« គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:៨–៣០ ៖ ‹ ទៅកាន់មនុស្សទាំងអស់ណា ដែលមានសេចក្ដីប៉ងប្រាថ្នាល្អ › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:៨–៣០ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្ដីសញ្ញា ១០–១១
គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:៨–៣០
« ទៅកាន់មនុស្សទាំងអស់ណា ដែលមានសេចក្ដីប៉ងប្រាថ្នាល្អ »
នៅពេលដែលការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទបានចាប់ផ្តើមបើកសម្ដែង មានមនុស្សជាច្រើនដែលប្រាថ្នាចង់ដឹងពីរបៀបដែលពួកគេអាចជួយបាន ។ ការណ៍នេះរួមមានសមាជិកគ្រួសារ យ៉ូសែប ស្ម៊ីធ ផ្ទាល់ ដូចជាបងប្រុសរបស់លោក ហៃរុម ជាដើម ។ ព្រះអម្ចាស់បានសរសើរចំពោះបំណងប្រាថ្នាដ៏ល្អរបស់ហៃរុម ហើយបានបង្រៀនគាត់ពីរបៀបត្រៀមខ្លួនជួយធ្វើការងារនេះ ។ មេរៀននេះអាចជួយសិស្សឲ្យស្វែងរកជំនួយពីព្រះអម្ចាស់ដើម្បីរៀបចំខ្លួនចូលរួមក្នុងកិច្ចការរបស់ទ្រង់បាន ។
សកម្មភាពរៀនសូត្រដែលអាចមាន
« បើសិនជាអ្នកប្រាថ្នា »
សូមពិចារណាសុំឲ្យសិស្សគិតអំពីពេលវេលាមួយដែលពួកគេប្រាថ្នាចង់ជួយ ឬចូលរួមក្នុងសកម្មភាព ឬបុព្វហេតុដ៏មានប្រយោជន៍មួយ ។ គំនិតនានាអាចរួមមាន ការរៀបចំផែនការសកម្មភាពយុវវ័យ ការចូលរួមគម្រោងបម្រើ ឬការចូលរួមសមាគម ឬអង្គការមួយ ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាគ្នាអំពីអ្វីដែលពួកគេត្រូវការដើម្បីរៀបចំខ្លួន មុនពេលអាចសម្រេចសកម្មភាព ឬបម្រើបុព្វហេតុនោះបាន ។
សូមពិចារណាចែកចាយព័ត៌មានដូចខាងក្រោមដើម្បីជួយសិស្សឲ្យយល់ពីអ្វីដែល ហៃរុម ស្ម៊ីធ ចង់ធ្វើជាផ្នែកមួយនៃក្រុមនោះ ដែលបានដឹកនាំទៅរកវិវរណៈនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១១ ។
នៅខែ ឧសភា ឆ្នាំ ១៨២៩ បំណងប្រាថ្នាដ៏ធំរបស់ ហៃរុម ស្ម៊ីធ គឺដើម្បីចូលរួមនៅក្នុងដំណើរការនៃការស្ដារឡើងវិញនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។ គាត់បានធ្វើដំណើរចម្ងាយជាង ៤០០ គីឡូម៉ែត្រពីភូមិប៉ាលម៉ៃរ៉ា រដ្ឋញូវ យ៉ក ទៅភូមិហាម៉ូនី រដ្ឋផែនស៉ីលវេញ៉ា ដើម្បីទៅសួរសុខទុក្ខប្អូនប្រុសគាត់គឺ យ៉ូសែប ហើយស្វែងយល់ពីអ្វីដែលគាត់អាចនឹងធ្វើដើម្បីជួយបាន ។ ព្រះអម្ចាស់បានបើកសម្ដែង គោលលទ្ធិ និងសេចក្ដីសញ្ញា ១១ ដោយសារតែបំណងប្រាថ្នាដ៏សុចរិតរបស់ ហៃរុម ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:៨ ដោយរកមើលពីរបៀបដែលព្រះអម្ចាស់នឹងប្រទានពរដល់ ហៃរុម ស្ម៊ីធ ដោយសារតែគាត់ចង់ជួយក្នុងការងារនេះ ។ បន្ទាប់មក សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:២៧ ដោយរកមើលថា តើនរណាទៀតដែលព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលទៅកាន់នៅក្នុងវិវរណៈនេះ ។
សូមអញ្ជើញឲ្យសិស្សស្វែងរកសេចក្តីពិតពីខគម្ពីរទាំងនេះ ហើយបង្ហាញប្រាប់តាមពាក្យសម្ដីពួកគេផ្ទាល់ ។ ពួកគេអាចនឹងនិយាយយ៉ាងដូចនេះ ៖ បើយើងចង់បម្រើទ្រង់ ព្រះអាចធ្វើកិច្ចការទ្រង់តាមរយៈយើងបាន ។
សូមផ្តល់ឱកាសឲ្យសិស្សវាយតម្លៃខ្លួនពួកគេអំពីការរៀបចំខ្លួនដើម្បីធ្វើកិច្ចការរបស់ព្រះ ។ ខាងក្រោមនេះគឺជារបៀបមួយដែលពួកគេអាចនឹងវាយតម្លៃខ្លួនពួកគេបាន ។
ដោយប្រើរង្វាស់ខាងក្រោម សូមជ្រើសរើសកម្រិតដែលអ្នកមានអារម្មណ៍ថាបានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើកិច្ចការរបស់ព្រះ ៖
-
១ = មិនទាន់បានត្រៀមខ្លួនសោះ
-
២ = មិនសូវទាន់បានត្រៀមខ្លួនទេ
-
៣ = បានត្រៀមខ្លួនខ្លះៗហើយ
-
៤ = បានត្រៀមខ្លួនរួចជាស្រេច
សូមគិតអំពីអ្វីដែលអ្នកអាចធ្វើទៅបាន ដើម្បីបង្កើនការត្រៀមខ្លួនរបស់អ្នក ។ អ្នកអាចកត់ត្រាគំនិតរបស់អ្នកមួយចំនួននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
ការត្រៀមខ្លួនដើម្បីបម្រើ
សូមពិចារណាបំបែកសិស្សជាក្រុមតូចៗ ហើយលើកទឹកចិត្តពួកគេឲ្យប្តូរវេនគ្នាអានខគម្ពីរខាងក្រោមឲ្យឮៗ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:១១–២៦ ដោយគូសចំណាំឃ្លាជាក់លាក់នៃដំបូន្មានដែលព្រះអង្គសង្គ្រោះបានប្រទានមក ដើម្បីជួយឲ្យ ហៃរុម រៀបចំខ្លួនបម្រើដោយស្មោះត្រង់ ។ បន្ទាប់ពីការសិក្សាខគម្ពីរទាំងនេះហើយ សូមជ្រើសរើសយកឃ្លាមួយដែលផ្ដល់យោបល់ពីរបៀបដែលយើងអាចរៀបចំខ្លួនបាន ។ សូមគិតពីវិធីជាក់លាក់ចំនួនពីរទៅបី ដែលនរណាម្នាក់អាចនឹងអនុវត្តតាមដំបូន្មាននោះបាននៅក្នុងជីវិតរបស់ពួកគេ ។
សូមពិចារណាអញ្ជើញក្រុមនីមួយៗឲ្យឡើងសរសេរលើក្ដារខៀននូវឃ្លាដែលពួកគេបានជ្រើសរើស និងចែកចាយក្នុងថ្នាក់នូវរបៀបមួយចំនួនដែលពួកគេអាចអនុវត្តតាមបាន ។ អ្នកអាចសួរសំណួរតាមដានមួយដូចជា ៖ « តើការអនុវត្តតាមដំបូន្មាននោះឥឡូវនេះ អាចមានឥទ្ធិពលលើការប្រែក្លាយខ្លួនរបស់អ្នកក្នុងជីវិតនេះនៅពេលក្រោយដោយរបៀបណា ? » សូមស្តាប់ដោយយកចិត្តទុកដាក់នៅពេលសិស្សចែកចាយ ពីឃ្លាដែលត្រូវចំណាយពេលពិភាក្សាបន្ថែមទៀត ។ អ្នកអាចប្រើកណ្ឌទាំងបីខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យយល់ ពិភាក្សា និងរៀបចំខ្លួនអនុវត្តតាមឃ្លាជាក់លាក់ទាំងឡាយ ។
« ចូរដាក់ទីទុកចិត្តរបស់អ្នកទៅនឹងព្រះវិញ្ញាណនោះដែលនាំឲ្យធ្វើល្អ » ( ខទី ១២ )
សូមគិតអំពីស្ថានភាពជីវិតពិតមួយចំនួនដែលក្មេងជំទង់ម្នាក់អាចត្រូវសម្រេចចិត្តថាតើគាត់ ឬនាងត្រូវទុកចិត្តលើព្រះវិញ្ញាណឬអត់ ។
-
ហេតុអ្វីបានជាវាតម្រូវឲ្យមានសេចក្តីជំនឿលើព្រះអង្គសង្រ្គោះ ដើម្បីទុកចិត្តលើព្រះវិញ្ញាណទាំងស្រុងនៅក្នុងស្ថានភាពទាំងនេះ ?
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីរៀនពីរបៀបទទួលបាន និងធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធឲ្យបានកាន់តែប្រសើរ ?
ចម្លើយអាចរួមមានភាពស័ក្ដិសមក្នុងការទទួលទានសាក្រាម៉ង់ ការសរសេរទុក និងការធ្វើតាមការបំផុសគំនិតដែលទទួលបាន និងសញ្ជឹងគិតជាផ្នែកមួយការអធិស្ឋាន ឬការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ។ សូមអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ នៅពេលពួកគេបានទុកចិត្តលើព្រះវិញ្ញាណដើម្បីធ្វើល្អ ។
« កាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង មែនហើយ ឲ្យអស់ពីពលំ អស់ពីគំនិត និងអស់ពីកម្លាំងរបស់អ្នក » ( ខទី ២០)
សូមជ្រើសរើសបទបញ្ញត្តិចំនួនបីបួនដែលអ្នកមានអារម្មណ៍ថាទាក់ទងនឹងក្មេងវ័យជំទង់ ។
សម្រាប់បទបញ្ញត្តិនីមួយៗ សូមសរសេរទុកពីស្ថានភាពសម្រាប់ក្មេងវ័យជំទង់ម្នាក់ ដើម្បីកាន់តាមបទបញ្ញត្តិនីមួយៗឲ្យអស់ពីពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង ។
-
ហេតុអ្វីបានជាការខិតខំរក្សាព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ចាំបាច់ដើម្បីបម្រើទ្រង់ឲ្យបានកាន់តែប្រសើរ ?
-
តើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានទទួលពរជ័យសម្រាប់ការខិតខំដោយឧស្សាហ៍ព្យាយាមដើម្បីរក្សាព្រះបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ?
« ចូរខំព្យាយាមដើម្បីឲ្យបានព្រះបន្ទូលរបស់យើងជាមុនសិនចុះ » ( ខទី ២១ )
សូមធ្វើបញ្ជីមួយអំពីអ្វីៗដែលនរណាម្នាក់អាចនឹងធ្វើ ដែលជាអ្នកដែលកំពុងស្វែងរក « ព្រះបន្ទូលរបស់ [ ព្រះអម្ចាស់ ] ជាមុនសិនចុះ » ជំនួសឲ្យការគ្រាន់តែអានព្រះគម្ពីរប៉ុណ្ណោះ ។
ចម្លើយអាចរួមមានការគូសចំណាំវគ្គបទគម្ពីរ ការកត់ត្រាពីគំនិតដែលទទួលបាន ការស្វែងរកចម្លើយចំពោះសំណួរ និងការអធិស្ឋានក្នុងពេលសិក្សា ។
-
តើការរៀបចំខ្លួនដោយមានគោលបំណងដើម្បីក្លាយជាអ្នកផ្សព្វផ្សាយសាសនា គ្រូបង្រៀន អ្នកដឹកនាំ អ្នកផ្ដល់ការងារបម្រើ ស្វាមី ឬភរិយា ឬមាតា ឬបិតាឲ្យបានកាន់តែប្រសើរឡើងនៅពេលអនាគតរបស់អ្នក អាចនឹងផ្លាស់ប្តូររបៀបដែលអ្នកឆ្ពោះទៅកាន់ការសិក្សាដំណឹងល្អនាពេលឥឡូវនេះយ៉ាងដូចម្ដេច ?
-
ដើម្បីបង្កើនប្រសិទ្ធភាពនៃការសិក្សាព្រះគម្ពីរប្រចាំថ្ងៃរបស់អ្នក តើមានអ្វីជាក់លាក់ដែលអ្នកអាចធ្វើបាន ? ( អ្នកប្រហែលជាបានដាក់គោលដៅស្រដៀងគ្នាមួយពីមុនមកហើយ ។ នេះអាចជាពេលវេលាដ៏ល្អ ដើម្បីពិនិត្យមើលដំណើរការរីកចម្រើនរបស់អ្នក ) ។
អនុវត្តតាមអ្វីដែលអ្នកបានរៀនរួចមកហើយ
ការយល់ពីការពិពណ៌នារបស់ព្រះអង្គសង្គ្រោះអំពីព្រះអង្គផ្ទាល់នៅក្នុង កណ្ឌទី ១១ អាចជួយសិស្សឲ្យមានអារម្មណ៍សង្ឃឹមថា ទ្រង់នឹងជួយឲ្យពួកគេអនុវត្តតាមការអញ្ជើញនានានៅក្នុងកណ្ឌនេះ ។ សូមអញ្ជើញសិស្សឲ្យអាន ខទី ១១, ២៨–៣០ ហើយពិភាក្សាសំណួរខាងក្រោមនេះ ។
-
តើព្រះអង្គសង្គ្រោះអាចបំភ្លឺផ្លូវអ្នកយ៉ាងដូចម្ដេច នៅពេលអ្នកព្យាយាមធ្វើតាមដំបូន្មានរបស់ទ្រង់ ហើយរៀបចំខ្លួនបម្រើទ្រង់ ?
-
តើអ្នកអាច « ទទួល » ព្រះអង្គសង្គ្រោះ និងការទូន្មានរបស់ទ្រង់ឲ្យបានកាន់តែប្រសើរឡើងយ៉ាងដូចម្ដេច ?
-
តើអ្នកគិតថា ការទទួលបានអំណាចដើម្បីក្លាយជាបុត្រាបុត្រីរបស់ព្រះមានន័យយ៉ាងដូចម្ដេច ?
សូមផ្តល់ពេលវេលាស្ងប់ស្ងាត់ខ្លះៗឲ្យសិស្សសញ្ជឹងគិតពីចំណុចខាងក្រោម ហើយអនុវត្តតាមអ្វីដែលពួកគេបានរៀន ។ បើសិស្សចាំបាច់ត្រូវការជំនួយដើម្បីគិតឃើញគំនិតនានា សូមអញ្ជើញពួកគេឲ្យជ្រើសរើសឃ្លាមួយ ដែលបានរាយបញ្ជីនៅលើក្ដារខៀនពីខាងដើមក្នុងមេរៀននេះ ។ សូមពិចារណាចែកចាយអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកអំពីរបៀបដែលការបម្រើព្រះអម្ចាស់បានផ្តល់អត្ថប្រយោជន៍ និងពរជ័យដល់ជីវិតអ្នក ។
សូមចំណាយពេលបន្តិចដើម្បីស្រមៃមើលពីប្រភេទអ្នកបម្រើដែលអ្នកចង់ធ្វើសម្រាប់ព្រះអម្ចាស់នាពេលឥឡូវនេះ ក្នុងរយៈពេលពីរឆ្នាំទៀត ១០ ឆ្នាំទៀត និងពេញមួយជីវិតអ្នក ។ សូមជ្រើសរើសយ៉ាងហោចណាស់ដំបូន្មានមួយឃ្លាពីការសិក្សារបស់អ្នកនៅថ្ងៃនេះដែលអ្នកចង់ផ្តោតលើ ហើយបង្កើតផែនការដែលត្រូវធ្វើតាម ។ របៀបមួយដើម្បីធ្វើបែបនេះគឺគូររូបកាំជណ្ដើរមួយឈុតដែលមានកាំបី ឬបួន ។ នៅលើកាំនីមួយៗ សូមសរសេរអ្វីមួយដែលអ្នកអាចធ្វើបាន ដើម្បីជួយអ្នកឲ្យទទួលបានបន្ទូលរបស់ព្រះអម្ចាស់ រក្សាព្រះបញ្ញត្តិរបស់ទ្រង់ ឬអនុវត្តតាមដំបូន្មានណាមួយដែលអ្នកបានសម្រេចចិត្តផ្តោតលើបានកាន់តែប្រសើរឡើង ។