ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥៥—គោលលទ្ធិ និង​សេចក្តីសញ្ញា ៤១:១—១២ ៖ ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​នឹង​ប្រទានពរ​ដល់​យើង


« មេរៀន​ទី ៥៥—គោលលទ្ធិ និង​សេចក្តីសញ្ញា ៤១:១—១២ ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​នឹង​ប្រទានពរ​ដល់​យើង⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤១:១–១២ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៥៥ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៤១–៤៤

គោលលទ្ធិ និង​សេចក្តីសញ្ញា ៤១

ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​នឹង​ប្រទានពរ​ដល់​យើង

ព្រះយេស៊ូវ​គ្រីស្ទ​ស្វាគមន៍​បុរស​ពិការ​ភ្នែក

នៅពេល​ព្យាការី​បាន​រួបរួមគ្នា​ជាមួយ​ពួកបរិសុទ្ធ​ដែល​កំពុង​រង​ទុក្ខ​លំបាក​នៅ​រដ្ឋ​អូហៃអូ ព្រះអម្ចាស់​បាន​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ប្រទានពរ​ដល់​អស់​អ្នក​ដែល​បាន​ស្ដាប់​តាម​ទ្រង់ ។ មេរៀន​នេះ​មាន​បំណង​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ជឿជាក់​ថា ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​ពួកគេ នៅពេល​ពួកគេ​ស្ដាប់ និង​គោរព​ប្រតិបត្តិ​តាម​ទ្រង់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

តើ​អ្នក​មាន​ទំនុកចិត្ត​ប៉ុនណា​ដែរ ថា … ?

សូម​គូស​ក្រាហ្វិច​មួយ​ដូច​ខាងក្រោម​នេះ​នៅលើ​ក្តារខៀន ៖

រង្វាស់​ពី​ទំនុក​ចិត្ត

សូម​ចង្អុល​ទៅ​ផ្នែក​ខាងស្តាំ​នៃ​មាត្រដ្ឋាន​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វីមួយ​ដែល​ពួកគេ​មាន​ទំនុកចិត្ត​លើ និង​មូលហេតុ ។

សូម​សរសេរ​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​យើង ប្រសិនបើ​យើង​ស្ដាប់ និង​គោរព​តាម​ទ្រង់ ។ សូម​ឲ្យ​សិស្ស​ប្រើ​រង្វាស់​នេះ ដើម្បី​ចាត់​ចំណាត់ថ្នាក់​ទំនុកចិត្ត​របស់​ខ្លួន​ទៅលើ​សេចក្ដី​ថ្លែងការណ៍​នេះ ក្នុង​ទំហំ​ពី ១ ទៅ ៥ ( ១ = មិន​មាន​ទំនុកចិត្ត និង ៥ = មាន​ទំនុកចិត្ត​ខ្លាំង​ណាស់ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​មូលហេតុ ដែល​ពួកគេ​បាន​ចាត់​ចំណាត់ថ្នាក់​ទំនុកចិត្ត​របស់​ពួកគេ តាម​របៀប​ដែល​ពួកគេ​បាន​ធ្វើ​នេះ ។

  • តើ​វា​អាច​ធ្វើឲ្យ​មាន​ភាពខុសគ្នា​ប៉ុនណា​ដែរ ក្នុង​ការមាន​ទំនុកចិត្ត​យ៉ាង​ខ្លាំង​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​អ្នក ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​ពួកគេ​ថា ទ្រង់​នឹង​ប្រទាន​ពរជ័យ​ដល់​ពួកគេ នៅពេល​ពួកគេ​ខិតខំ​ស្តាប់ និង​គោរព​តាម​ទ្រង់ ។

អាកប្បកិរិយា​របស់​ព្រះអម្ចាស់​ចំពោះ​ការប្រទាន​ពរជ័យ​ដល់​យើង

នៅ​ខែធ្នូ ឆ្នាំ១៨៣០ ព្រះអម្ចាស់​បានបង្គាប់​ពួកបរិសុទ្ធ​ឲ្យ​ផ្លាស់ទៅ​រដ្ឋ​អូហៃអូ ( សូម​មើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៧:៣ ) ។ មិន​យូរ​ប៉ុន្មាន​ក្រោយមក នៅ​ខែមករា និង​ខែកុម្ភៈ ឆ្នាំ១៨៣១ ព្យាការី យ៉ូសែប ស្ម៊ីធ និង​ភរិយា​របស់លោក អិមម៉ា បាន​ធ្វើ​ដំណើរ​រាប់​រយ​គីឡូម៉ែត្រ​ដើម្បី​ទៅកាន់​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ។ បន្ទាប់​មក ព្យាការី​បាន​ទទួល​វិវរណៈ​ដែល​ផ្តល់​នូវ​ការណែនាំ​មួយ​ចំនួន នៅពេល​ពួកបរិសុទ្ធ​មកពី​តំបន់​ផ្សេងទៀត​បាន​ចាប់ផ្ដើម​តាំង​លំនៅ​នៅ​ទីក្រុង​ខឺតឡង់ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤១:១ ដោយ​ស្វែងរក​អាកប្បកិរិយា​របស់​ព្រះអម្ចាស់ អំពី​ការប្រទាន​ពរជ័យ​ដល់​អស់​អ្នក​ដែល​បាន​ស្ដាប់​តាម​ទ្រង់ ។

រូបតំណាង​ការបំពាក់បំប៉នជួយ​សិស្ស​ឲ្យ​ស្គាល់​ឥទ្ធិពល​របស់​ព្រះអម្ចាស់ ៖ សម្រាប់​ការបំពាក់បំប៉ន​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​ឥទ្ធិពល​របស់​ព្រះអម្ចាស់​នៅក្នុង​ព្រះគម្ពីរ និង​ក្នុង​ជីវិត​ផ្ទាល់​របស់ពួកគេ​បន្ថែម​ទៀត សូម​មើល​ជំនាញ « សួរ​សំណួរ​ដែល​ផ្តោតលើ​ការភ្ជាប់​ព្រះចេស្តា សេចក្តី​មេត្តា​ករុណា និង​ឥទ្ធិពល​របស់​ព្រះអម្ចាស់​ទៅនឹង​សេចក្តីពិត​ដែល​បាន​បង្រៀន​នោះ » នៅក្នុង​ការបំពាក់​បំប៉ន​ដែល​មាន​ចំណងជើង​ថា « ជួយ​សិស្ស​ឲ្យ​ទទួល​ស្គាល់​សេចក្តី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ » ដែល​មាន​នៅក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ផ្តោតលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ សូម​សរសេរ​សេចក្ដីពិត​ដូច​តទៅនេះ​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​មាន​ព្រះទ័យ​រីករាយ​នឹង​ប្រទានពរ​ដល់​អស់​អ្នក​ដែល​ស្តាប់​តាម​ទ្រង់ ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​សេចក្ដីពិត​នេះ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

  • តើ​អ្នក​គិត​ថា រីករាយ​នឹង​អ្វីមួយ​មាន​ន័យ​យ៉ាងណា​ដែរ ?

  • តើ​អ្នក​គិត​ថា មាន​អ្វីខ្លះ​ដែល​ជា « អំណោយទាន​ដ៏មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំងឡាយ​នៃ​ព្រះ » ? ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១៤:៧ ) ។

  • តើ​មាន​របៀប​ណាខ្លះ​ដែល​យើង​អាច​ស្ដាប់​តាម​ទ្រង់​បាន ?

សូម​ស្តាប់​ចម្លើយ​របស់​សិស្ស ។ ប្រសិនបើ​វា​នឹង​មាន​ប្រយោជន៍ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ហើយ​ស្វែងរក​របៀប​ដែល​យើង​អាច​ស្តាប់​តាម​ព្រះអម្ចាស់​បាន ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ប្រធាន រ័សុល អិម ណិលសុន⁠

វា​ចំណាយ​ការខិតខំ​ដោយ​មនសិកា និង​ខ្ជាប់ខ្ជួន​ដើម្បី​បំពេញ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ដោយ​ព្រះបន្ទូល​របស់​ទ្រង់ ការបង្រៀន​របស់​ទ្រង់ និង​សេចក្ដីពិត​របស់​ទ្រង់ ។ …

យើង​អាច​ទៅ​រក​បទគម្ពីរ​ទាំងឡាយ ។ បទគម្ពីរ​បង្រៀន​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ វិសាលភាព​នៃ​ដង្វាយធួន​របស់​ទ្រង់ និង​ផែនការ​នៃ​សុភមង្គល និង​ប្រោសលោះ​ដ៏​មហិមា​របស់​ព្រះវរបិតា​យើង ។ … នៅពេល​យើង​ទទួល​ទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​ជា​ប្រចាំ​ថ្ងៃ ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​យើង​អំពី​របៀប​ដើម្បី​ឆ្លើយតប​ទៅនឹង​ការលំបាក ដែល​យើង​ពុំ​ធ្លាប់​គិត​ថា​យើង​នឹង​ជួប​នោះ​ទេ ។

យើង​ក៏​អាច ស្ដាប់​ទ្រង់ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​ដែរ ។ ដំណាក់​នៃ​ព្រះអម្ចាស់ គឺជា ដំណាក់​នៃ​ការរៀនសូត្រ ។ នៅទីនោះ ព្រះអម្ចាស់​បង្រៀន​តាម​របៀប​របស់​ទ្រង់​ផ្ទាល់ ។ …

… យើង ស្ដាប់​ទ្រង់ កាល​យើង​ផ្ទៀង​ស្ដាប់​ពាក្យ​សម្ដី របស់​ពួក​ព្យាការី អ្នកមើល​ឆុត និង​អ្នកទទួល​វិវរណៈ ។ ពួកសាវក​ដែល​បាន​តែងតាំង​ឡើង​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ តែងតែ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។ ពួកលោក​បង្ហាញ​ផ្លូវ នៅពេល​យើង​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីខ្វែងខ្វាត់​ដួងចិត្ត​តានតឹង​នៃ​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង ។ ( រ័សុល អិម​ណិលសុន « ចូរ​ស្ដាប់​តាម​ទ្រង់​ចុះ » លីអាហូណា ខែឧសភា ឆ្នាំ២០២០ ទំព័រ ៨៩–៩០ )

សូម​ពិចារណា​សុំឲ្យ​សិស្ស​រំឭក ខទី ១ ឡើងវិញ ដើម្បី​មើល​នូវ​អ្វី​ដែល​កើតឡើង​ចំពោះ​អស់​អ្នក​ដែល​បដិសេធ​មិន​ស្តាប់​តាម​ព្រះអម្ចាស់ ។ វា​អាច​មាន​ប្រយោជន៍ ដើម្បី​ចង្អុល​បង្ហាញ​ថា ពាក្យ « បណ្ដាសា » ដូច​បាន​ប្រើ​នៅក្នុង​ខគម្ពីរ​នេះ សំដៅ​ទៅលើ​ការកាត់​សេចក្ដី ឬ​ផលវិបាក​នានា ។

  • ហេតុអ្វី​វា​សំខាន់​ដើម្បី​ដឹង​ថា ការបដិសេធ​មិន​ស្តាប់​តាម​ព្រះអម្ចាស់​អាច​នាំឲ្យ​មាន​ផលវិបាក​អវិជ្ជមាន ?

គំរូ​អំពី​ព្រះអម្ចាស់​ប្រទាន​ពរជ័យ​ដល់​អស់​អ្នក​ដែល​ស្ដាប់​តាម​ទ្រង់

សូម​លើក​ទឹកចិត្ត​សិស្ស​ច្រើន​នាក់​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ។ ការចែកចាយ​អារម្មណ៍​រំភើប និង​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ អាច​ជួយ​ពួកគេ​ឲ្យ​យល់ពី​សេចក្ដី​រីករាយ​របស់​ព្រះអម្ចាស់​បាន ។ ការណ៍​នេះ​ក៏​អាចជា​ឱកាស​ដ៏ល្អ​មួយ ដើម្បី​ស្គាល់​សិស្ស​របស់​អ្នក​បាន​កាន់តែ​ច្បាស់​ផងដែរ ។

  • តើ​អ្នក​ស្រឡាញ់ ឬ​រីករាយ​នឹង​អ្វីខ្លះ ?

សូម​ពន្យល់​ថា មាន​គំរូ​ជាច្រើន​ពី​ព្រះអម្ចាស់​ដែល​ពិតជា​អរ​ព្រះទ័យ​ក្នុង​ការប្រទាន​ពរជ័យ​ដល់​អស់​អ្នក​ដែល​ស្តាប់​តាម​ទ្រង់ ។

សូម​អាន​ខគម្ពីរ​ខាងក្រោម​នេះ ដោយ​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់​ប្រទានពរ​ដល់​ពួកបរិសុទ្ធ​របស់​ទ្រង់ នៅពេល​ពួកគេ​ស្ដាប់​តាម​ទ្រង់ ។

សូម​ពិចារណា​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ទៅជា​ក្រុមៗ ដើម្បី​អាន​ខគម្ពីរ​ទាំងនេះ ហើយ​ឆ្លើយ​សំណួរ​ដែល​អម​មក​ជាមួយ ។ បន្ទាប់មក សិស្ស​អាច​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយគ្នា ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤១:២–៥

  • តើ​ការទទួល​បាន​ក្រឹត្យវិន័យ ឬ​ការណែនាំ​របស់​ព្រះអម្ចាស់​អាច​ជា​ពរជ័យ​មួយ​យ៉ាង​ដូចម្ដេច ? ( សូមមើល ខទី ៣ ) ។

  • តើ​ការគោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់ និង​ការក្លាយជា​សិស្ស​ដ៏​ប្រសើរ​របស់​ព្រះគ្រីស្ទ​អាច​ជួយ​ដល់​យើង​យ៉ាង​ដូចម្ដេច ? ( សូមមើល ខទី ៥ ) ។

សម្រាប់​គំរូ​នៅ​សម័យ​ទំនើប​មួយ សូមមើល​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ១៩១០–២០០៨ ) ចែកចាយ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​នរណាម្នាក់ដែល​បាន​ស្ដាប់ និង​គោរព​តាម​ទ្រង់ នៅក្នុង​វីដេអូ « We Walk by Faith » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ពី​នាទី​ទី ៧:៣០ ដល់​នាទី​ទី ១២:៣៩ ។

2:3

We Walk by Faith

We reach toward the unknown, but faith lights the way. If we will cultivate that faith, we shall never walk in darkness.

គំរូ​បន្ថែម​ទៀត

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក ឬ​គិតពី​គំរូ​បន្ថែម​ទៀត​យ៉ាង​ហោច​ណាស់​ចំនួន​ពីរ ដែល​បង្កើន​ទំនុក​ចិត្ត​របស់​ពួកគេ​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​ស្ដាប់​តាម​ទ្រង់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ការណែនាំ​របស់​ព្រះអម្ចាស់ ដើម្បី​ស្វែងរក​គំរូ​ដែល​នឹង​ប្រទាន​ពរ​ដល់​ពួកគេ និង​សិស្ស​នៅក្នុង​ថ្នាក់រៀន ។

  1. សូម​រកមើល​គំរូ​មួយ​មកពី​ព្រះគម្ពីរ ។ ការណ៍​នេះ​អាច​ជា ៖

    1. ដំណើររឿង​មួយ​អំពី​ពេល​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​បាន​ស្ដាប់ និង​គោរព​តាម​ទ្រង់ ។ ( គំរូ​មួយ​ចំនួន​អាច​មាន​ដូច​តទៅ​នេះ ៖ ណូអេ​សង់​ទូក​ធំ ហើយ​ត្រូវបាន​សង្គ្រោះ​ពី​ទឹក​ជំនន់ [ សូម​មើល លោកុប្បត្តិ ៦–៨ ]; ដេបូរ៉ា​គោរព​តាម​ការបង្គាប់​របស់​ព្រះអម្ចាស់​ដើម្បី​រំដោះ​អ៊ីស្រាអែល​ពី​សេវកភាព [ ពួកចៅហ្វាយ ៤:១–៨, ១៣–១៥ ]; ម៉ារា​ទទួល​យក​តួនាទី​ជា​ព្រះមាតា​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ទទួល​បាន​ពរជ័យ​ពី​ព្រះអម្ចាស់ [ លូកា ១:៣៨, ៤៦–៤៩ ]; នីហ្វៃ​ទទួល​បាន​ផ្ទាំង​លង្ហិន [ សូម​មើល នីហ្វៃ​ទី​១ ៣–៥ ]; យ៉ូសែប ស្ម៊ីធ អាច​ការពារ​ផ្ទាំង​ចំណារ​បាន [ សូម​មើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៤៦, ៦០ ]; យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ជ្រមុជ​ទឹក​ឲ្យ​គ្នា​ទៅវិញ​ទៅមក បន្ទាប់ពី​ទទួល​បាន​បព្វជិតភាព​អើរ៉ុន រួចហើយ​ទទួល​បាន​ការបើក​សម្ដែង​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ [ សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៦៨–៧៤ ] ) ។

    2. ខគម្ពីរ​មួយ ឬ​ច្រើន​ដែល​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​យើង នៅពេល​យើង​ស្ដាប់ និង​គោរព​តាម​ទ្រង់ ។ ( ឧទាហរណ៍​មួយ​ចំនួន​មាន​ដូចជា ម៉ាឡាគី ៣:១០; យ៉ូហាន ទី១ ៣:២២; យ៉ារ៉ុម ១:៩; ម៉ូសាយ ២:៤១; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:៣៨; ៨២:១០; ៨៩:១, ១៨–២១; ១៣០:២១ ) ។

  2. សូម​គិត​អំពី​ឧទាហរណ៍​បន្ថែម​ទៀត ។ ការណ៍​នេះ​អាច​ជា ៖

    1. បទពិសោធន៍​ផ្ទាល់ខ្លួន​មួយ នៅពេល​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​អ្នក ។

    2. បទពិសោធន៍​ពី​មិត្តភក្តិ ឬ​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់ ។

    3. សុន្ទរកថា​មួយ​មកពី​សន្និសីទ​ទូទៅ ។

    4. វីដេអូ​មួយ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ឧទាហរណ៍​របស់​ពួកគេ​ដាក់​នៅលើ​សន្លឹក​ក្រដាស​ផ្សេងៗ​គ្នា ។ សូម​ប្រាប់​សិស្ស​ថា អ្វី​ដែល​ពួកគេ​សរសេរ​អាច​ចែកចាយ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល​បាន ។ សូម​ប្រមូល​ក្រដាស​ទាំងនោះ​មក ច្របល់​វា​ចូលគ្នា រួចហើយ​រើសយក​ក្រដាស​ខ្លះ​មក ឬ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​រើសយក​ក្រដាស​ខ្លះ ។ អ្នក​ប្រហែល​ជា​ចង់​អាន​ឧទាហរណ៍​ម្ដង​មួយៗ ហើយ​សួរ​ថា តើ​សិស្ស​ដែល​បាន​សរសេរ​លើ​ក្រដាស​នេះ ចង់​ស្ម័គ្រចិត្ត​ឡើង​ចែកចាយ​ពី​មូលហេតុ​ដែល​ពួកគេ​បាន​ជ្រើសរើស​យក​គំរូ​នោះ​ដែរ​ឬទេ ។ សូម​សួរ​ថា តើ​ឧទាហរណ៍​នេះ​អាច​បង្កើន​ទំនុក​ចិត្ត​របស់​សិស្ស​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ពួកគេ នៅពេល​ពួកគេ​ស្ដាប់​តាម​ទ្រង់​យ៉ាង​ដូចម្ដេច ។ នៅពេល​សិស្ស​ចែកចាយ សូម​អរគុណ​ពួកគេ​ចំពោះ​ការខិតខំ​របស់​ពួកគេ ហើយ​ព្យាយាម​ជួយ​ពួកគេ​ឲ្យ​យល់ពី​សារៈសំខាន់​ក្នុង​ការចែកចាយ​គំនិត និង​បទពិសោធន៍​របស់​ពួកគេ​នៅក្នុង​ថ្នាក់រៀន ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​កត់ត្រា​គំនិត និង​អារម្មណ៍​របស់​អ្នក​អំពី​ព្រះអម្ចាស់​ដែល​ប្រទាន​ពរ​ដល់​យើង នៅពេល​យើង​ស្ដាប់​តាម​ទ្រង់ ។ តើ​អ្នក​មាន​ទំនុកចិត្ត​ថា ទ្រង់​នឹង​ប្រទានពរ​ដល់​អ្នក​ដែរ​ឬទេ ? តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​អ្នក ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ទទួល​អារម្មណ៍​នៅក្នុង​ថ្នាក់រៀន​នៅ​ថ្ងៃនេះ ។ សូម​ចែកចាយ​ទីបន្ទាល់ និង​ទំនុកចិត្ត​របស់​អ្នក​ផ្ទាល់​ថា ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​យើង នៅពេល​យើង​ស្ដាប់​តាម​ទ្រង់ ។