ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥—គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៣០–៣៣ ៖ « សាសនាចក្រ​តែមួយ​ដែលពិត ហើយ​សកម្ម »


« មេរៀន​ទី ៥—គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៣០–៣៣ ៖ ‹ សាសនាចក្រ​តែមួយ​ដែលពិត ហើយ​សកម្ម › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៣០–៣៣ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៥ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៣០–៣៣

« សាសនាចក្រ​តែមួយ​ដែលពិត ហើយ​សកម្ម »

ស្លាក​សញ្ញា​ផ្លូវការ​របស់​សាសនាចក្រ

នៅក្នុង​បុព្វកថា​របស់​ទ្រង់​ចំពោះ​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ព្រះអម្ចាស់​បាន​ប្រកាស​ពី​ភាពសំខាន់​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​ថ្មី​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​បានប្រកាស​ថា សាសនាចក្រ​នេះ​គឺជា « សាសនាចក្រ​តែមួយ ដែល​ពិត ហើយ​សកម្ម​នៅលើ​ផ្ទៃ​ផែនដី​ទាំងមូល » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៣០ ) ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ថា​ជា​សាសនាចក្រ​ពិត​តែមួយ​គត់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

សាសនាចក្រ​របស់​ព្រះអម្ចាស់

ដើម្បី​ចាប់ផ្តើម​មេរៀន​នេះ អ្នកអាច​ចែកចាយ​សំណួរ​ខាងក្រោម និង​សេចក្តី​ថ្លែងការណ៍​ដែល​ភ្ជាប់​មក​ជាមួយ ហើយ​អញ្ជើញ​សិស្ស​បីបួន​នាក់​ឲ្យ​ឡើង​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។

ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​អាច​យល់​ស្រប ឬ​មិន​យល់ស្រប​នឹង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ?

  1. ខ្ញុំ​គិតថា ខ្ញុំ​មិន​ត្រូវការ​ព្រះវិហារទេ ។

  2. ព្រះវិហារ​ទាំងអស់​គឺ​សុទ្ធតែ​ពិត​ដូចគ្នា ។

  3. សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺជា​សាសនាចក្រ​តែមួយ​គត់​ដែល​ពិត ។

អ្នក​អាច​នឹង​សុំ​សិស្ស​ឲ្យ​វាយតម្លៃ​ដោយ​ស្ងៀមស្ងាត់​នូវ​ទស្សនៈ​របស់ពួកគេ​ផ្ទាល់​ស្ដីពី​សេចក្ដី​ថ្លែងការណ៍​ទាំងនេះ ។

ដោយ​មាន​សាសនា និង​ទស្សនៈ​ខុសៗគ្នា​ជាច្រើន វា​អាច​ពិបាក​ក្នុង​ការដឹង​ថា​អ្វី​ទៅ​ជា​ការពិត ។ ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​ដល់​យើង​តាមរយៈ​ព្រះគម្ពីរ ដើម្បី​ជួយ​យើង​ឲ្យ​មាន​ទំនុក​ចិត្ត​លើ​អ្វី​ដែល​ពិត និង​ដឹង​ពី​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ចង់បាន​សម្រាប់​យើង ។

ជា​បុព្វកថា​ចំពោះ​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ព្រះអម្ចាស់​បាន​បើក​សម្តែង​ការព្រមាន​មួយ « ដល់​មនុស្ស​ទាំងអស់ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៤ ) ។ ជា​ផ្នែក​មួយ​នៃ​សារលិខិត​របស់ទ្រង់ ទ្រង់​បាន​ថ្លែង​យ៉ាង​ច្បាស់លាស់​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នេះ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៣០ ហើយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​រៀបរាប់​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​នេះ ។

រូប​តំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៣០ គឺជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​មួយ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ខ្លះ ?

« សាសនាចក្រ​តែមួយ ដែល​ពិត ហើយ​សកម្ម​នៅលើ​ផ្ទៃ​ផែនដី​ទាំងមូល »

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំ​ឃ្លា​ក្នុង​ចំណងជើង​ខាងលើ​នេះ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​ចំណាយ​ពេល​ខ្លះ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​ដែល​ថា សាសនាចក្រ​នេះ​គឺជា​សាសនាចក្រ​ដែល​ពិត និង​សកម្ម ។ ខាងក្រោម​នេះ​គឺជា​របៀប​មួយ​ដែល​អ្នក​អាចធ្វើ​ការណ៍​នេះ​បាន ៖

រូបតំណាង​សំណៅ​ចែក សូម​គូរ​ជួរឈរ​ពីរ​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​សំណៅចែក និង​គូស​ចំណាំ​ឃ្លា​ដែល​ជួយ​ពួកគេ​យល់​ពី​បៀប​ដែល​សាសនាចក្រ​ទាំង « ពិត » និង « សកម្ម » ។

សាសនាចក្រ​តែមួយ​ដែលពិត ហើយ​សកម្ម

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានបង្រៀន ៖

អែលឌើរ ដេវីឌ អេ បែដណា

ព្រះអម្ចាស់​បាន​ប្រកាសថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយគឺជា « សាសនាចក្រ​តែមួយ ដែល​ពិត ហើយ​សកម្ម​នៅលើ​ផ្ទៃ​ផែនដី​ទាំងមូល » ( គ.&ស. ១:៣០ ) ។ សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​នេះ​គឺ​ពិត ដោយសារ​វា​ជា​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ទ្រង់​គឺជា « ផ្លូវជា​សេចក្តីពិត ហើយ​ជា​ជីវិត » ( យ៉ូហាន ១៤:៦ ) ។ ហើយ​វា​ជា​សាសនាចក្រ​ដែល​សកម្ម ដោយសារតែ​កិច្ចការ និង​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ ( ដេវីឌ អេ បែដណា « Receive the Holy Ghost » Liahona⁠ ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៩៧ )

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

ប្រធាន ដាល្លិន អេក អូក

លក្ខណៈ​ពិសេស​ចំនួន​បី—(១) ភាពពោរពេញ​នៃ​គោលលទ្ធិ (២) អំណាច​បព្វជិត​ភាព និង (៣) ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ—ពន្យល់​អំពី​មូលហេតុ​ដែល​ព្រះ​បានប្រកាស … ថា​នេះ​គឺជា​សាសនាចក្រ​តែមួយ​គត់​ដែល​ពិត ហើយ​សកម្ម​នៅលើ​ផ្ទៃ​ផែនដី​ទាំងមូល ។ …

ដំណឹងល្អ​ដែល​បានស្ដារ​ឡើងវិញ​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺ​មាន​លក្ខណៈ​ទូលំទូលាយ ជាសកល ពេញ​ដោយ​សេចក្ដី​មេត្តាករុណា និង​ពិត ។ …

ដោយ​មាន​អំណាច​បព្វជិតភាព ថ្នាក់​ដឹកនាំ និង​សមាជិក​ដែល​មាន​សិទ្ធិ​អំណាច​ត្រឹមត្រូវ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ មាន​អំណាច​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​បព្វជិតភាព​ដែល​តម្រូវ​ឲ្យ​មាន ដូចជា​ពិធី​បុណ្យ​ជ្រមុជទឹក អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ និង​ការរៀបចំ​ពិធី​សាក្រាម៉ង់​ជាដើម ។

កូនសោ​នៃ​បព្វជិតភាព ដែល​ព្យាការី​ជា​ទីស្រឡាញ់​នៃ​យើង​កាន់ … និង​ព្យាការី និង​ប្រធាន​សាសនាចក្រ​គ្រប់រូប​កាន់ ផ្តល់​សិទ្ធិ​ឲ្យ​លោក​ទទួល​បាន​វិវរណៈ​ជំនួស​ឲ្យ​សាសនាចក្រ​ទាំងមូល ។ សាសនាចក្រនេះ « សកម្ម » ដោយសារ​យើង​មាន​ព្យាការី​ដែល​បន្ត​ផ្ដល់​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​ដល់​យើង ដែល​ចាំបាច់​សម្រាប់​ជំនាន់​របស់​យើង ។

មូលហេតុ​ទីបី​នៃ​ការដែល​យើង​គឺជា​សាសនាចក្រ​ដ៏​ពិត​តែមួយ​នោះ​គឺ​ថា យើង​មាន​សេចក្ដីពិត​ដែល​បាន​បើក​សម្ដែង​អំពី​លក្ខណៈ​នៃ​ព្រះ និង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ ហេតុដូច្នេះ​ហើយ​យើង​មាន​ទីបន្ទាល់​ដ៏​ពិសេស​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ( ដាល្លិន អេក អូក « The Only True and Living Church » New Era ខែ សីហា ឆ្នាំ ២០១១ ទំព័រ ៣–៥ )

សូម​អញ្ជើញ​ឲ្យ​សិស្ស​ចែកចាយ​អ្វីដែល​ពួកគេ​បាន​គូសចំណាំ ។ ពួកគេ​អាច​នឹង​សរសេរ​អ្វី​ដែល​ពួកគេ​បានរកឃើញ​នៅក្នុង​ជួរឈរ​ទាំងពីរ​នៅលើ​ក្តារខៀន ។ សូម​ពិចារណា​សួរ​សិស្ស​អំពី​របៀប​ដែល​ព្រះអម្ចាស់​ប្រទានពរ​ដល់​យើង តាមរយៈ​ផ្នែក​នីមួយៗ​នៃ​សាសនាចក្រ​របស់ទ្រង់​ដែល​ពួកគេ​បាន​គូសចំណាំ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​ចំណុច​របស់​ប្រធាន អូក ដែល​មាន​ប្រសាសន៍​អំពី​ទីបន្ទាល់​ពិសេស​របស់យើង​អំពី​ព្រះគ្រីស្ទ សូម​ពិចារណា​ឲ្យ​ពួកគេ​រិះរក​សេចក្តីពិត​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដែល​ពួកគេ​បានស្វែង​យល់​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ព្រះគម្ពីរ​មរមន ឬព្យាការី​សម័យ​ទំនើប ។ ពួកគេ​អាច​នឹង​បន្ថែម​គំនិត​របស់​ពួកគេ​ចូល​ទៅ​ជួរឈរ « ពិត » ។

ប្រសិនបើ​ចាំបាច់ សូម​ជួយ​សិស្ស​ឲ្យ​យល់ថា ទីបន្ទាល់​របស់​ព្រះអម្ចាស់​ដែល​ប្រកាស​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺជា « សាសនាចក្រ​តែមួយ​ដែល​ពិត ហើយ​សកម្ម » មិន​មាន​ន័យថា ព្រះវិហារ​ផ្សេងទៀត​មិន​មាន​សេចក្ដីពិត​ណាមួយ​ឡើយ ។

ពរជ័យ​នៃ​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

បន្ទាប់ពី​បានបញ្ជាក់​ថា សាសនាចក្រ​នេះ​គឺជា « សាសនាចក្រ​តែមួយ​ដែល​ពិត ហើយ​សកម្ម » ព្រះអង្គ​សង្គ្រោះ​បាន​រួមបញ្ចូល​នូវ​ហេតុផល​មួយចំនួន​ដែល​ទ្រង់​បានស្ដារ​សាសនាចក្រ​របស់ទ្រង់​ឡើងវិញ ។ សូមអាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៣១–៣៣ ហើយ​រកមើល​អ្វីដែល​ទ្រង់​បាន​បង្រៀន ។

សិស្ស​អាច​ងាក​ទៅរក​ដៃគូ​ម្នាក់ ហើយ​សង្ខេប​អ្វីដែល​ពួកគេ​បានរៀន​ពី​ខគម្ពីរ​ទាំងនេះ ។ លើសពី​នេះ⁠ ពួកគេ​អាច​នឹង​ពិភាក្សា​គ្នា​អំពី​សំណួរ​ខាងក្រោម​នេះ​បាន​ផងដែរ ។

  • តើ​សាសនាចក្រ​ដែល​ពិត និង​សកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ជួយ​អ្នក​ឲ្យ​ងាក​មក​រក​ទ្រង់​ទូល​សូម​ការអភ័យទោស​ដោយ​របៀបណា ?

សូម​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​បង្ហាញ​ពី​អ្វី​ដែល​ពួកគេ​បានរៀន​ក្នុង​អំឡុង​មេរៀន​នេះ ។ វិធី​មួយ​ដើម្បី​ធ្វើ​រឿងនេះ​បាន​⁠គឺ​ឲ្យ​សិស្ស​សរសេរ​ការឆ្លើយតប​ទៅនឹង​សាច់រឿង​ខាងក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ នៅពេល​បាន​បញ្ចប់​ហើយ⁠ សូម​ពិចារណា​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

សូម​ស្រមៃ​ថា មាន​នរណា​ម្នាក់​សួរ​អ្នក​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះវិហារ​របស់​អ្នក​ខុស​ពី​ព្រះវិហារ​ដទៃ​ទៀត ។ តើ​អ្នក​អាច​ឆ្លើយតប​ទៅកាន់​បុគ្គល​នេះ​តាម​របៀប​មួយ ដែល​អាច​ជួយ​ឲ្យ​ពួកគេ​ចង់ដឹង​បន្ថែម​ទៀត​អំពី​សាសនាចក្រ​បាន​យ៉ាង​ដូចម្ដេច ? អ្នក​អាច​នឹង​រួមបញ្ចូល​អ្វី​ខាងក្រោម​នេះ​ទៅក្នុង​ចម្លើយ​របស់​អ្នក ៖

  1. អ្វី​ដែល​អ្នក​បានរៀន​នៅថ្ងៃ​នេះ​មកពី​ទីបន្ទាល់​របស់​ព្រះអម្ចាស់​អំពី​សាសនាចក្រ​របស់​ទ្រង់ និង​អារម្មណ៍​របស់​អ្នក​អំពី​ទីបន្ទាល់​នោះ

  2. របៀប​ដែល​អ្នក​មាន​អារម្មណ៍ ឬ​បានឃើញ​ថា សាសនាចក្រ​នេះ​គឺពិត ឬ​សកម្ម

  3. ពរជ័យ​ដែល​អ្នក​ទទួល​បាន​ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ

អ្នក​អាច​នឹង​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​ពរជ័យ​នៃ​សាសនាចក្រ​ដ៏ពិត និង​សកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​ដែល​ការធ្វើ​ជា​សមាជិក​ក្នុង​សាសនាចក្រ​បាន​ជួយ​អ្នក​ឲ្យ​ខិត​កាន់តែ​ទៅជិត​ព្រះអង្គ​សង្គ្រោះ ។

ទន្ទេញ

អ្នក​អាច​នឹង​ចង់ជួយ​សិស្ស​ឲ្យ​ទន្ទេញសេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឹះ​គឺ « សាសនាចក្រ​តែមួយ​ដែលពិត ហើយ​សកម្ម » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។