« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១–១៣ ៖ ‹ ចូរចាំចុះថា តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១–១៣ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២៧ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨
« ចូរចាំចុះថា តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ »
ជាការឆ្លើយតបថ្នាក់ដឹកនាំសាសនាចក្រពីដំបូងដែលស្វែងរកព្រះទ័យរបស់ព្រះអម្ចាស់ពីរបៀបដើម្បីរៀបចំសាសនាចក្ររបស់ទ្រង់ ព្រះអម្ចាស់បានប្រទានវិវរណៈទៅកាន់ យ៉ូសែប ស្ម៊ីធ អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨ ។ ព្រះអម្ចាស់បានបង្រៀនបុរសទាំងនេះនូវសេចក្តីពិតដ៏សំខាន់អំពីតម្លៃនៃព្រលឹងរបស់យើង ។ មេរៀននេះអាចជួយសិស្សឲ្យដឹងថា តម្លៃនៃព្រលឹងរបស់ពួកគេគឺមហិមាណាស់នៅក្នុងព្រះនេត្រនៃព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
នៅក្នុងពិភពលោកដែលយើងរស់នៅ យើងអាចមានអារម្មណ៍ថាត្រូវបានល្បួង ឬមានសម្ពាធឲ្យផ្អែកតម្លៃរបស់យើងទៅលើ _______________ ។
សូមចំណាយពេលបន្តិចដើម្បីពិចារណាថាតើអ្នកមានអារម្មណ៍យ៉ាងណាចំពោះតម្លៃផ្ទាល់ខ្លួនរបស់អ្នក និងមូលហេតុ ។ តើអ្នកមានទំនោរទៅលើអ្វីដែលជាគោលតម្លៃរបស់អ្នក ? នៅពេលអ្នកសិក្សាថ្ងៃនេះ សូមរកមើលសេចក្តីពិតដែលអាចជួយអ្នកយល់ពីតម្លៃរបស់អ្នកនៅក្នុងព្រះនេត្ររបស់ព្រះ ។
ព្រះអម្ចាស់បង្រៀនអំពីតម្លៃនៃព្រលឹង
នៅខែ មិថុនា ឆ្នាំ ១៨២៩ យ៉ូសែប ស៊្មីធ អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ បានទទួលវិវរណៈដែលស្គាល់ថាជា គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨ ។ វិវរណៈនេះគឺអំពីការហៅសាវកដប់ពីរនាក់នៅថ្ងៃចុងក្រោយ ហើយនិងការស្ថាបនាសាសនាចក្រ ។ បន្ថែមពីលើការណែនាំទាំងនេះ ព្រះអម្ចាស់បានចែកចាយជាមួយអូលីវើរ និង ដាវីឌ នូវសេចក្តីពិតដ៏មានឥទ្ធិពលអំពីតម្លៃរបស់យើង ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:៩–១៣ ដើម្បីមើលពីអ្វីដែលព្រះអម្ចាស់បានបង្រៀន អំពីតម្លៃរបស់យើងចំពោះទ្រង់ ។
-
តើការរងទុក្ខ និងការសុគតរបស់ព្រះអង្គសង្គ្រោះសម្រាប់យើងបង្ហាញពីតម្លៃរបស់យើងចំពោះទ្រង់យ៉ាងដូចម្តេច ?
-
តើវាអាចជះឥទ្ធិពលដល់យើងយ៉ាងណាក្នុងការដាក់មូលដ្ឋាននៃតម្លៃរបស់យើងទៅលើសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះចំពោះយើង ជំនួសឲ្យការដាក់តាមស្លាកខាងលោកិយ ?
ធ្វើឲ្យការយល់ដឹងរបស់អ្នកកាន់តែស៊ីជម្រៅ
ទាក់ទងនឹងជីវិតរបស់អ្នក
សូមកំណត់ពីរបៀបដែលអ្នកនឹងសញ្ជឹងគិតអំពីតម្លៃរបស់អ្នកនៅក្នុងព្រះនេត្រនៃព្រះក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ ។ នេះគឺជារបៀបមួយចំនួនដែលអ្នកអាចធ្វើកិច្ចការនេះបាន ។
-
សូមបង្កើតការរំឭក ហើយដាក់វានៅកន្លែងដែលអ្នកអាចមើលឃើញវាជាប្រចាំ ។ ការណ៍នេះអាចជាប័ណ្ណប្រកាស ឬផ្ទៃខាងក្រោយនៃទូរសព្ទឆ្លាតវៃ ដែលរួមបញ្ចូលរូបភាព និងប្រហែលជាសូម្បីតែពាក្យពេចន៍ពីក្នុងព្រះគម្ពីរ ។
-
សូមអធិស្ឋានជារៀងរាល់ព្រឹក និងពេលយប់ ដើម្បីយល់កាន់តែច្បាស់អំពីរបៀបដែលព្រះវរបិតាសួគ៌ទតឃើញពីអ្នក ។
-
សូមរៀបចំផែនការពេលវេលាទៀងទាត់ដើម្បីគិតពិចារណានៅក្នុងទិនានុប្បវត្តិរបស់អ្នកអំពីតម្លៃរបស់អ្នក ។
-
សូមចំណាយពេលអាន និងសិក្សាពររបស់លោកអយ្យកោរបស់អ្នកឲ្យបានស៊ីជម្រៅច្រើនដងបន្ថែមទៀត ។ សូមគិតអំពីរបៀបដែលអ្នកអាចអាន និងសិក្សាពីវាបែបផ្សេងៗ ដើម្បីយល់ពីអ្វីដែលព្រះវរបិតាសួគ៌របស់អ្នកចង់ឲ្យអ្នកដឹង និងមានគិតអំពីខ្លួនអ្នក ។