« ថ្ងៃទី ២៩ ខែ សីហា–ថ្ងៃទី ៤ ខែ កញ្ញា ។ សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២ ៖ ‹ សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៩ ខែ សីហា–ថ្ងៃទី ៤ ខែ កញ្ញា ។ សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ២៩ ខែ សីហា–ថ្ងៃទី ៤ ខែ កញ្ញា
សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២
« សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា »
សូមគិតពីរបៀបដែលការសិក្សាគម្ពីរសុភាសិត និង សាស្តា របស់បងប្អូនអាចជួយបងប្អូនឲ្យ « ប្រុងត្រចៀកស្តាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយោបល់ » ( សុភាសិត ២:២ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅក្នុងជំពូកទីមួយនៃគម្ពីរសុភាសិត យើងបានឃើញពាក្យពេចន៍ទាំងនេះថា « នែ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ កុំឲ្យកូនបោះបង់ចោលសេចក្តីដំបូន្មានរបស់ម្តាយឯងឡើយ » ( សុភាសិត ១:៨ ) ។ គម្ពីរសុភាសិតអាចចាត់ទុកថាជាការចងក្រងនៃពាក្យទូន្មានដ៏ឈ្លាសវៃ ពីឪពុកម្តាយដែលពេញដោយក្តីស្រឡាញ់ ដែលសារលិខិតដ៏សំខាន់គឺថា ពរជ័យនៃសេចក្តីសុខសាន្ត និងភាពរុងរឿងកើតមានដល់អស់អ្នកដែលស្វែងរកប្រាជ្ញា—ជាពិសេសគឺប្រាជ្ញាបែបដែលព្រះប្រទានឲ្យ ។ ប៉ុន្តែ គម្ពីរសាស្តាតាក់តែងឡើងបន្ទាប់ពីគម្ពីរសុភាសិត ដែលចង់បង្ហាញថា គម្ពីរនេះ « មិនមែនគម្ពីរសាមញ្ញៗនោះទេ » ។ គ្រូប្រដៅដែលពាក្យសម្ដីលោកត្រូវបានដកស្រង់ដាក់នៅក្នុងគម្ពីរសាស្ដា បានសង្កេតឃើញថា លោក « បានផ្ចង់ចិត្ត [ របស់លោក ] ឲ្យបានស្គាល់ប្រាជ្ញា » ប៉ុន្តែនៅតែឃើញថា « ជាការអសារឥតការដែរ » និង « កើតទុក្ខច្រើន » ដដែល ( សាស្ដា ១:១៧–១៨ ) ។ គម្ពីរនេះបានសួរតាមរបៀបជាច្រើនថា « តើអាចមានអត្ថន័យពិតនៅក្នុងពិភពលោកដែរឬទេ ខណៈអ្វីៗហាក់ដូចជាអសារឥតការ បណ្តោះអាសន្ន និងមិនប្រាកដប្រជានោះ ? »
ប៉ុន្តែ ខណៈដែលគម្ពីរទាំងពីរនេះមើលទៅទិដ្ឋភាពជីវិតខុសៗគ្នាក្តី ក៏គម្ពីរទាំងពីរនេះបង្រៀនសេចក្តីពិតស្រដៀងគ្នាដែរ ។ គម្ពីរសាស្ដាប្រកាស ៖ « សេចក្តីនេះចប់តែប៉ុណ្ណោះ ទាំងអស់បានសម្តែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ » ( សាស្ដា ១២:១៣ ) ។ នេះគឺជាគោលការណ៍ដូចគ្នាដែលមាននៅក្នុងគម្ពីរសុភាសិតទាំងមូល ៖ « ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត ។ … កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ » ( សុភាសិត ៣:៥, ៧ ) ។ មិនថាមានអ្វីកើតឡើងនៅក្នុងជីវិតនោះទេ ទោះបីជាជីវិតហាក់ដូចជាមានភាពច្របូកច្របល់ និងចៃដន្យក្តី ជីវិតតែងតែមានលក្ខណៈប្រសើរឡើងជានិច្ច នៅពេលយើងទុកចិត្តលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។
សម្រាប់ទិដ្ឋភាពទូទៅស្ដីពីគម្ពីរទាំងនេះ សូមមើល « សុភាសិត » និង « សាស្ដា » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
« ប្រុងត្រចៀកស្តាប់តាមប្រាជ្ញា » ។
គម្ពីរសុភាសិតសម្បូរទៅដោយការយល់ដឹងអំពីប្រាជ្ញា ។ សូមពិចារណាពីការគូសចំណាំពាក្យ « ប្រាជ្ញា » និងពាក្យទាក់ទងដូចជា « ការចេះដឹង » និង « យល់ » កាលដែលបងប្អូនជួបពាក្យទាំងនេះនៅក្នុង ជំពូក ១–៤ និង ១៥–១៦ ។ តើជំពូកទាំងនេះជះឥទ្ធិពលមកលើរបៀបដែលបងប្អូនគិតអំពីប្រាជ្ញាដោយរបៀបណា ? ដោយផ្អែកលើអ្វីដែលបងប្អូនរកឃើញ តើបងប្អូននឹងពិពណ៌នាពីប្រាជ្ញាដែល « ព្រះយេហូវ៉ាទ្រង់ប្រទានឲ្យ » យ៉ាងដូចម្តេច ? ( សុភាសិត ២:៦ ) ។ សូមពិចារណាពីរបៀបដែលបងប្អូននឹងស្វែងរកជំនួយរបស់ព្រះអម្ចាស់ដើម្បី « មានចិត្តប្រកបដោយប្រាជ្ញា » ( សុភាសិត ១៦:២១ ) ។ តើពរជ័យអ្វីខ្លះដែលបានមកពីព្រះប្រាជ្ញាញាណរបស់ព្រះ ?
សូមមើលផងដែរ សុភាសិត ៨–៩; ម៉ាថាយ ៧:២៤–២៧; ២៥:១–១៣ ។
សុភាសិត ១:៧; ២:៥; ១៦:៦; ៣១:៣០; សាស្តា ១២:១៣
តើអ្វីទៅជា « សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា » ?
អែលឌើរ ដាវីឌ អេ បែដណា បានពន្យល់ថា « ការកោតខ្លាចដល់ព្រះ គឺមិនដូចជាការកោតខ្លាចដល់លោកិយ ដែលបង្កើតឲ្យមានការភ្ញាក់ផ្អើល និងការថប់បារម្ភនោះឡើយ ការកោតខ្លាចដល់ព្រះគឺជាប្រភពមួយនៃភាពសុខសាន្ត ការអះអាង និងទំនុកចិត្ត ។ … [ សេចក្តីកោតខ្លាចដល់ព្រះ ] រួមបញ្ចូលនូវអារម្មណ៍ដ៏ជ្រាលជ្រៅនៃគារវភាព ការគោរព និងកោតខ្លាចព្រះអម្ចាស់យេស៊ូវគ្រីស្ទ គោរពតាមព្រះបញ្ញត្តិទ្រង់ ហើយចូលរួមនៅក្នុងថ្ងៃជំនុំជម្រះ និងកាត់សេចក្តីចុងក្រោយនៅឯព្រះហស្តទ្រង់ ។ … សេចក្តីកោតខ្លាចដល់ព្រះ គឺជាការស្រឡាញ់ និងទុកចិត្តលើទ្រង់ » ( « Therefore They Hushed Their Fears » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៤៨–៤៩ ) ។
សូមមើលផងដែរ សុភាសិត ៨:១៣ ។
« ពិចារណាពីផ្លូវដែលជើងឯងដើរ » ។
សុភាសិត ៤ ពិពណ៌នាពីប្រាជ្ញា និងសេចក្តីសុចរិតថាជា « ផ្លូវច្រក » ឬក៏ជា « ផ្លូវ » ( សូមមើលផងដែរ សុភាសិត ៣:៥–៦ ) ។ នៅពេលបងប្អូនអានជំពូកនេះ បងប្អូនអាចរកឃើញវគ្គបទគម្ពីរដែលជួយបងប្អូនឲ្យគិតពិចារណាពី « ផ្លូវដែលជើងឯងដើរ » ( ខទី ២៦ ) និងពីរបៀបដែលជំហានរបស់បងប្អូននាំឲ្យខិតទៅកាន់តែជិតព្រះអម្ចាស់ ។ ឧទាហរណ៍ តើ ខទី ១១–១២ និង ១៨–១៩ បង្រៀនពីពរជ័យនៃការធ្វើតាមផ្លូវត្រឹមត្រូវយ៉ាងដូចម្តេច ? តើ ខទី ២៦ និង ២៧ មានអត្ថន័យចំពោះបងប្អូនយ៉ាងដូចម្តេច ?
សូមមើលផងដែរ នីហ្វៃទី២ ៣១:១៨–២១ ។
សុភាសិត ១៥:១–២, ៤, ១៨, ២៨; ១៦:២៤–៣២
« ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្តីក្រោធទៅ » ។
សុភាសិតមួយចំនួនក្នុង ជំពូក ១៥ និង ១៦ អាចបំផុសគំនិតបងប្អូនឲ្យអភិវឌ្ឍរបៀបដែលបងប្អូនទាក់ទងជាមួយអ្នកដទៃ ជាពិសេសមនុស្សជាទីស្រឡាញ់របស់បងប្អូន ។ ឧទាហរណ៍ សូមគិតអំពីពេលវេលាជាក់លាក់មួយ នៅពេលដែលបងប្អូនអាចប្រើ « ពាក្យតបឆ្លើយដោយស្រទន់ » ជាជាង « ពាក្យគំរោះគំរើយ » ( សុភាសិត ១៥:១ ) ។ តើពាក្យប្រឹក្សានៅក្នុង សុភាសិត ១៦:២៤–៣២ ជួយបងប្អូនឲ្យពិចារណាអំពីពាក្យដែលបងប្អូនប្រើប្រាស់យ៉ាងដូចម្តេច ?
សូមពិចារណាការយល់ដឹងនេះមកពីអែលឌើរ ដបុលយូ ហ្គ្រេក ស្វីក ៖ « ‹ ពាក្យតបឆ្លើយដោយស្រទន់ › មាននូវការឆ្លើយដែលមានហេតុផល—ពាក្យមានវិន័យចេញពីដួងចិត្តរាបសា ។ វាពុំមែនមានន័យថា យើងពុំនិយាយចំៗ ឬថា យើងសម្រួលសេចក្ដីពិតខាងគោលលទ្ធិទេ ។ ពាក្យដែលចំៗ អាចមានភាពទន់ភ្លន់ខាងវិញ្ញាណ » ( « What Are You Thinking? » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤២ ) ។
« ស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ » ។
សុភាសិត ៣១:១០–៣១ ពិពណ៌នាអំពី « ស្ត្រីគ្រប់លក្ខណ៍ » ឬស្រ្តីដែលមានកម្លាំង សមត្ថភាព និងឥទ្ធិពលខាងវិញ្ញាណ ។ បងប្អូនអាចព្យាយាមសង្ខេបជាពាក្យសម្តីរបស់បងប្អូនផ្ទាល់នូវអ្វីដែលខគម្ពីរនីមួយៗទាំងនេះនិយាយអំពីនាង ។ តើចរិតលក្ខណៈអ្វីខ្លះរបស់នាងដែលបងប្អូនចង់ធ្វើតាម ?
ជីវិតរមែងស្លាប់គឺបណ្តោះអាសន្នប៉ុណ្ណោះ ។
ហេតុអ្វីវាមានតម្លៃសម្រាប់បងប្អូនដើម្បីចងចាំច្រើនយ៉ាងនេះនៅក្នុងពិភពលោកនេះ ដូចដែល សាស្តា ១–២ អះអាង គឺជារឿង « ឥតប្រយោជន៍ » ( ឬបណ្តោះអាសន្ន ហើយជាញឹកញាប់មិនសំខាន់ ) ? តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុង ជំពូក ១២ ដែលផ្តល់តម្លៃដ៏អស់កល្បដល់ជីវិត ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
សុភាសិត ។គ្រួសាររបស់បងប្អូនអាចរីករាយនឹងការបង្កើត « គម្ពីរសុភាសិត » របស់បងប្អូនផ្ទាល់—ជាការចងក្រងនូវការទូន្មានដ៏ឈ្លាសវៃចេញពីព្រះគម្ពីរ និងព្យាការីសម័យចុងក្រោយ ។
-
សុភាសិត ១:៧; ២:៥; ១៦:៦; សាស្តា ១២:១៣–១៤ ។ដើម្បីជួយសមាជិកគ្រួសារឲ្យយល់ សុភាសិត ១:៧; ២:៥; ១៦:៦; សាស្តា ១២:១៣ វាអាចជួយបាន ពេលបងប្អូនជំនួសពាក្យ ខ្លាច ដោយពាក្យដូចជា គារវភាព ស្រឡាញ់ ឬ គោរពប្រតិបត្តិ ( សូមមើលផងដែរ ហេព្រើរ ១២:២៨ ) ។ តើវាជះឥទ្ធិពលទៅលើរបៀបដែលយើងគិតអំពីខគម្ពីរទាំងនេះយ៉ាងដូចម្ដេច ? តើយើងបង្ហាញថាយើងខ្លាចដល់ព្រះអម្ចាស់ដោយរបៀបណា ?
-
សុភាសិត ៣:៥–៧ ។ដើម្បីជួយសមាជិកគ្រួសារឲ្យមើលឃើញនូវអ្វីដែលខគម្ពីរទាំងនេះបង្រៀន នោះបងប្អូនអាចអញ្ជើញពួកគាត់ឲ្យផ្អែកខ្លួនទៅលើអ្វីមួយដែលរឹង និងមាំ ដូចជាជញ្ជាំងជាដើម ។ បន្ទាប់មក ពួកគាត់អាចព្យាយាមផ្អែកខ្លួនលើអ្វីមួយដែលមិនរឹង ដូចជា អំបោសជាដើម ។ ហេតុអ្វីយើងគួរតែ « កុំឲ្យពឹងផ្អែកលើយោបល់ [ របស់យើង ] » ? តើយើងអាចបង្ហាញថា យើងទុកចិត្តលើព្រះយេស៊ូវគ្រីស្ទអស់ពីដួងចិត្តយើងយ៉ាងដូចម្តេច ?
-
សុភាសិត ១៥:១–២, ១៨; ១៦:២៤, ៣២ ។តើពាក្យសម្តីរបស់យើងជះឥទ្ធិពលលើវិញ្ញាណនៅក្នុងផ្ទះរបស់យើងយ៉ាងដូចម្តេច ? ប្រហែលជាសមាជិកគ្រួសារអាចហាត់និយាយ « ពាក្យតបឆ្លើយដោយស្រទន់ » ទៅកាន់ « ពាក្យគំរោះគំរើយ » ហើយព្យាយាមប្រើប្រាស់អ្វីដែលពួកគេរៀន នៅក្នុងការទាក់ទងជាមួយគ្នាទៅវិញទៅមក ។ បទចម្រៀងដូចជាបទ « ចិត្តល្អចាប់ផ្តើមនឹងខ្ញុំ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨៣ ) អាចជួយពង្រឹងគោលការណ៍នេះបាន ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលលើកទឹកចិត្តឲ្យប្រើ ៖ « ទីក្ដីស្នេហ៍ » សៀវភៅចម្រៀងកុមារ ទំព័រ ៧៦ ។