ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៧២—គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:៣៨–៦០ ៖ « អ្នកណា​ដែល​ប្រែចិត្ត … នោះ​ឈ្មោះ​ថា​បាន​អត់ទោស​ឲ្យ​ហើយ »


« មេរៀន​ទី ៧២—គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:៣៨–៦០ ៖ ‹ អ្នកណា​ដែល​ប្រែចិត្ត … នោះ​ឈ្មោះ​ថា​បាន​អត់ទោស​ឲ្យ​ហើយ ›⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:៣៨–៦០ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៧២ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៨–៥៩

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៩:៣៨–៦០

« អ្នកណា​ដែល​ប្រែចិត្ត … នោះ​ឈ្មោះ​ថា​បាន​អត់ទោស​ឲ្យ​ហើយ »

ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ

សូម្បីតែ​សិស្ស​ដែល​ស្មោះត្រង់​បំផុត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក៏​ត្រូវការ​ការប្រែចិត្ដ និង​ការអភ័យទោស​ដែរ ។ នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨ ព្រះយេស៊ូវ​គ្រីស្ទ​បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​ជាច្រើន​នាក់​ឲ្យ​ប្រែចិត្ត ហើយ​បាន​សន្យា​ថា​នឹង​អភ័យទោស​ដល់​អំពើបាប​របស់​ពួកគេ ប្រសិនបើ​ពួកគេ​នឹង​គោរព​តាម ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ថា ព្រះអង្គ​សង្រ្គោះ​នឹង​អភ័យទោស​ឲ្យ​អស់​អ្នក​ដែល​ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

រង​របួស

សូម​ពិចារណា​ចាប់ផ្ដើម​ថ្នាក់​ដោយ​បង្កើត​ការពិភាក្សា​មួយ អំពី​តម្រូវការ​របស់​យើង​ដើម្បី​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ​អភ័យទោស​ដល់​អំពើបាប​របស់​យើង ។

របៀប​មួយ​ដើម្បី​ធ្វើ​បែប​នេះ​បាន គឺ​ត្រូវ​បង្ហាញ​រូបភាព​ខាងក្រោម ឬ​គូរ​រូប​របស់​ក្មេង​ជំទង់​ម្នាក់​នៅលើ​ក្ដារខៀន ។ ដើម្បី​បង្កើត​ចំណាប់​អារម្មណ៍ អ្នក​អាច​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ដាក់​ឈ្មោះ​ឲ្យ​គាត់ ហើយ​បង្កើត​ព័ត៌មាន​លម្អិត​មួយ​ចំនួន​អំពី​ជីវិត​របស់​គាត់ មុន​នឹង​ចែកចាយ​ស្ថានភាព​ដូច​ខាងក្រោម​នេះ ។

ក្មេង​ប្រុស​ជំទង់​កំពុង​ញញឹម

សូម​ស្រមៃ​ថា មិត្តភក្ដិ​របស់​អ្នក​បាន​ប្រាប់​អ្នក​ថា គាត់​បាន​ធ្លាក់​ពី​របង​កាលពី​យប់​មិញ ។ គាត់​មាន​អារម្មណ៍​ថា​ឈឺ​ខ្លាំង នៅពេល​គាត់​ដក​ដង្ហើម ហើយ​គិត​ថា ដៃ​របស់​គាត់​បាន​បាក់ ។ គាត់​បាន​សម្រេច​ចិត្ត​មិន​ទៅ​ជួប​គ្រូពេទ្យ​ទេ ដោយសារ​គាត់​ព្រួយ​បារម្ភ​ថា គ្រូពេទ្យ និង​អ្នកផ្សេងទៀត​នឹង​ខកចិត្ត ប្រសិនបើ​ពួកគេ​ដឹង​ថា គាត់​ជ្រើសរើស​ទៅ​ជិត​របង​ដ៏​គ្រោះថ្នាក់​នោះ ។ ដូច្នេះ គាត់​មាន​គម្រោង​រក្សា​ការឈឺចាប់​របស់​គាត់​ទុកជា​ការសម្ងាត់ ដោយ​សង្ឃឹម​ថា អ្វីៗ​គ្រប់យ៉ាង​នឹង​ជាសះស្បើយ​បាន​ត្រឹមត្រូវ​ទាន់​ពេលវេលា ។

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​អំពី​គម្រោង​របស់​មិត្តភក្ដិ​អ្នក ? ហេតុអ្វី ?

ឥឡូវ​នេះ សូម​ស្រមៃ​ពី​ស្ថានភាព​ស្រដៀង​គ្នា​នេះ ប៉ុន្តែ​លើក​នេះ មិត្តភក្ដិ​របស់​អ្នក​ប្រាប់​អ្នក​ថា គាត់​បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​មួយ ។ ជាជាង​ធ្វើតាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ការប្រែចិត្ដ នោះ​គាត់​បាន​សម្រេច​ចិត្ត​បិទបាំង​អំពើបាប​របស់​គាត់ ហើយ​សង្ឃឹម​ថា អ្វីៗ​នឹង​ល្អប្រសើរ​ឡើង​តាម​ពេលវេលា ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​សំណួរ ឬ​កង្វល់​ផ្សេងៗ​ជាច្រើន ដែល​អាច​ជះ​ឥទ្ធិពល​ដល់​យុវវ័យ​ម្នាក់មិន​ឲ្យ​ធ្វើ​ការប្រែចិត្ត ។

  • តើ​អ្នក​នឹង​ផ្តល់​ការប្រឹក្សា​អ្វីខ្លះ​ដល់​មិត្តភក្ដិ​របស់​អ្នក ?

ព្រះអង្គ​សង្គ្រោះ​បង្រៀន​អំពី​ការប្រែចិត្ត

សូម​ពន្យល់​ថា នៅ​ឆ្នាំ ១៨៣១ យ៉ូសែប ស្ម៊ីធ និង​ពួក​អែលឌើរ​ផ្សេងទៀត​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​មិសសួរី ជា​កន្លែង​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​អ្នកខ្លះ​បន្ដ​នៅ និង​សាងសង់​ទីក្រុង​ស៊ីយ៉ូន ។ ជា​ផ្នែក​មួយ​នៃ​សេចក្ដី​ណែនាំ​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​បាន​ទូន្មាន​ពួកគេ​មួយ​ចំនួន​ឲ្យ​ប្រែចិត្ត​ពី​អំពើ​ខុសឆ្គង​របស់​ពួកគេ ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:១៤–១៥, ៣៨–៤១, ៦០ ) ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៨:៦០ ដើម្បី​មើល​ដំបូន្មាន​របស់​ព្រះអម្ចាស់​ចំពោះ​បុរស​ម្នាក់​ឈ្មោះ ស៊ីបា ភីតើសុន ។

  • តើ​អ្នក​គិត​ថា ស៊ីបា អាច​មាន​ការយល់ខុស​អ្វីខ្លះ​អំពី​ព្រះ ឬ​អំពី​ការប្រែចិត្តដែល​បាន​បណ្ដាល​ឲ្យ​គាត់​លាក់បាំង​អំពើបាប​របស់​គាត់ ? ( អ្នក​ប្រហែល​ជា​ចង់​អាន​ដំបូន្មាន​របស់​អាលម៉ា​ទៅកាន់​កូនប្រុស​របស់​លោក អំពី​លទ្ធផល​នៃ​ការព្យាយាម​លាក់បាំង​អំពើបាប​របស់​យើង ។ សូមមើល អាលម៉ា ៣៩:៧–៩ ) ។

  • តើ​ការយល់ខុស​មួយណា​ក្នុង​ចំណោម​ការយល់ខុស​ទាំងនេះ ដែល​អ្នក​គិត​ថា​មនុស្ស​នៅតែ​មាន​នៅ​សព្វថ្ងៃ​នេះ ?

សូម​ពិចារណា​បង្ហាញ​ការបំផុស​គំនិត​ខាងក្រោម​នេះ ហើយ​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​ធ្វើការ​ជញ្ជឹង​គិត​ផ្ទាល់ខ្លួន ឬ​សរសេរ​គំនិត​របស់​ពួកគេ​ទុក ។

បន្ទាប់​មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ការបង្រៀន​នៅ​អំឡុង​មេរៀន​នេះ ដែល​អាច​ជួយ​ដល់​ពួកគេ​នៅក្នុង​កិច្ច​ខិតខំ​របស់​ពួកគេ​ដើម្បី​ប្រែចិត្ត​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។

សូម​ជញ្ជឹងគិត​ថា តើ​មាន​អំពើបាប​ណាមួយ​ដែល​អ្នក​ស្ទាក់ស្ទើរ​ក្នុង​ការប្រែចិត្ត​ដែរ​ឬទេ ។ បើ​មាន សូម​គិត​អំពី​ហេតុផល​របស់​អ្នក​ដែល​អ្នក​មាន​ការស្ទាក់ស្ទើរ​នេះ ។

សំណួរ និង​ចម្លើយ

នៅពេល​សិស្ស​សិក្សា​វគ្គបទគម្ពីរ​ខាងក្រោម​នេះ អ្នក​អាច​ចង់​រំឭក​ពួកគេ​អំពី​សំណួរ ឬ​កង្វល់​ជាក់លាក់​ស្ដីពី​ការប្រែចិត្ត ដែល​ពួកគេ​បាន​ចែកចាយ​កាល​ពីមុន​នៅក្នុង​មេរៀន​នេះ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:៤២–៤៣ ហើយ​រកមើល​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ជួយ​ឆ្លើយ​សំណួរ និង​កង្វល់​នានា ដែល​មនុស្ស​មួយ​ចំនួន​អាច​មាន​អំពី​ការប្រែចិត្ត ។

រូបតំណាង​ចំណេះចំណាន​ខាង​គោលលទ្ធិគោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:៤២–៤៣ គឺជា​វគ្ក​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

សូម​បែងចែក​សិស្ស​ឲ្យ​ធ្វើការ​ជា​ក្រុមតូចៗ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ឃ្លា​មកពី ខទី ៤២–៤៣ ដែល​ជួយ​ពួកគេ​ឲ្យ​ឆ្លើយ​សំណួរ ឬ​កង្វល់​ជាក់លាក់ ឬ​ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។ បន្ទាប់មក សូម​ឲ្យ​ក្រុម​ទាំងឡាយ​ចែកចាយ​ជាមួយ​មិត្ត​រួម​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ នៅពេល​សិស្ស​ចែកចាយ សូម​ប្រាកដ​ថា ពួកគេ​យល់​ថា ប្រសិនបើ​យើង​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង នោះ​ព្រះអម្ចាស់​នឹង​អភ័យទោស​ឲ្យ​យើង ហើយ​ថា ដើម្បី​ប្រែចិត្ត ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​សារភាព និង​បោះបង់​អំពើបាប​របស់​យើង​ចោល ។

  • តើ​សេចក្ដីពិត​ទាំងនេះ​អាច​ជួយ​ដោះស្រាយ​កង្វល់​នានា ដែល​មនុស្ស​អាច​មាន​អំពី​ការប្រែចិត្ត​បាន​យ៉ាង​ដូចម្ដេច ?

ប្រសិនបើ​សិស្ស​មាន​សំណួរ​អំពី​ការប្រែចិត្ត ដែល​ខគម្ពីរ​ទាំងនេះ​មិន​បាន​ឆ្លើយតប សូម​កំណត់​ថា តើ​វា​ល្អ​បំផុត​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រកឃើញ​ចម្លើយ​ជា​ផ្នែក​មួយ​នៃ​មេរៀន​នេះ នៅ​អំឡុង​ពេល​មេរៀន​ក្រោយៗ ឬ​តាមរយៈ​ការផ្តល់​យោបល់​អំពី​ប្រភព​ដែល​បាន​តែងតាំង​ដោយ​ព្រះ ដែល​ពួកគេ​អាច​ស្វែងរក​ចម្លើយ​ដោយ​ខ្លួនឯង​បាន ។

ចំណាំ ៖ មាន​សេចក្តី​ថ្លែងការណ៍​នៅក្នុង​ផ្នែក « ធនធាន​បន្ថែម​ទាំងឡាយ » ដែល​អាច​ជួយ​បាន ប្រសិនបើ​សិស្ស​មាន​សំណួរ​អំពី​គោលគំនិត​ជាក់លាក់​នៅក្នុង​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ ដូចជា​ការសារភាព ឬ​ការបោះបង់​ចោល​អំពើបាប​ជាដើម ) ។

ព្រះអម្ចាស់​អភ័យទោស

ផ្នែក​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ថា ព្រះអង្គ​សង្គ្រោះ​ពិតជា​អភ័យទោស​ឲ្យ​អស់​អ្នក​ដែល​ប្រែចិត្ត​មែន ។ សូម​អធិស្ឋាន​កំណត់​ថា តើ​ធនធាន និង​យោបល់​មួយណា​ដែល​នឹង​ជួយ​សិស្ស​របស់​អ្នក​បាន​ល្អ​បំផុត ដើម្បី​ឲ្យ​ពួកគេ​រៀបចំ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សកម្មភាព​ខាងក្រោម​នេះ​ប្រកប​ដោយ​ជោគជ័យ ។

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​រៀបចំ​ចម្លើយ​មួយដែល​អ្នក​អាច​ចែកចាយ​ជាមួយ​នរណា​ម្នាក់​ដែល​ព្រួយ​បារម្ភ​ថា គាត់​មិន​អាច​ទទួល​បាន​ការអភ័យទោស​ឡើយ ។ តើ​អ្នក​អាច​ចែកចាយ​អ្វីខ្លះអំពី​ធម្មជាតិ​របស់​ព្រះអង្គ​សង្គ្រោះ និង​ការសន្យា​ទាំងឡាយ ដែល​អាច​ជួយ​បុគ្គល​នេះ​ឲ្យ​យកឈ្នះ​លើ​កង្វល់​នានា​បាន ? សូម​ជ្រើសរើស​យក​ជម្រើស​មួយ​ចំនួន​នៅ​ខាងក្រោម​នេះ ដើម្បី​ជួយ​ឲ្យ​អ្នក​រៀបចំ​ចម្លើយ​របស់​អ្នក ៖

  1. ព្រះគម្ពីរ ៖ សូម​ស្រាវជ្រាវ​ក្នុង​ព្រះគម្ពីរ​រកមើល​វគ្គ​បទគម្ពីរ​ដែល​មាន​ការសន្យា​របស់​ព្រះអម្ចាស់​ចំពោះ​អស់​អ្នក​ដែល​ប្រែចិត្ត ឬ​រកមើល​ដំណើររឿង​នានា​ដែល​បង្ហាញ​ពី​ព្រះទ័យ​របស់​ទ្រង់​ដើម្បី​អភ័យទោស ។ បញ្ជី​នៃ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) អាច​មាន​ប្រយោជន៍ ។ អ្នក​អាច​ពិចារណា​ធ្វើ​សេចក្ដីយោង​ឆ្លង ឬ​ដាក់​តំណភ្ជាប់​បទគម្ពីរ​មួយ​ចំនួន​ទាំងនេះ​ទៅនឹង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:៤២–៤៣ ។

  2. ភស្តុតាង​ផ្ទាល់ខ្លួន ៖ សូម​គិត​អំពី​គំរូ​ដែល​អ្នក​បាន​ធ្វើជា​សាក្សី​នៃ​ព្រះទ័យ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​អភ័យទោស និង​ជួយ​នរណា​ម្នាក់​ឲ្យ​ផ្លាស់ប្ដូរ ។ ( សូម​កុំ​ចែកចាយ​ឈ្មោះ ឬ​ព័ត៌មាន​លម្អិត​នៃ​អំពើបាប​ឡើយ )

  3. ផ្នែក « ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយ​អ្នក » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើការ​ជ្រើសរើស ( [ឆ្នាំ ២០២២ ] ទំព័រ ៦–៩ ) ៖ សូម​រកមើល​សេចក្ដីពិត​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​យើង ។

  4. ព្យាការី​សម័យ​ទំនើប ៖ សូម​ស្វែងរក​សេចក្ដី​ថ្លែងការណ៍​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​សម័យ​ទំនើប ដែល​ជួយ​យើង​ឲ្យ​យល់ពី​ធម្មជាតិ​ដ៏​អភ័យទោស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ខាងក្រោម​នេះ​គឺជា​គំរូ​មួយ​មកពី​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដែល​អ្នក​អាច​ជ្រើសរើស​ចែកចាយ​ជាមួយ​សិស្ស​របស់​អ្នក​បាន ៖

14:11
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ ប្រសិន​បើ​ព្រះអង្គសង្គ្រោះ​គង់​នៅ​ទីនេះ​ឥឡូវ​នេះ តើ​ទ្រង់​នឹង​មាន​បន្ទូល​អ្វី​ខ្លះ​ទៅ​កាន់​អ្នក ? …

… អ្នក​ប្រហែល​ជា​ចងចាំ​ពី​កំហុស​ដែល​អ្នក​បាន​ធ្វើ គ្រា​នានា​ដែល​អ្នក​បាន​ធ្លាក់​ទៅ​ក្នុង​ការល្បួង កិច្ចការ​ដែល​អ្នក​មិន​ចង់​ធ្វើ—ឬ​បាន​ប៉ង​ប្រាថ្នា​ថា អ្នក​ចង់​ធ្វើ​វា​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង ។

ព្រះអង្គ​សង្គ្រោះ​បាន​ជ្រាប​ដឹងពី​រឿង​នោះ ហើយ​ខ្ញុំ​ជឿ​ថា ទ្រង់​បាន​បញ្ជាក់​ដល់​អ្នក​ជា​មួយ​ព្រះបន្ទូល​ដែល​ទ្រង់​បាន​មាន​បន្ទូល​នៅក្នុង​ព្រះគម្ពីរ​ថា ៖

« ចូរ​កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ » [ លូកា ៥:១០ ] ។

« ចូរ​កុំ​សង្ស័យ » [ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:៣៦ ] ។

« ចូរ​សង្ឃឹម​ឡើង » [ ម៉ាថាយ ១៤:២៧ ] ។

« កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ » [ យ៉ូហាន ១៤:១, ២៧ ] ។

ខ្ញុំ​មិន​គិត​ថា ទ្រង់​នឹង​បដិសេធ​ចំពោះ​កំហុស​របស់​អ្នក​ទេ ។ ទ្រង់​នឹង​មិន​កាត់​បន្ថយ​កំហុស​ទាំងនោះ​ឡើយ ។ ទេ ទ្រង់​នឹង​សុំ​ឲ្យ​អ្នក​ប្រែចិត្ត—ពោល​គឺ​លះបង់​ចោល​អំពើ​បាប​របស់​អ្នក និង​ផ្លាស់ប្ដូរ ដើម្បី​ទ្រង់​អាច​អភ័យទោស​ដល់​អ្នក​បាន ។ ទ្រង់​នឹង​រំឭក​អ្នក​ថា កាល​ពី ២០០០ ឆ្នាំ​មុន ទ្រង់​បាន​យក​អំពើបាប​ទាំង​នោះ​ដាក់​លើ​ព្រះអង្គ​ទ្រង់ ដើម្បី​ឲ្យ​អ្នក អាច ប្រែចិត្ត​បាន ។ នោះ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​នៃ​សុភមង្គល ដែល​បាន​ប្រទាន​ដល់​យើង​ពី​ព្រះវរបិតាសួគ៌​ដ៏​ពេញ​ដោយ​ក្តី​ស្រឡាញ់ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​នៃ​យុវជន » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ⁠ទំព័រ ៩ )

បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​រៀបចំ​ចម្លើយ​របស់​ពួកគេ​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ក្នុង​ក្រុម​តូចៗ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ដើម្បី​ឲ្យ​អ្នក​ទាំងអស់​ណា​ដែល​ចង់​ចែកចាយ​នឹង​មាន​ឱកាស​ចែកចាយ ។

អ្នក​ក៏​អាច​ពិចារណា​បង្ហាញ​វីដេអូ « The Savior Wants to Forgive » ( ៥:៥០ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org បាន​ផងដែរ ទុក​ជា​គំរូ​មួយ​នៃ​បំណង​ប្រាថ្នា​ដ៏​ឥត​ឈប់ឈរ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការអភ័យទោស ។

សូម​ពិចារណា​បញ្ចប់​មេរៀន​នេះ​ជាមួយ​នឹង​ទីបន្ទាល់​របស់​អ្នក អំពី​ធម្មជាតិ​នៃ​ការអភ័យទោស​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ប្រែចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​លើ​សេចក្ដី​សន្យា​របស់​ទ្រង់ ។

5:50

ទន្ទេញ

អ្នក​អាច​នឹង​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅ​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឹះ​គឺ « មើល​ចុះ អ្នកណា​ដែល​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់​ខ្លួន អ្នក​នោះ​ឈ្មោះ​ថា​បាន​អត់ទោស​ឲ្យ​ហើយ » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ មាន​នៅក្នុង​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។