« ថ្ងៃទី ១៧–២៣ ខែ តុលា ។ យេរេមា ៣០–៣៣; ៣៦; បរិទេវ ១; ៣ ៖ ‹ យើងនឹងបំប្រែសេចក្តីសោកសៅរបស់គេទៅជាសេចក្តីអំណរវិញ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១៧–២៣ ខែ តុលា ។ យេរេមា ៣០–៣៣; ៣៦; បរិទេវ ១; ៣ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ១៧–២៣ ខែ តុលា
យេរេមា ៣០–៣៣; ៣៦; បរិទេវ ១; ៣
« យើងនឹងបំប្រែសេចក្តីសោកសៅរបស់គេទៅជាសេចក្តីអំណរវិញ »
សូមសញ្ជឹងគិតពីចំណាប់អារម្មណ៍ដែលបងប្អូនបានទទួល អំឡុងពេលការសិក្សាផ្ទាល់ខ្លួនរបស់បងប្អូននៅក្នុងគម្ពីរយេរេមា និងគម្ពីរបរិទេវ ។ តើបងប្អូនមានអារម្មណ៍ថា វគ្គបទគម្ពីរណាខ្លះក្នុងជំពូកទាំងនេះដែលនឹងមានអត្ថន័យចំពោះអស់អ្នកដែលបងប្អូនបង្រៀន ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យចែកចាយអ្វី ដែលពួកគេបានរៀនមកពីការសិក្សាព្រះគម្ពីររបស់ពួកគេ បងប្អូនអាចសរសេរឃ្លាដូចតទៅនៅលើក្ដារខៀន ខ្ញុំបានដឹងថា… ខ្ញុំមានទីបន្ទាល់អំពី… ឬ ខ្ញុំបានដកពិសោធន៍… ។ សមាជិកក្នុងថ្នាក់អាចចែកចាយអ្វីមួយចេញពីគម្ពីរយេរេមា ឬគម្ពីរបរិទេវដើម្បីបំពេញប្រយោគទាំងនេះ ។
បង្រៀនគោលលទ្ធិ
យេរេមា ៣០–៣១; ៣៣; បរិទេវ ១:១–៧; ៣:១–៥
ព្រះអម្ចាស់នឹងនាំសាសន៍អ៊ីស្រាអែលចេញពីសេវកភាព ហើយប្រមូលផ្ដុំពួកគេ ។
-
សារលិខិតនៃក្ដីសង្ឃឹមលើការព្យាកររបស់យេរេមា អាចផ្ដល់ក្ដីសង្ឃឹមដល់សមាជិកក្នុងថ្នាក់នៅក្នុងកាលៈទេសៈរបស់ពួកគេផ្ទាល់ ។ ប្រហែលជាសមាជិកក្នុងថ្នាក់របស់បងប្អូនអាចពិភាក្សាពីកាលៈទេសៈ ដែលអាចបណ្ដាលឲ្យមនុស្សនៅជំនាន់របស់យើងមានអារម្មណ៍ថាអស់សង្ឃឹម ដូចជាមនុស្សនៅជំនាន់របស់យេរេមាដែរ ( សូមមើល យេរេមា ៣០:៥; ៣១:១៥; បរិទេវ ១:១–៧; ៣:១–៥ និងការដកស្រង់នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។ រួចហើយបងប្អូនអាចបំបែកសមាជិកក្នុងថ្នាក់ទៅជាបីក្រុម ហើយចាត់ក្រុមនីមួយៗឲ្យរំឭក យេរេមា ៣០; ៣១ និង ៣៣ រកមើលសារលិខិតនានា ដែលអាចនាំសេចក្ដីសង្ឃឹមដល់មនុស្សនៅបច្ចុប្បន្ននេះ ។ តើសេចក្ដីសង្ឃឹមលើព្រះអម្ចាស់បានជួយយើងឲ្យស៊ូទ្រាំនឹងការសាកល្បងដោយរបៀបណា ?
« នោះគេនឹងបានជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះដល់គេ » ។
-
ការរំឭកឡើងវិញក្នុង យេរេមា ៣១:៣១–៣៤; ៣២:៣៧–៤២ អាចជួយសមាជិករបស់បងប្អូនឲ្យសញ្ជឹងគិតពីសេចក្ដីសញ្ញា ដែលពួកគេបានធ្វើ ។ របៀបមួយដើម្បីលើកទឹកចិត្តឲ្យមានការពិភាក្សាមួយអំពីខគម្ពីរទាំងនេះគឺ ការផ្ដល់ពេលវេលាពីរបីនាទីឲ្យសមាជិកក្នុងថ្នាក់អានខគម្ពីរនោះ រួចហើយសរសេរនៅលើក្រដាសមួយសន្លឹក នូវសំណួរដែលពួកគេចង់សួរទៅកាន់ថ្នាក់ទាំងមូល អំពីអ្វីដែលពួកគេបានអាន ។ ឧទាហរណ៍ ពួកគេអាចចង់ពិភាក្សាពីអត្ថន័យនៃការមានក្រឹត្យវិន័យរបស់ព្រះឆ្លាក់នៅក្នុងចិត្តរបស់យើង ( សូមមើល យេរេមា ៣១:៣៣ ) ឬរបៀបដែលសេចក្ដីសញ្ញាជួយយើងឲ្យស្គាល់ព្រះអម្ចាស់ ( សូមមើល យេរេមា ៣១:៣៤ ) ។ បងប្អូនអាចប្រមូលសំណួរនានា ហើយរើសយកសំណួរពីរបីមកពិភាក្សាគ្នារួមគ្នា ។ តើយើងរៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះ ដែលបំផុសគំនិតយើងឲ្យមានចិត្តក្លាហានក្នុងការកាន់តាមសេចក្ដីសញ្ញារបស់យើង ?
ព្រះគម្ពីរមានអំណាចដើម្បីបង្វែរយើងចេញពីអារក្ស ។
-
សមាជិកក្នុងថ្នាក់របស់បងប្អូនអាចទទួលបានការយល់ដឹងអំពីបទគម្ពីរ កាលពួកគេបានសិក្សា យេរេមា ៣៦ នៅឯគេហដ្ឋាន ។ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរៀន ។ បងប្អូនក៏អាចចាត់ឲ្យសមាជិកក្នុងថ្នាក់ទទួលឈ្មោះរបស់បុគ្គលម្នាក់នៅក្នុងជំពូកនេះ ហើយអញ្ជើញពួកគេឲ្យអានអំពីអ្វីដែលបុគ្គលនោះបានធ្វើជាមួយនឹងព្រះបន្ទូលរបស់ព្រះផងដែរ ។ សមាជិកក្នុងថ្នាក់អាចសិក្សាព្រះបន្ទូល និងសកម្មភាពរបស់ព្រះអម្ចាស់ ( សូមមើល ខទី ១–៣, ២៧–៣១ ); យេរេមា ( សូមមើល ខទី ៤–៧, ៣២ ); បារូក ( សូមមើល ខទី ៤, ៨–១០, ១៤–១៨ ); យេហ៊ូឌី និងស្ដេចយេហូយ៉ាគីម ( សូមមើល ខទី ២០–២៦ ) និង អែលណាថាន ដេឡាយ៉ា និង កេម៉ារា ( សូមមើល ខទី ២៥ ) ។ តើពាក្យសម្ដី និងសកម្មភាពរបស់យើងបង្ហាញពីអារម្មណ៍របស់យើង ដែលមានចំពោះព្រះគម្ពីរតាមរបៀបណា ?
ធនធានបន្ថែមទាំងឡាយ
បងប្អូនអាចមានសេចក្ដីសង្ឃឹមជានិច្ច ។
ប្រធាន អិម រ័សុល បាឡឺដ បានលើកឡើងពីស្ថានភាពមួយចំនួន ដែលអាចបណ្ដាលឲ្យមនុស្សមួយចំនួនបាត់បង់សេចក្ដីសង្ឃឹម ហើយលោកបានផ្ដល់ការប្រឹក្សាអំពីកន្លែងដែលត្រូវស្វែងរកសេចក្ដីសង្ឃឹម ៖
« ពួកយើងមួយចំនួនអាចឃើញថា ជីវិតរបស់យើងផ្ទុកទៅដោយការខកបំណង ការបាក់ទឹកចិត្ត និងទុក្ខសោក ។ មនុស្សជាច្រើនមានអារម្មណ៍ថាអស់សង្ឃឹម ក្នុងការដោះស្រាយភាពច្របូកច្របល់ ដែលហាក់ដូចជាយកឈ្នះលើពិភពលោកនេះ ។ មនុស្សដទៃខូចចិត្តនឹងសមាជិកគ្រួសារ ដែលធ្វើអ្វីមួយរំលងបទដ្ឋានសីលធម៌ ដោយសារទង្វើនោះអាចទទួលយកបាន ឬត្រូវបានពិភពលោកកោតសរសើរ ។ … មនុស្សជាច្រើនថែមទាំងបានប្រាប់ខ្លួនគេឲ្យទទួលយកអំពើទុច្ចរិត និងភាពព្រៃផ្សៃនៃពិភពលោកនេះថាជារឿងដែលមិនអាចជួសជុលបាន ។ ពួកគេបានបោះបង់សេចក្ដីសង្ឃឹម ។ …
« …មនុស្សមួយចំនួនក្នុងចំណោមពួកយើងអាចបានបាត់បង់ក្ដីសង្ឃឹមទាំងអស់ ដោយសារតែអំពើបាប និងការរំលង ។ បុគ្គលម្នាក់អាចទៅជាលង់ខ្លួនយ៉ាងជ្រៅទៅក្នុងរបៀបនៃពិភពលោកនេះ រហូតដល់គាត់មើលមិនឃើញផ្លូវបកក្រោយវិញ ហើយបាត់បង់ក្ដីសង្ឃឹមទាំងអស់ ។ ការអង្វរកររបស់ខ្ញុំចំពោះមនុស្សទាំងអស់ ដែលបានធ្លាក់ទៅក្នុងអន្ទាក់នេះរបស់ពួកសត្រូវគឺថា សូមកុំបោះបង់ឲ្យសោះ ! មិនថាអ្វីៗអាចមើលទៅអស់សង្ឃឹមប៉ុណ្ណា ឬវាអាចនឹងអស់សង្ឃឹមខ្លាំងប៉ុណ្ណានោះទេ សូមជឿខ្ញុំថា បងប្អូនអាចមានសេចក្ដីសង្ឃឹមជានិច្ច ។ ជានិច្ច » ( « The Joy of Hope Fulfilled » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩២ ទំព័រ ៣១–៣២ ) ។
« វាសាមញ្ញណាស់ សេចក្ដីសង្ឃឹមតែមួយរបស់យើងសម្រាប់សុវត្ថិភាពខាងវិញ្ញាណ អំឡុងពេលចលាចលទាំងនេះគឺ ត្រូវបង្វែរគំនិតរបស់យើង និងដួងចិត្តរបស់យើងទៅរកព្រះយេស៊ូវគ្រីស្ទ ។ … សេចក្ដីជំនឿលើព្រះ និងលើព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់យើង ដើម្បីបន្ដមានទស្សនវិស័យដ៏មានតុល្យភាពមួយ ដើម្បីឆ្លងកាត់ពេលវេលានៃការសាកល្បង និងការលំបាកនេះ » ( « The Joy of Hope Fulfilled » ទំព័រ ៣២ ) ។