« យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥—មរ៉ូណៃលេចមកឲ្យ យ៉ូសែប ស៊្មីធ ឃើញ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់ថ្នាក់សិក្ខាសាលា
មេរៀនទី ១០ គោលលទ្ធិ និងសេចក្តីសញ្ញា ២ ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥
មរ៉ូណៃលេចមកឲ្យ យ៉ូសែប ស៊្មីធ ឃើញ
នៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៨២៣ យ៉ូសែប ស្ម៊ីធ បានអធិស្ឋានទៅព្រះដើម្បីសូមអភ័យទោសចំពោះអំពើបាបរបស់លោក និងដើម្បីដឹងពីព្រះទ័យរបស់ព្រះចំពោះលោក ។ ជាការឆ្លើយតប ព្យាការីមរ៉ូណៃបានលេចមកឲ្យ យ៉ូសែប ស្ម៊ីធ បានឃើញដើម្បីបង្រៀនលោកអំពីព្រះគម្ពីរមរមន និងការព្យាករពីបុរាណអំពីការស្ដារដំណឹងល្អឡើងវិញ ។ មរ៉ូណៃក៏បានព្យាករអំពីអនាគតរបស់ យ៉ូសែប ផងដែរ ។ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍ដឹងពីសារៈសំខាន់នៃការហៅរបស់ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការីនៃព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
យ៉ូសែប ស្ម៊ីធ បានបរិយាយអំពីយុវវ័យរបស់លោក
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–២៩ ដោយរកមើលពីរបៀបដែល យ៉ូសែប ស្ម៊ីធ បានបរិយាយអំពីអារម្មណ៍របស់លោក នៅអំឡុងពេលបីឆ្នាំបន្ទាប់ពីការនិមិត្តដំបូង ។
ព្រះមានកិច្ចការមួយឲ្យ យ៉ូសែប ស្ម៊ីធ ធ្វើ
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣០–៣៥ ហើយរកមើលអ្វីដែល យ៉ូសែប ស្ម៊ីធ បានជួបប្រទះ នៅពេលដែលលោកបានអធិស្ឋាន ។
នៅអំឡុងពេលយប់ និងព្រឹកព្រលឹមនៃថ្ងៃទី ២១–២២ ខែ កញ្ញា ឆ្នាំ ១៨២៣ មរ៉ូណៃបានបង្ហាញខ្លួនឲ្យ យ៉ូសែប បានឃើញបីដង ។ លោកបានចែកចាយសារលិខិតដដែល ហើយក៏បានដកស្រង់ចេញបទគម្ពីរដដែលៗរាល់ពេល ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៦–៥០ ) ។
សូមអានខគម្ពីរទាំងនេះ ដោយរកមើលមូលហេតុដែលការព្យាករទាំងនេះនឹងផ្តល់ឲ្យ យ៉ូសែប នូវការយល់ដឹងអំពីកិច្ចការដែលលោកត្រូវធ្វើ ។
-
តើខគម្ពីរទាំងនេះទាក់ទងនឹងកិច្ចការដែលព្រះអម្ចាស់បានហៅ យ៉ូសែប ឲ្យធ្វើយ៉ាងដូចម្ដេច ?
-
តើការព្យាករទាំងនេះអាចនឹងពង្រឹងសាក្សីរបស់អ្នកអំពីការត្រាស់ហៅដ៏ទេវភាពរបស់ យ៉ូសែប ដោយរបៀបណា ?
-
តើកិច្ចការដែលព្រះបានសម្រេចតាមរយៈ យ៉ូសែប ស្ម៊ីធ មានឥទ្ធិពលលើអ្វីដែលអ្នកដឹង ឬអារម្មណ៍របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? ( សូមមើល នីហ្វៃទី២ ៣:៦–៨, ១១; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣ ) ។
ឈ្មោះរបស់ យ៉ូសែប ស្ម៊ីធ មានសម្រាប់សេចក្ដីល្អ និងសេចក្ដីអាក្រក់
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ហេតុអ្វីព្រះអម្ចាស់អនុញ្ញាតឲ្យមានការនិយាយអាក្រក់កើតឡើងព្រមគ្នានឹងការនិយាយល្អដូច្នេះ ? ការប្រឆាំងជំទាស់នឹងរឿងទាំងឡាយរបស់ព្រះ ជំរុញអ្នកស្វែងរកសេចក្ដីពិតឲ្យលុតជង្គង់ពួកគេចុះសូមសួរចម្លើយ ។ …
មតិអវិជ្ជមានអំពីព្យាការី យ៉ូសែប ស៊្មីធ នឹងកើនឡើងពេលយើងដើរឆ្ពោះទៅរកការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ សេចក្ដីពិតពាក់កណ្ដាល និងការបោកបញ្ឆោតដ៏ប្រសប់នឹងមិនអន់ថយឡើយ ។ នឹងមានសមាជិកគ្រួសារ និងមិត្តភក្ដិជាច្រើន ដែលនឹងត្រូវការជំនួយពីអ្នក ។ ( នែល អិល អាន់ឌើរសិន « Joseph Smith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៣០ )
-
តើការដឹងថា មរ៉ូណៃបានព្យាករថានឹងមានអ្នករិះគន់ដែលនឹងនិយាយ « អាក្រក់ » អំពី យ៉ូសែប ស្ម៊ីធ អាចនឹងមានប្រយោជន៍យ៉ាងដូចម្ដេច ?
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីត្រៀមខ្លួនជួយអ្នកទាំងឡាយណាដែលអាចជួបប្រទះការប្រឆាំងនឹងជំនឿរបស់ពួកគេលើ យ៉ូសែប ស្ម៊ីធ ?
ការបំពេញតាមការព្យាករដើម្បីនិយាយល្អអំពី យ៉ូសែប ស្ម៊ីធ
អែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃសាវកដប់ពីរនាក់បានផ្ដល់ការអញ្ជើញជាក់លាក់មួយដល់យុវវ័យនៃសាសនាចក្រ ៖
ចំពោះយុវវ័យដែលកំពុងស្ដាប់នៅថ្ងៃនេះ ឬកំពុងអានពាក្យទាំងឡាយនេះនៅថ្ងៃក្រោយ ខ្ញុំសូមឲ្យសំណូមពរជាក់លាក់មួយ ៖ សូមទទួលសាក្សីផ្ទាល់ខ្លួនអំពីព្យាការី យ៉ូសែប ស៊្មីធ ។ សូមឲ្យសំឡេងរបស់អ្នកជួយបំពេញពាក្យព្យាកររបស់មរ៉ូណៃ ដើម្បីនិយាយល្អអំពីព្យាការី ។ ( នែល អិល អាន់ឌើរសិន « Joseph Smith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៣០ )