« ថ្ងៃទី ២៤–៣០ ខែ តុលា ។ អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ ៖ ‹ យើងនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯង › » ចូរមកតាមខ្ញុំ—សម្រាប់ សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៤–៣០ ខែ តុលា ។ អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ២៤–៣០ ខែ តុលា
អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧
« យើងនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯង »
ពាក្យពេចន៍របស់អេសេគាលត្រូវបានរក្សាទុកដោយព្រះអម្ចាស់សម្រាប់គោលបំណងដ៏វាងវៃមួយ ហើយអាចផ្ដល់ពរជ័យដល់សមាជិកក្នុងថ្នាក់របស់បងប្អូនបាន ។ សូមពិចារណាពាក្យពេចន៍ទាំងនេះ កាលបងប្អូនសិក្សាការសរសេររបស់អេសេគាលនាសប្តាហ៍នេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
ប្រជាជនដែលបានស្ដាប់អេសេគាល បានគិតថាពាក្យសម្ដីរបស់លោកសម្ដែងចេញ « ជាសេចក្តីស្រឡាញ់ » « យ៉ាងខ្លាំង » « តែចិត្តគេដេញតាមរកកម្រៃដល់ខ្លួន [ វិញ ] » ( សូមមើល អេសេគាល ៣៣:៣០–៣៣ ) ។ សមាជិកក្នុងថ្នាក់អាចចែកចាយវគ្គបទគម្ពីរមួយ ដែលពួកគេបានរកឃើញនៅក្នុងការសរសេររបស់អេសេគាល ដែលបានបំផុសគំនិតពួកគេឲ្យធ្វើអ្វីមួយ ។
បង្រៀនគោលលទ្ធិ
ព្រះអម្ចាស់អញ្ជើញយើងឲ្យមើលថែដល់ចៀមរបស់ទ្រង់ ។
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យរកឃើញអត្ថន័យផ្ទាល់ខ្លួននៅក្នុង អេសេគាល ៣៤ បងប្អូនអាចសរសេរនៅលើក្ដារខៀននូវស្ថានភាព ដែលពួកគេអាចប្រឈមមុខដូចជា រៀបចំខ្លួនដើម្បីបម្រើបេសកកម្ម ចិញ្ចឹមកូន ឬ ទទួលការចាត់តាំងឲ្យផ្ដល់ការងារបម្រើមួយ ។ សមាជិកក្នុងថ្នាក់អាចរើសយកស្ថានភាពមួយមកពិចារណា កាលពួកគេអានក្នុង អេសេគាល ៣៤:១–១០ ដោយស្ងាត់ស្ងៀម ។ ដោយផ្អែកលើខគម្ពីរទាំងនេះ សូមអញ្ជើញពួកគេឲ្យចែកចាយពាក្យទូន្មានណាមួយ ដែលពួកគេអាចប្រាប់ដល់នរណាម្នាក់ដែលស្ថិតនៅក្នុងស្ថានភាព ដែលពួកគេបានរើសយកនេះ ។ តើការមើលថែខ្លួនយើង មិនមើលថែដល់ហ្វូងចៀមរបស់ព្រះអម្ចាស់មានន័យដូចម្ដេច ? តើយើងអាចធ្វើជាអ្នកគង្វាលដូចជាព្រះអង្គសង្គ្រោះដោយរបៀបណា ? ( សូមមើល ខទី ១១–១៦ ) ។
បងប្អូនអាចមានអារម្មណ៍បំផុសគំនិតដើម្បីសួរសំណួរ ដែលជួយសមាជិកក្នុងថ្នាក់ឲ្យពិចារណាពីនិមិត្តសញ្ញានៅក្នុង អេសេគាល ៣៤:១១–៣១ ។ ឧទាហរណ៍ តើ « ទីវាលល្អ » និង « ក្រោលយ៉ាងល្អ » អាចតំណាងឲ្យអ្វីនៅក្នុង ខទី ១៤ ? តើចៀមដែល « វង្វេងបាត់ » និងចៀមដែល « ត្រូវប្រដេញ » ខុសគ្នាយ៉ាងដូចម្ដេច ? ( ខទី ១៦ ) ។ តើព្រះអង្គសង្គ្រោះជួយសង្គ្រោះចៀមទាំងពីរប្រភេទនេះតាមរបៀបណា ? សមាជិកក្នុងថ្នាក់អាចចែកចាយនិមិត្តសញ្ញាផ្សេងទៀត ដែលពួកគេបានរកឃើញនៅក្នុងខគម្ពីរទាំងនេះ ហើយជជែកអំពីអ្វីដែលនិមិត្តសញ្ញាទាំងនេះបង្រៀនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។
ព្រះអម្ចាស់កំពុងប្រមូលផ្ដុំរាស្រ្តរបស់ទ្រង់ និងប្រទានដល់ពួកគេនូវជីវិតថ្មីមួយ ។
-
ការអានក្នុង អេសេគាល ៣៧ និងការគិតអំពីសេចក្ដីសន្យារបស់ព្រះអម្ចាស់ដើម្បីប្រមូលផ្ដុំអ៊ីស្រាអែល អាចផ្ដល់ដល់យើងនូវការយល់ដឹងអំពីអត្ថន័យនៃការប្រមូលផ្ដុំ និងរបៀបដែលយើងអាចចូលរួមក្នុងកិច្ចការនេះបាន ។ ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យរកឃើញការយល់ដឹងទាំងនេះ បងប្អូនអាចសរសេរសំណួរដូចនេះដាក់លើក្ដារខៀន តើព្រះអម្ចាស់កំពុងព្យាយាមសម្រេចអ្វីខ្លះ តាមរយៈការប្រមូលផ្ដុំអ៊ីស្រាអែល ? តើទ្រង់សម្រេចវាបានតាមរបៀបណា ? បន្ទាប់មក បងប្អូនអាចសូមឲ្យសមាជិកពាក់កណ្ដាលថ្នាក់អាន អេសេគាល ៣៧:១–១៤ ហើយឲ្យសមាជិកពាក់កណ្ដាលថ្នាក់ទៀតអាន អេសេគាល ៣៧:១៥–២៨ កាលពួកគេស្រាវជ្រាវរកការយល់ដឹងបន្ថែម ដែលវគ្គបទគម្ពីរទាំងពីរនេះអាចឆ្លើយនឹងសំណួរដែលមាននៅលើក្ដារខៀន ។ វាអាចមានប្រយោជន៍ដើម្បីពន្យល់ថា បន្ទះឈើរបស់យ៉ូសែប និងយូដាដូចបានលើកឡើងនៅក្នុង ខទី ១៦–១៩ តំណាងឲ្យព្រះគម្ពីរមរមន និងព្រះគម្ពីរប៊ីប ។ នៅពេលសមាជិកក្នុងថ្នាក់ចែកចាយចម្លើយរបស់ពួកគេ សូមលើកទឹកចិត្តពួកគេឲ្យនិយាយអំពីតួនាទីរបស់ពួកគេ នៅក្នុងការប្រមូលផ្ដុំអ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ។
ព្រះវិហារបរិសុទ្ធនាំមកនូវការព្យាបាលខាងវិញ្ញាណ ។
-
រូបភាពអាចជួយសមាជិកក្នុងថ្នាក់ឲ្យយល់ពីការនិមិត្ត ដែលបានរៀបរាប់នៅក្នុង អេសេគាល ៤៧:១–១២ ។ ឧទាហរណ៍ បងប្អូនបង្ហាញរូបភាពព្រះវិហារបរិសុទ្ធ ទន្លេ វាលខ្សាច់ និងសមុទ្រក្ស័យ ( សូមមើលរូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និង Bible Photographs ល.រ. ៣ « Judean Wilderness » ) ។ វាអាចមានអត្ថប្រយោជន៍ដើម្បីពន្យល់ថា សមុទ្រក្ស័យគឺប្រៃខ្លាំងណាស់ រហូតដល់គ្មានត្រី និងរុក្ខជាតិអ្វីអាចរស់នៅក្នុងសមុទ្រនោះបានទេ ។ សមាជិកក្នុងថ្នាក់អាចអាន ខទី ១–១២ ហើយចែកចាយអ្វីដែលពួកគេចាប់អារម្មណ៍អំពីទឹក ដែលបានពិពណ៌នានៅក្នុងការនិមិត្តនេះ ( សូមមើលផងដែរ វិវរណៈ ២២:១ និងសេចក្ដីថ្លែងការណ៍នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។ ពួកគេក៏អាចគូររូបភាពនៃការនិមិត្តរបស់អេសេគាលបានផងដែរ ។ តើទឹកអាចតំណាងឲ្យអ្វី ? តើដើមឈើដែលមានរៀបរាប់នៅក្នុង ខទី ១២ អាចតំណាងឲ្យអ្វី ? ប្រហែលជាសិស្សក្នុងថ្នាក់អាចចែកចាយពីរបៀបដែលព្រះវិហារបរិសុទ្ធ និងពរជ័យនៃព្រះវិហារបរិសុទ្ធបាននាំឲ្យពួកគេមានជីវិតខាងវិញ្ញាណ និងការព្យាបាល ។
ធនធានបន្ថែមទាំងឡាយ
ពរជ័យនៃព្រះវិហារបរិសុទ្ធអាចផ្សះយើងបាន ។
ដោយយោងទៅទឹកដែលហូរពីព្រះវិហារបរិសុទ្ធនៅក្នុងការនិមិត្តរបស់អេសេគាល ( សូមមើល អេសេគាល ៤៧:១–១២ ) នោះអែលឌើរ ឌេល ជី រ៉េនឡាន់ បានអង្កេតឃើញថា
« លក្ខណៈពីរនៃទឹកទន្លេគឺសំខាន់ណាស់ ។ លក្ខណៈទីមួយ ទោះបីជាស្ទឹងតូចគ្មានដៃស្ទឹងក្តី ក៏វាបានរីកទៅជាទន្លេដ៏ធំ ប្រែកាន់តែធំទៅៗ និងជ្រៅទៅៗដែរ នៅពេលវាហូរទៅកាន់តែឆ្ងាយ ។ មានរឿងស្រដៀងគ្នានេះកើតឡើងជាមួយពរជ័យដែលហូរមកពីព្រះវិហារបរិសុទ្ធ នៅពេលបុគ្គលម្នាក់ៗត្រូវបានផ្សារភ្ជាប់ជាក្រុមគ្រួសារ ។ ការរីកចម្រើនដ៏មានអត្ថន័យកើតឡើងទាំងទៅក្រោយ និងទៅមុខឆ្លងកាត់ជំនាន់នានា នៅពេលពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ ផ្សារភ្ជាប់ក្រុមគ្រួសារជាមួយគ្នា ។
លក្ខណៈទីពីរ ទឹកទន្លេធ្វើឲ្យអ្វីៗគ្រប់យ៉ាងស្រស់បស់ឡើងវិញនៅគ្រប់កន្លែងដែលវាហូរកាត់ ។ ដូចគ្នានោះផងដែរ ពរជ័យនៃព្រះវិហារបរិសុទ្ធគឺជាការមានសមត្ថភាពដ៏អស្ចារ្យដើម្បីព្យាបាល ។ ពរជ័យនៃព្រះវិហារបរិសុទ្ធអាចព្យាបាលដួងចិត្ត និងជីវិត និងក្រុមគ្រួសារទាំងឡាយ » ( « Family History and Temple Work: Sealing and Healing » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៤៧–៤៨; សូមមើលផងដែរ វីដេអូ « And the River Will Grow » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។