ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៣–៩ ខែ តុលា ។ អេសាយ ៥៨–៦៦ ៖ « អ្នក​ដ៏​ជួយ​ប្រោសលោះ​មក​ឯ​ក្រុង​ស៊ីយ៉ូន »


« ថ្ងៃទី ៣–៩ ខែ តុលា ។ អេសាយ ៥៨–៦៦ ៖ ‹ អ្នក​ដ៏​ជួយ​ប្រោសលោះ​មក​ឯ​ក្រុង​ស៊ីយ៉ូន › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់ ​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៣–៩ ខែ តុលា ។ អេសាយ ៥៨–៦៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់ ​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅក្នុង​សាលាប្រជុំ

ព្រះយេស៊ូវ​នៅក្នុង​សាលាប្រជុំ​នៅ​ណាសារ៉ែត ដោយ ហ្គ្រេក ខេ អូលសិន

ថ្ងៃទី ៣–៩ ខែ តុលា

អេសាយ ៥៨–៦៦

« អ្នក​ដ៏​ជួយ​ប្រោសលោះ​មក​ឯ​ក្រុង​ស៊ីយ៉ូន »

នៅពេល​បងប្អូន​សិក្សា​គោលលទ្ធិ​ដ៏​ល្អ​នៅក្នុង​ជំពូក​ទាំងនេះ សូម​យាង​ព្រះវិញ្ញាណ​ឲ្យ​ដឹកនាំ​បងប្អូន​ទៅកាន់​សារលិខិត ដែល​នឹង​មាន​អត្ថន័យ​ខ្លាំង​បំផុត​ចំពោះ​សមាជិក​ក្នុង​ថ្នាក់ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​សេចក្ដីយោង​ខគម្ពីរ ដែល​បាន​បំផុស​គំនិត​ដល់​ពួកគេ អំឡុង​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​នៅ​សប្ដាហ៍​នេះ ។ រួចហើយ បងប្អូន​អាច​រកមើល​ខគម្ពីរ​ទាំងនោះ​ជាមួយគ្នា​ក្នុងថ្នាក់ ហើយ​និយាយ​អំពី​សេចក្ដីពិត​ដែល​មាន​នៅ​ត្រង់​នោះ ។ ការយល់ដឹង​ទាំងនេះ​អាច​ដឹកនាំ​ទៅរក​ការពិភាក្សា​ដ៏​ស៊ីជម្រៅ​មួយ អំពី​គោលការណ៍​ខាងក្រោម​នេះ​មួយ ឬ​ច្រើន ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

អេសាយ ៥៨:៣–១២

ការតម​អាហារ​នាំមក​នូវ​ពរជ័យ ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិភាក្សា​ពី​មូលហេតុ និង​របៀប​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​យើង​តម​អាហារ បងប្អូន​អាច​គូរ​ជួរឈរ​ពីរ​នៅលើ​ក្ដារខៀន ហើយ​ដាក់​ចំណងជើង​ថា « ការដែល​ឯង​តម​អត់​នោះ គឺ​មិនមែន​មាន​ប្រយោជន៍​ឡើយ » និង « ការតម​អត់​យ៉ាងនេះ​វិញ ដែល​យើង​ពេញចិត្ត » ។ បន្ទាប់មក សមាជិក​ក្នុង​ថ្នាក់​អាច​អាន អេសាយ ៥៨:៣–៧ ហើយ​បំពេញ​ក្នុង​ជួរឈរ​ទីមួយ ដោយ​ការពិពណ៌នា​អំពី​របៀប​ដែល​ពួកសាសន៍​អ៊ីស្រាអែល​បាន​តម​អាហារ និង​ជួរឈរ​ទីពីរ​ដោយ​ការពិពណ៌នា​អំពី​ការតម​អាហារ ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ធ្វើ ។ តើ​ការពិពណ៌នា​ទាំងនេះ​មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​មើល​ទៅ​ការតម​អាហារ​យ៉ាង​ដូចម្ដេច ? ចេញពី​បទពិសោធន៍​របស់​ពួកគេ សមាជិក​ក្នុង​ថ្នាក់​ក៏​អាច​ចែកចាយ​អំពី​របៀប​ដែល​ការតម​អាហារ​នាំទៅរក​ពរជ័យ ដែល​ព្រះអម្ចាស់​បាន​សន្យា​នៅក្នុង ខទី ៨–១២ ផង​ដែរ ។

  • សមាជិក​ក្នុង​ថ្នាក់​មួយ​ចំនួន​អាច​មាន​បទពិសោធន៍​ក្នុង​ការពន្យល់​ដល់​មនុស្ស​ដទៃ ពី​មូលហេតុ​ដែល​យើង​តម​អាហារ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​និយាយ ។ បងប្អូន​ក៏​អាច​អញ្ជើញ​សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព ឲ្យ​មក​ថ្លែង​អំពី​របៀប​ដែល​ដង្វាយ​តម​អាហារ​ត្រូវបាន​ប្រើប្រាស់​ផងដែរ ។ ឬ​បងប្អូន​អាច​ចែកចាយ​ឧទាហរណ៍​មួយ​មកពី​សារលិខិត​របស់​ប្រធាន ហិនរី ប៊ី អាវរិង « Is Not This the Fast That I Have Chosen? » ( Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ២២–២៥ ) ។ តើ​ការតម​អាហារ និង​ការបង់​ដង្វាយ​តម​អាហារ​ជួយ « ឲ្យ​ស្រាយ​ចំណង​ដែល​ឯង​បាន​ចង » ដល់​ខ្លួនយើង និង​មនុស្ស​ដទៃ​ដោយ​របៀប​ណា ? ( អេសាយ ៥៨:៦ ) ។

អេសាយ ៦១:១–៣; ៦៣:៧–៩

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​របស់​យើង ។

  • នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រកាស​ដល់​ប្រជាជន​នៅ​ណាសារ៉ែត​ថា ទ្រង់​គឺជា​ព្រះមែស៊ី នោះ​ទ្រង់​បាន​ដកស្រង់​ចេញ​ពី អេសាយ ៦១:១–៣ ( សូមមើល លូកា ៤:១៦–២១; សូមមើល​ផងដែរ វីដេអូ « Jesus Declares He Is the Messiah » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ប្រហែលជា​សមាជិក​ក្នុង​ថ្នាក់​អាច​អាន អេសាយ ៦១:១–៣ ហើយ​ជជែក​គ្នា​អំពី​មូលហេតុ​ដែល​ខគម្ពីរ​ទាំងនេះ គឺជា​ការពិពណ៌នា​ដ៏​ល្អ​មួយ​អំពី​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ។ បងប្អូន​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ចំណុច​នីមួយៗ ដែល​ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​តែងតាំង​ឲ្យ​ធ្វើ និង​ពិភាក្សា​ពី​អត្ថន័យ​នៃ​ចំណុច​នីមួយៗ​នោះ ។ តើ​ព្រះអង្គ​សង្គ្រោះ​បាន​បំពេញ​ផ្នែក​ទាំងនេះ​នៃ​បេសកកម្ម​របស់​ទ្រង់ អំឡុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​ដោយ​របៀប​ណា ? តើ​ទ្រង់​បាន​បំពេញ​ផ្នែក​ទាំងនោះ​នៅក្នុង​ជីវិត​របស់​យើង​ដោយ​របៀប​ណា ?

  • សមាជិក​ក្នុង​ថ្នាក់​ក៏អាច​អាន អេសាយ ៦៣:៧–៩ ផងដែរ ហើយ​ចែកចាយ​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទានពរ​ដល់​ពួកគេ​តាម​របៀប​ទាំងនេះ ។

  • អេសាយ ៦១:១–៣ ប្រើ​ភាសា​កំណាព្យ​ដ៏​ពិរោះ​រណ្ដំ ដើម្បី​ពិពណ៌នា​ពី​ព្រះចេស្ដា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​ការប្រោសលោះ​អ្វី​ដែល​ហាក់​ដូចជា​បាន​ហិនហោច​ហើយ ។ ដើម្បី​ជួយ​បង្ហាញ​ពី​ខគម្ពីរ​ទាំងនេះ សូម​ពិចារណា​ចែកចាយ​ដំណើររឿង​មួយ​អំពី​អ្វីមួយ ដែល​គិត​ថា​បាន​បាត់បង់ ឬ​ហិនហោច​ហើយ ប៉ុន្ដែ​បែរជា​ក្លាយជា​អ្វីមួយ ដែល​កាន់តែ​ស្រស់​បំព្រង​ជាងមុន​ទៅវិញ ។ ឧទាហរណ៍ សូមមើល​វីដេអូ « Provo City Center Temple » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org; សូមមើល​ផងដែរ « ធនធាន​បន្ថែម​ទាំងឡាយ » ) ឬ​ដំណើររឿង​នៅ​ដើម​ដំបូង​នៃ​សារលិខិត​របស់​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ « He Will Place You on His Shoulders and Carry You Home » ( Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១០១–៤ ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​និយាយ​អំពី​របៀប ដែល​ពួកគេ​បាន​ឃើញ​ព្រះអម្ចាស់​ប្រទាន​អ្វីមួយ​ដ៏​ស្រស់ស្អាត​ដល់​មនុស្ស នៅពេល​ពួកគេ​បាន​គិត​ថា ជីវិត​របស់​ពួកគេ​បាន​ហិនហោច​ទៅហើយ​នោះ ។

អេសាយ ៦៥:១៧–២៥

នៅឯ​ការយាង​មក​ជាលើក​ទីពីរ​របស់​ទ្រង់ ព្រះអម្ចាស់​នឹង « បង្កើត​ផ្ទៃមេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី » ។

  • អេសាយ ៦៥:១៧–២៥ រៀបរាប់​ពី​ស្ថានភាព​នៅលើ​ផែនដី​នេះ បន្ទាប់ពី​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិនិត្យ​មើល​ខគម្ពីរ​ទាំងនេះ​ឡើងវិញ ដោយ​ស្រាវជ្រាវ​រក​ចម្លើយ​ចំពោះ​សំណួរ​ដូចនេះ ៖ តើ​ជីវិត​នៅលើ « ផែនដី​ថ្មី » នឹង​ខុសគ្នា​យ៉ាងណា​ទៅ ពី​ជីវិត​នៅលើ​ផែនដី​នាពេល​បច្ចុប្បន្ន​នេះ ? តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​បណ្ដាល​ឲ្យ​បងប្អូន​មាន​សេចក្ដី​អរ​រីករាយ​នោះ ?

រូប​តំណាង​ធនធាន​បន្ថែម​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ព្រះអម្ចាស់ « ពុំ​ទុក​យើង​ឲ្យ​នៅក្នុង​ផេះផង់​ទេ » ។

ក្រោយពី​តំណាល​ជាថ្មី​អំពី​របៀប​ដែល​ភ្លើង​ស្ទើរតែ​បំផ្លាញ​រោងឧបោសថ​ប្រូវ៉ូ ហើយ​អនុញ្ញាត​ឲ្យ​វា​កសាង​ជាថ្មី​នៅពេល​ក្រោយមក ទៅជា​ព្រះវិហារ​បរិសុទ្ធ ប្រូវ៉ូ ស៊ីធី សេនធើរ នោះ​ស៊ីស្ទើរ លីនដា អេស រីវស៍ បាន​ពោល​ថា « ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​យើង​ទទួល​ការសាកល្បង ពេលខ្លះ​ដល់​កម្រិត​អតិបរិមា​នៃ​សមត្ថភាព​របស់​យើង ។ យើង​បាន​ឃើញ​ជីវិត​របស់​មនុស្ស​ជាទី​ស្រឡាញ់—ប្រហែលជា​របស់​យើង​ផ្ទាល់—​ត្រូវ​បាន​ដុតឆេះ​រាប​ដល់​ដី ហើយ​បាន​ងឿង​ឆ្ងល់​ថា ហេតុអ្វី​ព្រះបិតា​ជាទីស្រឡាញ់ និងមាន​ព្រះទ័យ​ខ្វល់ខ្វាយ ទុក​ឲ្យ​រឿង​ដូច្នោះ​កើតឡើង​បាន ។ ប៉ុន្តែ​ទ្រង់​ពុំ​ទុក​យើង​ឲ្យ​នៅក្នុង​ផេះផង់​ទេ ទ្រង់​គង់​លាត​ព្រះហស្ត​អញ្ជើញ​យើង​ឲ្យ​មក​រក​ទ្រង់ ។ ទ្រង់​កំពុង​ស្ថាបនា​ជីវិត​យើង​ឲ្យ​ក្លាយជា​ព្រះវិហារ​បរិសុទ្ធ​ដ៏រុងរឿង ជាកន្លែង​ដែល​ព្រះវិញ្ញាណ​ទ្រង់​អាច​គង់​នៅ​ដ៏អស់កល្ប » ( « Claim the Blessings of Your Covenants » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១១៩ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ស្គាល់​អស់​អ្នក​ដែល​បងប្អូន​បង្រៀន ។ បុគ្គល​ម្នាក់ៗ​ដែល​បងប្អូន​បង្រៀន​មាន​បទពិសោធន៍ ទស្សនវិស័យ និង​ទេពកោសល្យ​ពិសេស​ខុសៗ​គ្នា ។ សូម​ពិចារណា​ពី​ភាពខុសគ្នា​ទាំងនេះ កាល​បងប្អូន​ព្យាយាម​ជួយ​មនុស្ស​ទាំងអស់​ឲ្យ​រៀន​តាម​របៀប​ដ៏​មាន​អត្ថន័យ និង​គួរឲ្យ​ចងចាំ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។