ថ្នាក់​សិក្ខាសាលា
មេរៀនទី ៣៣ ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:២៥–៤១ ៖ ការមើល​ការពលិកម្ម​ដោយ​ប្រើ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:២៥–៤១ ៖ ការមើល​ការពលិកម្ម​ដោយ​ប្រើ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:២៥–៤១ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៣៣ ៖ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩

គោលលទ្ធិ និង​សេចក្តីសញ្ញា ១៩:២៥–៤១

ការមើល​ការពលិកម្ម​ដោយ​ប្រើ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

កសិដ្ឋាន​របស់​ម៉ាទិន ហារិស

ម៉ាទិន ហារិស បាន​សន្យា​បញ្ចាំ​កសិដ្ឋាន​របស់​គាត់​ដើម្បី​បង់ថ្លៃ​ការបោះពុម្ព​ព្រះគម្ពីរ​មរមន ។ អ្នកបោះពុម្ព អ៊ី ប៊ី ក្រានឌីន បាន​សម្រេចចិត្ត​ថា គាត់​នឹង​មិន​ចាប់ផ្ដើម​បោះពុម្ព​ទេ​រហូត​ការរៀបចំ​ត្រូវបាន​ធ្វើឡើង​ជាផ្លូវការ​សិន ។ ការណ៍នេះ​នឹង​តម្រូវឲ្យ​ម៉ាទិន​ប្រថុយ​ប្រថាន​ដាក់​ផ្ទះ និង​ទ្រព្យ​សម្បត្តិ​ភាគច្រើន​របស់​គាត់​ដើម្បី​ធានា​ពី ការបង់​ថ្លៃ ។ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​មួយ​ដល់​យ៉ូសែប ស្ម៊ីធ​បាន​ពង្រីក​ដល់​ទស្សនវិស័យ​របស់​ម៉ាទិន ហើយ​បាន​ផ្ដល់​ទំនុក​ចិត្ត​ចាំបាច់​ដល់​គាត់ ដើម្បី​ឆ្ពោះទៅរក​កិច្ច​ព្រមព្រៀង​នោះ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការលះបង់​អ្វីៗ​ក៏​ដោយ​ដែល​ព្រះវរបិតាសួគ៌​សុំ​ពីយើង ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ទុក្ខព្រួយ​របស់​ម៉ាទិន ហារិស

សូម​នឹក​ស្រមៃ​ថា អ្នក​រស់នៅ​ក្នុង​ឆ្នាំ​១៨២៩ ហើយ​ជា​អ្នកជឿ​ដំបូង​ម្នាក់ស្រប​តាម​ការហៅ​របស់​យ៉ូសែប ស្ម៊ីធ ។ មិត្ត​របស់​អ្នក​ឈ្មោះ​ម៉ាទិន ហារិស មក​សុំ​យោបល់ពី​អ្នក ។ អ្នកដឹង​ថា គាត់​រស់នៅ​ក្នុង​កសិដ្ឋាន​ដ៏​ស្រស់​ស្អាត​មួយ​ដែល​មាន​ផ្ទៃដី ២៤០ ហិចតា ។ គាត់ប្រាប់អ្នកថា ប្រសិន​បើ​ព្រះគម្ពីរ​មរមន​លក់​មិន​បាន​ចំនួនគ្រប់​គ្រាន់​ទេ គាត់​នឹង​ត្រូវ​លក់​ផ្ទះ និង​កសិដ្ឋាន​របស់​គាត់​ភាគច្រើន ដើម្បី​បង់ថ្លែ​សម្រាប់​ការ​បោះពុម្ព​នោះ ។ ភរិយា និង​ពួកអ្នក​ជិតខាង​របស់​គាត់​បាន​ជំទាស់ ដែល​គាត់​ប្រថុយប្រថាន​ដាក់​កសិដ្ឋាន​របស់​គាត់​ជំនួស​ឲ្យ យ៉ូសែបស និង​ព្រះគម្ពីរ​មរមន ។ គាត់​អាច​បាត់បង់​ផ្ទះ​របស់​គាត់ និង​ទំនាក់ទំនង​របស់​គាត់​ជាមួយ​នឹង​មនុស្ស​ជាទីស្រឡាញ់​របស់​គាត់ ។

  • តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ប្រសិន​បើ​អ្នក​នៅក្នុង​ស្ថានភាព​របស់​ម៉ាទិន ?

  • តើ​ការទូន្មាន​អ្វីខ្លះ​ដែល​អ្នកអាច​ផ្ដល់​ឲ្យ​គាត់ ?

  • តើ​អ្នក​គិត​ថា ការបោះពុម្ព​ព្រះគម្ពីរ​មរមន​មាន​សារៈសំខាន់​ប៉ុណ្ណា​បើ​ប្រៀបធៀប​នឹង​កសិដ្ឋាន​របស់​គ្រួសារ​ហារិស ?

អ្នក​អាច​នឹងជ្រើសរើស​បង្កើត​ជួរឈរ​ដូច​តទៅ​នេះ ហើយ​សរសេរវា​នៅលើ​ក្ដារខៀន ។

សូម​គូរ​បន្ទាត់​មួយ​ចុះ​មក​កណ្តាល​ទំព័រ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។ សូម​ដាក់​ឈ្មោះ​ជួរឈរ​ទីមួយ​ថា « ពលិកម្ម » និង​ជួរឈរ​ទីពីរ​ថា « ការប្រឹក្សា​ពីព្រះ » ។

នៅ​ជួរ​ឈរ​ទីមួយ សូម​សរសេរ​ពី​ពលិកម្ម​ដែល​ម៉ាទិន ហារិស ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ ។

ចម្លើយ​អាច​រួម​បញ្ចូល ប្រាក់​ផ្ទះ និង​កសិដ្ឋាន​របស់​គាត់ ព្រមទាំង កេរ្តិ៍ឈ្មោះ និង​ទំនាក់ទំនង​របស់គាត់​ជាមួយ​នឹងគ្រួសរ និង​មិត្តភក្ដិ ។

បន្ទាប់មក នៅជួរ​ឈរ​ដដែល សូម​សរសេរ​ពី​ពលិកម្ម​ដែល​ព្រះអម្ចាស់​បាន​សុំ ឬអាច​នឹង​សុំ​ឲ្យ​មនុស្ស​ជំទង់​ធ្វើ​នៅសព្វថ្ងៃ​នេះ ។

សិស្ស​អាច​នឹង​បង្កើត​បញ្ជី​ដែល​មាន​គំនិត​ស្រដៀង​គ្នា​ក្នុង​មេរៀន « គោលលទ្ធិ និង​សេចក្តីសញ្ញា ១៩:១–២៤, ផ្នែកទី ១ » រួចហើយ ។ ប្រសិន​បើ​ដូច្នេះ​មែន អ្នក​អាច​រំឭក​ពួកគេ​អំពី​បញ្ជី​នោះ ហើយ​សួរ​ថា​តើ​ពួកគេ​ចង់​បន្ថែម​អ្វី​ទៀត​ទេ ។

ទស្សនវិស័យ​អស់កល្ប​មួយ

សូម​បើក​ទៅ ជំពូក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅ​ក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​( ឆ្នាំ ២០២៣ ) ។ សូម​អាន កថាខណ្ឌ ៨ ដោយ​រក​មើល​គំនិត​ដែល​អាច​មាន​ប្រយោជន៍​នៅក្នុង​ស្ថានភាព​របស់​ម៉ាទិន ហារិស ឬ​ស្ថានភាព​ដែល​ព្រះអម្ចាស់​សុំ​យើង​ឲ្យ​ធ្វើ​ការលះបង់​នៅ​សព្វថ្ងៃ​នេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ជួរឈរ « ការប្រឹក្សា​ពី​ព្រះ »​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ និង​នៅលើ​ក្ដារខៀន ។

  • ហេតអ្វី​ទស្សនវិស័យ​ដ៏​នៅអស់កល្ប​មួយ​មាន​សារៈសំខាន់​ខ្លាំង ពេល​ព្រះអម្ចាស់​សុំ​យើង​ឲ្យ​ធ្វើ​រឿង​លំបាកៗ ?

សូម​ជួយ​សិស្ស​ឲ្យ​យល់ថា ពេល​យើងមើល​ពលិកម្ម​ទាំងនេះ​ចេញ​ពី​ទស្សនវិស័យ​ខាង​សាច់ឈាម ពួកគេ​អាច​ទំនង​ជា​ថប់បារម្ភ ឬ​អយុត្តិធម៌ ។ ទស្សនៈ​ដែល​មាន​កំណត់នេះ​អាច​ដឹកនាំ​ទៅ​រក​ការ​សម្រេចចិត្ត​ដែល​យើង​សោកស្ថាយ​នៅពេល​ក្រោយ ។

នៅពេល​សិស្ស​សិក្សា​ខគម្ពីរ​ដូច​តទៅនេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គូស​ចំណាំ​គំនិត​ដែល​ពួកគេ​រកឃើញ ហើយ​បន្ថែម​វាទៅ​ជួរឈរ « ការប្រឹក្សា​ពីព្រះ » ។

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:២៦–២៨, ៣២–៣៥, ៣៨–៤១ ហើយ​រក​មើល​ការប្រឹក្សា​ដែល​ព្រះអម្ចាស់​បានប្រទាន​ដល់​ម៉ាទិន ហារិស ដែល​អាច​ជួយគាត់​មើល​ឃើញ​កង្វល់​របស់​គាត់​ជាមួយ​នឹង​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​មួយ ។

សូម​ឲ្យ​សិស្ស​ចែកចាយ​ការប្រឹក្សា​ដែល​ពួកគេ​បានរកឃើញ​ជា​សេចក្ដី​ថ្លែងការណ៍​នៃ​សេចក្ដីពិត ។ ពួកគេ​អាច​រកឃើញ​គំនិត​ដូច​តទៅ​នេះ ៖

យើង​មិន​គួរ​លោភ​ទ្រព្យសម្បត្តិ​របស់ខ្លួន​ឡើយ ប៉ុន្តែ​ចូរ​ចំណាយ​ដោយ​សេរី​សម្រាប់​កិច្ចការ​របស់​ព្រះ ( សូមមើល ខទី ២៦ ) ។

ការ​មិន​អើពើ​ដល់​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រឹក្សា នៅ​ទីបំផុត​នឹង​ជួប​នូវ​ទុក្ខវេទនា និង​ការ​បំផ្លិច​បំផ្លាញ ( សូមមើល ខទី ៣២–៣៣ ) ។

ប្រសិន​បើ​យើងមាន​ព្រះវិញ្ញាណ​គង់ជាមួយ​នឹង​យើង នោះពរជ័យ​របស់​យើងគឺ​ធំជាង​ទ្រព្យ​សម្បត្តិ​នៃ​ផែនដី​ទៅទៀត ( សូមមើលខទី ៣៨ ) ។

  • តើ​សេចក្ដីពិត​ទាំងឡាយ​ដែល​អ្នក​រកឃើញ​បានជួយ​ម៉ាទិន ហារិស យ៉ាងដូចម្ដេច ?

  • តើ​សេចក្ដីស្រឡាញ់​របស់​ព្រះ​ចំពោះ​ម៉ាទិន អាច​មើល​ឃើញ​នៅក្នុង​វិវរណៈ​នេះ​ដោយ​របៀប​ណា ?

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ បាន​ចែកចាយ​អំពីការ​ឆ្លើយតប​របស់​ម៉ាទិន ហារិស ចំពោះ​វិវរណៈ​នេះ ដូចតទៅ ៖

ប្រធាន ដាល្លិន អេក អូក

ការបរិច្ចាគ​ដ៏​ធំ​បំផុត​របស់ ម៉ាទិន ហារិស មួយ​ចំពោះ សាសនាចក្រ ដែល​គាត់​គួរ​តែ​ត្រូវ​បានគេ​គោរព​ជានិច្ច គឺ​ការ​ផ្ដល់​ថវិកា​របស់គាត់​ដើម្បី​បោះពុម្ព​ព្រះគម្ពីរ​មរមន ។ នៅក្នុង​ខែ​សីហា ឆ្នាំ ១៨២៩ គាត់​បាន​បញ្ចាំ​ផ្ទះ និង​ចម្ការ​របស់គាត់​ទៅ​ឲ្យ អ៊ែហ្គប៊ើត ប៊ី ហ្គ្រានឌីន ដើម្បី​ធានា​លើ​ការបង់ថ្លៃ​តាម​កិច្ចសន្យា​របស់​រោងពុម្ព ។ ប្រាំពីរ​ខែ​ក្រោយ​មក ការ​បោះពុម្ព​លើក​ដំបូង​នៃ​ព្រះគម្ពីរមរមន ចំនួន ៥,០០០ ក្បាល​ត្រូវ​បាន​បញ្ចប់ ។ ក្រោយមក នៅពេល​ដែល​ការ​បញ្ចាំ​ដល់​ពេល​កំណត់ នោះ​ផ្ទះ និង​ផ្នែក​មួយ​នៃ​ចម្ការ​ត្រូវ​បានលក់​ក្នុង​តម្លៃ ៣,០០០ ដុល្លារ ។ ម៉ាទិន ហារិស បាន​គោរព​ប្រតិបត្តិ​ចំពោះ​វិវរណៈ​របស់​ព្រះអម្ចាស់ តាមរ​បៀប​នេះ ។ ( ដាល្លិន អេក អូក « The Witness: Martin Harris » Ensign ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៣៦ )

  • តើ​សកម្មភាព​របស់​ម៉ាទិន បាន​បង្ហាញ​ជា​គំរូ​ពី​អាកប្បកិរិយា​ដូចជា​ព្រះគ្រីស្ទ​ដោយ​របៀបណា ?

  • ចេញ​ពី​ទស្សនវិស័យ​ដ៏​នៅអស់កល្ប​មួយ ហេតុអ្វី​ការពលិកម្ម​របស់​ម៉ាទិន​មាន​តម្លៃ ?

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ការសិក្សា​របស់​ពួកគេ​នៃ​វគ្គ​ពាក់​កណ្ដាល​ដំបូង​នៃ កណ្ឌទី ១៩ ។ សូម​ពិចារណា​ពិភាក្សា​ជាមួយ​សិស្ស​អំពី​របៀប​ដែល​ការ​ស្ម័គ្រព្រះទ័យ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​បូជា​អង្គទ្រង់ ដើម្បី​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​ទ្រង់​អាច​ជួយ ម៉ាទិន​ឲ្យ​មាន​ឆន្ទៈ​លះបង់​ទ្រព្យ​សម្បត្តិ​របស់​គាត់ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​របៀប​ដែល​គំរូ​របស់​ព្រះអង្គ​សង្គ្រោះនៃ​ការ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​ទ្រង់ក្នុង​ការរងទុក្ខ​ដ៏​ធំ​អាចបំផុត​គំនិត​ពួកគេ​ឲ្យ​ចុះចូល​នឹង​អ្វី​ដែល​ព្រះវរបិតា​ស្នើសុំ ។

អ្វីដែល​ព្រះអម្ចាស់​អាច​ស្នើសុំ​ពី​ខ្ញុំ

សូម​អញ្ចើញ​សិស្ស​ឲ្យ​ជ្រើសរើស​ចំណុច​មួយ​សរសេរ​នៅក្នុង​ជួរ​ឈរ « ពលិកម្ម » ដែលទាក់ទង​នឹង​មនុស្ស​ជំទង់​សព្វថ្ងៃនេះ ហើយ​ជ្រើសរើស​ការប្រឹក្សា​មួយ ឬ​ច្រើនពី​ព្រះអម្ចាស់​នៅក្នុង​ជួរឈរ « ការប្រឹក្សា​ពីព្រះ »​ដែល​អាច​ជួយ​មនុស្ស​ម្នាក់​ឲ្យ​ធ្វើ​ពលិកម្ម​នោះ ។ បន្ទាប់​មក​អ្នក​អាច​ចែក​សិស្ស​ជា​គូៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ពន្យល់​ដល់​ដៃគូ​របស់​ពួកគេពី​របៀប​ដែល​ការ​ប្រឹក្សា​នោះ​អាច​ជួយ​មនុស្ស​ម្នាក់​ដែលត្រូវបាន​សុំ​ឲ្យ​ធ្វើ​ពលិកម្ម​នោះ ។

បន្ទាប់​ពី​សិស្ស​មាន​ពេល​ចែកចាយ​ជាមួយ​នឹង​គ្នា អ្នក​អាចសុំ​អ្នក​ស្ម័គ្រចិត្ត​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ដទៃទៀត ។

បន្ទាប់មក អ្នក​អាច​ដាក់​បង្ហាញ​ការណែនាំ​ខាង​ក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​គំនិត​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​កត់ត្រា​ស្ថានភាព​មួយ​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់​ឲ្យ​អ្នក​ចុះចូល​នឹង​ព្រះទ័យ​របស់​ទ្រង់​ដែល​ប្រហែលជា​ពិបាក​ចំពោះ​អ្នក ។

  2. សូម​សរសេរ​ឧបករណ៍​ដែល​អ្នក​អាច​ជួប​នៅក្នុង​ការ​ព្យាយាម​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ទ្រង់ ។

  3. សូម​សរសេរ​របៀប​ដែល​ការ​មើលឃើញ​ស្ថានភាព​របស់​អ្នក​ចេញពី​ទស្សនវិស័យ​ដ៏​អស់កល្ប​របស់​ព្រះ​អាច​នឹង​ជួយ​អ្នក​ឲ្យ​យក​ឈ្នះឧបសគ្គ​ទាំងនេះ ។

  4. សូម​កត់ត្រា​របៀប​ដែល​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩ អាច​បំផុស​គំនិត​អ្នក​ឲ្យ​ចុះចូល​នឹង​ព្រះឆន្ទៈរបស់​ព្រះវរបិតា​សួគ៌ ។ ( អ្នកគួរ​អាន ខទី ២, ១៦–១៩, ២៣–២៤ ) ។

  5. សូម​បង្ហាញ​ពី​ជំហាន​មួយចំនួន​ដំបូង​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ស្ថានភាព​របស់​អ្នក ។