ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៥–១១ ខែ កញ្ញា ។ អេសាយ ១–១២ ៖ « ព្រះ​ទ្រង់​ជា​សេចក្តី​សង្គ្រោះ​របស់​ខ្ញុំ »


« ថ្ងៃទី ៥–១១ ខែ កញ្ញា ។ អេសាយ ១–១២ ៖ ‹ ព្រះ​ទ្រង់​ជា​សេចក្តី​សង្គ្រោះ​របស់​ខ្ញុំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋម​សិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៥–១១ ខែ កញ្ញា ។ អេសាយ ១–១២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២២

ព្យាការី​ពី​បុរាណ​កំពុង​សរសេរ

ព្យាការី​អេសាយ​ប្រាប់ទុក​ជាមុន​ពី​ការប្រសូត​របស់​ព្រះ​គ្រីស្ទ ដោយ ហារី អាន់ឌើរសុន

ថ្ងៃទី ៥–១១ ខែ កញ្ញា

អេសាយ ១–១២

« ព្រះ​ទ្រង់​ជា​សេចក្តី​សង្គ្រោះ​របស់​ខ្ញុំ »

ពាក្យ​សម្ដី​របស់​អេសាយ​អាច​ពិបាក​នឹង​យល់ ។ កាលដែល​បងប្អូន​ពិចារណា​ពី​របៀប​ដើម្បី​បង្រៀន​កុមារ​អំពី​គម្ពីរ​អេសាយ សូម​ផ្ដោត​លើ​សេចក្ដី​ពិត​សាមញ្ញ​ទាំងឡាយ ដែល​អាច​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វីមួយ ដែល​ពួកគេ​បាន​ធ្វើ​នា​ពេល​ថ្មីៗ​នេះ​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ ដូចជា ការអធិស្ឋាន ការបង្ហាញ​ចិត្តល្អ​ដល់​នរណា​ម្នាក់ ឬ​ការគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​ផ្សេងៗ​ទៀត ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

អេសាយ ២:២–៣

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

អេសាយ​បាន​ឃើញ​ជាមុន​នូវ​គ្រា​មួយ ពេល​ដែល​ព្រះវិហារ​បរិសុទ្ធ « ភ្នំ​ជា​ទី​ស្អាង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា » នឹង​ទាក់ទាញ​មនុស្ស​មក​ពី « ប្រជាជាតិ​ជាច្រើន » ។ បងប្អូន​អាច​ប្រើ​ការព្យាករ​នេះ​ដើម្បី​ជួយ​កុមារ​ឲ្យ​ទន្ទឹង​រង់ចាំ​ដល់​ពេល​ដែល​ពួកគេ​អាច​ទៅ​ព្រះវិហារ​បរិសុទ្ធ​បាន ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូមកុមារ​ឲ្យ​គូរ​រូប​ផ្ទះ​របស់​ពួកគេ ។ បន្ទាប់​មក សូម​អាន អេសាយ ២:២ ជាមួយ​គ្នា ហើយ​អញ្ជើញ​ឲ្យ​ពួកគេ​គូររូបភាព​មួយ​នៃ « ទី​ស្អាង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា » ដែល​ជា​ព្រះវិហារ​បរិសុទ្ធ ។ សូម​អាន ខទី ៣ ជាមួយ​គ្នា ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​គូរ​បន្ថែម​ទៅលើ​រូបភាពរបស់​ពួកគេ នូវ​មនុស្ស​ជា​ច្រើន​ដែល​មក​កាន់​ព្រះវិហារ​បរិសុទ្ធ រួម​ទាំង​គ្រួសារ​របស់​ពួកគេ​ផងដែរ ។ តើ​ហេតុអ្វី​យើង​ចង់​ទៅ​ដំណាក់​របស់​ព្រះអម្ចាស់ ? សូម​ចែកចាយទីបន្ទាល់​របស់​បងប្អូន​អំពី​ពរជ័យ​ទាំងឡាយ​ដែល​បាន​មក​ នៅពេល​យើង​រៀន​អំពី​ព្រះអម្ចាស់​នៅក្នុង​ដំណាក់​របស់​ទ្រង់ ។

  • សូម​ឲ្យ​កុមារ​ម្នាក់​កាន់​រូបភាព​ព្រះវិហារ​បរិសុទ្ធ​មួយ ហើយ​សូមឲ្យ​កុមារ​និយាយ​ពី​អ្វី​ដែល​ពួកគេ​ឃើញ​នៅក្នុង​រូបភាព​នោះ ។ សូម​សួរ​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​ចូលចិត្ត​អំពី​ព្រះវិហារ​បរិសុទ្ធ ។ សូម​អាន អេសាយ ២:២–៣ ជាមួយ​គ្នា ហើយ​ឲ្យ​ពួកគេ​ស្ដាប់​រក​មូលហេតុ​បន្ថែម​ទៀត​ដែល​យើង​ស្រឡាញ់​ព្រះវិហារ​បរិសុទ្ធ ។ សូម​ប្រាប់​កុមារ​ពី​មូលហេតុ​ដែល​បងប្អូន​ស្រឡាញ់​ព្រះវិហារ​បរិសុទ្ធ ។

  • សូម​ច្រៀង​ជាមួយ​កុមារ​នូវ​បទចម្រៀង​មួយ​បទ​អំពី​ព្រះវិហារ​បរិសុទ្ធ ដូចជា​បទ « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៩ ) ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​ពាក្យ និង​ឃ្លា​នៅ​ក្នុង​បទចម្រៀង​នេះ ដែល​បង្រៀន​អំពី​ព្រះវិហារ​បរិសុទ្ធ និង​អ្វី​ដែល​យើង​ធ្វើ​នៅ​ទីនោះ ។

  • សូម​គូរ​រូប​ផ្លូវ​មួយ​នៅលើ​ក្ដារខៀន ហើយ​ដាក់​រូបភាព​ព្រះវិហារ​បរិសុទ្ធ​មួយ ឬ​រូប​ព្រះអង្គ​សង្គ្រោះ​នៅ​ចុង​បញ្ចប់​ផ្លូវ​នោះ ( សូមមើល ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅ​ណែនាំ​កុមារ ទំព័រ ២–៣ ) ។ សូម​ឲ្យ​កុមារ​ប្តូរ​វេន​គ្នា​គូរ​រូប​ពួកគេ​ដើរ​នៅលើ​ផ្លូវ​នោះ ។ ពេល​ពួកគេ​គូររូប សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន​តាម​ឃ្លា​នេះ​ចេញ​ពី អេសាយ ២:៣ ៖ « យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ » ។ តើ​យើងអាច​ធ្វើអ្វីខ្លះ ដើម្បី​ដើរ​តាម​ផ្លូវ​របស់​ព្រះអម្ចាស់ ?

ស្ត្រី​កំពុង​បី​កូន

« ដ្បិត​មាន​បុត្រ ១ កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា ១ មក​យើង​ហើយ » ( អេសាយ ៩:៦ ) ។

អេសាយ ៩:៦

អេសាយ​បាន​ព្យាករ​​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

ព្យាការី​ទាំងអស់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ សូម្បី​តែ​ព្យាការី​ដែល​បាន​រស់នៅ​ជាយូរ​មុន​ទ្រង់​បាន​ប្រសូត​មក​ក្ដី ដូចជា​អេសាយ​ជាដើម ។ សូម​ពិចារណា​ពី​អ្វី​ដែល​កុមារ​អាច​រៀន​បាន​អំពី​ព្រះយេស៊ូវគ្រីស្ទ តាមរយៈការព្យាករ​របស់​អេសាយ នៅក្នុង អេសាយ ៩:៦ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ចែកចាយ​ជាមួយ​កុមារ​រឿង « អេសាយ​ជា​ព្យាការី » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ) ។ សូម​អាន​ឈប់ៗ ដើម្បី​ឲ្យ​កុមារ​អាច​ជជែក​ពី​អ្វី​ដែល​អេសាយ​បាន​ដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ ជាច្រើន​ឆ្នាំ​មុន​ពេល​ដែល​ទ្រង់​បាន​ប្រសូត​មក ។ សូមអាន​ឲ្យ​កុមារស្តាប់ អេសាយ ៩:៦ ហើយ​សូម​អញ្ជើញ​ពួកគេ​ឲ្យ​អានតាម​បងប្អូន រាល់ « ព្រះនាម » ដែល​អេសាយ​បាន​ប្រាប់​ថា « គេ​នឹង​ហៅ » ព្រះយេស៊ូវគ្រីស្ទ ។

  • សូម​សរសេរ​នៅលើ​សន្លឹក​ក្រដាស​នូវ​ព្រះបរមងារ​មួយ​ចំនួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​មាន​នៅក្នុង អេសាយ ៩:៦ ( សូមមើល​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ ) ។ សូម​ឲ្យ​កុមារ​ម្នាក់ៗ​ជ្រើសរើស​គោរមងារ​មួយ ហើយ​ជួយ​កុមារ​ឲ្យ​អាន​​ព្រះបរមងារ​​នោះ​ទៅកាន់​មិត្តភក្តិ​ក្នុង​ថ្នាក់ ។ សូម​និយាយ​ជាមួយ​កុមារ​ថា​តើ ​ព្រះបរមងារ​​នីមួយៗ​មានន័យ​យ៉ាង​ណា​ចំពោះ​បងប្អូន ។ សូម​ឲ្យ​រូបភាព​របស់​ព្រះគ្រីស្ទ​ទៅ​កុមារ​ម្នាក់ ហើយ​សូម​ឲ្យ​គាត់​ចែកចាយ​អ្វី​មួយ​អំពី​ព្រះយេស៊ូវ បន្ទាប់​មក​ហុច​រូបភាពនោះ​ទៅ​ឲ្យ​កុមារ​ម្នាក់​ទៀត ។ សូម​ធ្វើ​សកម្មភាព​នេះ​ឡើងវិញ រហូត​ដល់​កុមារ​ទាំងអស់​មាន​ឱកាស​ចែកចាយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

អេសាយ ១:២–៤, ១៦–១៩

ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំអាច​ប្រែចិត្ត ហើយ​បាន​ស្អាត ។

អេសាយ​បាន​រស់នៅ​ក្នុង​គ្រា​មួយ ដែល​ប្រជាជន​របស់​លោក​ជា​ច្រើន​បាន​បែរ​ចេញ​ពី​ព្រះអម្ចាស់ ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​សន្យា​ដល់​ពួកគេ​ថា អំពើបាប​របស់​ពួកគេ​អាច​ត្រូវបានអត់​ទោស​ឲ្យ ប្រសិនបើ​ពួកគេ​ប្រែចិត្ត ។ ទ្រង់​បាន​ធ្វើ​ការសន្យា​នេះ​ដល់​ពួក​យើង​ផងដែរ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​អាន អេសាយ ១:២–៤ ហើយ​និយាយ​អំពី​មូលហេតុ​មួយ​ចំនួន ដែល​ព្រះអម្ចាស់​មិន​សប្បាយ​ព្រះទ័យ​ជាមួយ​នឹង​ប្រជាជនយូដា ។ សូមអាន អេសាយ ១:១៦–១៩ ជាមួយ​គ្នា ដើម្បី​រៀន​ពី​អ្វី​ដែលព្រះអម្ចាស់​បាន​អញ្ជើញ​ប្រជាជន​ឲ្យ​ធ្វើ ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ពាក្យ និង​ឃ្លា​ពិបាកៗ ប្រសិន​បើ​ចាំបាច់ ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស្រមៃ​ឃើញ ខទី ១៨ សូម​ដាក់​បង្ហាញ​អ្វី​មួយ​ដែល​មាន​ពណ៌​ក្រហម​ស្រស់ និង​អ្វី​មួយ​ដែល​មាន​ពណ៌ស​សុទ្ធ ។ តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ខគម្ពីរទាំងនេះ ? សូមឲ្យ​កុមារ​ចែកចាយ​អារម្មណ៏​របស់​ពួកគេ​អំពី​អំណោយទាន​នៃ​ការអភ័យទោស​ឲ្យ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចែកចាយ​អារម្មណ៍​របស់​បងប្អូន​ផងដែរ ។

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ អេសាយ ១:១៨ ។ សូម​សរសេរ​ខ​គម្ពីរនោះ​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​កុមារ​ឲ្យ​សូត្រ​ខគម្ពីរនោះ​ជា​ច្រើន​ដង ដោយ​លុប​ពាក្យ​មួយ​ម្ដងៗ រហូត​ទាល់តែ​ពួកគេ​អាច​ទន្ទេញ​ខគម្ពីរ​នេះ​ចាំ ។ បងប្អូន​ក៏​អាច​ប្រើប្រាស់​ចម្រៀក​ក្រដាស​សរសេរ​ពាក្យ​ចេញ​មក​ពី​ខគម្ពីរនោះ​ផងដែរ ។ ហេតុអ្វី​វា​សំខាន់​ដើម្បី​ចងចាំ​ជានិច្ច​នូវ​អ្វី​ដែល​ខគម្ពីរនេះ​បង្រៀន ? សូម​ពិភាក្សា​ពី​របៀប​ដែល​ការទទួល​បុណ្យ​ជ្រមុជ​ទឹក និង​ការទទួលទាន​សាក្រាម៉ង់ ធ្វើ​ឲ្យ​យើងទទួល​បាន​ការសន្យា​នេះ ។

អេសាយ ២:២–៥

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

ការព្យាករ​របស់​អេសាយ​អំពី « ភ្នំ​ជា​ទី​ស្អាង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា » បង្ហាញ​ពី​ពរជ័យ​មួយ​ចំនួន​ដែល​បាន​មក​ពី​ការថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ជាមួយ​នឹង​ពរជ័យ​ផ្សេងៗ​ទៀត​ដែល​នឹង​បាន​មក​នៅ​ថ្ងៃ​ចុងក្រោយ ។ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​នឹង​បំផុស​គំនិត​កុមារ​ឲ្យ​ស្វែងរក​ពរជ័យ​ទាំងនេះ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​អាន​អំពី​អ្វី​ដែល​អេសាយ​បាន​ឃើញ​នៅក្នុង អេសាយ ២:២–៣ ហើយ​គូររូប​ភាព​មួយ​ពី​អ្វី​ដែល​ពួកគេ​គិត​ឃើញ ។ សូម​ពន្យល់​ថា អេសាយ​បាន​ហៅ​ព្រះវិហារ​បរិសុទ្ធ​ថា​ជា « ភ្នំ​ជា​ទី​ស្អាង​ព្រះ​វិហារ​នៃ​ព្រះ​អម្ចាស់ » ។ ហេតុអ្វី​ភ្នំ​គឺជា​ទីសម្គាល់​ដ៏​ល្អ​មួយ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ?

  • សូម​អញ្ជើញ​កុមារ​ឲ្យ​អាន អេសាយ ២:២–៣, ៥ ហើយ​កំណត់​ពី​អ្វី​មួយ​នៅក្នុង​ខគម្ពីរ​នីមួយៗ​ទាំងនេះ ដែល​បំផុស​គំនិត​ពួកគេ​ឲ្យ​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃណា​មួយ ។ បន្ទាប់​មក សូមអាន ខទី ៤ ជាមួយ​គ្នា ហើយ​ពិភាក្សា​ពី​របៀប​ដែល​ព្រះវិហារ​បរិសុទ្ធ​ជួយ​នាំមក​នូវ​សេចក្ដី​សុខសាន្ត​ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​នេះ ។ សូម​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​របៀប​នានា​ដែល​ពួកគេ​អាច​រៀបចំ​ខ្លួន ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃណា​មួយ ។

អេសាយ ៧:១៤; ៩:៦–៧

អេសាយ​បាន​ព្យាករ​​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

អេសាយ​បាន​ព្យាករ​អំពី​ការប្រសូត​របស់​ព្រះឱរស​មួយ​អង្គ ដែល​នឹង​គង់​នៅលើ​បល្ល័ង្ក​របស់​ដាវីឌ និង​ស្ថាបនា​នគរ​មួយ​ឡើង​ដែល​គ្មាន​ទីបញ្ចប់ ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន​​យល់​ពី​ការព្យាករ​​អំពី​ព្រះយេស៊ូវគ្រីស្ទ​ទាំងនេះដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​ផ្ដល់​ឧទាហរណ៍​អំពី​ងារ​ដែល​មនុស្ស​ម្នាក់​អាច​មាន ដូច​ជា​ងារដែល​ទាក់ទង​នឹង​ការងារ ការហៅ ក្រុម ឬ​គ្រួសារ​មួយ ។ តើ​ងារ​ទាំងនេះ​ប្រាប់​អ្វីខ្លះ​អំពី​មនុស្ស​ម្នាក់​ដែល​មាន​ងារ​ទាំងនេះ ? សូម​ជួយ​កុមារ​ស្វែងរក​ព្រះបរមងារ​​ទាំងឡាយ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង អេសាយ ៧:១៤ និង ៩:៦–៧ ។ តើ​​ព្រះបរមងារ​​នីមួយៗ​ទាំងនេះ​បង្រៀន​អ្វី​ខ្លះ​ដល់​យើង​អំពី​ទ្រង់ ? តើ​យើង​រៀន​អ្វី​ខ្លះ​ទៀត អំពី​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ខគម្ពីរ​ទាំងនេះ ?

  • សូម​អាន ម៉ាថាយ ១:២១–២៣ និង លូកា ១:៣១–៣៣ ជាមួយ​គ្នា ហើយ​ពិភាក្សា​ពី​របៀប​ដែល​ការព្យាករ​របស់​អេសាយ​នៅក្នុង អេសាយ ៧:១៤; ៩:៦–៧ ត្រូវបាន​បំពេញ​នៅពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រសូត​មក ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ឲ្យ​កុមារ​គិត​អំពី​អ្វី​មួយ ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ដែល​ពួកគេ​អាច​ចែករំលែក​ជាមួយ​គ្រួសារ​របស់ពួកគេ​បាន ដូចជា​ព្រះនាម​មួយ​របស់​ទ្រង់ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ជួយ​​កុមារ​ឲ្យ​​សាង​ទំនុកចិត្ត ។ កុមារមួយ​ចំនួន​ពុំ​មាន​អារម្មណ៍ថា មាន​សមត្ថភាព​រៀន​ដំណឹងល្អ​ដោយ​ខ្លួនឯង​នោះទេ ។ របៀប​មួយ​ដើម្បី​ស្ថាបនា​ទំនុកចិត្ត​របស់​ពួកគេ​គឺ សរសើរ​ពួកគេ ពេលពួកគេចូលរៀនក្នុង​ថ្នាក់ ។ សូម​សន្យា​ជាមួយ​កុមារ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​ពួកគេ​ឲ្យ​រៀន ។