« ថ្ងៃទី ១២–១៨ ខែ កញ្ញា ។ អេសាយ ១៣–១៤; ២៤–៣០; ៣៥ ៖ ‹ ការណ៍អស្ចារ្យ ហើយចម្លែក › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១២–១៨ ខែ កញ្ញា ។ អេសាយ ១៣–១៤; ២៤–៣០; ៣៥ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ១២–១៨ ខែ កញ្ញា
អេសាយ ១៣–១៤; ២៤–៣០; ៣៥
« ការណ៍អស្ចារ្យ ហើយចម្លែក »
ប្រធាន ប៊ូនី អេច ខ័រឌុន បានបង្រៀនថា « បទគម្ពីរជាច្រើនបំភ្លឺគំនិតយើង បីបាច់វិញ្ញាណយើង ឆ្លើយសំណួរយើង បង្កើនការទុកចិត្តរបស់យើងទៅលើព្រះអម្ចាស់ ហើយជួយយើងឲ្យដាក់ជីវិតយើងទៅលើទ្រង់ » ( « Trust in the Lord and Lean Not » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៧ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
រឿងមួយដែលព្រះអម្ចាស់បង្គាប់ឲ្យពួកព្យាការីធ្វើ គឺត្រូវព្រមានអំពីលទ្ធផលនៃអំពើបាប ។ ក្នុងករណីរបស់ពួកព្យាការីនៅព្រះគម្ពីរសញ្ញាចាស់ ជាញឹកញាប់ការណ៍នេះមានន័យថាប្រាប់ដល់ពួកអ្នកគ្រប់គ្រងអំណាចនៃនគរដែលខ្លាំងក្លាថា ពួកគេត្រូវតែប្រែចិត្ត បើពុំនោះទេពួកគេនឹងត្រូវបំផ្លាញចោល ។ នោះគឺជាការងារដ៏មានគ្រោះថ្នាក់ ប៉ុន្តែអេសាយមិនខ្លាចឡើយ ហើយការព្រមានរបស់លោកចំពោះនគរនៅសម័យរបស់លោក រួមមានអ៊ីស្រាអែល យូដា និងប្រជាជាតិដែលនៅជុំវិញ—គឺអង់អាចណាស់ ( សូមមើល អេសាយ ១៣–២៣ ) ។
ទោះយ៉ាងណា អេសាយក៏មានសារលិខិតនៃក្តីសង្ឃឹមដែរ ។ ទោះបីជាការបំផ្លិចបំផ្លាញដែលបានព្យាករ នៅទីបំផុតបានកើតឡើងចំពោះនគរទាំងនេះក៏ដោយ ក៏អេសាយបានមើលឃើញនូវឱកាសសម្រាប់ការស្តារឡើងវិញ និងកែប្រែឡើងវិញពីការបំផ្លិចបំផ្លាញនេះដែរ ។ ព្រះអម្ចាស់បង្គាប់រាស្រ្តរបស់ទ្រង់ឲ្យត្រឡប់ទៅរកទ្រង់វិញ ។ ទ្រង់នឹងធ្វើឲ្យ « ខ្សាច់ដែលក្តៅព្រោចៗនឹងត្រឡប់ជាត្រពាំងទឹក ហើយដីហួតហែងនឹងមានក្បាលទឹកហូរ » ( អេសាយ ៣៥:៧ ) ។ ទ្រង់នឹងសម្តែង « ការណ៍អស្ចារ្យ ហើយចម្លែក » ( អេសាយ ២៩:១៤ ) ដោយស្តារឡើងវិញនូវពរជ័យដែលទ្រង់បានសន្យាដល់ពួកគេ ។ ទាំងអេសាយ និងអ្នកឯទៀតដែលនៅរស់ពេលនោះ ពុំបានឃើញកិច្ចការដ៏អស្ចារ្យនេះកើតឡើងទេ ។ ប៉ុន្តែយើងកំពុងមើលឃើញការសម្រេចបានចុងក្រោយនៅសព្វថ្ងៃនេះ ។ តាមពិតទៅ យើងមានចំណែកនៅក្នុងកិច្ចការនេះ !
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
នគរនៃលោកិយ និងពួកអ្នកគ្រប់គ្រងទុច្ចរិតនឹងដួលរលំ ។
អេសាយ ១៣–១៤ ត្រូវបានហៅថាជា « សេចក្តីទំនាយយ៉ាងធ្ងន់ » ( សារលិខិតរបស់ព្យាការីអំពី ) ក្រុងបាប៊ីឡូន ( អេសាយ ១៣:១ ) ។ នៅគ្រាមួយ ក្រុងបាប៊ីឡូនគឺជានគរដ៏អស្ចារ្យដែលមានអ្នកដឹកនាំដ៏មានអំណាច ឥឡូវនេះវាត្រូវបានគេចាត់ទុកថាជាប្រវត្តិសាស្ត្រកាលពីបុរាណ ។ ដូច្នេះ ហេតុអ្វីបានជាសារលិខិតទៅកាន់ក្រុងបាប៊ីឡូនមានសារៈសំខាន់ចំពោះយើងនៅសព្វថ្ងៃនេះ ? នៅក្នុងបទគម្ពីរ ក្រុងបាប៊ីឡូនជានិមិត្តរូបនៃភាពឆ្មើងឆ្មៃ រឿងលោកិយ និងអំពើបាប ហើយសព្វថ្ងៃនេះយើងត្រូវបានហ៊ុមព័ទ្ធដោយរឿងទាំងអស់នេះ ។ សូមគិតពីនិមិត្តរូបនេះ នៅពេលបងប្អូនអាន អេសាយ ១៣:១–១១, ១៩–២២; ១៤:១–២០ ។ បងប្អូនក៏អាចពិចារណាពីសំណួរដូចតទៅនេះផងដែរ ៖
-
តើការព្រមានរបស់អេសាយទៅកាន់ក្រុងបាប៊ីឡូនស្រដៀងគ្នានឹងការព្យាករអំពីពិភពលោកនេះ ពីមុនការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ? ( សូមមើល អេសាយ ១៣:១–១១; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:២៦–៤២ ) ។
-
តើបងប្អូនមើលឃើញភាពស្រដៀងគ្នាអ្វីខ្លះ រវាងភាពឆ្មើងឆ្មៃរបស់ប្រជាជនបាប៊ីឡូន និងភាពឆ្មើងឆ្មៃរបស់សាតាំង ? ( សូមមើល អេសាយ ១៤:៤–២០; ម៉ូសេ ៤:១–៤ ) ។ តើការព្រមានអ្វីខ្លះដែលបងប្អូនរកឃើញសម្រាប់ខ្លួនបងប្អូននៅក្នុងខគម្ពីរទាំងនេះ ?
-
តើព្រះអង្គសង្គ្រោះប្រទានទី « សម្រាកពីសេចក្តីទុក្ខ សេចក្តីវេទនា » របស់បងប្អូនយ៉ាងដូចម្ដេច ? ( អេសាយ ១៤:៣ ) ។
អេសាយ ២៤:២១–២៣; ២៥:៦–៨; ២៦:១៩; ២៨:១៦
ការសរសេររបស់អេសាយចង្អុលបង្ហាញខ្ញុំឲ្យទៅរកព្រះយេស៊ូវគ្រីស្ទ ។
ជារឿយៗ ការបង្រៀនរបស់អេសាយយោងទៅលើបេសកកម្មរបស់ព្រះអង្គសង្គ្រោះ រួមទាំងពលិកម្មដ៏ធួន ការមានព្រះជន្មរស់ឡើងវិញ និងការយាងមកជាលើកទីពីររបស់ទ្រង់ ។ តើបងប្អូនគិតឃើញអ្វីខ្លះអំពីទិដ្ឋភាពនៃបេសកកម្មរបស់ទ្រង់ នៅពេលបងប្អូនអានខគម្ពីរដូចតទៅនេះ ៖ អេសាយ ២៤:២១–២៣; ២៥:៦–៨; ២៦:១៩; ២៨:១៦ ? តើវគ្គផ្សេងទៀតណាខ្លះដែលបងប្អូនរកឃើញ ហើយវារំឭកបងប្អូនអំពីព្រះអង្គសង្គ្រោះ ?
សូមមើលផងដែរ អេសាយ ២២:២២–២៥ ។
អេសាយ ២៤:១–១២; ២៨:៧–៨; ២៩:៧–១០; ៣០:៨–១៤
ការក្បត់សាសនាមានន័យថាការងាកចេញឆ្ងាយពីព្រះអម្ចាស់ និងពួកព្យាការីរបស់ទ្រង់ ។
ដើម្បីព្រមានពីលទ្ធផលនៃការងាកចេញពីព្រះអម្ចាស់ និងការបដិសេធពួកព្យាការីរបស់ទ្រង់ នោះអេសាយបានប្រើពាក្យប្រៀបធៀបជាច្រើន ។ ពាក្យទាំងនេះរួមមាន ផែនដីនៅទទេធេង ( អេសាយ ២៤:១–១២ ) គ្រឿងស្រវឹង ( អេសាយ ២៨:៧–៨) សេចក្ដីឃ្លាន និងសេចក្ដីស្រេក ( អេសាយ ២៩:៧–១០ ) និងកំផែង ឬឆ្នាំងបាក់បែក ( អេសាយ ៣០:៨–១៤ ) ។ ដោយផ្អែកលើអ្វីដែលបងប្អូនអាននៅក្នុងខគម្ពីរទាំងនេះ ហេតុអ្វីគឺជារឿងដ៏សំខាន់ដើម្បីរក្សាសេចក្ដីសញ្ញារបស់យើង ? សូមពិចារណាពីអ្វីដែលបងប្អូនកំពុងធ្វើដើម្បីបន្តមានភក្ដីភាពចំពោះព្រះអម្ចាស់ និងពួកអ្នកបម្រើរបស់ទ្រង់ ។
សូមមើលផងដែរ អិម រ័សុល បាឡឺដ « Stay in the Boat and Hold On! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៨៩–៩២; Gospel Topics « Apostasy » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ។
ព្រះអម្ចាស់អាចស្ដាររឿងទាំងឡាយដែលបាត់បង់ ឬបែកបាក់បាន ។
នៅពេលមនុស្ស ឬសង្គមមនុស្សងាកចេញពីព្រះអម្ចាស់ នោះសាតាំងចង់ឲ្យយើងគិតថា លទ្ធផលដែលកើតឡើងគឺមិនអាចកែប្រែបានឡើយ ។ ទោះជាយ៉ាងណាក្ដី ក៏អេសាយបានរៀបរាប់អំពីរឿងដ៏អស្ចារ្យមួយចំនួនដែលព្រះអម្ចាស់នឹងធ្វើ នៅពេលមនុស្សប្រែចិត្ត ហើយងាកមករកទ្រង់វិញ ។ តើបងប្អូនរៀនអ្វីខ្លះមកពី អេសាយ ២៩:១៣–២៤; ៣០:១៨–២៦; ៣៥ អំពីព្រះអម្ចាស់ សេចក្ដីស្រឡាញ់របស់ទ្រង់ និងព្រះចេស្ដារបស់ទ្រង់ ?
របៀបមួយដែលព្រះអម្ចាស់បានបើកសម្ដែងឲ្យឃើញព្រះចេស្ដារបស់ទ្រង់នៅក្នុងជំនាន់របស់យើង គឺតាមរយៈការស្ដារឡើងវិញនៃដំណឹងល្អរបស់ទ្រង់ ។ អេសាយ ២៩ មាននូវវគ្គបទគម្ពីរមួយចំនួនដែលមានព្រឹត្តិការណ៍ស្រដៀងគ្នាខ្លាំងនឹងព្រឹត្តិការណ៍ស្ដារឡើងវិញដែរ ។ ឧទាហរណ៍ ៖
-
សូមប្រៀបធៀប អេសាយ ២៩:១១–១២ ជាមួយនឹង នីហ្វៃទី២ ២៧:៦–២៦ និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៣–៦៥ ។
-
សូមប្រៀបធៀប អេសាយ ២៩:១៣–១៤ ជាមួយនឹង គោលលទ្ធិ និង សេចក្តីសញ្ញា ៤ និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧–១៩ ។
-
សូមប្រៀបធៀប អេសាយ ២៩:១៨–២៤ ជាមួយនឹង ទំព័រចំណងជើងនៃព្រះគម្ពីរមរមន ។
តើបងប្អូនមានគំនិត ឬចំណាប់អារម្មណ៍អ្វីខ្លះអំពីការស្ដារឡើងវិញនៃដំណឹងល្អ នៅពេលបងប្អូនអានវគ្គទាំងនេះ ?
សូមមើលផងដែរ « ការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាសដល់ពិភពលោកនៃខួបលើកទីពីររយឆ្នាំ » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
អេសាយ ២៥:៤–៩ ។តើគ្រួសាររបស់បងប្អូនធ្លាប់ដកពិសោធន៍នូវពរជ័យនៃការមានទីជម្រកដ៏មានសុវត្ថិភាពអំឡុងព្យុះភ្លៀង ឬនៃការមានម្លប់ជ្រកនៅថ្ងៃមួយដ៏ក្ដៅដែរឬទេ ? ( សូមមើល ខទី ៤ ) ។ សូមនិយាយអំពីរឿងនេះ នៅពេលបងប្អូនអានខគម្ពីរទាំងនេះ និងការពិពណ៌នាផ្សេងទៀតអំពីព្រះអម្ចាស់ ដែលមាននៅក្នុង អេសាយ ២៥:៤–៩ ។ តើព្រះអម្ចាស់ប្រៀបបាននឹងរឿងទាំងនេះយ៉ាងដូចម្ដេច ?
-
អេសាយ ២៥:៨–៩; ២៦:១៩ ។ការបង្ហាញរូបភាពរបស់ព្រះអង្គសង្គ្រោះនៅក្នុងសួនច្បារគែតសេម៉ានី នៅលើឈើឆ្កាង និងបន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ អាចជួយគ្រួសាររបស់បងប្អូនឲ្យមើលឃើញពីការជាប់ទាក់ទងគ្នារវាងខគម្ពីរទាំងនេះ និងព្រះយេស៊ូវគ្រីស្ទ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៥៦, ៥៧, ៥៨, ៥៩ ) ។ សូមអញ្ជើញគ្រួសាររបស់បងប្អូនឲ្យចែកចាយមូលហេតុដែលពួកគេ « ត្រេកអរដោយសេចក្តីសង្គ្រោះរបស់ទ្រង់ » ( អេសាយ ២៥:៩ ) ។
-
អេសាយ ២៩:១១–១៨ ។ខគម្ពីរទាំងនេះអាចជួយគ្រួសាររបស់បងប្អូនឲ្យពិភាក្សាគ្នាអំពី « ការណ៍១យ៉ាងអស្ចារ្យ » ( ខទី ១៤ ) នៃការស្ដារឡើងវិញនៃដំណឹងល្អ និងការលេចចេញមកនៃព្រះគម្ពីរមរមន ។ ហេតុអ្វីរឿងទាំងនេះមានភាពអស្ចារ្យ និងមហិមាចំពោះយើង ? សូមអញ្ជើញសមាជិកគ្រួសារឲ្យរកមើលវត្ថុនានានៅក្នុងផ្ទះរបស់បងប្អូន ដែលតំណាងឲ្យពរជ័យដ៏អស្ចារ្យនៃការស្ដារឡើងវិញ ។
-
អេសាយ ៣៥ ។គ្រួសាររបស់បងប្អូនអាចរីករាយនឹងការគូររូបភាពនៅក្នុងជំពូកនេះ ដែលជួយយើងឲ្យយល់ពីរបៀបដែលព្រះយេស៊ូវគ្រីស្ទកំពុងស្ថាបនាក្រុងស៊ីយ៉ូនឡើងនៅជំនាន់របស់យើង ។ តើយើងរៀនអ្វីខ្លះមកពីរូបភាពទាំងនេះ ? តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយស្ថាបនាក្រុងស៊ីយ៉ូន ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលលើកទឹកចិត្តឲ្យប្រើ ៖ « និទាឃៈរដូវមាស » សៀវភៅចម្រៀងកុមារ ទំព័រ ៥៧ ។