« មេរៀនទី ៧៣—គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩ ៖ ថ្ងៃរបស់ព្រះអម្ចាស់ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៧៣—គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨–៥៩
គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩
ថ្ងៃរបស់ព្រះអម្ចាស់
នៅឆ្នាំ ១៨៣១ ព្រះអម្ចាស់បានហៅពួកបរិសុទ្ធមួយចំនួនឲ្យផ្លាស់ទៅស្រុកចាកសុន រដ្ឋមិសសួរី ដើម្បីបង្កើតក្រុងស៊ីយ៉ូន ។ ខណៈដែលព្យាការី យ៉ូសែប ស្ម៊ីធ បាននៅជាមួយពួកបរិសុទ្ធទាំងនេះ លោកបានទទួលការណែនាំមកពីព្រះអម្ចាស់អំពីការរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធ ។ មេរៀននេះអាចជួយសិស្សឲ្យគោរពព្រះអម្ចាស់ តាមរយៈការជ្រើសរើសរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការសម្រេចចិត្តអំពីថ្ងៃឈប់សម្រាក
សូមជួយសិស្សឲ្យគិតអំពីពរជ័យ និងឧបសគ្គមួយចំនួននៃការគោរពតាមបទបញ្ញត្តិឲ្យរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធ ។ អ្នកអាចប្រើបទពិសោធន៍ខាងក្រោមនេះ ដែលបានចែកចាយក្នុងសន្និសីទទូទៅ ។ ការគិតអំពីស្ថានភាពរបស់អ្នកផ្សេងទៀតអាចជួយរៀបចំសិស្សឲ្យពិចារណាអំពីគំនិត អារម្មណ៍ និងសកម្មភាពរបស់ពួកគេផ្ទាល់ ។
អែលឌើរ លែរី វ៉ាយ វីលសិន នៃពួកចិតសិបនាក់បានចែកចាយបទពិសោធន៍ដូចខាងក្រោមនេះ ៖
ដោយគោលការណ៍នៃសេចក្ដីសុចរិតប៉ុណ្ណោះ
កូនស្រីរបស់យើង ម៉ារី គឺជាកីឡាករបាល់ទាត់ដ៏ឆ្នើមពេលធំឡើង ។ នៅឆ្នាំមួយ ក្រុមរបស់នាងបានឈានទៅដល់ការប្រកួតជើងឯក ហើយអ្នកនឹងមិនដឹងទេថា ការប្រកួតត្រូវលេងនៅថ្ងៃអាទិត្យ ។ កាលនៅវ័យជំទង់ ម៉ារីបានទទួលការបង្រៀនជាច្រើនឆ្នាំថា ថ្ងៃឈប់សម្រាកគឺជាថ្ងៃមួយសម្រាប់សម្រាក និងការបង្កើនកម្លាំងខាងវិញ្ញាណ មិនមែនសម្រាប់ការកម្សាន្ដនោះទេ ។ ប៉ុន្តែនាងនៅតែមានអារម្មណ៍ថាមានសម្ពាធពីគ្រូបង្វឹក និងមិត្តរួមក្រុមរបស់នាងឲ្យលេង ព្រមទាំងមានបំណងមិនចង់ធ្វើឲ្យក្រុមរបស់នាងខកចិត្តទេ ។ ( លែរី វ៉ាយ វីលសិន « Only upon the Principles of Righteousness » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ១០៤–៥ )
-
ហេតុអ្វីមនុស្សមួយចំនួនអាចមើលទៅរឿងនេះថាជាការសម្រេចចិត្តដ៏សំខាន់មួយក្នុងជីវិតរបស់ម៉ារី ខណៈដែលអ្នកផ្សេងទៀតមិនគិតយ៉ាងដូច្នោះ ?
-
ប្រសិនបើអ្នកជាម៉ារី តើអ្នកគិតថាអ្វីទៅដែលសំខាន់ដើម្បីពិចារណា មុននឹងធ្វើការសម្រេចចិត្តនេះ ?
សូមគិតមួយភ្លែតអំពីការសម្រេចចិត្តដែលអ្នកធ្វើនៅថ្ងៃឈប់សម្រាក ។ ជាទូទៅ តើអ្នកធ្វើអ្វីខ្លះដើម្បីណែនាំជម្រើសរបស់អ្នក ? កាលអ្នកសិក្សានៅថ្ងៃនេះ សូមស្វែងរកការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យដឹងអំពីមូលហេតុដើម្បីរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធ និងរបៀបដែលអ្នកអាចធ្វើដូច្នោះបាន ។
បទបញ្ញត្តិ និងពរជ័យរបស់ព្រះអម្ចាស់
កថាខណ្ឌខាងក្រោមនេះអាចផ្ដល់ជាបរិបទសម្រាប់ គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩ ។
ទោះបីជាសុខភាពរបស់គាត់បានចុះអន់ថយនៅអាយុ ៥៥ ឆ្នាំ យ៉ាងណាក្តីក៏ ផលី្ល ណៃត៍ បានចាកចេញពីផ្ទះរបស់ខ្លួននៅភូមិខូលស្វិល រដ្ឋញូវយ៉ក ដោយបានប្តេជ្ញាចិត្តគោរពព្រះអម្ចាស់ ហើយមកដែនដីស៊ីយ៉ូនដែរ ។ ផល្លីបានទៅដល់ដែនដីស៊ីយ៉ូន ( ស្រុកចាកសុន រដ្ឋមិសសួរី ) ហើយបានទទួលមរណភាពពីរបីថ្ងៃក្រោយមក ។ នៅថ្ងៃបុណ្យសពរបស់គាត់ នៅថ្ងៃអាទិត្យ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានបង្រៀននូវសេចក្ដីពិតដែលអាចលួងលោមដល់គ្រួសាររបស់ផល្លីបាន ( សូមមើល ខទី ១–២ ) ។ ទ្រង់ក៏បានមានបន្ទូលអំពីបទបញ្ញត្តិរបស់ទ្រង់ ដោយសង្កត់ធ្ងន់លើថ្ងៃឈប់សម្រាកផងដែរ ។ ព្រះអម្ចាស់បានសន្យានូវពរជ័យអស្ចារ្យជាច្រើនដល់អស់អ្នកដែលរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធ ។
សូមពិចារណាគូរជួរឈរពីរដាក់នៅលើក្ដារខៀន ដែលមានចំណងជើងថា សេចក្ដីណែនាំ និង ពរជ័យ ។ សូមអញ្ជើញសិស្សឲ្យសិក្សាខគម្ពីរខាងក្រោមនេះនៅក្នុងក្រុមតូចៗ ហើយសរសេរក្នុងជួរឈរនៅលើក្ដារខៀននូវអ្វីដែលពួកគេរកឃើញ ។ ពួកគេក៏អាចបង្កើតបញ្ជីស្រដៀងគ្នានេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេផងដែរ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩:៩–២០ ហើយធ្វើបញ្ជីពីរ ដែលបញ្ជីមួយស្ដីពីសេចក្ដីណែនាំដែលព្រះអម្ចាស់ប្រទានសម្រាប់សកម្មភាព និងអាកប្បកិរិយារបស់យើងនៅថ្ងៃឈប់សម្រាក និងបញ្ជីមួយទៀតអំពីពរជ័យដែលទ្រង់ប្រទានដល់យើង ។
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀន ។ សូមផ្តល់ឱកាសឲ្យពួកគេសួរសំណួរដែលពួកគេអាចមានផងដែរ ហើយពិភាក្សាអំពីសំណួររបស់សិស្សជាមួយគ្នា ។ វាអាចមានប្រយោជន៍សម្រាប់សិស្ស ដើម្បីស្វែងរកនិយមន័យនៃពាក្យពិបាកៗតាមដែលចាំបាច់ ។ សិស្សអាចពិភាក្សា និងស្វែងយល់ពីអត្ថន័យនៃការ « ថ្វាយភក្ដីភាពរបស់អ្នកដល់ព្រះដ៏ខ្ពស់បំផុត » ( ខទី ១០ ) និងការ « ថ្វាយដង្វាយទាំងឡាយរបស់អ្នក និងសាក្រាម៉ង់ទាំងឡាយរបស់អ្នកដល់ព្រះដ៏ខ្ពស់បំផុត » ( ខទី ១២ ) ។ អ្នកអាចជួយណែនាំការពិភាក្សារបស់សិស្សជាមួយនឹងសំណួរដូចខាងក្រោម ៖
-
តើយើងអាចរកឃើញសេចក្ដីពិតអ្វីខ្លះ ចេញពីខគម្ពីរទាំងនេះអំពីគោលបំណងនៃថ្ងៃឈប់សម្រាក ?
សូមអញ្ជើញសិស្សឲ្យចែកចាយសេចក្ដីពិតនានា ដែលពួកគេបានរកឃើញ ។ អ្នកអាចសុំឲ្យសិស្សពិភាក្សាអំពីមូលហេតុដែលពួកគេគិតថា សេចក្ដីពិតដែលពួកគេបានរកឃើញនោះ គឺសំខាន់ ។ ជាមួយនឹងសេចក្ដីពិតផ្សេងទៀតដែលសិស្សចែកចាយ សូមជួយសិស្សក្នុងថ្នាក់ឲ្យរកឃើញ និងពិភាក្សាថា ថ្ងៃឈប់សម្រាកគឺជាថ្ងៃមួយដើម្បីឲ្យយើងបង្ហាញភក្ដីភាពរបស់យើងចំពោះព្រះ ( សូមមើល ខទី ១០ ) ។
-
តើការមានពេលមួយថ្ងៃដើម្បីផ្តោតទៅលើសេចក្ដីស្រឡាញ់ និងភក្ដីភាពរបស់អ្នកចំពោះព្រះ អាចជួយដល់អ្នកក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
ការគោរពព្រះអម្ចាស់នៅថ្ងៃឈប់សម្រាក
សកម្មភាពខាងក្រោមនេះអាចជួយសិស្សឲ្យយល់អំពីរបៀបដែលពួកគេអាចគោរពព្រះអម្ចាស់បាន តាមរយៈជម្រើសរបស់ពួកគេនៅថ្ងៃឈប់សម្រាក ។ អ្នកអាចចង់សរសេរសំណួរសម្ភាសន៍យកប័ណ្ណចូលព្រះវិហារបរិសុទ្ធខាងក្រោមនេះដាក់នៅលើក្ដារខៀន ។
ក្នុងអំឡុងពេលសម្ភាសន៍ដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ អ្នកនឹងត្រូវបានសួរថា
« តើអ្នកព្យាយាមដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ទាំងនៅក្នុងគេហដ្ឋាន និងនៅព្រះវិហារ ចូលរួមការប្រជុំរបស់អ្នក រៀបចំខ្លួន និងមានភាពស័ក្ដិសមទទួលទានសាក្រាម៉ង់ ហើយរស់នៅក្នុងជីវិតរបស់អ្នកស្របទៅតាមក្រឹត្យវិន័យ និងបទបញ្ញត្តិទាំងឡាយនៃដំណឹងល្អដែរឬទេ ? »
ដើម្បីជួយអ្នកឲ្យគិតអំពីរបៀបដែលអ្នកអាចគោរពតាមបទបញ្ញត្តិឲ្យរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធ សូមសរសេរគំនិតនានានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក អំពីរបៀបដែលអ្នកអាចគោរពព្រះអម្ចាស់បាន តាមរយៈការរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធ ។
ធនធានខាងក្រោមនេះអាចជួយសិស្សឲ្យស្គាល់របៀបបន្ថែមទៀត ដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធនៅគេហដ្ឋាន និងនៅព្រះវិហារ ។ សូមពិចារណាបង្ហាញពួកគេ និងផ្តល់ពេលវេលាឲ្យសិស្សសិក្សា និងបន្ថែមទៅក្នុងបញ្ជីគំនិតរបស់ពួកគេ ។
សូមអានបទគម្ពីរខាងក្រោមនេះ ដើម្បីស្វែងរកអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើនៅថ្ងៃឈប់សម្រាក ៖
សូមសិក្សាធនធានមួយចំនួនដូចខាងក្រោមនេះ ដើម្បីរកមើលគំនិតបន្ថែមទៀតអំពីការរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធ ៖
-
« ស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់អ្នក » នៅក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ( [ ឆ្នាំ ២០២២ ] ទំព័រ ១០–១៤ )
-
Topics and Questions « Sabbath Day » និង « Sacrament » នៅលើគេហទំព័រ topics.ChurchofJesusChrist.org
អ្នកក៏អាចពិចារណាបង្ហាញវីដេអូ « Upon My Holy Day—Honoring the Sabbath » ( ១:៣០ ) ផងដែរ ដើម្បីស្វែងរកដំបូន្មានបន្ថែមមកពីអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។
អត្ថបទខាងក្រោមនេះមកពីគេហទំព័រ ChurchofJesusChrist.org ក៏អាចជាធនធានដ៏មានប្រយោជន៍ផងដែរដើម្បីចែកចាយ ៖ « Goal: Honor and Enjoy the Sabbath Day » និង « Prepare for the Sacrament All Week Long » ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ក្នុងការសិក្សាហើយ សូមពិចារណាអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានរៀន ។ អ្នកអាចចង់ឲ្យពួកគេសរសេរចម្លើយមួយចំនួនរបស់ពួកគេដាក់នៅលើក្តារខៀន ។ សូមពិចារណាសួរសំណួរខាងក្រោមនេះផងដែរ ដើម្បីជួយសិស្សឲ្យចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ ។
-
តើអ្វីទៅដែលបានជួយអ្នកឲ្យបង្ហាញភក្ដីភាពចំពោះព្រះនៅថ្ងៃឈប់សម្រាក ? តើឥរិយាបថទាំងនេះបានធ្វើឲ្យមានភាពខុសគ្នាអ្វីខ្លះសម្រាប់អ្នក ?
សិស្សអាចចាប់អារម្មណ៍ចង់រៀនបន្ថែមទៀតចេញពីបទពិសោធន៍របស់ម៉ារី ដែលបានណែនាំនៅដើមមេរៀននេះ ។ អ្នកអាចប្រាប់សិស្សនូវដំណើររឿងនេះទាំងប៉ុន្មានទៀត ដោយការបង្ហាញវីដេអូនេះ « Only upon the Principles of Righteousness » ពីនាទីទី ៥:២៤ ដល់នាទីទី ៦:២៦ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ដោយគោលការណ៍នៃសេចក្ដីសុចរិតប៉ុណ្ណោះ
ដាក់ផែនការមួយ
សូមពិចារណាបង្ហាញការអញ្ជើញខាងក្រោមនេះ ។ អ្នកអាចអញ្ជើញសិស្សស្ម័គ្រចិត្តពីរបីនាក់ឲ្យចែកចាយផែនការរបស់ពួកគេ បន្ទាប់ពីពួកគេបានបញ្ចប់ការដាក់ផែនការទាំងនោះហើយ ។
សូមដាក់ផែនការមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក អំពីរបៀបដែលអ្នកនឹងព្យាយាមគោរពតាមព្រះអង្គសង្គ្រោះនៅថ្ងៃឈប់សម្រាក ។ អ្នកអាចរកឃើញគំនិតអំពីអ្វីដែលអ្នកនឹងចាប់ផ្ដើមធ្វើ បន្តធ្វើ ឬឈប់ធ្វើ ទាំងនៅគេហដ្ឋាន ឬនៅព្រះវិហារ ។