀបពាក្យទាំងនោះទៅនឹងខ្លួន [ បងប្អូន ] » ដូចដែលនីហ្វៃបានរៀបរាប់នោះ ( សូមមើល នីហ្វៃទី១ ១៩:២៣–២៤ ) ។ ពេលខ្លះ វាមានន័យថា ការស្គាល់ក្រុងបាប៊ីឡូនថាជានិមិត្តរូបមួយនៃរឿងខាងលោកិយ និងភាពឆ្មើងឆ្មៃ មិនមែនគ្រាន់តែជាទីក្រុងបុរាណមួយនោះទេ ។ វាអាចមានន័យថា យើងយល់ដឹងថាសាសន៍អ៊ីស្រាអែលគឺជារាស្ត្ររបស់ព្រះនៅគ្រប់សម័យកាល និងការយល់ដឹងថា ក្រុងស៊ីយ៉ូនគឺជាបុព្វហេតុនៅថ្ងៃចុងក្រោយដែលរាស្ត្ររបស់ព្រះឱបក្រសោប ជំនួសឲ្យការគ្រាន់តែប្រើជាពាក្យមួយទៀតសម្រាប់ក្រុងយេរូសាឡិម ។
យើងអាចប្រៀបធៀបបទគម្ពីរបានដោយសារយើងយល់ថា ការព្យាករមួយអាចត្រូវបានបំពេញតាមរបៀបជាច្រើន ។៤ គំរូដ៏ល្អមួយអំពីរឿងនេះគឺជាការព្យាករនៅក្នុង អេសាយ ៤០:៣ ៖ « មានឮសំឡេង១កំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវសម្រាប់ទទួលព្រះយេហូវ៉ា » ។ ចំពោះពួកសាសន៍យូដាដែលជាប់ក្នុងសេវកភាពនៅក្រុងបាប៊ីឡូន សេចក្ដីថ្លែងការណ៍នេះអាចសំដៅលើព្រះអម្ចាស់ ដែលកំពុងប្រទានផ្លូវដើម្បីឲ្យរួចផុតពីសេវកភាព ហើយត្រឡប់ចូលក្រុងយេរូសាឡិមវិញ ។ ចំពោះម៉ាថាយ ម៉ាកុស និងលូកា ការព្យាករនេះត្រូវបានបំពេញដោយយ៉ូហាន បាទីស្ទ ជាអ្នកដែលបានរៀបចំផ្លូវសម្រាប់ការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ ។៥ ហើយយ៉ូសែប ស៊្មីធ បានទទួលវិវរណៈថា ការព្យាករនេះនៅតែត្រូវបានបំពេញនៅថ្ងៃចុងក្រោយដដែល ក្នុងការរៀបចំសម្រាប់ការងារបម្រើនៅសហសវត្សរ៍របស់ព្រះគ្រីស្ទ ។៦ តាមរបៀបជាច្រើន យើងនៅតែយល់ដឹងថា ពួកព្យាការីបុរាណជាច្រើន បាន និយាយមកកាន់យើង ។ ហើយពួកលោកបានបង្រៀននូវសេចក្ដីពិតដែលមានតម្លៃដ៏អស់កល្បជានិច្ចជាច្រើនដែលទាក់ទងនឹងយើង ដូចជាវាទាក់ទងនឹងអ៊ីស្រាអែលពីបុរាណដែរ ។
ពួកលោកបានធ្វើទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ
ប្រហែលជារឿងដែលសំខាន់ជាងការមើលឃើញខ្លួនបងប្អូននៅក្នុងការព្យាករនៃព្រះគម្ពីរសញ្ញាចាស់ គឺជាការមើលឃើញព្រះយេស៊ូវគ្រីស្ទនៅក្នុងការព្យាករទាំងនោះវិញ ។ ប្រសិនបើបងប្អូនរកមើលទ្រង់ នោះបងប្អូននឹងរកឃើញទ្រង់ ទោះជាព្រះនាមរបស់ទ្រង់មិនត្រូវបានលើកឡើងក្ដី ។ វាអាចជួយដើម្បីចងចាំថា ព្រះនៃព្រះគម្ពីរសញ្ញាចាស់ ព្រះអម្ចាស់ ព្រះយេហូវ៉ា គឺជា ព្រះយេស៊ូវគ្រីស្ទ ។ នៅគ្រប់ពេលដែលពួកព្យាការីអត្ថាធិប្បាយអំពីអ្វីដែលព្រះអម្ចាស់កំពុងធ្វើ ឬអ្វីដែលទ្រង់នឹងធ្វើ នោះពួកលោកកំពុងថ្លែងអំពីព្រះអង្គសង្គ្រោះ ។
បងប្អូនក៏នឹងរកឃើញសេចក្តីយោងជាច្រើនទៅកាន់ព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំង ( សូមមើល អេសាយ ៦១:១ ) ព្រះប្រោសលោះ ( សូមមើល ហូសេ ១៣:១៤ ) និងជាស្តេចនៅពេលអនាគតចេញពីរាជវង្សរបស់ស្តេចដាវីឌ ( សូមមើល អេសាយ ៩:៦–៧; សាការី ៩:៩ ) ។ អ្វីៗទាំងអស់នេះគឺជាការព្យាករអំពីព្រះយេស៊ូវគ្រីស្ទ ។ ជាទូទៅ បងប្អូននឹងអានអំពីការរំដោះ ការអត់ទោស ការប្រោសលោះ និងការស្តារឡើងវិញ ។ ដោយមានព្រះអង្គសង្រ្គោះនៅក្នុងគំនិត និងដួងចិត្តរបស់បងប្អូន នោះជាធម្មតា ការព្យាករទាំងនេះនឹងចង្អុលបង្ហាញបងប្អូនទៅរកព្រះរាជបុត្រានៃព្រះ ។ នៅទីបញ្ចប់ វិធីដ៏ប្រសើរបំផុតដើម្បីយល់ពីការព្យាករគឺត្រូវមាន « វិញ្ញាណនៃសេចក្តីទំនាយ » ដែលយ៉ូហានប្រាប់យើងនោះ ពោលគឺ « សេចក្តីបន្ទាល់ពីព្រះយេស៊ូវ » ( វិវរណៈ ១៩:១០ ) ។