ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃ​ទី ១២–១៨ ខែ កញ្ញា ។ អេសាយ ១៣–១៤; ២៤–៣០; ៣៥ ៖ « ការណ៍​អស្ចារ្យ ហើយ​ចម្លែក »


« ថ្ងៃ​ទី ១២–១៨ ខែ កញ្ញា ។ អេសាយ ១៣–១៤; ២៤–៣០; ៣៥ ៖ ‹ ការណ៍​អស្ចារ្យ ហើយ​ចម្លែក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋម​សិក្សា ៖ ព្រះគម្ពី​សញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃ​ទី ១២–១៨ ខែ កញ្ញា ។ អេសាយ ១៣–១៤; ២៤–៣០; ៣៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២២

យ៉ូសែប ស្ម៊ីធ ឃើញ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ព្រៃ​ពិសិដ្ឋ

ព្រៃពិសិដ្ឋ ដោយ ប្រេនថ៍ បូរ៉ាប់

ថ្ងៃទី ១២–១៨ ខែ កញ្ញា

អេសាយ ១៣–១៤; ២៤–៣០៣៥

« ការណ៍​អស្ចារ្យ ហើយ​ចម្លែក »

បន្ទាប់​ពី​ការសិក្សា អេសាយ ១៣–១៤; ២៤–៣០៣៥ ប្រកប​ដោយ​ការអធិស្ឋាន​ហើយ សូម​ដាក់​ផែនការ​សកម្មភាព​នានា​ដើម្បី​ជួយ​ដល់​កុមារ​ឲ្យ​រៀនសូត្រ ។ គំនិត​សកម្មភាព​ខាងក្រោម​នេះ​អាច​កែសម្រួល​សម្រាប់​ក្រុម​អាយុ​ណា​ក៏​បាន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​អញ្ជើញ​កុមារ​ឲ្យ​ក្រោក​ឈរ ប្រសិន​បើ​ពួកគេ​ចង់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​នាពេល​ថ្មីៗ​នេះ​អំពី​ដំណឹងល្អ​នៅ​គេហដ្ឋាន ឬ​នៅ​ព្រះវិហារ ។ សូម​ផ្ដល់​ឱកាស​ដល់កុមារ​ម្នាក់ៗ​ឲ្យ​ចែកចាយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

អេសាយ ១៤:១២–១៤

មាន​សង្គ្រាម​មួយ​នៅ​ស្ថានសួគ៌ ។

ពីមុន​ផែនដី​ត្រូវបាន​បង្កើត​ឡើង ព្រះវរបិតា​សួគ៌​បាន​ជ្រើសរើស​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ អេសាយ ១៤:១២–១៤ ពិពណ៌នា​អំពី​ភាពឆ្មើងឆ្មៃ​ដែល​សាតាំង​បាន​បង្ហាញ​នៅក្នុង​ការប្រជុំ​ប្រឹក្សា​នៅលើ​ស្ថានសួគ៌​មុន​ជីវិត​នេះ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ប្រើប្រាស់ « សេចក្តីផ្តើម ៖ ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១–៣ ) ឬ ចម្រៀង « ខ្ញុំ​រស់​នៅ​ស្ថាន​សួគ៌ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៤០ ) ដើម្បី​ប្រាប់​កុមារ​អំពី​សង្គ្រាម​នៅ​ស្ថានសួគ៌ មុន​ពេល​យើង​បាន​កើត​មក ។ ( កាល​ដែល​បងប្អូន​ធ្វើ​ដូច្នោះ សូម​បញ្ចូល​ឃ្លា​ទាំងឡាយ​មកពី អេសាយ ១៤:១២–១៤ ដែល​ពិពណ៌នា​អំពី​សាតាំង ) ។ បន្ទាប់​មក សូម​អញ្ជើញ​កុមារ​ឲ្យ​តំណាល​រឿង​នេះ​ឡើង​វិញ​ប្រាប់​ដល់​បងប្អូន ។ សូម​សង្កត់​ធ្ងន់​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​តាម​ផែនការ​របស់​ព្រះវរបិតាសួគ៌ និង​បាន​ក្លាយ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។

  • នៅលើ​ក្ដារខៀន សូម​គូររូប​បេះដូង​មួយ​ដែល​មាន​ពាក្យ សាតាំង និង​មុខ​ក្រៀមក្រំ​នៅ​ខាង​ក្នុង​នោះ ។ ពន្យល់​ថា សាតាំង​បាន​គិត​នៅក្នុង​ចិត្ត​វា​ថា « អញ​នឹង​តម្កើង​បល្ល័ង្ក​អញ ឲ្យ​ខ្ពស់​ជាង​អស់​ទាំង​ផ្កាយ​របស់​ព្រះ » ( អេសាយ ១៤:១៣ ) ដែល​មានន័យ​ថា វា​ចង់​បាន​ល្អ​ជាង​ព្រះវរបិតាសួគ៌ ។ អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​គូរ​រូប​បេះដូង​មួយ​ទៀត​នៅលើ​ក្ដារខៀន រូប​បេះដូង​នេះ​មាន​ពាក្យ​ថា ព្រះយេស៊ូវ និង​មុខ​រីករាយ​នៅ​ខាង​ក្នុង​នោះ ។ សូម​ជួយ​ឲ្យ​កុមារ​យល់​ថា ព្រះ​យេស៊ូវ​បាន​មាន​ព្រះទ័យ​ចង់​ធ្វើ​អ្វី​ដែល​ព្រះវរបិតាសួគ៌​បង្គាប់​ឲ្យ​ទ្រង់​ធ្វើ ( សូមមើល ម៉ូសេ ៤:១–២ ) ។ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​យ៉ាង​ដូចម្ដេច ?

ព្រះយេស៊ូវ​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ បង្ហាញ​ព្រះកាយ​ចំពោះ​ស្ត្រី​នៅ​ឯ​ផ្នូរ

« ទ្រង់​នឹង​បំផ្លាញ​សេចក្តី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប » ( អេសាយ ២៥:៨ ) ។

អេសាយ ២៥:៨

ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ។

ព្រះយេស៊ូវគ្រីស្ទ​អាច​លួងលោម​ទុក្ខព្រួយ ដែល​យើង​មាន​អំពី​សេចក្ដី​ស្លាប់ ។ ដោយសារ​ទ្រង់​បាន​មាន​ជ័យ​ជម្នះ​លើ​សេចក្ដីស្លាប់ នោះ​យើង​នឹង​រស់ឡើងវិញ​ផងដែរ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រូបភាព​មួយ​អំពី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ឲ្យ​កុមារ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​រូបភាព​នោះ ។ បើ​ចាំបាច់ សូម​ចែកចាយ​ជាមួយ​ពួកគេ​នូវ​ដំណើររឿង​របស់​ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់ឡើងវិញ ( សូមមើល « ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់ឡើងវិញ » នៅក្នុង ដំណើររឿង​ព្រះ​គម្ពីរ​សញ្ញាថ្មី ទំព័រ ១៣៩–៤៤ ) ។ សូម​ចាក់ ឬ​ច្រៀង​ចម្រៀង​អំពី​ការមាន​ព្រះជន្ម​រស់ឡើង​វិញ ដូចជា​បទ « ព្រះ​យេស៊ូវ​បាន​រស់​ឡើង​វិញ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៤ ) ហើយ​ឲ្យ​កុមារ​ចែកចាយ​ថា វា​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៏​យ៉ាង​ណា ដែល​ដឹង​ថា ព្រះយេស៊ូវ​បានមាន​ព្រះជន្ម​រស់​ពី​សេចក្តីស្លាប់​មក​វិញ​នោះ ។

  • សូម​ប្រាប់​កុមារ​អំពី​នរណា​ម្នាក់​ដែល​បងប្អូន​ស្គាល់ ដែល​បាន​ស្លាប់​ទៅ​ហើយ ។ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​នរណា​ម្នាក់​ដែល​យើង​ស្រឡាញ់​បាន​ស្លាប់ ? អញ្ជើញ​កុមារ​ឲ្យ​គូរ​មុខ​នរណា​ម្នាក់​កំពុង​យំ ។ បន្ទាប់​មក សូម​អាន អេសាយ ២៥:៨ ទៅ​ពួកគេ ។ តើ​ព្រះយេស៊ូវ​នឹង​ធ្វើ​អ្វី​ចំពោះ​ទឹកភ្នែក​របស់​យើង ពេល​យើង​នឹក​នរណា​ម្នាក់​ដែល​បាន​ស្លាប់​ទៅ ? អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​មុខ​រីករាយ ។ សូម​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​ថា ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ នោះ​យើង​អាច​ត្រូវបាន​លួងលោម ពេល​នរណា​ម្នាក់​ស្លាប់ ហើយ​ដឹង​ថា យើង​ទាំងអស់​គ្នា​នឹង​បាន​រស់​ឡើងវិញ​នៅ​ថ្ងៃ​មួយ ។

អេសាយ ២៩:១២, ១៤

ព្រះអម្ចាស់​បាន​ស្តារ​សាសនាចក្រ​របស់​ទ្រង់​ឡើងវិញ​តាមរយៈ យ៉ូសែប ស្ម៉ីធ ។

ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​គឺ​ជា « ការណ៍​អស្ចារ្យ ហើយ​ចម្លែក » ( អេសាយ ២៩:១៤ ) ។ សូម​ចែកចាយ​ជាមួយ​នឹង​កុមារ​នូវ​ការណ៍​អស្ចារ្យ​មួយ​ចំនួន ដែល​ព្រះអម្ចាស់​បាន​ធ្វើ—និង​បន្ត​ធ្វើ—ដើម្បី​ស្តារ​ដំណឹងល្អ​របស់​ទ្រង់​ឡើង​វិញ​នៅ​ជំនាន់​របស់​យើង ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • អញ្ជើញ​កុមារ​ឲ្យ​ប្រាប់​បងប្អូន​ពី​​អ្វី​ដែល​ពួកគេ​ដឹង​អំពី យ៉ូសែប ស៊្មីធ ។ បើ​ចាំបាច់ សូម​ចែកចាយ​ជាមួយ​ពួកគេ​នូវ « ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ទំព័រ ៩–១២ ) ។ សូម​អាន អេសាយ ២៩:១២ ហើយ​ពន្យល់​ថា ទោះបីជា​មនុស្ស​ជាច្រើន​បាន​គិត​ថា យ៉ូសែប ស៊្មីធ មិនមែន​ជា​អ្នក​មាន « ចំណេះ » ក្ដី ក៏​ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ដារ​ដំណឹងល្អ​របស់​ទ្រង់​តាមរយៈ​រូបលោក​ដែរ ។

  • សូម​អាន អេសាយ ២៩:១៤ ឲ្យ​កុមារ​ស្តាប់ ហើយ​ចែកចាយ​ជាមួយ​ពួកគេ​នូវ​ពាក្យ​ផ្សេងៗ​ទៀត ដែល​មានន័យ​ដូចគ្នា​នឹង​ពាក្យ « អស្ចារ្យ » និង « ចម្លែក » ។ សូម​បង្ហាញ​របស់​ដែល​តំណាង​ឲ្យ​កិច្ចការ​ដ៏​អស្ចារ្យ​មួយ​ចំនួន​របស់​ព្រះអម្ចាស់​អំឡុង​ថ្ងៃ​ចុងក្រោយ​នេះ ដូចជា​រូបភាព​នៃ​ការនិមិត្ត​ដំបូង ឬ​រូបភាព យ៉ូសែប ស៊្មីធ កំពុង​ទទួល​បព្វជិតភាព ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ ល.រ. ៩០, ៩៣, ៩៤ ) ឬ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល ។ អញ្ជើញ​កុមារ​ឲ្យ​ជ្រើសរើស​របស់​មួយ ហើយ​ចែកចាយ​ពី​មូលហេតុ​ដែល​របស់នោះ​អស្ចារ្យ​ចំពោះ​ពួកគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

អេសាយ ២៤:៣–៥; ២៩:៧–១០; ៣០:៨–១៤

ការក្បត់​សាសនា មានន័យ​ថា ការបែរ​ចេញ​ពី​ព្រះអម្ចាស់ និង​ពួកព្យាការី​របស់​ទ្រង់ ។

ការអាន​ការព្រមាន​របស់​អេសាយ​អំពី​គ្រោះថ្នាក់​នៃ​ការក្បត់​សាសនា អាច​ជួយ​កុមារ​ឲ្យប្តេជ្ញាចិត្ត​នៅ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ និង​ធ្វើ​តាម​ពួកព្យាការី​របស់​ទ្រង់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​សរសេរ​ពាក្យ ការ​ក្បត់​សាសនា នៅលើ​ក្ដារខៀន ។ អញ្ជើញ​កុមារ​ឲ្យ​ស្វែង​រក​និយមន័យ​មួយ​នៅក្នុង « ការក្បត់​សាសនា » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ អញ្ជើញ​ពួកគេ​ឲ្យ​អាន អេសាយ ២៤:៥; ៣០:៩–១១ ហើយ​ធ្វើ​បញ្ជី​មួយ​ពី​អ្វីៗ ដែល​មនុស្ស​បាន​ធ្វើ​នៅក្នុង​ជំនាន់​របស់​អេសាយ ដែល​បាន​ដឹកនាំ​ពួកគេ​ទៅកាន់​ការក្បត់​សាសនា ។ បន្ទាប់​មក អញ្ជើញ​កុមារ​ឲ្យ​ផ្លាស់ប្ដូរ​ចំណុច​នានា​នៅក្នុង​បញ្ជី​នោះ ទៅ​ជា​អ្វីៗ​​ដែល​យើង​អាច​ធ្វើ​បាន​ ដើម្បី​នៅ​បន្ត​ស្មោះត្រង់​នឹង​ព្រះអម្ចាស់ ។

  • សូមបែងចែកកុមារ​ជាដៃគូ ហើយ​ចាត់​ឲ្យ​គូ​នីមួយៗ​អាន​វគ្គ​បទគម្ពីរ​មួយ​តទៅ​នេះ ៖ អេសាយ ២៤:៣–៥; អេសាយ ២៩:៧–១០; ឬ អេសាយ ៣០:៨–១៤ ។ អញ្ជើញ​ពួកគេ​ឲ្យ​គូរ​រូបភាព​ដែល​តំណាង​ឲ្យ​អ្វី​ដែល​ពួកគេបាន​អាន ។ កាលដែល​ពួកគេ​ចែកចាយ​គំនូរ​របស់ពួកគេ សូម​ជួយ​ពួកគេ​ឲ្យ​ពិភាក្សា​ពី​អ្វី​ដែល​ពាក្យ​សម្ដី​របស់​អេសាយ​បង្រៀន អំពី​មូលហេតុ​ដែល​យើង​គួរតែ​នៅ​បន្ត​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ។

អេសាយ ២៩:១៣–១៥, ១៨, ២៤

ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​គឺ​ជា « ការណ៍​អស្ចារ្យ » មួយ ។

តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​យល់​ថា ពួកគេ​ជា​ផ្នែក​មួយ​នៃ « ការណ៍អស្ចារ្យ » របស់​ព្រះអម្ចាស់ ( អេសាយ ២៩:១៤ ) នៅ​ថ្ងៃ​ចុងក្រោយ​នេះ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រូបភាព​នៃ​ព្រឹត្តិការណ៍​អស្ចារ្យ​មួយ​ចំនួន ដែល​បាន​កើតឡើង​ពេល​ដែល​ដំណឹងល្អ​ត្រូវបាន​ស្ដារ​ឡើង​វិញ ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ ល.រ. ៩០–៩៥ ឬ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ ) ។ សូម​អាន អេសាយ ២៩:១៤, ១៨, ២៤ ជាមួយគ្នា ហើយ​អញ្ជើញ​កុមារ​ឲ្យ​រកមើល​ពាក្យ និង​ឃ្លា​ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នៅក្នុង​រូបភាព​ទាំងនេះ ។ សូម​សួរ​កុមារ​ថា តើ​ពួកគេ​អាច​ជួយ​ដល់ « ការណ៍អស្ចារ្យ » ( ខទី ១៤ ) របស់​ព្រះអម្ចាស់​ដោយ​របៀបណា ។

  • ចែកចាយ​បទពិសោធន៍​ខ្លី​មួយ ដើម្បី​ជួយ​កុមារ​ឲ្យ​យល់​ពី​អត្ថន័យ​នៃ ការស្ដារ​ឡើង​វិញ ។ ឧទាហរណ៍ សូម​និយាយ​អំពី​អ្វី​មួយដែល​បាន​បាត់ និង​របៀប​ដែល​បងប្អូន​បាន​រកឃើញ​វា​វិញ ។ សូម​ជួយ​កុមារ​ឲ្យ​ប្រៀបធៀប​រឿង​នេះ​ទៅ​នឹង​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ។ យោង​ទៅតាម អេសាយ ២៩:១៣–១៥ ហេតុអ្វី​យើង​ត្រូវការ​ការស្ដារ​ឡើងវិញ ? តើ​ការណ៍អស្ចារ្យ​អ្វី​ខ្លះ ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដើម្បី​ស្ដារ​ដំណឹងល្អ​របស់​ទ្រង់​ឡើង​វិញ ?

អេសាយ ១៤:៣; ២៥:៨; ២៨:១៦

ការបង្រៀន​របស់​អេសាយ​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ពី​ព្រះយេស៊ូវគ្រីស្ទ ។

ការបង្រៀន​របស់​អេសាយ​អាច​ធ្វើឲ្យកុមារ​ដែល​បងប្អូន​បង្រៀន​យល់​ពី​ព្រះអង្គ​សង្គ្រោះ និង​ជួយ​ពួកគេ​ចងចាំ​ពី​អ្វីៗ​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួកគេ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​សរសេរ​បទគម្ពីរ​យោង​ដូច​តទៅ​នេះ​នៅលើ​សន្លឹក​ក្រដាសដាច់​ពីគ្នា ៖ អេសាយ ១៤:៣; អេសាយ ២៥:៨; អេសាយ ២៨:១៦; ម៉ាថាយ ១១:២៨–៣០; កូរិនថូស ទី១ ១៥:៥៣–៥៧; ហេលេមិន ៥:១២ ។ សូម​ឲ្យ​ក្រដាស​ទាំងនោះ​ទៅ​កុមារ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នៅលើ​ក្រដាស​នោះ​នូវ​សេចក្ដី​ពិត ដែល​ពួកគេ​រៀន​ចេញ​ពី​ខ​គម្ពីរទាំងនោះ ហើយ​ធ្វើការ​រួមគ្នា​ដើម្បី​ផ្គូផ្គង​ខ​គម្ពីរទាំងឡាយ​ដែល​បង្រៀន​សេចក្ដី​ពិត​ស្រដៀង​គ្នា​នេះ ។ យោង​ទៅ​តាម​ខ​គម្ពីរទាំងនេះ តើ​កិច្ចការ​ដ៏​អស្ចារ្យ​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​បានធ្វើ​សម្រាប់​យើង ?

  • សូម​ឲ្យ​កុមារ​ជ្រើសរើស​ឃ្លា​មួយ​ចេញ​ពី អេសាយ ១៤:៣; ២៥:៨ ឬ ២៨:១៦ ដែល​រំឭក​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ឃ្លា​នោះ​នៅលើ​ក្រដាស​មួយ​សន្លឹក ហើយ​គូរ​រូប​ព្រះអង្គ​សង្គ្រោះ ដែល​ពួកគេ​អាច​ដាក់​តាំង​នៅក្នុង​ផ្ទះ​របស់​ពួកគេ​បាន ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

អញ្ជើញ​កុមារ​ឲ្យ​សរសេរ ឬ​គូរ​រូបភាព​មួយ​នៃ​អ្វីមួយ​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់​ថ្ងៃ​នេះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀនជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ឬ​សមាជិក​ម្នាក់​ក្នុង​ថ្នាក់​ដែល​មិន​បាន​មក​អង្គការ​បឋម​សិក្សា​នៅ​ថ្ងៃ​នេះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​បត់បែន​សកម្មភាព​តម្រូវទៅ​តាម​កុមារ​ដែល​មាន​ពិការភាព ។ ការបត់បែន​សកម្មភាព​បន្ដិចបន្ដួច អាច​ធានា​បានថា កុមារ​អាច​រៀន​​សកម្មភាព​ទាំងនោះបាន ។ ឧទាហរណ៍ ប្រសិនបើ​សកម្មភាព​មួយ​ដែល​ឲ្យ​បង្ហាញ​រូបភាព នោះ​បងប្អូន​អាច​ច្រៀង​ចម្រៀង​ជំនួស​វិញ ដើម្បី​ឲ្យកុមារ​ដែល​មាន​បញ្ហា​ភ្នែក​មើល​មិន​សូវ​ច្បាស់​អាច​ចូលរួមបានដែរ ។​