ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤៦ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ២៩:៣៦–៥០ ៖ ធ្វើជា​ភ្នាក់ងារ​ចំពោះ​ខ្លួន


« គោលលទ្ធិ និង​សេចក្តីសញ្ញា ២៩:៣៦–៥០ ៖ ធ្វើជា​ភ្នាក់ងារ​ចំពោះ​ខ្លួន⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ២៩:៣៦–៥០ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៤៦ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ២៩

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៩:៣៦–៥០

ធ្វើជា​ភ្នាក់ងារ​ចំពោះ​ខ្លួន

ការធ្វើ​ការជ្រើសរើស​ត្រឹមត្រូវ

ព្រះអម្ចាស់​បាន​បង្រៀន យ៉ូសែប ស្ម៊ីធ អំពី​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា និង​សិទ្ធិ​ជ្រើសរើស នៅអំឡុង​ពេល​របស់​លោក​ក្នុង​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដ៏បំផុស​គំនិត ។ នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៩ ព្រះអម្ចាស់​បាន​បង្រៀន​អំពី​ការប្រោសលោះ​ពី​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់ អំពី​សិទ្ធិ​ជ្រើសរើស​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​យើង និង​ការប្រោសលោះ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​មក ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការធ្វើ​ការជ្រើសរើស

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ជម្រើស​ដែល​ពួកគេ​បាន​ធ្វើ​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ​នេះ នៅពេល​ដែល​ពួកគេ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​មកពី​ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) ។

ប្រធាន ថូម៉ាស អេស ម៉នសុន

វា​កម្រ​ណាស់​ដែល​សូម្បីតែ​ពេល​មួយ​ម៉ោង បាន​កន្លង​ទៅ​ដោយ​មិន​តម្រូវ​ឲ្យ​យើង​ធ្វើការ​ជ្រើសរើស​មួយ​បែប​នេះ ឬ​ផ្សេង​ទៀត​នោះ ។ ការជ្រើសរើស​ខ្លះ​ជា​រឿង​តូចតាច ហើយ​ខ្លះ​ទៀត​ជា​រឿង​វែងឆ្ងាយ ។ ការជ្រើសរើស​ខ្លះ​នឹង​មិន​ធ្វើឲ្យ​មាន​ភាពខុសគ្នា​ក្នុង​គ្រោងការណ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​នោះ​ទេ ហើយ​ខ្លះ​ទៀត​នឹង​ធ្វើឲ្យ​មាន​ភាពខុសគ្នា ទាំងស្រុង ។ ( ថូម៉ាស អេស ម៉នសុន « The Three Rs of Choice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៦៧ )

សូម​ពិចារណា​សរសេរ​ពាក្យ រឿង​តូចតាច និង រឿង​វែងឆ្ងាយ ដាក់​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រាយបញ្ជី​ជម្រើស​ទូទៅ ដែល​មនុស្ស​ធ្វើ​នៅក្រោម​ចំណងជើង​នីមួយៗ ។ បន្ទាប់​មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​អំពី​ជម្រើស​ណាមួយ​ដែល​សំខាន់​បំផុត ដែល​ត្រូវ​មើលពី​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​មួយ មុនពេល​យើង​ធ្វើការ​ជ្រើសរើស​យក​វា ។

  • តើ​អ្នក​បាន​ធ្វើ ឬ​នឹង​ធ្វើ​ការសម្រេច​ចិត្ត​ដ៏​វែងឆ្ងាយ​ណាខ្លះ ដែល​អាច​ជះ​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតា​សួគ៌ ?

សិទ្ធិ​ជ្រើសរើស​របស់​យើង

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ២៩:៣៦–៣៨ ដោយ​ស្វែងរក​ការសម្រេច​ចិត្ត​ដ៏​វែងឆ្ងាយ​មួយ ដែល​បុត្រា​បុត្រី​របស់​ព្រះ​ទាំង​អស់​ត្រូវ​ធ្វើ​មុន​ជីវិត​នេះ ។

  • តើ​មាន​ជម្រើស​អ្វីខ្លះ​ដែល​បាន​បង្ហាញ​ដល់​យើង​ទាំងអស់​គ្នា​នៅមុន​ជីវិត​នេះ ?

អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) នៅក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​ផលវិបាក​ដ៏វែងឆ្ងាយ​នៃ​ជម្រើស​ដែល​យើង​បាន​ជ្រើសរើស​មុន​ឆាក​ជីវិត​នេះ ។

2:3
អែលឌើរ រ៉ូបឺត ឌី ហែល

ដោយសារ​តែ​ការបះបោរ​របស់​លូស៊ីហ្វើរ ជម្លោះ​ខាង​វិញ្ញាណ​ដ៏ធំ​មួយ​បាន​កើតឡើង ។ បុត្រា​បុត្រី​ម្នាក់ៗ​របស់​ព្រះវរបិតា​សួគ៌​មាន​ឱកាស​អនុវត្ត​សិទ្ធិ​ជ្រើសរើស ដែល​ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ឲ្យ​ពួកគេ ។ យើង​បាន​ជ្រើសរើស​មាន​សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្រ្គោះ​ព្រះយេស៊ូវ​គ្រីស្ទ—មក​រក​ទ្រង់ ដើរតាម​ទ្រង់ ហើយ​ទទួល​យក​ផែនការ​ដែល​ព្រះវរបិតា​សួគ៌​បាន​បង្ហាញ​ដើម្បី​ប្រយោជន៍​របស់​យើង ។ ប៉ុន្តែ​មួយ​ភាគ​បី​នៃ​បុត្រា​បុត្រី​របស់​ព្រះវរបិតា​សួគ៌​មិន​មាន​សេចក្ដី​ជំនឿ​ដើម្បី​ធ្វើតាម​ព្រះអង្គ​សង្រ្គោះ​ទេ ហើយ​បាន​ជ្រើសរើស​ធ្វើតាម​លូស៊ីហ្វើរ ឬ​សាតាំង​ទៅវិញ ។

ហើយ​ព្រះ​បាន​មាន​បន្ទូល​ថា « ហេតុ​ដូច្នោះ​ហើយ មកពី​សាតាំង​បាន​បះបោរ​ទាស់នឹង​យើង ហើយ​បាន​ខំរក​បំផ្លាញ​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស ដែល​យើង​ជា​ព្រះអម្ចាស់​ដ៏ជា​ព្រះ​បាន​ប្រទាន​ដល់​មនុស្ស … នោះ​យើង​បាន​បណ្ដាល​ឲ្យ​វា​ត្រូវ​បណ្ដេញ​ចុះ » [ ម៉ូសេ ៤:៣ ] ។ ( រ៉ូបឺត ឌី ហែល « Agency: Essential to the Plan of Life » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ២៤ )

សូម​ចំណាំ​ពាក្យ សិទ្ធិ​ជ្រើសរើស នៅក្នុង ខទី ៣៦ ។

  • តើ​អ្នក​នឹង​ពិពណ៌នា​ពី​អត្ថន័យ​នៃ​ពាក្យ សិទ្ធិ​ជ្រើសរើស យ៉ាង​ដូចម្ដេច ?

ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​ក្នុង​ការកំណត់​និយមន័យ​នៃ​ពាក្យ​សិទ្ធិ​ជ្រើសរើស សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​មើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ដើម្បី​ទទួល​បាន​ជំនួយ ។

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​មកពី​ខគម្ពីរ​ទាំងនេះ​បាន​គឺ​ថា ដោយសារ​ព្រះ​បាន​ប្រទាន​ឲ្យ​យើង​នូវ​សិទ្ធិ​ជ្រើសរើស នោះ​យើង​អាច​ជ្រើសរើស​ដើម្បី​ធ្វើតាម ឬ​បដិសេធ​ទ្រង់​បាន ។

  • តើ​ការដែល​ព្រះ​ប្រទាន​ឲ្យ​យើង​មាន​សមត្ថភាព​ដើម្បី​ជ្រើសរើស បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​យ៉ាង​ដូចម្ដេច ?

ការធ្លាក់ និង​សិទ្ធិ​ជ្រើសរើស​របស់​យើង

រូបតំណាង​សំណៅ​ចែកសូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​បែងចែក​គ្នា​ជា​ក្រុម​តូចៗ ដោយ​ផ្ដល់​ឲ្យ​ក្រុម​នីមួយៗ​នូវ​ផ្នែក​មួយ​នៃ​សំណៅចែក​ខាងក្រោម​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន​វគ្គ​បទគម្ពីរ​ដែល​បាន​ផ្ដល់​យោបល់​នេះ ហើយ​ពិភាក្សា​សំណួរ​ទាំងឡាយ​ជាមួយ​គ្នា ។ សូម​ប្រាប់​ពួកគេ​ថា វគ្គ​បទគម្ពីរ​មួយ​ចំនួន​និយាយ​ចំៗ​អំពី​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា ប៉ុន្តែ​ព្រះវិញ្ញាណ​អាច​ជួយ​ពួកគេ​ឲ្យ​មើលឃើញ​ពី​របៀប​ដែល​បទពិសោធន៍​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​អនុវត្ត​ចំពោះ​ជីវិត​របស់​យើង​នៅ​សព្វថ្ងៃ​នេះ ។

សិទ្ធិ​ជ្រើសរើស និង​ការប្រោសលោះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ

ការល្បួង​របស់​អារក្ស

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ២៩:៣៩ និង នីហ្វៃ​ទី​២ ២:១៦–១៨ ហើយ​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • ដោយ​ដឹង​ថា យើង​បាន​ជ្រើសរើស​ធ្វើតាម​ផែនការ​របស់​ព្រះវរបិតា​សួគ៌​មុន​ជីវិត​នេះ តើ​អ្វីទៅ​ដែល​ធ្វើឲ្យ​វា​ពិបាក​ក្នុង​ការជ្រើសរើស​ដើម្បី​ធ្វើតាម​ទ្រង់​នៅលើ​ផែនដី​នេះ​ជានិច្ច​នោះ ?

  • តើ​សាតាំង​មាន​យុទ្ធសាស្ត្រ​ដ៏មាន​ប្រសិទ្ធភាព​បំផុត​អ្វីខ្លះ ដែល​នាំឲ្យ​មនុស្ស​នៅលើ​ផែនដី​ជ្រើសរើស​មិន​ធ្វើតាម​ដំបូន្មាន​របស់​ព្រះ ?

  • តើ​ព្រះ​បាន​ប្រទាន​ពរជ័យ​ណាខ្លះ​ដល់​យើង ដើម្បី​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ការល្បួង​របស់​សាតាំង ?

ផលវិបាក​នៃ​ការជ្រើសរើស​របស់​យើង

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ២៩:៤០–៤១ និង អាលម៉ា ៤១:១០–១១; ៤២:៩, ១៤ ហើយ​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​យើង​ចុះចាញ់​តាម​ចិត្ត​របស់​អារក្ស​យ៉ាង​ដូចម្ដេច នៅពេល​យើង​ជ្រើសរើស​បះបោរ​ប្រឆាំង​នឹង​ព្រះ​នោះ ?

  • ហេតុអ្វី​អ្នក​គិត​ថា ពាក្យ « សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ » គឺជា​ការពិពណ៌នា​ដ៏ល្អ​មួយ​អំពី​ការបែក​ចេញពី​ព្រះវរបិតា​សួគ៌ ?

  • តើ​អ្នក​នឹង​រៀបរាប់​ពី​អារម្មណ៍​ដែល​យើង​មាន បន្ទាប់ពី​យើង​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​យើង​ដើម្បី​ប្រឆាំង​នឹង​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

ការប្រោសលោះ​តាមរយៈ​ព្រះរាជបុត្រា​សំណព្វ​តែមួយ​គត់​របស់​ព្រះ

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ២៩:៤២–៤៣ និង នីហ្វៃ​ទី​២ ២:៦–៩ ហើយ​ពិភាក្សា​អំពី​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ព្រះយេស៊ូវ​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើឲ្យ​សេចក្ដី​ប្រោសលោះ​អាចកើត​មានបាន សូម្បីតែ​ក្រោយពី​យើង​បាន​ធ្វើ​ការជ្រើសរើស​មិនល្អ​ក៏ដោយ ?

  • តើ​អ្នក​នឹង​ចែកចាយ​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​ថា ពួកគេ​បាន​ទៅ​ឆ្ងាយ​ជ្រុល​ទៅ​ហើយ​នោះ ?

  • តើ​អ្នក​អាច​ចែកចាយ​គំរូ​អ្វីខ្លះ ដើម្បី​បង្ហាញពី​លក្ខណៈ​ដ៏​ប្រោសលោះ ពេញ​ដោយ​ការអភ័យ​ទោស​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

បន្ទាប់ពី​សិស្ស​មាន​ពេល​ពិភាក្សា​អំពី​សំណួរ​នៅក្នុង​ក្រុម​របស់​ពួកគេ​រួចហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បង្កើត​ក្រុម​ថ្មី​ជាមួយ​សិស្ស ដែល​បាន​សិក្សា​ផ្នែក​ផ្សេងទៀត​នៃ​សំណៅ​ចែក​នេះ ហើយ​ប្ដូរ​វេន​គ្នា​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

នៅពេល​សិស្ស​បាន​ចែកចាយ​ចប់​ហើយ សូម​ពិចារណា​អាន នីហ្វៃ​ទី​២ ២:២៦–២៩ ជា​ថ្នាក់​រួមគ្នា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក និង​ចែកចាយ​ឃ្លា​ដែល​បញ្ជាក់ ឬ​បន្ថែម​ទៅលើ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​សកម្មភាព​មុន ។

ការជ្រើសរើស​យក​សេចក្ដី​ប្រោសលោះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ

សិស្ស​មួយ​ចំនួន​ប្រហែល​ជា​មាន​អារម្មណ៍​ថា ជម្រើស​របស់​ពួកគេ​បាន​ធ្វើឲ្យ​ពួកគេ​ឃ្លាត​ឆ្ងាយពី​ព្រះ​ជា​អចិន្ត្រៃយ៍​រួច​ទៅ​ហើយ ។ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​ផ្ដោតលើ​សេចក្ដី​ប្រោសលោះ​របស់​ព្រះគ្រីស្ទ សូម​ពិចារណា​បង្ហាញ​សាច់រឿង​មួយ​ដូចជា​សាច់រឿង​ខាងក្រោម​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បន្ថែម​ព័ត៌មាន​លម្អិត​ទៅកាន់​សាច់រឿង​នេះ ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ពិត​សម្រាប់​យុវវ័យ​នៅ​សព្វថ្ងៃនេះ ។

យុវនារី​ម្នាក់​ឈ្មោះ ម៉ារី បាន​ធ្វើ​ការជ្រើសរើស​មួយ​ចំនួន​ដែល​នាង​ដឹង​ថា​ខុស ។ នាង​មាន​អារម្មណ៍​សោកស្តាយ និង​ឃ្លាតឆ្ងាយពី​ព្រះ ហើយ​ឆ្ងល់​ថា តើ​មាន​សេចក្ដី​សង្ឃឹម​សល់​សម្រាប់​នាង​ដែរ​ឬទេ ។

ដោយ​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃនេះ​អំពី​សិទ្ធិ​ជ្រើសរើស និង​សេចក្ដី​ប្រោសលោះ​តាមរយៈ​ព្រះគ្រីស្ទ សូម​សរសេរ​ចម្លើយ​មួយ​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​ម៉ារី​បាន ដែល​នឹង​លើក​ទឹកចិត្ត​នាង​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​មាន​ក្ដីសង្ឃឹម និង​សេចក្ដី​ជំនឿ ទោះបីជា​នាង​បាន​ធ្វើ​ការជ្រើសរើស​មិន​ល្អ​ក្នុង​អតីតកាល​ក៏​ដោយ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ នៅពេល​សិស្ស​ស្តាប់​ចម្លើយ​របស់​មិត្ត​រួមថ្នាក់​ពួកគេ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្រមៃ​ពី​អារម្មណ៍​របស់​ម៉ារី នៅពេល​ដែល​នាង​ស្ដាប់​ឮ​ពួកគេ ។

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​មកពី​ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) ដោយ​រកមើល​ជម្រើស​ដែល​អ្នក​អាច​លើក​ទឹកចិត្ត​ឲ្យ ម៉ារី ជ្រើសយក ។

ប្រធាន ថូម៉ាស អេស ម៉នសុន

នៅពេល​យើង​គិត​អំពី​ការសម្រេច​ចិត្ត​នានា ដែល​យើង​ធ្វើ​នៅក្នុង​ជីវិត​របស់​យើង​ជារៀងរាល់​ថ្ងៃ—មិន​ថា​ធ្វើ​ការសម្រេច​ចិត្ដ​នេះ ឬ​នោះ​ទេ—ប្រសិនបើ​យើង​ជ្រើសរើស​យក​ព្រះគ្រីស្ទ នោះ​យើង​នឹង​ធ្វើការ​ជ្រើសរើស​ត្រឹមត្រូវ ។ ( ថូម៉ាស អេស ម៉នសុន « Choices » Liahona ខែ មេសា ឆ្នាំ ២០១៦ ទំព័រ ៨៦ )

អ្នក​អាច​បញ្ចប់​មេរៀន​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ ចំពោះ​ការបំផុស​គំនិត​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​របស់​ពួកគេ ឬ​នៅ​កន្លែង​ណា​ដែល​ពួកគេ​នឹង​មើលឃើញ​វា​ម្ដងហើយ​ម្ដងទៀត​ពេញ​មួយ​សប្ដាហ៍​នេះ ។

រូបតំណាង​ការបំពាក់បំប៉នសូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ ៖ ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​មួយ​នៃ​ការប្រើ​ការបំផុស​គំនិត ដើម្បី​ជួយ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។ សម្រាប់​របៀប​បន្ថែម​ទៀត​អំពី​របៀប​បង្កើត​ការបំផុស​គំនិត ដែល​នឹង​ជួយ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ សូម​មើល​ការបំពាក់បំប៉ន « បង្កើត​ការបំផុស​គំនិត​ដែល​ជួយ​សិស្ស​ឲ្យ​និយាយ​ពី​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ » ។ ការបំពាក់បំប៉ន​នេះ​មាន​នៅក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ។

នៅ​សប្តាហ៍​នេះ ខ្ញុំ​នឹង​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​ខ្ញុំ​ដើម្បី​ជ្រើសរើស​យក​ព្រះគ្រីស្ទ​តាមរយៈ …