« គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៩–២៩ ៖ ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៩–២៩ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទនឹងជាថ្ងៃដ៏អស្ចារ្យ និងគួរឲ្យស្ញែងខ្លាចមួយ ។ អ្នកដែលបដិសេធសារទូត និងការបង្រៀនទាំងឡាយរបស់ព្រះយេស៊ូវគ្រីស្ទ នឹងទទួលរងនូវផលវិបាកពីជម្រើសរបស់ពួកគេ ។ អ្នកដែលកំពុងខិតខំព្យាយាមធ្វើតាមទ្រង់ នឹងមានអំណរក្នុងការឃើញព្រះប្រោសលោះរបស់ពួកគេយាងត្រឡប់មកកាន់ផែនដីវិញ ។ ទ្រង់នឹងសង្គ្រោះពួកគេពីអំពើទុច្ចរិត និងទុក្ខសោក ហើយរស់នៅជាមួយពួកគេរយៈពេលមួយពាន់ឆ្នាំ ។ មេរៀននេះអាចជួយសិស្សឲ្យមានអំណរ នៅពេលពួកគេទន្ទឹងរង់ចាំការយាងមករបស់ព្រះយេស៊ូវគ្រីស្ទមកកាន់ផែនដីនេះវិញ ។
សកម្មភាពរៀនសូត្រដែលអាចមាន
-
តើអ្នកនឹងមានអារម្មណ៍យ៉ាងណា នៅពេលអ្នកគិតអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វី ?
-
នៅពេលអ្នកគិតអំពីការយាងមកជាលើកទីពីរ តើអ្នកមានទំនោរផ្ដោតអារម្មណ៍កាន់តែខ្លាំងទៅលើព្រះអង្គសង្គ្រោះ ឬទៅលើការលំបាកនានាដែលកើតឡើងមុនការយាងត្រឡប់មកវិញរបស់ទ្រង់ ? តើការផ្តោតរបស់អ្នកជះឥទ្ធិពលលើអារម្មណ៍របស់អ្នកយ៉ាងដូចម្ដេច ?
វាជាការពិតដែលថា ការសាកល្បង និងអំពើទុច្ចរិតដ៏ធំជាច្រើននឹងមាននៅថ្ងៃចុងក្រោយ ហើយថា « សេចក្ដីវេទនា និងសេចក្ដីហិនវិនាស » នឹងត្រូវបានចាត់ឲ្យមានមកលើពួកទុច្ចរិត ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:៨ ) ។ វាក៏សំខាន់ផងដែរក្នុងការដឹងថា ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះមិនបណ្ដាលឲ្យមានការសាកល្បង និងអំពើទុច្ចរិតនោះទេ ។ ការយាងត្រឡប់មកវិញរបស់ទ្រង់នឹងរំដោះពួកសិស្សរបស់ទ្រង់ចេញពីការសាកល្បង និងអំពើទុច្ចរិតទាំងនោះវិញ ។ ការយាងមកជាលើកទីពីរនឹងកាន់តែអស្ចារ្យសម្រាប់អ្នកដើរតាមរបស់ទ្រង់ ជាងអ្វីដែលយើងអាចស្រមៃបានទៅទៀត ! នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមរកមើលហេតុផលដែលពួកអ្នកស្មោះត្រង់អាចមានអំណរ និងសេចក្ដីសង្ឃឹម កាលពួកគេគិតអំពីការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
អររីករាយនៅក្នុងការយាងមករបស់ព្រះគ្រីស្ទ !
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:១០–១៣ ហើយរកមើលពាក្យ និងឃ្លាដែលផ្ដល់ហេតុផលឲ្យអ្នកអររីករាយ ។
-
តើវាអាចលួងលោមអ្នកយ៉ាងណាដែរ ពេលអ្នកដឹងថា នៅពេលដែលព្រះយេស៊ូវបង្ហាញព្រះកាយមក នោះនឹងមាន « ដោយព្រះចេស្ដា និងសិរីល្អដ៏ធំ » ? ( ខទី ១១ ) ។
-
តើអ្នកស្រមៃឃើញជីវិតប្រចាំថ្ងៃរបស់អ្នកខុសគ្នាយ៉ាងដូចម្ដេចទៅ នៅពេលដែលព្រះគ្រីស្ទគង់ « នៅក្នុងសេចក្ដីសុចរិតជាមួយមនុស្សលោក » ? ( ខទី ១១ ) ។
-
តើមនុស្សជាទីស្រឡាញ់របស់អ្នកណាម្នាក់ដែលបានទទួលមរណភាព ដែលអ្នកនឹងមានចិត្តរំភើបបំផុតដើម្បីជួបម្ដងទៀត នៅពេលព្រះអង្គសង្គ្រោះធ្វើឲ្យពួកសុចរិតរស់ឡើងវិញនៅឯការយាងមករបស់ទ្រង់ ? ( សូមមើល ខទី ១៣ ) ។
-
តើវាមានន័យយ៉ាងណាចំពោះអ្នកដើម្បី « នៅជាមួយនឹង [ ព្រះគ្រីស្ទ ] ប្រយោជន៍ឲ្យយើងទាំងឡាយអាចបានរួមតែមួយ » ? ( ខទី ១៣ ) ។ តើអ្នកគិតថា ហេតុអ្វីបានជាព្រះយេស៊ូវចង់បានរួមគ្នាតែមួយជាមួយអ្នក ?
ព្រះគ្រីស្ទនឹងរស់នៅជាមួយមនុស្សលោករយៈពេលមួយពាន់ឆ្នាំ
សូមចំណាយពេលពីរបីនាទីដើម្បីស្រាវជ្រាវរកប្រភពដែលបានតែងតាំងដោយព្រះ សម្រាប់ចម្លើយចំពោះសំណួរនានាដែលអ្នកអាចមានអំពីសហស្សវត្សរ៍ និងសម្រាប់ស្ថានភាពដ៏រីករាយ ដែលនឹងមានក្នុងអំឡុងពេល និងបន្ទាប់ពីការសោយរាជ្យរបស់ព្រះគ្រីស្ទនៅសហស្សវត្សរ៍ ។ សកម្មភាពខាងក្រោមនេះអាចជួយដល់អ្នកនៅក្នុងការសិក្សារបស់អ្នកបាន ៖
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សហស្សវត្ស » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org
Gospel Topics « Millennium » នៅលើគេហទំព័រ topics.ChurchofJesusChrist.org
គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:២៣–២៧
អេសាយ ៦៥:១៩–២៥
វិវរណៈ ២០:១–៣
នីហ្វៃទី១ ២២:២៤–២៨
ការផ្ដោតទៅលើព្រះអង្គសង្គ្រោះ
16:44
សូមពិចារណាបិទភ្នែករបស់អ្នក ហើយព្យាយាមស្រមៃថា ព្រះយេស៊ូវគ្រីស្ទយាងចុះពីស្ថានសួគ៌មកដើម្បីសង្គ្រោះ ការពារ និងព្យាបាលអ្នកដើរតាមទ្រង់ទាំងឡាយ ។ សូមយកចិត្តទុកដាក់លើចំណាប់អារម្មណ៍មកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីអារម្មណ៍ដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យអ្នកទទួលបាន ស្ដីពីការយាងត្រឡប់មកវិញរបស់ព្រះរាជបុត្រារបស់ទ្រង់ ។
-
តើអ្នកស្រមៃឃើញថា ទឹកព្រះភ័ក្រ្ដរបស់ទ្រង់មានលក្ខណៈបែបណា នៅពេលទ្រង់ទតទៅអស់អ្នកដែលខិតខំដើរតាមទ្រង់នោះ ?
-
តើអ្នកស្រមៃថា ទ្រង់នឹងមានបន្ទូលអ្វីខ្លះទៅកាន់ពួកអ្នកស្មោះត្រង់ បន្ទាប់ពីការយាងចុះរបស់ទ្រង់ ?
-
តើអ្នកគិតថា ព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យពួកសិស្សរបស់ទ្រង់មានអារម្មណ៍យ៉ាងណា អំពីការយាងត្រឡប់របស់ទ្រង់មកកាន់ផែនដីវិញ ?