« គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:១–៨ ៖ ចូរស្ដាប់តាមព្រះប្រោសលោះរបស់អ្នក » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:១–៨ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ព្រះវរបិតាសួគ៌មានសេចក្ដីស្រឡាញ់ដ៏ធំធេងចំពោះបុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។ ទ្រង់ និងព្រះរាជបុត្រារបស់ទ្រង់សព្វព្រះទ័យចង់ឲ្យយើងសប្បាយរីករាយក្នុងជីវិតនេះ ហើយចូលរួមជាមួយទ្រង់ទាំងទ្វេក្នុងការប្រមូលផ្ដុំមនុស្សទាំងអស់ ឲ្យត្រឡប់ទៅកាន់វត្តមានរបស់ទ្រង់វិញ ។ មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែច្បាស់ពីព្រះរាជបំណងដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានសម្រាប់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកទុកចិត្តលើនរណា ?
សូមគិតអំពីមនុស្សដែលអ្នកនឹងអាចទុកចិត្តបានដើម្បីធ្វើការណ៍ដូចខាងក្រោមនេះជាមួយ និងមូលហេតុ ។
-
កូនសោផ្ទះរបស់អ្នក
-
ពាក្យសម្ងាត់របស់អ្នកទៅកាន់ឧបករណ៍ ឬគណនីផ្ទាល់ខ្លួន
-
ក្ដីសុបិន ឬគោលដៅដ៏ផ្ទាល់ខ្លួនបំផុតរបស់អ្នក
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរប្រយោគមួយ ឬពីរដែលរៀបរាប់ពីអ្វីដែលអ្នកដឹងអំពីការជំរុញចិត្ត និងព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើអ្នកដឹងអ្វីមួយអំពីការជំរុញចិត្ត ឬព្រះរាជបំណងរបស់ទ្រង់ សូមពិចារណាពីរបៀបដែលវាជះឥទ្ធិពលលើឆន្ទៈរបស់អ្នកក្នុងការទុកចិត្តលើទ្រង់ទាំងទ្វេ ។ ប្រសិនបើអ្នកមិនដឹងច្រើនអំពីការជំរុញចិត្ត ឬព្រះរាជបំណងរបស់ទ្រង់ទេ សូមគិតអំពីមូលហេតុដែលការដឹងពីការណ៍នេះគឺជាជំហានដ៏សំខាន់មួយដើម្បីមានឆន្ទៈទុកចិត្តលើទ្រង់ទាំងទ្វេ ។
ព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ
មុនសន្និសីទសាសនាចក្រនៅ ខែ កញ្ញា ឆ្នាំ ១៨៣០ ព្រះអង្គសង្គ្រោះបានមានបន្ទូលនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩ អំពីសេចក្ដីស្រឡាញ់ និងព្រះរាជបំណងដែលទ្រង់ និងព្រះវរបិតាសួគ៌មានសម្រាប់មនុស្សគ្រប់រូប ។
-
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:១–៨ ហើយគូសចំណាំនូវអ្វីដែលអ្នករៀនអំពីព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងខគម្ពីរនីមួយៗ ។
-
សូមសរសេរឈ្មោះរបស់អ្នកនៅលើក្ដារខៀន នៅជាប់នឹងលេខខគម្ពីរដែលមានអត្ថន័យជាពិសេសចំពោះអ្នក ។
-
ប្រសិនបើអាច សូមប្រមូលសិស្សពីរ ឬបីនាក់ដែលបានសរសេរឈ្មោះរបស់ខ្លួននៅជាប់នឹងលេខខគម្ពីរដូចគ្នាឲ្យនៅជាមួយគ្នា ។
-
សូមចែកចាយជាមួយក្រុមរបស់អ្នកនូវពាក្យ ឬឃ្លានានា ដែលអ្នកបានគូសសម្គាល់នៅក្នុងខគម្ពីររបស់អ្នក និងអ្វីដែលវាបង្រៀនអ្នកអំពីព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
នៅក្នុងក្រុមរបស់អ្នក សូមពិភាក្សាអំពីសំណួរមួយដែលអាចជួយពង្រឹងការយល់ដឹងរបស់អ្នកអំពីព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទឲ្យបានកាន់តែស៊ីជម្រៅ ។
ព្រះហឫទ័យដ៏ល្អប្រពៃនៃព្រះ
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយដូចតទៅ ៖
ព្រះវរបិតាសួគ៌នៃយើងសព្វព្រះទ័យឲ្យបងប្អូនប្រែក្លាយជាអ្នកគ្រងមរតករបស់ទ្រង់ ហើយទទួលអ្វីៗដែលទ្រង់មាន ។ ទ្រង់ពុំអាចផ្ដល់ឲ្យបងប្អូនហួសពីនោះឡើយ ។ ទ្រង់ពុំអាចសន្យានឹងបងប្អូនហួសពីនោះទេ ។ ទ្រង់ស្រឡាញ់បងប្អូនលើសពីបងប្អូនដឹងទៅទៀត ហើយទ្រង់សព្វព្រះទ័យចង់ឃើញបងប្អូនរីករាយនៅក្នុងជីវិតនេះ និងជីវិតបន្ទាប់ ។ ( ឌែល ជី រិនឡាន់ « និស្ស័យនៃព្រះ និងជោគវាសនាដ៏អស់កល្បជានិច្ចរបស់បងប្អូន » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៧៦ )
-
តើការយល់ដឹងពីព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ មានឥទ្ធិពលយ៉ាងណាទៅលើអារម្មណ៍របស់អ្នកអំពីទ្រង់ទាំងទ្វេ ?
-
តើការយល់ដឹងពីព្រះរាជបំណងរបស់ទ្រង់ទាំងទ្វេ មានឥទ្ធិពលយ៉ាងណាទៅលើអារម្មណ៍របស់អ្នកអំពីការទូន្មានដែលទ្រង់ប្រទានដល់យើង ?