« មេរៀនទី ១៥— គោលលទ្ធិ និងសេចក្ដីសញ្ញា ៥ ៖ ‹ ខ្ញុំដឹងជាប្រាកដថា របស់ទាំងនោះពិត › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៥ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៥ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៣–៥
គោលលទ្ធិ និងសេចក្តីសញ្ញា ៥
« ខ្ញុំដឹងជាប្រាកដថា របស់ទាំងនោះពិត »
ព្រះអម្ចាស់បានបញ្ជាក់ដល់ ម៉ាទិន ហារិស នៅពេលគាត់បានស្វែងរកភស្តុតាងបន្ថែមថា យ៉ូសែប ស្ម៊ីធ មានផ្ទាំងមាស ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យស្គាល់សាក្សីដែលព្រះអម្ចាស់បានប្រទានឲ្យជួយពួកគេទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនអំពីព្រះគម្ពីរមរមន ដែលជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ និងអំពីការហៅរបស់ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការីរបស់ព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទុក្ខធំរបស់ ម៉ាទិន ហារិស
សូមស្រមៃថា មាននរណាម្នាក់បានធ្វើការជំនុំជម្រះថាតើ យ៉ូសែប ស៊្មីធ ពិតជាមានផ្ទាំងមាសនៅក្នុងដៃលោកឬអត់ ។
-
តើអ្នកនឹងមានអារម្មណ៍ថាមានទំនុកចិត្តប៉ុនណាដែរ ក្នុងការថ្លែងទីបន្ទាល់អំពីព្រះគម្ពីរមរមនថាជាព្រះបន្ទូលនៃព្រះ ហើយថា យ៉ូសែប ស្ម៊ីធ ជាព្យាការីនៃការស្ដារឡើងវិញ ? ហេតុអ្វី ?
-
តើអ្នកនឹងនិយាយអ្វី ?
-
តើអ្នកនឹងបង្ហាញអ្វីជាភស្តុតាងដើម្បីគាំទ្រក្តីរបស់អ្នក ?
ការចែកចាយ ឬសង្ខេបព័ត៌មានសាច់រឿងខាងក្រោមនេះអាចនឹងជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីរបៀបអនុវត្ត គោលលទ្ធិ និងសេចក្តីសញ្ញា ៥ ទៅនឹងកាលៈទេសៈពិសេសៗរបស់ពួកគេផ្ទាល់ ។
លូស៊ី ហារិស ជាភរិយារបស់ ម៉ាទិន ហារិស តូចចិត្តចំពោះពេលវេលា និងប្រាក់កាសដែលស្វាមីនាងបានលះបង់សម្រាប់ការបោះពុម្ពព្រះគម្ពីរមរមន ។ នាងបានដាក់ពាក្យបណ្តឹងផ្លូវច្បាប់ប្រឆាំងនឹង យ៉ូសែប ស្ម៊ីធ ហើយបានប្រមូលមនុស្សជាច្រើននាក់ដែលស្ម័គ្រចិត្តផ្ដល់សក្ខីកម្មថា លោកបានកុហកអំពីវត្តមាននៃផ្ទាំងមាស ។ ម៉ាទិនត្រូវបានគេព្រមានថា បើគាត់មិនចូលរួមជាមួយពួកគេក្នុងការផ្តល់សក្ខីកម្មប្រឆាំងនឹងយ៉ូសែបទេ នោះម៉ាទិនក៏អាចនឹងត្រូវបញ្ជូនទៅដាក់គុកដែរ ។ ទោះបីជាម៉ាទិនធ្លាប់បានធ្វើជាអ្នកសរសេរឲ្យយ៉ូសែប បានបង្ហាញតួអក្សរនានាចេញពីផ្ទាំងមាសប្រាប់ដល់ពួកអ្នកប្រាជ្ញដើម្បីពិនិត្យមើលអាយុកាលរបស់ផ្ទាំងនេះ ហើយបានបាត់សំណេរដៃច្បាប់ដើមចំនួន ១១៦ សន្លឹកក្តី ក៏ម៉ាទិននៅតែស្វែងរកសាក្សីបន្ថែមអំពីសេចក្ដីពិតនៃផ្ទាំងមាសទាំងនេះដែរ ។ គាត់បានធ្វើដំណើរទៅផ្ទះ យ៉ូសែប ស៊្មីធ ជាកន្លែងដែល យ៉ូសែបបានទូលសួរព្រះអម្ចាស់ ហើយបានទទួលវិវរណៈនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៥ ។
នៅពេលអ្នកសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ៥ សូមស្វែងរកព្រះវិញ្ញាណបរិសុទ្ធ ដែលនឹងជួយបញ្ជាក់ពីអ្វីដែលអ្នកបានដឹងរួចមកហើយអំពី យ៉ូសែប ស្ម៊ីធ និងព្រះគម្ពីរមរមន ។ លើសពីនេះ សូមស្វែងរករបៀបនានាដែលនឹងពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៥:១–៣ ដោយរកមើលពីរបៀបដែលព្រះអម្ចាស់បានឆ្លើយតបចំពោះ ម៉ាទិន ហារិស ។
-
តើអ្នកគិតថា ហេតុអ្វីបានជាព្រះអម្ចាស់មិនបញ្ជាក់ពីភាពពិតនៃព្រះគម្ពីរមរមន តាមរយៈការអនុញ្ញាតឲ្យពិភពលោកឃើញផ្ទាំងចំណារនេះ ?
ទោះបីជា ម៉ាទិន មិនទទួលបានការអនុញ្ញាតឲ្យឃើញផ្ទាំងមាសនៅពេលនោះក៏ដោយ ក៏វិវរណៈនេះបានពង្រឹងគាត់តាមរបៀបមួយដែលអាចឲ្យគាត់ថ្លែងទីបន្ទាល់ដ៏មានឥទ្ធិពលអំពីព្យាការីដែរ ។ នៅក្នុងមេរៀននេះ អ្នកនឹងមើលឃើញថា ព្រះអម្ចាស់បានប្រទានសាក្សីឲ្យជួយយើងម្នាក់ៗទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនអំពី យ៉ូសែប ស្ម៊ីធ ជាព្យាការីរបស់ព្រះ និងព្រះគម្ពីរមរមន ដែលជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។
ភស្តុតាងមកពីព្រះអម្ចាស់
សូមពិចារណាបំបែកថ្នាក់រៀនជាបីក្រុម ហើយចាត់ឲ្យ « សាក្សី » ផ្សេងៗគ្នាសិក្សាដោយខ្លួនឯងដោយប្រើសំណៅចែកដូចខាងក្រោម ។ បន្ទាប់ពីមានពេលវេលាគ្រប់គ្រាន់ហើយ សិស្សអាចប្រៀបធៀប និងពិភាក្សាគ្នាតាមក្រុមពួកគេនូវអ្វីដែលពួកគេបានរៀន ។
អ្នកក៏អាចនឹងដាក់ស្លាកស្រោមសំបុត្របីផ្សេងៗគ្នាថា « សាក្សី #១ » « សាក្សី #២ » និង « សាក្សី #៣ » ផងដែរ ។ សូមដាក់ច្បាប់ចម្លងនៃចំណែកដែលត្រូវគ្នានឹងសំណៅចែកនេះឲ្យច្រើនពេញស្រោមសំបុត្រ ។ សូមចែកវាទៅឲ្យក្រុមនីមួយៗសិក្សា ។
ពួកសាក្សី
សាក្សី #១
ព្រះបន្ទូលរបស់ព្រះអម្ចាស់
យ៉ូសែប ស៊្មីធ បានទទួលបញ្ជាមិនឲ្យបង្ហាញផ្ទាំងមាសទៅកាន់ពិភពលោកឡើយ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៥:៣ ) ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៥:៦–១០ ដោយរកមើលអ្វីដែលយ៉ូសែបទទួលបានការអនុញ្ញាតឲ្យចែកចាយ ។
អ្នកអាចនឹងចង់គូសចំណាំឃ្លាមួយដែលព្រះអម្ចាស់បានមានព្រះបន្ទូលឡើងវិញនៅក្នុង ខទី ៥, ៦ និង ៧ ។
-
តើអ្នកគិតថា ហេតុអ្វីបានជាព្រះអម្ចាស់មានការព្រួយបារម្ភអំពីយើងដែលកំពុងជឿ និងស្តាប់ព្រះបន្ទូលរបស់ទ្រង់ដែលនៅក្នុងព្រះគម្ពីរមរមន ជាងទ្រង់ព្រួយបារម្ភពីយើងដែលដឹងថាផ្ទាំងមាសមានពិតប្រាកដមែនឬអត់នោះ ?
ដោយយោងទៅព្រះគម្ពីរមរមន ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–ឆ្នាំ ២០០៨ ) បានបង្រៀន ៖
ភស្តុតាងសម្រាប់សេចក្ដីពិតរបស់ព្រះគម្ពីរនេះ សម្រាប់ភាពត្រឹមត្រូវរបស់ព្រះគម្ពីរនេះនៅក្នុងពិភពលោកដែលរហ័សនឹងទាមទាររកភស្តុតាង មិនមែននៅក្នុងបុរាណវត្ថុវិទ្យា ឬមនុស្សសាស្រ្តទេ បើទោះបីជាទាំងនេះអាចនឹងមានប្រយោជន៍សម្រាប់មនុស្សមួយចំនួនក៏ដោយ ។ វាមិនស្ថិតនៅក្នុងការស្រាវជ្រាវពាក្យពេចន៍ ឬការវិភាគខាងប្រវត្តិសាស្រ្តនោះទេ បើទោះបីជាទាំងនេះអាចនឹងជាការបញ្ជាក់ក៏ដោយ ។… ការសាកល្បងនៃសេចក្ដីពិតរបស់គម្ពីរនេះ គឺជាការអានវា ។ វាគឺជាព្រះគម្ពីររបស់ព្រះ ។ ( ហ្គរដុន ប៊ី ហ៊ិងគ្លី « Four Cornerstones of Faith » Ensign ខែ កុម្ភៈ ឆ្នាំ ២០០៤ ទំព័រ ៦ )
សូមចំណាយពេលពីរបីនាទីដើម្បីជញ្ជឹងគិតពីបទពិសោធន៍អ្នកក្នុងការសិក្សា និងទទួលបានការបង្រៀនពីព្រះគម្ពីរមរមន ។ សូមគិតអំពីរបៀបដែលការសិក្សារបស់អ្នក បានមានឥទ្ធិពលលើជីវិតរបស់អ្នក ។ អ្នកអាចកត់ត្រាគំនិតមួយចំនួនរបស់អ្នកទៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកបាន ។
សាក្សី #២
ទីបន្ទាល់នៃពួកអ្នកបម្រើបីនាក់
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៥:១១–១៥ ដោយរកមើលថា តើនៅទីបំផុតព្រះអម្ចាស់នឹងអនុញ្ញាតឲ្យនរណាឃើញផ្ទាំងមាសនេះ ។
-
តើអ្នកបានឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលអាចធ្វើឲ្យទីបន្ទាល់នៃពួកសាក្សីបីមានឥទ្ធិពល ?
ក្រោយមក ម៉ាទិន ហារិស , អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ បានឃើញផ្ទាំងមាស ហើយថ្លែងទីបន្ទាល់អំពីភាពពិតរបស់ផ្ទាំងមាស ។ អ្នកនឹងរៀនបន្ថែមទៀតអំពីព្រឹត្តិការណ៍នេះ នៅពេលអ្នកសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ១៧ ។
ដោយយោងទៅពួកសាក្សីបីនាក់ ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
ទីបន្ទាល់របស់ពួកលោកមិនខុសគ្នាពីពួកសាក្សីផ្សេងទៀតឡើយ ។ មនុស្សម្នាក់អាចបដិសេធបាន ប៉ុន្តែតើមនុស្សម្នាក់ពន្យល់មនុស្សបីនាក់ដែលមានបុគ្គលិកលក្ខណៈល្អត្រឹមត្រូវ ដែលរួបរួម និងខិតខំនៅក្នុងការបោះពុម្ពទីបន្ទាល់នេះរហូតដល់ចុងបញ្ចប់នៃជីវិតរបស់ពួកលោក ដែលប្រឈមនឹងការចំអកឡកឡើយដ៏ខ្លាំងក្លា និងទំនាស់ផ្ទាល់ខ្លួនផ្សេងទៀតដោយរបៀបណាទៅ ? ដូចគ្នានឹងព្រះគម្ពីរមរមនដែរ គ្មានការពន្យល់ណាដែលប្រសើរជាងការផ្តល់ដែលមាននៅក្នុងទីបន្ទាល់នោះតែម្តង ដែលជាសេចក្តីថ្លែងការណ៍ដ៏ឧឡារិកនៃបុរសដ៏ល្អ និងស្មោះត្រង់ ដែលបានប្រាប់ពីអ្វីដែលពួកលោកបានឃើញ ។ ( ដាល្លិន អេក អូក « The Witness: Martin Harris » Liahona ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៣៦ )
សូមពិចារណាអាន « ទីបន្ទាល់នៃពួកសាក្សីបីនាក់ » នៅដើមព្រះគម្ពីរមរមន ឬធ្វើបញ្ជីឈ្មោះនៃបុគ្គលដែលបានថ្លែងទីបន្ទាល់ដល់អ្នកថា ព្រះគម្ពីរមរមនគឺពិត ។ សូមគិតអំពីរបៀបដែលទីបន្ទាល់ពួកគាត់បានពង្រឹងដល់ទីបន្ទាល់របស់អ្នក ។
សាក្សី #៣
ព្រះវិញ្ញាណបរិសុទ្ធ
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៥:១៦ និង មរ៉ូណៃ ១០:៤–៥ ។ សូមស្វែងរកពីរបៀបដែលព្រះបើកបង្ហាញពីសេចក្ដីពិតដ៏ពេញលេញនៃព្រះគម្ពីរមរមនដល់បុត្រាបុត្រីរបស់ទ្រង់ ។
-
តើមានរបៀបណាខ្លះដែលព្រះវិញ្ញាណអាចនឹងថ្លែងទីបន្ទាល់ចំពោះនរណាម្នាក់អំពីសេចក្ដីពិតដ៏ពេញលេញនៃព្រះគម្ពីរមរមន ?
ហ្គ្លេន អិល ផេស ដែលបានបម្រើជាប៊ីស្សពជាអធិបតីបានមានប្រសាសន៍ ៖
គ្មានរបៀបផ្សេងណាដើម្បីទទួលបានទីបន្ទាល់ ក្រៅពីតាមរយៈសាក្សីនៃព្រះវិញ្ញាណបរិសុទ្ធឡើយ ។ អ្នកមិនអាចពឹងផ្អែកលើអ្វីផ្សេងទៀតបានទេ ។ … យើងមានឧទាហរណ៍ជាច្រើនមកពីព្រះគម្ពីរ អំពីភាពឥតន័យដែលការបើកសម្តែងផ្ទាល់ភ្នែកអាចមាន បើគ្មានការទទួលសាក្សីនៃព្រះវិញ្ញាណបរិសុទ្ធមកជាមួយទេនោះ ។ ការប្រែចិត្តជឿមិនកើតឡើងតែតាមរយៈការបើកសម្តែងផ្ទាល់ភ្នែកពីស្ថានសួគ៌នោះទេ ។ ( ហ្គ្លេន អិល ផេស « The Elusive Balance » New Era ខែ មីនា ឆ្នាំ ១៩៨៩ ទំព័រ ៤៩ )
សូមធ្វើបញ្ជីអំពីហេតុផលដែលអ្នកគិតថា សាក្សីពីព្រះវិញ្ញាណបរិសុទ្ធដែលជាសមាជិកនៃក្រុមព្រះសំខាន់ជាងភស្តុតាងជាក់ស្តែងដែលថាអ្វីមួយពិត ។ សូមពិចារណាបញ្ចូលសាក្សីណាមួយដែលអ្នកមានអារម្មណ៍ថា អ្នកបានទទួលតាមរយៈព្រះវិញ្ញាណបរិសុទ្ធថា ព្រះគម្ពីរមរមនគឺជាការពិត ។
នៅពេលសិស្សបានបញ្ចប់ការសិក្សា និងការពិភាក្សាអំពីសាក្សីដែលបានចាត់តាំងឲ្យពួកគេរួចហើយ សូមអញ្ជើញពួកគេឲ្យស្វែងរកអ្នកតំណាងម្នាក់ ឬច្រើននាក់ មកពីក្រុមរបស់ពួកគេ ដើម្បីបង្ហាញព័ត៌មានខាងក្រោមដល់ថ្នាក់រៀនទាំងមូល ៖
-
សូមពន្យល់ពីសាក្សីដែលព្រះអម្ចាស់បានប្រទាន ដែលអ្នកបានសិក្សាជាមួយក្រុមរបស់អ្នក ។
-
សូមចែកចាយឧទាហរណ៍ចេញពីបញ្ជីដែលសមាជិកក្រុមរបស់អ្នកបានបង្កើតឡើង ។
អ្នកអាចអញ្ជើញសិស្សទាំងអស់ឲ្យបន្ថែមការយល់ដឹង និងទីបន្ទាល់របស់ពួកគេចំពោះអ្វីដែលមិត្តរួមថ្នាក់ពួកគេបានចែកចាយ ។
អ្នកអាចមើលវីដេអូដែលនៅសល់ « Compelling Witness » ចាប់ពីនាទីទី ០:៣៧ ដល់នាទីទី ៧:៤៦ ។
Compelling Witness
When her Book of Mormon falls onto the cafeteria floor and into the hands of a skeptical classmate, one young woman works to create a case for its truthfulness.
បន្ទាប់ពីវិវរណៈនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៥ ម៉ាទិនបានផ្ដល់សក្ខីកម្មយ៉ាងក្លាហាននៅក្នុងតុលាការអំពីបុគ្គលិកលក្ខណៈរបស់ យ៉ូសែប ស្ម៊ីធ និងភាពពិតនៃផ្ទាំងមាស ។ បន្ទាប់ពីបានស្ដាប់សក្ខីកម្មរបស់ម៉ាទិន និងអ្នកផ្សេងទៀតរួចមក ចៅក្រមបានច្រានចោលរឿងក្តីប្រឆាំងនឹង យ៉ូសែប ស្ម៊ីធ ។
សូមចែកចាយគំនិត និងទីបន្ទាល់របស់អ្នកពីសេចក្តីពិតនានានៅក្នុងមេរៀននេះ ។