ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤—គោលលទ្ធិ និង​សេចក្ដីសញ្ញា ១ ⁠៖ « សំឡេង​នៃ​ព្រះអម្ចាស់​គឺ​ដល់​អស់​ចុង​ផែនដី »


« មេរៀន​ទី ៤—គោលលទ្ធិ និង​សេចក្ដីសញ្ញា ១ ⁠៖ ‹ សំឡេង​នៃ​ព្រះអម្ចាស់​គឺ​ដល់​អស់​ចុង​ផែនដី › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៤ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១

គោលលទ្ធិ និង​សេចក្តីសញ្ញា ១

« សំឡេង​នៃ​ព្រះអម្ចាស់​គឺ​ដល់​អស់​ចុង​ផែនដី »

ព្រះគ្រីស្ទ​កំពុង​គង់​នៅ​លើ​ភ្នំ

មុនពេល​បោះពុម្ព​ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ ដែល​ក្រោយមក​បាន​ក្លាយ​ជា​ផ្នែកនៃ​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ព្យាការី យ៉ូសែប ស្ម៊ីធ បានទូល​អង្វរ​ព្រះអម្ចាស់​សូម​ឲ្យ​មាន​បុព្វកថា​សម្រាប់​គម្ពីរ​នេះ ។ ជា​ការឆ្លើយតប ព្រះ​អម្ចាស់​បានបើក​សម្ដែង​នូវ​អ្វី​ដែល​ឥឡូវនេះ​គឺជា គោលលទ្ធិ និង​សេចក្ដីសញ្ញា ១⁠ ទុកជា​បុព្វកថា​នៃ​វិវរណៈ​ដល់​ពិភពលោក ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​ប្រទាន​ការព្រមាន​ដល់​ពិភពលោក ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

« សំឡេង​នៃ​ការព្រមាន »

សូម​ពិចារណា​ប្រើ​សាច់រឿង​ខាងក្រោម ឬ​អ្វីមួយ​ដែល​សមស្រប​បំផុត​ទៅនឹង​តម្រូវការ​សិស្ស​របស់​អ្នក ដើម្បី​ជួយ​រៀបចំ​ពួកគេ​ឲ្យ​ជញ្ជឹងគិត​អំពី​មូលហេតុ​ដែល​នរណា​ម្នាក់​អាច​ព្រមាន​នរណា​ម្នាក់​ទៀតបាន ។

សូម​ស្រមៃ​ថា ⁠មិត្ត​ម្នាក់​កំពុង​ធ្វើ​ការសម្រេចចិត្ត​ដែល​នឹងនាំ​ឲ្យមាន​ផល​អវិជ្ជមាន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ឧទាហរណ៍​ជាក់ស្តែង​អំពី​អ្វី​ដែល​អាច​កើតឡើង​មកពី​ការសម្រេច​ចិត្តនេះ ។ ឧទាហរណ៍​មួយចំនួន​អាច​ជា​ការនិយាយ​កុហក​ឪពុក​ម្តាយ ការបំពាន​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ការលួច​ចម្លង​នៅសាលា ឬ​ការចាកចេញ​ពី​សាសនាចក្រ ។

  • ហេតុអ្វី​បានជា​អ្នក​ចង់​ព្រមាន​មិត្ត​អ្នក​អំពី​ការសម្រេចចិត្ត​នេះ ?

ព្រះអង្គ​សង្គ្រោះ​ក៏​បាន​ប្រទាន « សំឡេង​នៃ​ការព្រមាន » ផងដែរ ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤:១ ) ។ សូម​ជញ្ជឹងគិត​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • ហេតុអ្វី​បានជា​ព្រះអង្គ​សង្គ្រោះ​អាច​ព្រមាន​យើង ? ហេតុអ្វី​បានជា​ទ្រង់​អាច​ព្រមាន​អ្នក​ដោយផ្ទាល់ ? តាម​របៀប​ណា ?

  • តើ​ការណ៍នេះ​បង្រៀន​អ្នក​អំពី​ទ្រង់​យ៉ាង​ដូចម្តេច ?

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ។

សំឡេង​នៃ​ការព្រមាន​របស់​ព្រះអម្ចាស់​គឺ​សម្រាប់​មនុស្ស​ទាំងអស់

ព័ត៌មាន​ខាងក្រោម​អាច​ជួយ​សិស្ស​ឲ្យ​យល់ពី​ប្រវត្តិ​នៃ​របៀប​ទទួល​បាន​បុព្វកថា​នៃ​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ។

នៅ​ខែ វិច្ឆិកា ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​កត់ត្រា​វិវរណៈ​ជាង ៦០ វិវរណៈ​ដែល​ទទួល​បាន​ពី​ព្រះអម្ចាស់ ។ ទោះយ៉ាងណា​ក៏​ដោយ មាន​តែ​សមាជិក​សាសនាចក្រ​ពីរបី​នាក់​ប៉ុណ្ណោះ​ដែល​មាន​ច្បាប់​ចម្លង​នៃ​វិវរណៈ​នេះ ។ ក្រោម​ការដឹកនាំ​របស់​ព្យាការី វិវរណៈ​ទាំងនេះ​ត្រូវបាន​ចងក្រង​នៅក្នុង​វ៉ុល​បទគម្ពីរ​មួយ​ដែល​គេ​ហៅថា ព្រះគម្ពីរ​នៃ​ព្រះ​បញ្ញត្តិ ដែល​ក្រោយមក​បាន​ក្លាយ​ជា​ផ្នែក​នៃ​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ។ នៅពេល​គម្ពីរ​នេះ​ហៀបនឹង​បោះពុម្ព យ៉ូសែប បានទូល​អង្វរព្រះអម្ចាស់​នៅក្នុង​ការអធិស្ឋាន​សូម​បុព្វកថា​ចំពោះ​គម្ពីរ​នេះ ។ ជាការឆ្លើយតប លោក​បានទទួល​វិវរណៈ កណ្ឌ​ទី ១ ដែល​ព្រះអម្ចាស់​បានហៅថា « អារម្ភកថា​របស់​យើង » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៦ ) ដល់ព្រះគម្ពីរ​ថ្មីនេះ ។

សូម​ពិចារណា​សរសេរ​សំណួរ និង​សេចក្ដីយោង​ខាងក្រោម​ដាក់​នៅលើ​ក្ដារខៀន ។ សិស្ស​អាច​នឹង​ស្វែងរក​ចម្លើយ​រៀងៗខ្លួន ឬ​ជាក្រុម​តូចៗ ។ បើ​ធ្វើការ​ជាក្រុម​តូចៗ សិស្ស​អាច​នឹង​ចង់​សង្ខេប​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ក្រុម​របស់​ពួកគេ មុនពេល​ចែកចាយ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

សូម​ប្រើ​ព្រះគម្ពីរ​របស់​អ្នកដើម្បី​ឆ្លើយ​សំណួរ​ខាងក្រោម ៖

នៅពេល​សិស្ស​ពិចារណា​ពី​ចម្លើយ​របស់​ពួកគេ ការសរសេរ​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ​ដាក់​នៅលើ​ក្ដារខៀន អាច​នឹង​មាន​ប្រយោជន៍ ៖ សំឡេង​នៃ​ការ​ព្រមាន​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​សម្រាប់​មនុស្ស​ទាំងអស់ ។

សំឡេង​នៃ​ការព្រមាន​នៃ​ព្រះអម្ចាស់ គឺជា​ភស្ដុតាង​នៃ​សេចក្តី​ស្រឡាញ់​របស់ទ្រង់

នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១ ព្រះអង្គ​សង្គ្រោះ​បើក​សម្ដែង​ពី​មូលហេតុ​ជាច្រើន​ដែលទ្រង់​ប្រទាន​ការព្រមាន​ដល់​ពិភពលោក​នេះ ។ នៅពេល​ដែល​អ្នក​សិក្សា សូម​ជញ្ជឹងគិត​ពី​របៀប​ដែល​ហេតុផល​ទាំងនេះ​អាចជា​ភស្តុតាង​នៃ​ពរជ័យ​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទានពរ​ដល់​យើង ។

សូមអាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:១១–១៧, ២១–២៨ ហើយ​រកមើល​ហេតុផល​ដែល​ព្រះអម្ចាស់​ប្រទាន​ការព្រមាន​ដល់យើង ។

សូម​ពិចារណា​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​ពីរ​ក្រុម ។ សូម​ចាត់​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​អាន ខទី ១១–១៧ ហើយ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀតអាន ខទី ២១–២៨ ។ បើ​សិស្ស​ត្រូវការ​ការណែនាំ​បន្ថែម​ទៀត អ្នក​អាច​នឹង​បង្កើត​តារាង​មួយ​ដែល​មាន​ជួរឈរ​ពីរ ។ សូម​សរសេរ​បញ្ចូល​ខគម្ពីរ​នៅក្នុង​ជួរឈរ​ទីមួយ ហើយ​អនុញ្ញាត​ឲ្យ​សិស្ស​សរសេរ​ហេតុផល​សម្រាប់​ការព្រមាន​នៅ​ជួរឈរ​ទីពីរ ។ សិស្ស​អាច​នឹង​រកឃើញ​ចម្លើយ​ដូចខាង​ក្រោម ៖

  • ១:១២ ដើម្បី​រៀបចំ​ឲ្យ​យើង​ត្រៀមខ្លួន​សម្រាប់​អ្វី​ដែល​នឹង​មកដល់

  • ១:១៥–១៧ ដើម្បី​ព្រមាន​យើង​អំពី​បញ្ហា​ប្រឈម និង​អំពើបាប​នៅ​សម័យ​យើង ។

  • ១:២១ ដើម្បី​បង្កើន​សេចក្ដីជំនឿ​របស់​យើង

  • ១:២២ ដើម្បី​ឲ្យ​សេចក្ដីសញ្ញា​ដ៏​អស់កល្ប​អស់កាល​របស់​ព្រះអម្ចាស់​អាចនឹងត្រូវ​បង្កើតឡើង

  • ១:២៦ ដើម្បី​ណែនាំ​បង្រៀន​យើង

  • ១:២៧ ដើម្បី​វាយផ្ចាល ⁠និង​តម្រែតម្រង់​យើង នៅពេល​ដែល​យើង​ធ្វើ​អំពើបាប

  • ១:២៧ ដើម្បី​ជួយ​ឲ្យ​យើង​ប្រែចិត្ត

  • ១:២៨ ដើម្បី​ប្រទាន​ចំណេះវិជ្ជា​ដល់យើង

សូម​ពិចារណា​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន ដោយប្រើ​ការបំផុស​ខាងក្រោម​នេះ ។

សូម​ជ្រើស​យក​ហេតុផល​មួយ​ដែល​អ្នកបាន​រកឃើញ​ថា ព្រះអម្ចាស់​មាន​បន្ទូល​មកកាន់​យើង ហើយ​ឆ្លើយ​សំណួរ​មួយ ឬ​ពីរ​ខាងក្រោម​នេះ ៖

  • តើ​ហេតុផល​នេះជា​ភស្តុតាង​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាងដូចម្ដេច ? តើ​ហេតុផល​នេះ​អាច​ចាត់ទុក​ថា​ជាពរជ័យ​មួយបាន​ដោយ​របៀប​ណា ?

  • តើ​អ្នកធ្លាប់​ទទួល​បាន​ពរជ័យ​នេះ​នៅពេល​ណា​ដែរ ឬ​ហេតុអ្វី​បានជាអ្នក​ចង់​បានពរជ័យ​នេះ​ក្នុង​ជីវិតអ្នក ?

  • ហេតុអ្វី​បានជា​ពិភពលោក​ទាំងមូល​ត្រូវការ​ពរជ័យ​នេះ ?

តើ​ព្រះអង្គ​សង្គ្រោះ​ព្រមាន​យើង​នៅ​ជំនាន់​របស់​យើង​យ៉ាង​ដូចម្ដេច ?

ខាងក្រោម​នេះ​អាច​នឹង​ជួយ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេបាន​រៀនសូត្រ ។ អ្នក​អាច​នឹង​ចង់​ចែក​ក្រដាស​ឲ្យ ឬ​អញ្ជើញ​សិស្ស​ឲ្យប្រើ​សៀវភៅ​កំណត់​ហេតុការសិក្សា​របស់​ពួកគេ ។ សូម​លើកទឹក​ចិត្ត​សិស្ស​ឲ្យ​មាន​ភាពច្នៃ​ប្រឌិត​ពី​របៀប​ដែល​ពួកគេ​ចែកចាយ​សារលិខិត​របស់​ពួកគេ ។ អ្នក​អាច​នឹង​ផ្តល់​សម្ភារ​គូរគំនូរ​តាម​ដែល​អាច​រក​បាន ។

សូម​ស្រមៃ​ពី​មេរៀន​របស់​អ្នក​នៅ​ថ្ងៃអាទិត្យ​នេះ គ្រូបង្រៀន​របស់​អ្នក​អញ្ជើញ​អ្នក​ឲ្យ​ចំណាយ​ពេល​ពីរបី​នាទី​ចែកចាយ​ពីមូលហេតុ​ដែល​ព្រះអម្ចាស់​ព្រមាន​យើង​នៅ​សព្វថ្ងៃ​នេះ ។ សូម​ពិចារណា​លើ​របៀប​ដែល​អ្នក​នឹង​ចែកចាយ​សារលិខិត​នេះនៅក្នុង​ថ្នាក់រៀន​របស់​អ្នកតាម​របៀប​ដ៏​មាន​អត្ថន័យ​មួយ ។ សូម​រៀបចំ​សំណៅ​ចែក​ឲ្យ​សិស្ស រូបភាពmeme ផ្ទាំង​បដា ឬ​វិធីសាស្រ្ត​ច្នៃ​ប្រឌិត​ផ្សេង​ទៀត​ដើម្បី​ចែកចាយ​សារលិខិត​នេះ​ក្នុង​ថ្នាក់រៀន​របស់​អ្នក ។ សូម​បញ្ចូល​ចំណុច​ដូច​ខាងក្រោម​នេះ ៖

  • ខគម្ពីរ​មួយ​មកពី គោលលទ្ធិ និងសេចក្ដីសញ្ញា ១ ដោយ​ចែកចាយ​យ៉ាងហោច​ណាស់​ហេតុផល​មួយ ដែល​ព្រះអម្ចាស់​ព្រមាន​មនុស្ស​ទាំងអស់

  • គំរូ​នៃ​ការព្រមាន​របស់​ព្រះអម្ចាស់​ដល់​យើង​នៅជំនាន់​របស់​យើង ( បើ​អ្នក​សម្រេច​ជ្រើសថា ព្រះអម្ចាស់​ព្រមាន​យើង​អំពី​បញ្ហាប្រឈម ⁠និង​អំពើបាប​ខាងលោកិយ [ សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:១៥–១៧ ] អ្នកអាច​ចែកចាយ​ខគម្ពីរមួយពី​បទគម្ពីរ ឬ​ពាក្យសម្ដី​របស់​​ព្យាការី​សម័យទំនើប ដែល​ព្រមាន​យើង​អំពី​ការល្បួង​នៅសម័យ​ទំនើប​នេះ ) ។

  • គំនិត​យោបល់ និងអារម្មណ៍​របស់​អ្នក​អំពី​ការ​ដែល​ព្រះ​អម្ចាស់​ចែកចាយ​សារលិខិត​ទាំងឡាយ​ដល់​យើង​នៅ​សព្វថ្ងៃ​នេះ ។ អ្នក​ក៏​អាច​បូកបញ្ចូល​បទពិសោធន៍​មួយ​បាន​ផងដែរ ។

នៅពេល​សិស្ស​ចែកចាយ សូម​រកមើល​វិធី​សរសើរ និង​អរគុណ​ពួកគេ​ចំពោះ​ការខិតខំ​ដោយ​ស្មោះ​របស់​ពួកគេ ក៏​ដូចជា​ដើម្បី​បញ្ជាក់​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ តាមរយៈ​សារលិខិត​ដែល​ទ្រង់​បញ្ជូន​មក​ថ្ងៃ​នេះ​ផងដែរ ។

រូបតំណាង​ការបំពាក់បំប៉ន សម្រាប់​ការបំពាក់​បំប៉ន​បន្ថែម​ទៀត​អំពី​របៀប​ជួយ​សិស្ស​ឲ្យ​ដឹងថា អ្នក​ឲ្យ​តម្លៃ​លើ​មតិយោបល់​របស់​ពួកគេ សូមមើល « ប្រាស្រ័យ​ទាក់ទង​ថា អ្នក​ឲ្យតម្លៃ​សិស្ស មុនពេល​ពួកគេ​បញ្ចេញ​មតិ ឬ​នៅពេល​ពួកគេ​លើកដៃ​បញ្ចេញ​មតិ » ។ ការបំពាក់​បំប៉ន​នេះមាន​នៅក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ស្រឡាញ់​មនុស្ស​ដែល​អ្នក​បង្រៀន ។