« មេរៀនទី ១៦—វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១—គោលលទ្ធិ និងសេចក្ដីសញ្ញា ១–៥; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១ » ថ្នាក់សិក្ខាសាលាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
មេរៀនទី ១៦ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៣–៥
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១
ការពិចារណា និងការវាយតម្លៃលើការរៀនសូត្រខាងវិញ្ញាណរបស់យើងអាចជួយយើងឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយសិស្សឲ្យចងចាំ និងវាយតម្លៃលើរបៀបដែលបទពិសោធន៍របស់ពួកគេក្នុងការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា និងយ៉ូសែប ស្ម៊ីធ—ប្រវត្តិ បានជួយពួកគេឲ្យរីកចម្រើនខាងវិញ្ញាណ ហើយចូលមកកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ហេតុអ្វីបានជាយើងត្រូវវាយតម្លៃ ?
នៅលើទំព័រមួយក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូសបន្ទាត់មួយ ។ នៅចុងបន្ទាត់ខាងស្តាំ សូមសរសេរគោលដៅរយៈពេលវែងមួយរបស់អ្នក ។ ឧទាហរណ៍មួយចំនួនអាចជាការលេងកីឡា ឬការលេងឧបករណ៍ភ្លេងមួយនៅកម្រិតខ្ពស់ ការក្លាយជាមនុស្សពូកែខាងជំនាញពិសេសមួយ ការទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ឬការរៀបការនៅព្រះវិហារបរិសុទ្ធ ។
ដូចដែលបានបង្ហាញក្នុងក្រាហ្វិកខាងក្រោម សូមគូររូបមនុស្សចង្កឹះនៅពីលើបន្ទាត់នោះ ដែលតំណាងឲ្យអារម្មណ៍របស់អ្នកថា តើអ្នកបានរីកចម្រើនឈានឆ្ពោះទៅរកគោលដៅរបស់អ្នកបានឆ្ងាយប៉ុនណាហើយ ។
នៅផ្នែកខាងឆ្វេងបន្ទាត់នេះ សូមចំណាយពេលបន្តិចដើម្បីសរសេរនូវការរីកចម្រើនដែលអ្នកបានធ្វើរួចហើយ ។ អ្នកអាចនឹងរួមបញ្ចូលអ្វីៗដែលជាក់លាក់ ដែលអ្នកបានរៀនសូត្រ ឬបានធ្វើ ដើម្បីឲ្យមានការរីកចម្រើនឆ្ពោះទៅរកគោលដៅរបស់អ្នក ។
-
តើហេតុអ្វីបានជាវាមានប្រយោជន៍ដើម្បីផ្អាក និងវាយតម្លៃលើអ្វីដែលយើងបានរៀន និងរបៀបដែលយើងបានរីកចម្រើន ?
គោលបំណងមួយក្នុងចំណោមគោលបំណងនានានៃថ្នាក់សិក្ខាសាលាគឺ ដើម្បីជួយអ្នកឲ្យខិតចូលកាន់តែជិតព្រះអង្គសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ ហើយប្រែក្លាយកាន់តែដូចជាទ្រង់ ។
-
តើហេតុអ្វីបានជាវាអាចជារឿងសំខាន់ផងដែរក្នុងការផ្អាក និងវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីចូលកាន់តែទៅជិតព្រះយេស៊ូវគ្រីស្ទ ហើយប្រែក្លាយកាន់តែដូចជាទ្រង់ ?
តើអ្នកកំពុងតែរៀនអ្វីខ្លះ ? តើអ្នកកំពុងតែរីកចម្រើនឈានទៅមុខយ៉ាងដូចម្ដេច ?
សូមចំណាយពេលពីរបីនាទីសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក អំពីការរីកចម្រើនដែលអ្នកកំពុងធ្វើ ដើម្បីខិតចូលកាន់តែជិតព្រះអង្គសង្គ្រោះ នៅពេលដែលអ្នកបានសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញានៅឆ្នាំនេះ ។ ការណ៍នេះអាចរួមមានគោលលទ្ធិ និងសេចក្ដីពិតដែលអ្នកកំពុងរៀនសូត្រ របៀបដែលទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទកំពុងកើនឡើង ទម្លាប់ថ្មីៗដែលអ្នកកំពុងបង្កើតឡើង និងរបៀបនានាដែលអ្នកកំពុងព្យាយាមផ្លាស់ប្តូរ ។
វាយតម្លៃការសិក្សាព្រះគម្ពីរ
-
តើការសិក្សាព្រះគម្ពីរបានជួយដល់ព្យាការី យ៉ូសែប ស្ម៊ីធ យ៉ាងដូចម្ដេច ?
សូមពិចារណាពីគោលដៅសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក ។ តើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកមានឥទ្ធិពលលើអ្នកយ៉ាងដូចម្ដេចខ្លះ ?
-
តើអ្វីជាវិធីមួយដែលអ្នកមានអារម្មណ៍ថា អ្នកបានទទួលជោគជ័យនៅក្នុងការសិក្សាព្រះគម្ពីររបស់អ្នក ?
-
តើអ្វីជាការពិបាកមួយដែលអ្នកកំពុងមានក្នុងដំណើរការសិក្សាព្រះគម្ពីររបស់អ្នក ?
វាយតម្លៃពីអារម្មណ៍របស់សិស្សអំពីព្យាការី យ៉ូសែប ស្ម៊ីធ
សូមសរសេររឿងជាច្រើនតាមដែលអ្នកអាចគិតឃើញ ដែលអ្នកបានរៀនអំពីព្យាការី យ៉ូសែប ស្ម៊ីធ ក្នុងរយៈពេលពីរបីសប្តាហ៍ចុងក្រោយនេះនៅថ្នាក់សិក្ខាសាលា ។
សូមគូសបន្ទាត់ពីក្រោម ឬគូសរង្វង់ជុំវិញអ្វីមួយនៅក្នុងបញ្ជីរបស់អ្នក ដែលសំដៅទៅលើរបៀបដែលលោកបានជួយឲ្យអ្នកបានចូលទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទផងដែរ ។
-
បើមាននរណាម្នាក់ដែលពិបាកជឿថា ព្រះអម្ចាស់បានហៅ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការី តើអ្នកអាចណែនាំពួកគេឲ្យធ្វើអ្វីខ្លះ ដើម្បីពង្រឹងជំនឿរបស់ពួកគេបាន ?