ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១២–១៨ ខែ កញ្ញា ។ អេសាយ ១៣–១៤; ២៤–៣០; ៣៥ ៖ « ការណ៍​អស្ចារ្យ ហើយ​ចម្លែក »


« ថ្ងៃទី ១២–១៨ ខែ កញ្ញា ។ អេសាយ ១៣–១៤; ២៤–៣០; ៣៥ ៖ ‹ ការណ៍​អស្ចារ្យ ហើយ​ចម្លែក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ២០២១ )

« ថ្ងៃទី ១២–១៨ ខែ កញ្ញា ។ អេសាយ ១៣–១៤; ២៤–៣០; ៣៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

យ៉ូសែប ស្ម៊ីធ ឃើញ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ព្រៃ​ពិសិដ្ឋ

ព្រៃ​ពិសិដ្ឋ ដោយ ប្រេនថ៍ បូរ៉ាប់

ថ្ងៃទី ១២–១៨ ខែ កញ្ញា

អេសាយ ១៣–១៤; ២៤–៣០; ៣៥

« ការណ៍​អស្ចារ្យ ហើយ​ចម្លែក »

ពីមុន​បងប្អូន​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​រកឃើញ​សេចក្ដីពិត​ទាំងឡាយ​នៅក្នុង​គម្ពីរ​អេសាយ​បាន នោះ​បងប្អូន​ត្រូវ​រកឃើញ​សេចក្ដីពិត​នោះ​សម្រាប់​ខ្លួនឯង​សិន ។ នៅពេល​បងប្អូន​អាន​នៅ​សប្ដាហ៍​នេះ សូម​ពិចារណា​ថា តើ​សេចក្តីពិត​មួយណា​ដែល​បងប្អូន​មាន​អារម្មណ៍​ថា​ត្រូវតែ​គូស​បញ្ជាក់​នៅក្នុង​ថ្នាក់រៀន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន​មកពី​អេសាយ បងប្អូន​អាច​សួរ​ពួកគេ​ថា តើ​ពួកគេ​នឹង​ឆ្លើយតប​យ៉ាង​ដូចម្ដេច​ទៅកាន់​នរណាម្នាក់​ដែល​និយាយ​ថា « គម្ពីរ​អេសាយ​ពិបាក​យល់​ខ្លាំង​ណាស់ » ។ តើ​មាន​អ្វីខ្លះ​ដែល​បាន​ជួយ​យើង​ឲ្យ​រកឃើញ​នូវ​អត្ថន័យ​នៅក្នុង​ការបង្រៀន​របស់​អេសាយ ? តើ​វគ្គ​បទគម្ពីរ​អ្វីខ្លះ​ដែល​បាន​បំផុស​គំនិត​យើង ?

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

អេសាយ ២៤:២១–២៣; ២៥:៦–៨; ២៦:១៩; ២៨:១៦

ការសរសេរ​ទាំងឡាយ​របស់​អេសាយ​ចង្អុល​បង្ហាញ​យើង​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ដូចជា​នីហ្វៃ​ដែរ សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​អាច​មាន​ចិត្ត​រីករាយ​នឹង​សាក្សី​របស់​អេសាយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល នីហ្វៃ​ទី​២ ១១:២ ) ។ បងប្អូន​អាច​សូម​ឲ្យ​ពួកគេ​ចែកចាយ​ខគម្ពីរ​ណាមួយ ដែល​ពួកគេ​រកឃើញ​នៅក្នុង​ការអាន​របស់​ពួកគេ​នៅ​សប្ដាហ៍​នេះ ដែល​បាន​បង្រៀន​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ។ ឬ​បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់ ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​មកពី អេសាយ ២៤:២១–២៣; ២៥:៦–៨; ២៦:១៩; ២៨:១៦ ឬ​ខគម្ពីរ​ផ្សេងទៀត​ដែល​បងប្អូន​បាន​រកឃើញ​នៅក្នុង​ការសិក្សា​របស់​បងប្អូន ។ ហេតុអ្វី​សេចក្ដីពិត​ទាំងនេះ​មាន​តម្លៃ​ចំពោះ​យើង ?

    ព្រះយេស៊ូវ​គ្រង​ព្រះពស្ត​ក្រហម

    ទ្រង់​យាងមក​ម្ដងទៀត​ដើម្បី​គ្រប់គ្រង និង​សោយរាជ្យ ដោយ ម៉ារី អ័រ សោអើរ

អេសាយ ២៤:១–៥; ២៨:១–៨; ២៩:៧–១០; ៣០:៨–១៤

ការក្បត់​សាសនា​មាន​ន័យ​ថា ការងាក​ចេញពី​ព្រះអម្ចាស់ និង​ពួកព្យាការី​របស់​ទ្រង់ ។

  • គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅ​ក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ផ្ដល់​យោបល់​ឲ្យ​សញ្ជឹងគិត​អំពី​ការប្រៀបធៀប​មួយ​ចំនួន ដែល​អេសាយ​បាន​ប្រើ​ដើម្បី​រៀបរាប់​ពី​លទ្ធផល​នៃ​ការងាក​ចេញពី​ព្រះអម្ចាស់ និង​ការបដិសេធ​ពួកព្យាការី​របស់​ទ្រង់ ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ឬ​បងប្អូន​អាច​អញ្ជើញ​ពួកគេ​ម្នាក់ៗ​ឲ្យ​រំឭក​វគ្គ​បទគម្ពីរ​ដូច​តទៅ​នេះ​មួយ ៖ អេសាយ ២៤:១–៥; ២៨:៧–៨; ២៩:៧–១០; ៣០:៨–១៤ ។ ដោយ​ផ្អែកលើ​អ្វី​ដែល​ពួកគេ​បាន​អាន ពួកគេ​អាច​បំពេញ​ប្រយោគ​នេះ​បាន ៖ « ប្រសិនបើ​យើង​ងាក​ចេញពី​ព្រះអម្ចាស់ នោះ​យើង​ដូចជា… » ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បន្ដ​នៅ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ហើយ​ចៀសវាង​ពី​ការក្បត់​សាសនា ? ( សូមមើល « ធនធាន​បន្ថែម​ទាំងឡាយ » ដើម្បី​ទទួលបាន​យោបល់​មួយ​ចំនួន ) ។ តើ​ព្រះអម្ចាស់​ប្រទាន​ពរជ័យ​ដល់​អស់​អ្នក​ដែល​បន្ដ​នៅ​ស្មោះត្រង់​នឹង​ទ្រង់​យ៉ាង​ដូចម្ដេច ?

  • ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​មួយ​អំពី​អាកប្បកិរិយា និង​ឥរិយាបថ​ដែល​អាច​នាំ​យើង​ទៅរក​ការក្បត់​សាសនា បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ស្រាវជ្រាវ​ក្នុង អេសាយ ២៤:១–៥; ២៨:១–៨; ២៩:៧–១០; ៣០:៨–១៤ ។ សូម​ឲ្យ​ពួកគេ​រកមើល​អ្វី​ដែល​ប្រជាជន​ក្នុង​ជំនាន់​របស់​អេសាយ​បាន​គិត និង​ធ្វើ ។ សូម​ធ្វើ​ស្លាក​ព្រមាន​មួយ​ដាក់​នៅលើ​ក្ដារខៀន ដែល​សរសេរ​ថា បម្រាម ៖ អាកប្បកិរិយា និង​ឥរិយាបថ​ដូច​តទៅ​នេះ​អាច​នាំ​ទៅរក​ការក្បត់​សាសនា ។ សមាជិក​ក្នុង​ថ្នាក់​អាច​សរសេរ​នៅលើ​ក្ដារខៀន នូវ​អ្វី​ដែល​ពួកគេ​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ សូម​ផ្ដល់​ឱកាស​មួយ​ឲ្យ​ពួកគេ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​ការពារ​ខ្លួនគេ ឬ​ក្រុមគ្រួសារ​របស់​ពួកគេ​ពី​ការក្បត់​សាសនា ។

អេសាយ ២៩:១៣–២៤; ៣០:១៨–២៦; ៣៥

ព្រះអម្ចាស់​អាច​ស្ដារ​អ្វី​ដែល​បាត់បង់ ឬ​បែកបាក់​មកវិញ​បាន ។

  • នេះ​ជា​សំណួរ​មួយ ដែល​បងប្អូន​អាច​សរសេរ​ដាក់​លើ​ក្ដារខៀន ដែល​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សញ្ជឹងគិត​ពី អេសាយ ២៩ ៖ តើ​ការសរសេរ​របស់​អេសាយ​ទាក់ទង​ទៅនឹង​ការស្តារ​ឡើង​វិញ​នៃ​ដំណឹងល្អ​នៅ​ជំនាន់​របស់​យើង​យ៉ាង​ដូចម្ដេច ? សូម​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​គិត​អំពី​សំណួរ​នេះ កាល​ពួកគេ​អាន​ក្នុង អេសាយ ២៩:១៣–២៤ ដោយ​ស្ងាត់ស្ងៀម ។ ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ នោះ​ពួកគេ​ក៏​អាច​រំឭក​វគ្គ​បទគម្ពីរ​ដូច​តទៅ​នេះ​បាន​ផងដែរ ៖ នីហ្វៃ​ទី​២ ២៧:៦–២៦​; យ៉ូសែប ស្មីធ—ប្រវត្តិ ១:១៧–១៩, ៦៣–៦៥ ។ បន្ទាប់ពី​ពួកគេ​ជជែក​គ្នា​អំពី​សំណួរ​នៅលើ​ក្ដារខៀន​ហើយ នោះ​ពួកគេ​អាច​ពិភាក្សា​ពី​មូលហេតុ​ដែល​ពាក្យ « អស្ចារ្យ » និង « ចម្លែក » ( អេសាយ ២៩:១៤ ) គឺជា​ពាក្យ​ដ៏​ល្អ​ដើម្បី​ពិពណ៌នា​ពី​ការស្តារ​ឡើង​វិញ​នៃ​ដំណឹងល្អ ។ តើ​យើង​រៀន​បាន​អ្វីខ្លះ​អំពី​ការស្ដារ​ឡើងវិញ​មកពី « ការស្ដារ​ឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាស​ដល់​ពិភពលោក​នៃ​ខួប​លើកទី​ពីររយ​ឆ្នាំ » ? ( នៅលើ​គេហទំព័រChurchofJesusChrist.org ) ។

  • ជំពូក ៣០ និង ៣៥ នៃ​គម្ពីរ​អេសាយ​មាន​នូវ​វគ្គ​បទគម្ពីរ​បី​បួន ដែល​អាច​បំផុស​ឲ្យ​មាន​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង​ឡើង​លើ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ក្នុង​ការប្រទាន​ពរជ័យ​ដល់​អស់​អ្នក​ដែល​បែរចិត្ត​គំនិត​ទៅរក​ទ្រង់ ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រក​វគ្គ​បទគម្ពីរ​ទាំងនេះ​ឃើញ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា​ក្នុង អេសាយ ៣០:១៨–២៦ ក៏​បាន ឬ​ក្នុង អេសាយ ៣៥ ក៏​បាន ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ពាក្យ ឬ​ឃ្លា​នានា​ដែល​ពួកគេ​រកឃើញ ដែល​អាច​ជួយ​នរណាម្នាក់​ឲ្យ​បែរចិត្ត​គំនិត​ទៅរក​ព្រះអម្ចាស់ ដើម្បី​ទទួលបាន​សេចក្ដី​ប្រោសលោះ ។

រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការបន្ដ​នៅ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់ ។

ប្រធាន អិម រ័សុល បាឡឺដ បាន​ផ្ដល់​ការប្រឹក្សា​ដូច​ខាងក្រោម​នេះ ដើម្បី​ជួយ​យើង​ឲ្យ​បន្ដ​នៅ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់ ៖

« យើង​ត្រូវ​ប្រែចិត្ត​ជឿ​ជា​បន្តបន្ទាប់ ដោយ​បង្កើន​សេចក្ដីជំនឿ​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ភាព​ស្មោះត្រង់​របស់​យើង​ចំពោះ​ដំណឹងល្អ​របស់​ទ្រង់​ពេញ​មួយ​ជីវិត​យើង​—ពុំ​មែន​តែម្ដង​ទេ ប៉ុន្តែ​ជាដរាប​ទៅ [ សូមមើល អាលម៉ា ៥:២៦ ] ។…

« …បន្ទូល​របស់​ព្រះអម្ចាស់​មាន​នៅក្នុង​ព្រះគម្ពីរ និង​ការបង្រៀន​របស់​ពួក​សាវក និង​ពួកព្យាការី ។ បន្ទូល​ទាំងនេះ​ផ្ដល់​ការទូន្មាន និង​ការណែនាំ​ដល់​យើង ដែល​ប្រៀប​ដូចជា​អាវពោង​ខាង​វិញ្ញាណ ហើយ​នឹង​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប​យក​ដៃ​ទាំងពីរ​តោង​ទូក​ឲ្យ​ជាប់ ។…

« បន្ថែម​ពី​លើ​ការអភិវឌ្ឍ​ទម្លាប់​នៃ​ការអាន​ព្រះគម្ពីរ​ផ្ទាល់ខ្លួន យើង​ត្រូវ​ធ្វើ​ដូចជា​ពួកបុត្រា​របស់​ម៉ូសាយ ហើយ​ប្រគល់​ខ្លួន​ក្នុង ‹ ការអធិស្ឋាន និង​ការតម​អាហារ​ជាច្រើន › [ អាលម៉ា ១៧:៣ ] » ( « Stay in the Boat and Hold On! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩០–៩១ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

បង្ហាញ​ការជឿជាក់​លើ​សមត្ថភាព​របស់​អ្នករៀន ។ មនុស្ស​មួយ​ចំនួន​ក្នុង​ថ្នាក់​របស់​បងប្អូន ប្រហែល​ជា​ខ្វះ​ភាពជឿជាក់​លើ​សមត្ថភាពរៀន​ដំណឹងល្អ​របស់​ខ្លួន ។ សូម​អះអាង​ដល់​ពួកគេ​ថា នៅពេល​ពួកគេ​ខិតខំ​រៀន នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​ពួកគេ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៩–៣០ ) ។