ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២៩ ខែ សីហា–ថ្ងៃទី ៤ ខែ កញ្ញា ៖ សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២ ៖ « សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​ជា​ដើម​ចម​នៃ​ប្រាជ្ញា »


« ថ្ងៃទី ២៩ ខែ សីហា–ថ្ងៃទី ៤ ខែ កញ្ញា ៖ សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២ ៖ ‹ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​ជា​ដើម​ចម​នៃ​ប្រាជ្ញា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋម​សិក្សា ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៩ ខែ សីហា–ថ្ងៃទី ៤ ខែ កញ្ញា ៖ សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋម​សិក្សា ៖ ឆ្នាំ ២០២២

បុរស​ម្នាក់​កំពុងសិក្សា​ព្រះគម្ពីរ

ថ្ងៃទី ២៩ ខែ សីហា–ថ្ងៃទី ៤ ខែ កញ្ញា

សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២

« សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​ជា​ដើម​ចម​នៃ​ប្រាជ្ញា »

នៅ​ពេល​បងប្អូន​សិក្សា​គម្ពីរ​សុភាសិត និង សាស្ដា សូម​គិត​អំពី​កុមារ​ដែល​បងប្អូន​បង្រៀន ។ តើ​សារលិខិត​អ្វី​ខ្លះ​មក​ពី​គម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ស្និទ្ធស្នាល​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​គូរ​នៅលើ​ក្ដារខៀន​នូវ​រូបភាព​ដែល​ត្រូវបាន​លើក​ឡើង​នៅ​ក្នុង​គម្ពីរ​សុភាសិត ដូចជា បេះដូង ពន្លឺ ឬ​ផ្លូវ​មួយ ។ សូម​ជួយកុមារ​ឲ្យអាន សុភាសិត ៣:៥; ៤:១៨, ២៦ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ការណ៍​ទាំងនេះ​ចេញ​មក​ពី​បទគម្ពីរ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

សុភាសិត ៣:៥

ខ្ញុំ​អាច​ទុកចិត្ត​លើ​ព្រះអម្ចាស់​ដោយ​អស់​ពី​ដួងចិត្ត​របស់​ខ្ញុំ ។

នៅពេល​យើង​ទុកចិត្ត​លើ​ព្រះអម្ចាស់ដោយ​អស់ពី​ដួងចិត្ត​យើង នោះ​យើង​មាន​សេចក្ដី​ជំនឿ​លើ​ទ្រង់ ហើយ​ដឹង​ថា ទ្រង់​នឹង​ជួយ​យើង ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​ម្នាក់​កាន់​រូបភាពមួយ​របស់​ព្រះអង្គ​សង្គ្រោះ ពេល​ដែល​បងប្អូន​អាន សុភាសិត ៣:៥ ។ សូម​ប្រាប់​កុមារ​ថា ការទុកចិត្ត​លើ​ព្រះអម្ចាស់​មានន័យ​យ៉ាង​ណា​ចំពោះ​បងប្អូន ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​ដៃ​ជា​រាង​បេះដូង ឬ​ដាក់​ដៃ​​ពួកគេ​លើ​បេះដូង​របស់​ខ្លួនឯង ពេល​ថា​តាម​ឃ្លា « ចូរទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត » បួន​ប្រាំ​ដង ។

  • សូម​គូរ​រូប​បេះដូង​ធំ​មួយ​នៅលើ​ក្ដារខៀន ហើយ​ជួយ​កុមារ​ឲ្យ​គិត​អំពី​កិច្ចការ​នានា​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​បង្ហាញ​ថា ពួកគេ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គូរ​រូប​ចេញពី​គំនិត​របស់​ពួកគេ​នៅ​ខាងក្នុង​រូប​បេះដូង​នោះ ឬ​នៅលើ​ក្រដាស​មួយសន្លឹក ។ សូម​លើក​ទឹកចិត្ត​ពួក​គេ​ឲ្យ​ចែកចាយ​គំនិត​របស់​ពួក​គេ​ជា​មួយ​ក្រុម​គ្រួសារ​របស់​ពួកគេ ។

កុមារ​ពីរ​នាក់និយាយ​គ្នា

កុមារ​អាច​ផ្ដល់ « ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ » ដោយ​ការប្រើ​ពាក្យ​សម្តី​ល្អៗ ( សុភាសិត ១៥:១ ) ។

សុភាសិត ១៥:១, ១៨

ខ្ញុំ​អាច​ប្រើ​ពាក្យ​ល្អៗ ។

នៅក្នុង​ស្ថានភាព​តឹងតែង ឬ​តប់​ប្រមល់ យើង​អាច​ត្រូវបាន​ល្បួង​ឲ្យ​ឆ្លើយ​តប​ដោយ​កំហឹង ។ សុភាសិត ១៥:១, ១៨ បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​បង្វែរ​កំហឹង​ចេញ​បាន ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន សុភាសិត ១៥:១ ឲ្យ​កុមារស្តាប់ ហើយ​ពន្យល់​ពាក្យ ឬ​ឃ្លា​ណា ដែល​ពួកគេ​អាច​នឹង​មិន​ស្គាល់ ។ សូម​ចែកចាយ​ឧទាហរណ៍​មួយ​ចំនួន​អំពី​ស្ថានភាព​នានា ដែល​កុមារ​ម្នាក់​អាច​នឹង​មាន​អារម្មណ៍​ខឹង ( ដូចជា​ការឈ្លោះ​ជាមួយ​នឹង​បងប្អូន ) ។ សូម​ជួយ​ពួកគេ​ឲ្យ​គិត​អំពី « ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ » ឬ​ពាក្យ​ល្អៗ ដែល​ពួកគេ​អាច​ប្រើ​ជំនួស​ឲ្យ​ពាក្យ​ខឹង ។ សូម​ជួយ​ពួកគេ​ឲ្យ​អនុវត្ត​ការនិយាយ​ពាក្យ​ទាំងនេះ​ដោយ​ស្រទន់ ឬ​ក្នុង​សំឡេង​ស្រាល ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ចិត្តល្អ ដូចជា​បទ « ចិត្តល្អ​ចាប់ផ្តើម​នឹងខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨៣ ) ។ តើ​បទចម្រៀង​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ការមាន​ចិត្តល្អ ?

  • ដើម្បី​ជួយ​កុមារ​ឲ្យ​យល់​ថា « យឺត​នឹង​ខឹង » ( សុភាសិត ១៥:១៨ ) មានន័យ​យ៉ាង​ណា សូម​ប្រាប់​រឿង​ផ្ទាល់​ខ្លួន​មួយ​ពេល​ដែល​បងប្អូន ( ឬ​នរណា​ម្នាក់​ដែល​បងប្អូន​ស្គាល់ ) បាន​មាន​អារម្មណ៍​ខឹង ប៉ុន្តែ​ជ្រើសរើស​ដើម្បី​មាន​ចិត្តល្អ​វិញ ។ សូម​ឲ្យ​កុមារ​ឲ្យ​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ផងដែរ ។​ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ជំនួស​ឲ្យ​ការខឹង ។ ឧទាហរណ៍ ពួកគេ​អាច​គិត​អំពី​ព្រះយេស៊ូវ ទូល​សូម​ព្រះវរបិតាសួគ៌​ឲ្យ​ជួយ​ពួកគេ ច្រៀង​ចម្រៀង​អង្គការ​បឋម​សិក្សា​ឲ្យ​ខ្លួនឯង​ស្តាប់ ឬ​ប្រសិន​បើ​អាច​ធ្វើ​បាន សូម​ដើរ​ចេញ​ឲ្យ​ឆ្ងាយ ។

សុភាសិត ២២:៩

ខ្ញុំ​អាចចែកចាយ​អ្វី​ដែល​ខ្ញុំ​មាន​ជាមួយ​អ្នកដទៃ ។

កុមារ​តូចៗ​អាច​រៀន​ដើម្បី​ជួយ​ដល់​មនុស្ស​ដែល​ត្រូវការ​ជំនួយ​នៅ​ជុំ​វិញ​ខ្លួន​ពួកគេ ។ តើ​បងប្អូន​អាច​បំផុស​គំនិត​ពួកគេ​ឲ្យ​ចែក​រំលែក​អ្វី​ដែល​ពួកគេ​មាន​ជាមួយ​នឹង​អ្នក​ដទៃ​ទៀត​បាន​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រូបភាព​មួយ​ចំនួន​ទៅ​កុមារ អំពី​អ្នក​ដទៃ​​កំពុង​បម្រើ ឬ​កំពុង​ជួយ​មនុស្ស​ដែល​ត្រូវការ​ជំនួយ រួម​ទាំង​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ​ផងដែរ ( ដូចជា សៀវភៅ​រូបភាព​ដំណឹង​ល្អ ល.រ. ៤២, ៤៤៤៦ ) ។ សូម​ឲ្យ​កុមារ​ប្រាប់​បងប្អូន​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​រូបភាព​នីមួយៗ ។ សូម​អាន សុភាសិត ២២:៩ ឲ្យ​កុមារ​ស្ដាប់ ។ សូម​ពន្យល់​ថា របៀប​មួយ​ដែល​យើង​អាច​ធ្វើការ​បម្រើ​បាន គឺ​ដោយ​ការ « ចែក​អាហារ​ខ្លួន​ដល់​មនុស្ស​ទ័ល​ក្រ » ប៉ុន្តែ​មាន​របៀប​ជា​ច្រើន​​ទៀត ដើម្បី​ជួយ​ដល់​ជន​ទ័លក្រ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ខ្លួន​ឯង​កំពុង​ជួយ​នរណាម្នាក់ ។

  • សូម​យក​វត្ថុ​មួយ​ចំនួន​មក​ថ្នាក់រៀន ដែល​បងប្អូន​អាច​ចែក​ជាមួយ​នឹង​កុមារ​បាន ដូចជា​រូបភាព ឬ​ខ្មៅដៃ​ផាត់​ពណ៌ ។ កាលដែល​បងប្អូន​ចែក​របស់​មួយ​ឲ្យ​ទៅ​កុមារ​ម្នាក់ៗ សូម​និយាយ​ថា « ខ្ញុំ​នឹង​ចែក​រំលែក​ឲ្យ [ ឈ្មោះ​កុមារ ] » ។ សូម​អនុញ្ញាត​ឲ្យ​កុមារ​ប្ដូរវេន​គ្នា​ចែកចាយ​វត្ថុ​នោះ​ជាមួយ​គ្នា​ទៅវិញ​ទៅ​មក ។ តើ​មាន​អ្វី​ខ្លះ​ទៀត ដែល​យើង​អាច​ចែកចាយ​ជាមួយ​អ្នក​ដទៃ​បាន ?

  • សូម​ច្រៀង​ចម្រៀង​រួម​គ្នា​នូវ​បទ​មួយ​អំពី​ការបម្រើ​ដូចជា​បទ « អូរ​តូច​និយាយ​ថា ‹ ឲ្យ › » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១១៦ ) ។ ឬ​បង្ហាញ​វីដេអូ « Gordon Hinckley: Lessons I Learned as a Boy » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​សួរ​កុមារថា​តើ​ពួកគេ​មាន​អារម្មណ៏​យ៉ាងណា នៅពេល​ពួកគេ​ជួយ​អ្នក​ដទៃ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

សុភាសិត ១:៧; ២:៥; ១៥:៣៣; ១៦:៦; សាស្ដា ១២:១៣

« ចូរ​កោតខ្លាច​ដល់​ព្រះ » មានន័យ​ថា​ស្រឡាញ់ និង​គោរពតាម​ទ្រង់ ។

សារ​លិខិតដ៏​សំខាន់​មួយ​នៅក្នុង​គម្ពីរ សុភាសិត និង សាស្ដា គឺ​ដើម្បី​ឲ្យ « កោតខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្តិ​ទ្រង់​ចុះ » ( សាស្ដា ១២:១៣ ) ។ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​រៀបរាប់​ពី​អ្វី​មួយដែល​មនុស្ស​អាច​នឹង​​ខ្លាច ។ រួច​ហើយ សូម​ឲ្យ​ពួកគេអាន សុភាសិត ១:៧ និង សាស្ដា ១២:១៣ ។ តើ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​មានន័យ​ដូចម្ដេច​ដែរ ? ដើម្បី​ជួយ​ឆ្លើយ​សំណួរ​នេះ សូមឲ្យ​កុមារ​ម្នាក់​អាន​ខគម្ពីរ​ទាំងនេះ​ម្ដង​ទៀត ដោយ​ដាក់​ពាក្យ « គារវភាព » ជំនួស​ឲ្យ​ពាក្យ « កោតខ្លាច » វិញ ។ សូម​ធ្វើ​សកម្មភាព​នេះ​ឡើងវិញ​ជាមួយ​នឹង​ពាក្យ​ដូចជា « សេចក្ដី​ស្រឡាញ់ » « ការគោរព​ប្រតិបត្តិ » ឬ « គោរពតាម » ។ តើ​សកម្មភាព​នេះ​ផ្លាស់​ប្ដូរ​ការយល់​ដឹង​របស់​យើង​អំពី​អត្ថន័យ​នៃ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យ៉ាង​ដូច​ម្ដេច​ដែរ ?

  • សូម​ឲ្យ​កុមារ​ម្នាក់ៗ​ជ្រើសយក​បទគម្ពីរ​ដូច​តទៅ​នេះ​ណាមួយ​មក​អាន ដោយ​រកមើល​ពាក្យ « កោត​ខ្លាច » ៖ សុភាសិត ១:៧; ២:៥; ១៥:៣៣; ១៦:៦ ។ សូម​កុមារ​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ខ​គម្ពីររបស់​ពួកគេ​បង្រៀន អំពី​ពរជ័យ​ទាំងឡាយ​ដែល​បាន​មក នៅពេល​យើង​កោតខ្លាច​ដល់​ព្រះអម្ចាស់ ដែល​មានន័យ​ថា យើង​បង្ហាញ​គារវភាព និង​ការគោរព​ចំពោះ​ទ្រង់ ( សូមមើល​ផងដែរ សុភាសិត ១៤:២៦–២៧ ) ។ តើ​យើង​អាច​បង្ហាញ​ព្រះអម្ចាស់​ថា យើង​ស្រឡាញ់ និង​គោរព​ទ្រង់​តាម​របៀប​ណា ?

សុភាសិត ៣:៥–៧

« ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត » ។

  • សូម​អាន សុភាសិត ៣:៥–៧ ជាមួយគ្នា ហើយ​សូម​ឲ្យកុមារ​រៀបរាប់​ពី​អ្វី​ដែល​ខ​គម្ពីរទាំងនេះ​ប្រាប់​ឲ្យ​យើង​គួរតែ​ធ្វើ និង​មិន​គួរ​ធ្វើ ។ សូម​សួរ​ពួកគេ​ថា ពួកគេ​មាន​អារម្មណ៍​ថា រឿង​នីមួយៗ​ទាំងនេះ​អាច​មាន​អត្ថន័យ​យ៉ាង​ណា ។ តើ​គុណសម្បត្តិ​អ្វី​ខ្លះ ដែល​យើង​ឃើញ​មាន​នៅក្នុង​បុគ្គល​ដែល​យើង​ទុក​ចិត្ត ? តើ​គុណសម្បត្តិ​អ្វី​ខ្លះ ដែល​ព្រះអម្ចាស់​មាន​ដែល​ជួយ​យើង​ឲ្យ​ទុក​ចិត្ត​លើ​ទ្រង់ ?

  • ដើម្បី​បង្ហាញ​ពី​អត្ថន័យ​នៃ​ឃ្លា « កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ » សូម​ឲ្យ​កុមារ​ព្យាយាម​ដាក់​ឈើ ឬ​ខ្មៅដៃ​មួយ​ផ្អែក​នឹង​វត្ថុ​ផ្សេងៗ​ដូចជា​សៀវភៅ ឬ​ក្រដាស​មួយ​សន្លឹក ។ តើ​វត្ថុ​មួយ​ណា​ដែល​អាច​ផ្អែក​បាន​ល្អ​បំផុត ? ហេតុអ្វី​វា​សំខាន់​ក្នុង​ការ « ទី​ពឹង​ដល់​ព្រះយេហូវ៉ា » ហើយ​មិន​ពឹង​ផ្អែក​លើ « យោបល់​របស់ » យើង​នោះ ?

សុភាសិត ១៥:១, ១៨; ១៦:៣២

« ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្តី​ក្រោធ​ទៅ » ។

ជា​ញឹកញាប់ ការនិយាយ​ដោយ​កំហឹង​ធ្វើ​ឲ្យ​ស្ថានភាព​តានតឹង​កាន់តែ​អាក្រក់​ថែម​ទៀត ។ ខគម្ពីរ​ទាំងនេះ​បង្រៀន​ថា ពាក្យ​សម្ដី និង​ឥរិយាបថ​របស់​យើង អាច​រំងាប់​សេចក្ដី​ក្រោធ ឬ​កំហឹង​ទៅ​បាន ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​សរសេរ​ពាក្យ សេចក្ដី​ក្រោធ និង សេចក្តី​ទាស់ទែង​គ្នា នៅលើ​ក្ដារខៀន ហើយ​ចែកចាយ​ឧទាហរណ៍​មួយ​ពី​ជម្លោះ​ដែល​កុមារ​អាច​មាន ។ បន្ទាប់​មក សូមកុមារ​ឲ្យ​អាន សុភាសិត ១៥:១, ១៨; ១៦:៣២ ហើយ​រក​មើល​ដំបូន្មាន ដែល​ពួកគេ​អាច​ផ្ដល់​ឲ្យ​កុមារ​ដែល​កំពុង​ឈ្លោះ​គ្នា​នោះ ។ រាល់​ពេល​ដែល​កុមារ​ចែកចាយ​គំនិត​មួយ សូម​ឲ្យ​ពួកគេ​លុប​ផ្នែក​នៃ​ពាក្យដែល​នៅលើ​ក្តារខៀន​ចោល ។ សូម​ឲ្យ​ពួកគេ​ជំនួស​ពាក្យ​ទាំងនោះ​ជាមួយ​នឹង​ពាក្យ​ផ្សេងៗ​ទៀត ដែល​ពិពណ៌នា​ពី​គុណលក្ខណៈ​ដូច​ព្រះគ្រីស្ទ ដែល​នាំ​មក​នូវ​សេចក្ដី​សុខសាន្ដ ។

  • សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​ដំណើររឿង​នៅក្នុង​ព្រះគម្ពីរ ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​គំរូ​ពី​អ្វី​ដែល​បាន​បង្រៀន​នៅក្នុង សុភាសិត ១៥:១, ១៨; ១៦:៣២ ។ សម្រាប់​យោបល់​ទាំងឡាយ ពួកគេ​អាច​មើល​នៅក្នុង យ៉ូហាន ៨:១–១១; ១៨:១–១១ ។ សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​គ្នា​អំពី​គំរូ​របស់​ព្រះអង្គសង្គ្រោះ ដូចជា​បទ « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ »សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤០–៤១ ) ។ តើ​យើង​អាច​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណា ពេល​យើង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សមាជិក​គ្រួសារ មិត្តភក្ដិ និង​មនុស្ស​ដទៃ​ទៀត​នោះ ?

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ជួយ​កុមារ​ឲ្យ​រើស​ខគម្ពីរមួយ​ដែល​ពួកគេ​បានអាន​នៅក្នុង​ថ្នាក់ ដែល​ពួកគេ​ចូលចិត្ត ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​ខគម្ពីរ​នោះ ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ ហើយ​ប្រាប់​ដល់​ក្រុមគ្រួសារ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ខគម្ពីរ​នោះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កែលម្អ​ក្នុងនាម​ជា​គ្រូបង្រៀន​ដូចជា​​ព្រះគ្រីស្ទ ។ សូម​ពិចារណា​អំពី​វិធី​នានា ដែល​បងប្អូន​អាច​បង្កើន​សមត្ថភាព​របស់​បងប្អូន ដើម្បី​ជួយ​ដល់​កុមារ​ឲ្យ​ស្ថាបនា​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សំណួរ​វាយ​តម្លៃ​ផ្ទាល់​ខ្លួន​នៅ​លើ ទំព័រ ៣៧ នៃ​សៀវភៅ ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ អាច​ជួយ​បងប្អូន​បាន ។