« មេរៀនទី ៦—គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៧–៣៨ ៖ ‹ ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដី គឺដូចតែគ្នា › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៧–៣៨ » ថ្នាក់សិក្ខាសាលា ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
មេរៀនទី ៦ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១
« ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដី គឺដូចតែគ្នា »
ដើម្បីបញ្ចប់បុព្វកថាដ៏បំផុសគំនិតរបស់ទ្រង់ចំពោះព្រះគម្ពីរនៃព្រះបញ្ញត្តិ ( ដែលឥឡូវនេះហៅថាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ) ព្រះអម្ចាស់បានថ្លែងទីបន្ទាល់ថា ទ្រង់មានបន្ទូលមកយើងតាមរយៈព្យាការីរបស់ទ្រង់ ។ មេរៀននេះអាចជួយឲ្យសិស្សសិក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់តាមរយៈព្រះគម្ពីរ និងតាមរយៈប្រសាសន៍របស់ព្យាការីសម័យទំនើប ។
សកម្មភាពរៀនសូត្រដែលអាចមាន
ហេតុអ្វីបានជាយើងចង់ស្តាប់ឮព្រះអម្ចាស់ ?
វាអាចនឹងមានប្រសិទ្ធភាពដើម្បីចាប់ផ្ដើមបង្រៀន តាមរយៈការមើលវីដេអូ « #HearHim: President Nelson Invites Us to Hear the Voice of the Lord » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ០:០០ ដល់នាទីទី ១:១៤ ។
2:32
សូមពិចារណាអញ្ជើញសិស្សឲ្យឡើងចែកចាយអ្វីដែលពួកគេចូលចិត្ត ឬបានរៀនមកពីវីដេអូនេះ ។ បន្ទាប់មក សូមឲ្យពួកគេបិទភ្នែក ហើយស្រមៃពីសាច់រឿងខាងក្រោមនេះ ខណៈពេលពិចារណាអំពីសំណួរខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យចែកចាយចម្លើយរបស់ពួកគេ បើវាមិនមានលក្ខណៈផ្ទាល់ខ្លួនពេកទេនោះ ។
សូមស្រមៃថា អ្នកមានឱកាសនៅក្នុងបន្ទប់តែមួយជាមួយនឹងព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។
ហេតុអ្វីបានជាអ្នកអាចនឹងចង់ទូលជាមួយទ្រង់ និងស្តាប់ទ្រង់មានព្រះបន្ទូល ?
តើអ្នកចង់ឲ្យព្រះអង្គសង្គ្រោះពិភាក្សាជាមួយអ្នក ឬប្រទានការណែនាំដល់អ្នកអំពីប្រធានបទអ្វីខ្លះ ? ហេតុអ្វី ?
តើអ្នកគិតថា បទពិសោធន៍នេះអាចនឹងមានឥទ្ធិពលលើអ្នកយ៉ាងដូចម្តេច ?
នៅពេលអ្នកសិក្សាមេរៀននេះ សូមស្វែងរកការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យដឹងពីរបៀបដែលអ្នកអាចស្ដាប់ឮព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ និងរបៀបដែលទ្រង់អាចនឹងប្រទានពរដល់អ្នកដោយផ្ទាល់ ។
របៀបស្ដាប់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់យើង
ព្រះអង្គសង្គ្រោះស្រឡាញ់យើង ហើយចង់ឲ្យយើងបន្តខិតខំដើម្បីស្តាប់តាមសំឡេងរបស់ទ្រង់ ។ នៅចុងបញ្ចប់នៃបុព្វកថាចំពោះព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញានេះ ព្រះអង្គសង្គ្រោះបានសង្កត់ធ្ងន់លើរបៀបមួយចំនួនដែលទ្រង់មានបន្ទូលមកកាន់យើង ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៧–៣៨ ដោយរកមើលរបៀបទាំងឡាយដែលទ្រង់មានបន្ទូលមកកាន់យើង ។ វាអាចនឹងមានប្រយោជន៍ដើម្បីចងចាំថា ពាក្យ « បញ្ញត្តិ » សំដៅទៅលើព្រះគម្ពីរនៃព្រះបញត្តិ ( ឬព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ) ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៧–៣៨ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីអ្នកអាចងាយរកវាឃើញ ។
តើបងប្អូនរៀនបានអ្វីខ្លះមកពីខគម្ពីរទាំងនេះ ?
អ្នកអាចស្នើសុំឲ្យសិស្សចែកចាយការយល់ដឹងរបស់ពួកគេបាន ។ ពួកគេអាចនឹងពោលថា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់យើងតាមរយៈព្រះគម្ពីរ និងព្យាការីរបស់ទ្រង់ ។ បើពួកគេមិនបានលើកឡើងពីចំណុចនេះទេ សូមពិចារណាលើកព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញាមួយក្បាលមកបង្ហាញ រូបភាពព្យាការីសម័យទំនើប និងរូបភាពព្រះអង្គសង្គ្រោះ ហើយសួរអំពីអ្វីដែលគម្ពីរ និងរូបភាពទាំងនេះមានជារួម ដោយយោងតាម គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣៨ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំឃ្លាមួយដែលបង្រៀនពីសេចក្ដីពិតដូចតទៅនេះ ៖ ទោះជាដោយសំឡេងរបស់ទ្រង់ផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់ទ្រង់ក្ដី គឺដូចតែគ្នា ។
បើវានឹងមានប្រយោជន៍ សូមសរសេរខគម្ពីរដូចតទៅនេះដាក់នៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យអានមួយ ឬពីរខគម្ពីរ ហើយរកមើលអ្វីដែលខគម្ពីរទាំងនេះបង្រៀន ដែលបញ្ជាក់ពីសេចក្ដីពិតខាងលើនេះ ៖ ចោទិយកថា ១៨:១៨ ; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:៣៣–៣៦ ; ២១:៤–៦ ។ សិស្សអាចនឹងចង់កត់ត្រាខគម្ពីរទាំងនេះជាបទគម្ពីរយោងចំពោះ គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៨ ។
ហេតុអ្វីបានជាជួនកាលការចង់សិក្សាព្រះបន្ទូលព្រះអម្ចាស់អាចនឹងពិបាកទៅវិញ ?
តើសេចក្ដីពិតដែលយើងបានរកឃើញ ឬឃ្លាផ្សេងទៀតនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៧–៣៨ អាចនឹងជំរុញអ្នកឲ្យសិក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
មូលហេតុដែលយើងចង់សិក្សាព្រះបន្ទូលរបស់ទ្រង់
សូមមើលវីដេអូខាងក្រោមនេះ និងអានសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយរកមើលហេតុផលដែលអ្នកអាចនឹងចង់សិក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់តាមរយៈព្រះគម្ពីរ និងតាមរយៈប្រសាសន៍របស់ព្យាការីសម័យទំនើប ៖
ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី អតីតទីប្រឹក្សាក្នុងគណៈប្រធានយុវនារីទូទៅបានបង្រៀន ៖
[ ពួកព្យាការីថ្ងៃចុងក្រោយ ] និយាយនៅក្នុងព្រះនាមនៃព្រះគ្រីស្ទ ។ ពួកលោកព្យាករនៅក្នុងព្រះនាមព្រះគ្រីស្ទ ។ ពួកលោកធ្វើអ្វីគ្រប់យ៉ាងនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ តាមពាក្យសម្ដីរបស់ពួកលោក យើងស្ដាប់ឮសំឡេងរបស់ព្រះអម្ចាស់ ហើយយើងទទួលអារម្មណ៍នៃក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ។ ( ខារ៉ុល អេហ្វ ម៉ាកខន់ឃី « Live according to the Words of the Prophets » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៧ )
តើអ្នកបានចូលចិត្ត ឬរៀនបានអ្វីខ្លះមកពីវីដេអូ ឬសេចក្ដីថ្លែងការណ៍នេះ ?
សូមទុកពេលឲ្យសិស្សជញ្ជឹងគិតសំណួរខាងក្រោមនេះសិន មុននឹងសុំឲ្យមានអ្នកស្ម័គ្រចិត្តឡើងចែកចាយ ។ នៅពេលដែលសិស្សជញ្ជឹងគិត សូមពិចារណាចែកចាយគំរូផ្ទាល់ខ្លួនមួយដែលពួកគេអាចនឹងយល់បាន ។ ការធ្វើដូច្នេះអាចនឹងជួយឲ្យពួកគេគិតដល់ឧទាហរណ៍ផ្សេងៗទៀតបាន ។
តើនៅពេលណាដែលអ្នក ( ឬនរណាម្នាក់ដែលអ្នកស្គាល់ ) មានអារម្មណ៍ថា អ្នកបានទទួលសារលិខិតមួយមកពីព្រះអម្ចាស់តាមរយៈព្រះគម្ពីរ ឬតាមរយៈប្រសាសន៍របស់ព្យាការីសម័យទំនើប ?
សកម្មភាពខាងក្រោមនេះមានគោលបំណងចង់ជួយសិស្សឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះ ខណៈពេលពួកគេកំពុងសិក្សាប្រសាសន៍របស់ពួកអ្នកបម្រើរបស់ទ្រង់ ។ សូមប្រាកដថាបានផ្តល់ពេលច្រើនឲ្យសិស្សបញ្ចប់វាបាន និងចែកចាយគំនិតរបស់ពួកគេបន្ទាប់ពីនោះ ។
សូមចំណាយពេលបីបួននាទីដើម្បីស្វែងរកខគម្ពីរ និងប្រសាសន៍របស់ព្យាការីសម័យទំនើបមួយចំនួននៅខាងក្រោមនេះ ។ នៅពេលអ្នកសិក្សា សូមស្រមៃថា ព្រះអម្ចាស់កំពុងមានព្រះបន្ទូលមកកាន់អ្នក ។ ( នេះគឺជាជំនាញសិក្សាដ៏មានប្រយោជន៍ ដែលអ្នកអាចប្រើបានគ្រប់ពេលដែលអ្នកសិក្សាព្រះគម្ពីរ ) ។ សូមពិចារណាគូសចំណាំអ្វីដែលមានអត្ថន័យចំពោះអ្នក ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៤–៣៧ ; ១០:៥ ; ១៩:២៣ ; ២៧:១៥–១៨ ; ៥៨:២៦–២៨ ; ៦៨:៥–៦ ; ៧៨:១៨–១៩ ; ៨២:១០ ; ៩៨:១–៣ ; ១១២:១០ ។ ( ឬជ្រើសរើសខគម្ពីរផ្សេងទៀតនៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ) ។
ប្រសិនបើអ្នកមានអារម្មណ៍ថា វានឹងត្រូវនឹងតម្រូវការរបស់សិស្សអ្នកបានកាន់តែប្រសើរនោះ ជំនួសឲ្យការសរសេរខាងក្រោមនេះ សូមពិចារណាចងក្រងសម្រង់ប្រសាសន៍ថ្មីៗជាច្រើនមកពីពួកព្យាការី ដែលអាចអនុវត្តបានជាពិសេសចំពោះសិស្សរបស់អ្នក ។ សូមប្រាកដថា អ្នកមានច្បាប់ទស្សនាវដ្ដី លីអាហូណា សន្និសីទទូទៅថ្មីៗបំផុត ។
សូមសិក្សាសុន្ទរកថានៃសន្និសីទទូទៅថ្មីៗមួយចំនួន ឬទាំងអស់ ដែលអ្នកមានអារម្មណ៍ថានឹងជួយដល់រូបអ្នកផ្ទាល់ ។
សូមអញ្ជើញសិស្សឲ្យឡើងចែកចាយអំពីបទពិសោធន៍របស់ពួកគេ ។ សំណួរខាងក្រោមអាចនឹងមានប្រយោជន៍ ៖
តើអ្នកបានរៀនអ្វីខ្លះ ?
តើការស្រមៃថា ព្រះអង្គសង្គ្រោះកំពុងមានបន្ទូលទាំងនោះមកកាន់អ្នក ជះឥទ្ធិពលលើការសិក្សារបស់អ្នកយ៉ាងដូចម្ដេច ?
តើការធ្វើបែបនេះជាទៀងទាត់នៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់អ្នកមានឥទ្ធិពលយ៉ាងដូចម្ដេច ទៅលើទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះអង្គសង្គ្រោះ ?
នៅពេលសិស្សចែកចាយ សូមរកមើលវិធីដើម្បីបញ្ជាក់ថា ព្រះអម្ចាស់នៅតែមានព្រះបន្ទូលមកកាន់យើងតាមរយៈព្រះគម្ពីរ និងពួកព្យាការីដែលនៅរស់ដដែល ។
ដើម្បីបញ្ចប់ សូមសរសេរចូលក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវអ្វីដែលអ្នកចង់ធ្វើ ដើម្បីខិតកាន់តែជិតទៅព្រះអង្គសង្គ្រោះ តាមរយៈប្រសាសន៍របស់ពួកអ្នកបម្រើរបស់ទ្រង់ ។ គំនិតមួយចំនួនអាចជា ៖
សិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញាជាទៀងទាត់ ហាក់ដូចជាព្រះអម្ចាស់កំពុងមានព្រះបន្ទូលមកកាន់អ្នកដែរ ។
ស្តាប់ប្រសាសន៍របស់ពួកព្យាការី នៅពេលដែលអ្នកត្រៀមខ្លួនទៅសាលារៀននៅពេលព្រឹក ឬចូលដំណេកនៅពេលយប់ ឬអំឡុងពេលផ្សេងទៀតដែលមានប្រយោជន៍ជាងចំពោះអ្នក ។
អ្នកអាចនឹងចង់ជួយសិស្សឲ្យទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនៃ គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៧–៣៨ ហើយរំឭកវាឡើងវិញនៅក្នុងមេរៀនក្រោយៗ ។ ឃ្លាបទគម្ពីរគន្លឹះនេះគឺ « ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដី គឺដូចតែគ្នា » ។ គំនិតសម្រាប់សកម្មភាពទន្ទេញ មាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។
បន្ទាប់ពីសិស្សចែកចាយពីមូលហេតុដែលពួកគេចង់សិក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់ហើយ សូមពិចារណាចែកចាយបទពិសោធន៍របស់យុវនារីម្នាក់នៅខាងក្រោមនេះ នៅជំនាន់ដើមនៃសាសនាចក្រ ដែលបានចាត់ទុកព្រះគម្ពីរថាជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ៖
ម៉ារី អេលីសាបិត រ៉ូលីន មានអាយុ ១២ ឆ្នាំ នៅពេលដែលគាត់បានបញ្ចុះបញ្ចូលអ្នកជិតខាងរបស់គាត់ឲ្យខ្ចីព្រះគម្ពីរមរមនរបស់គាត់ ដែលមានតែមួយក្បាលគត់នៅក្នុងតំបន់នោះ ។ គាត់បានសិក្សាវារហូតដល់យប់ជ្រៅ ហើយក្រោយមកបានបញ្ចប់សៀវភៅទាំងមូល ។ នៅពេលដែលព្យាការី យ៉ូសែប ស៊្មីធ បានទៅសួរសុខទុក្ខ ហើយបានស្ដាប់ឮអំពីការសិក្សារបស់គាត់ លោកបានប្រាប់គាត់ឲ្យរក្សាទុកសៀវភៅនោះ ហើយបានសន្យាថា លោកនឹងរកឲ្យបានគម្ពីរមួយច្បាប់ទៀតសម្រាប់អ្នកជិតខាងរបស់គាត់ ។
រយៈពេលមួយ ឬពីរឆ្នាំក្រោយមក ម៉ារី បានឃើញទំព័រដែលបានបោះពុម្ពថ្មីៗមួយចំនួនអំពីវិវរណៈមកពីព្រះអម្ចាស់ ដែលនឹងបញ្ចូលទៅក្នុងព្រះគម្ពីរនៃព្រះបញ្ញត្តិ ( ដែលឥឡូវនេះគឺជាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ) ហើយបានស្តាប់ថ្នាក់ដឹកនាំសាសនាចក្រអាន និងពិភាក្សាគ្នាអំពីគម្ពីរនេះ ។ គាត់ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងមកពីព្រះវិញ្ញាណបរិសុទ្ធ និងការគោរពដ៏ជ្រាលជ្រៅចំពោះវិវរណៈនោះ ។ ( សូមមើល ពួកបរិសុទ្ធ ១:១៧៨ ) ។
នៅពេល ម៉ារី មានអាយុ ១៥ ឆ្នាំ ក្រុមមនុស្សកំណាចបានវាយបំផ្លាញរោងពុម្ពសាសនាចក្រ មុនពេលដែលគម្ពីរនេះត្រូវបានបោះពុម្ព ហើយបានធ្វើឲ្យទំព័រនៃវិវរណៈទាំងនោះខ្ចាត់ខ្ចាយ ។ ម៉ារី និងប្អូនស្រីរបស់គាត់បានរង់ចាំរហូតដល់ក្រុមមនុស្សកំណាចនោះបានបែរខ្នងពួកគេ បន្ទាប់មកបានប្រថុយជីវិតរបស់គាត់ដើម្បីរក្សាទុកទំព័រទាំងនោះ ។ នៅពេលដែលក្រុមមនុស្សកំណាចមួយចំនួនបានឃើញពួកគាត់ ហើយដេញតាមផង ក្មេងស្រីទាំងពីរនាក់នោះបានលួចចូលទៅក្នុងប្រហោងក្នុងរបងមួយ ហើយលាក់ខ្លួននៅក្នុងវាលចម្ការពោត ខណៈដែលសមាជិកនៃក្រុមមនុស្សកំណាចនោះលែងរកពួកគាត់ឃើញ ។ នៅទីបំផុត ម៉ារី ទទួលបានគម្ពីរនៃវិវរណៈទាំងនោះដែលគាត់ « ឲ្យតម្លៃយ៉ាងខ្លាំង » ។ ( សូមមើល « Autobiography of Mary E. Lightner » Utah Genealogical and Historical Magazine វ៉ុល ១៧ ( ឆ្នាំ ១៩២៦ ) ទំព័រ ១៩៣–៩៦ ) ។
តើ ម៉ារី អេលីសាបិត រ៉ូលីន ប្រព្រឹត្តចំពោះព្រះគម្ពីរដូចជាព្រះបន្ទូលនៃព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
តើមានរបៀបណាខ្លះ ដែលយើងអាចប្រព្រឹត្តចំពោះព្រះគម្ពីរដូចជាព្រះបន្ទូលនៃព្រះអង្គសង្គ្រោះនាពេលសព្វថ្ងៃនេះ ?
មានគំរូនាពេលថ្មីៗនេះជាច្រើនទៀតអំពីបុគ្គល ដែលបានរៀនឲ្យតម្លៃលើព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាថាជាព្រះបន្ទូលនៃព្រះ ( សូមមើល Jennifer Ricks « Learning to Love the Doctrine and Covenants » New Era ខែ មេសា ឆ្នាំ ២០១២ ទំព័រ ២៦ ) ។
សូមអញ្ជើញសិស្សឲ្យបន្តសិក្សាខគម្ពីរ និងប្រសាសន៍របស់ព្យាការីថ្ងៃចុងក្រោយ ។ សូមអញ្ជើញពួកគេឲ្យប្ដូរវេនគ្នាចែកចាយពីអ្វីដែលពួកគេកំពុងរៀននៅក្នុងការប្រជុំធម្មនិដ្ឋានក្នុងថ្នាក់រៀនលើកក្រោយៗទៀត ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយអ្វីដែលពួកគេមានអារម្មណ៍ថា ព្រះអម្ចាស់ចង់ឲ្យពួកគេដឹង ឬរបៀបដែលសេចក្ដីពិតនៃដំណឹងល្អអាចប្រទានពរដល់យើងនៅសព្វថ្ងៃនេះ ។
ទោះបីជាយើងមានសិទ្ធិអានព្រះបន្ទូលព្រះអម្ចាស់ក៏ដោយ ក៏យើងមិនបានស្តាប់ និងស្គាល់ព្រះបន្ទូលទាំងនោះជានិច្ចឡើយ ។ សូមពិចារណាអញ្ជើញសិស្សឲ្យអាន នីហ្វៃទី៣ ១១:១–៥ ដោយកត់សម្គាល់អ្វីដែលមនុស្សមិនបានស្ដាប់តាមព្រះសូរសៀងនៃព្រះ ។ សូមពិភាក្សាគ្នាអំពីអ្វីដែលយើងអាចធ្វើបានដើម្បីស្តាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់បានកាន់តែប្រសើរឡើងនៅក្នុងជីវិតរបស់យើង ។ សូមពិចារណាមើល វីដេអូ #ស្ដាប់ទ្រង់ មួយ ឬបន្ថែមទៀត ដែលថ្នាក់ដឹកនាំសាសនាចក្រប្រាប់ពីគំរូនៃរបៀបដែលពួកលោកស្ដាប់តាមព្រះអម្ចាស់ ។ វីដេអូទាំងនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។