ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៧១ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨:២៦–២៩


« មេរៀន​ទី ៧១—គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:២៦–២៩ ៖ ‹ ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ › » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:២៦–២៩ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៧១ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨–៥៩

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:២៦–២៩

« ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ »

ក្មេងជំទង់​កំពុងបម្រើ​សហគមន៍

ពួក​បរិសុទ្ធ​ជា​ច្រើនរួម​ទាំង​ក្រុម​មកពី ខូលស្វិល រដ្ឋ​ញូវយ៉ក បាន​មក​ដល់​ចាកសុន រដ្ឋ​មិសសួរី ។ ពួកគេ​មាន​បំណង​ប្រាថ្នា​ជួយ​ព្រះអង្គសង្រ្គោះ​ស្ថាបនា​ស៊ីយ៉ូន​ឡើង ប៉ុន្តែ​ពួកគេ​មិន​ច្បាស់​ថា​ត្រូវ​ធ្វើ​អ្វី​នោះ​ទេ ។ ព្រះអម្ចាស់​បាន​ពន្យល់​ថា ពួកគេ​ត្រូវ​បាន​រំពឹងទុក​ថា​ឲ្យ​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ​ដើម្បី​ស្វែងរក​របៀប​ដើម្បី​ជួយ និង​បម្រើ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដើម្បី​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្រ្គោះ​អំពី​ការធ្វើ​ការល្អ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មួយ​ថ្ងៃ​នៅក្នុង​ព្រះជន្ម​របស់​ព្រះ​គ្រីស្ទ

ពីមុន​ថ្នាក់ សូម​ពិចារណា​សរសេរ​ថា ពួកគេ​ទៅ​ចុះឡើង​ការធ្វើ​ការល្អ នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​ចែកចាយ​ឈ្មោះ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​ថា​មានជីវិត​​ត្រូវ​នឹង​ការពិពណ៌នា​នោះ ។ អ្នក​ស្ម័គ្រចិត្ត​ពីរបី​នាក់​អាច​ចែកចាយ​អំពី​មូលហេតុ ដែល​ឃ្លា​នោះ​រំឭក​ពួកគេ​អំពីមនុស្ស​ដែល​ពួកគេ​បាន​ជ្រើសរើស ។

សូម​ប្រាប់​សិស្ស​ថា កិច្ចការ ១០ គឺជា​កំណត់ត្រា​នៃ​ការបង្រៀន​របស់ពេត្រុស នៅ​ក្រុង​សេសារា ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បើក​ទៅ កិច្ចការ ១០:៣៨ ដើម្បី​ដឹង​ថាតើ​ឈ្មោះ​របស់​នរណា​ដែល​ពេត្រុស​នឹង​សរសេរ​នៅលើ​ក្ដារខៀន ។

សូម​ស្រមៃ​ថា តើ​វា​អាច​នឹង​ទៅ​ជា​យ៉ាងណា ប្រសិនបើ​ព្រះយេស៊ូវ​បាន​ប្រសូត​ក្នុង​ជំនាន់​របស់​យើង រស់នៅ​ជិតខាង​អ្នក ឬ​បាន​ចូល​រៀន​នៅ​សាលា​របស់អ្នក ។

  • តើ​អ្នក​ស្រមៃ​ថា​ទ្រង់​ធ្វើ​អ្វីខ្លះ​ដែល​អាច​ត្រូវ​បាន​ពិពណ៌នា​ថា​ជា « [ ការយាង​ចុះឡើង ] ធ្វើ​ការ​ល្អ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ចង់​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ សូម​ពិចារណា​ផ្តល់​ពេលវេលា​ដល់​ពួកគេ​ដើម្បី​កត់ត្រា​គំនិត​របស់​ពួកគេ អំពី​ការបំផុសគំនិត​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

សូម​សាកល្បង​ស្រមៃ​ថា តើ​វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ប្រសិនបើ​អ្នក​ចំណាយពេល​ថ្ងៃ​សៅរ៍​ជាមួយ​ព្រះយេស៊ូវ « [ យាង​ចុះ​ឡើង ] ធ្វើ​ការល្អ » ពេញ​មួយ​ថ្ងៃ​នោះ ។ តើ​បទពិសោធន៍​នេះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា ទៅ​លើ​របៀប​ដែល​អ្នក​នឹង​ជ្រើសរើស​ចំណាយ​ពេល​វេលា​របស់​អ្នក សូម្បីតែ​នៅ​ថ្ងៃ​ដែល​អ្នក​មិន​នៅ​ជាមួយ​ទ្រង់​ក្តី ?

ជ្រើសរើស​ធ្វើ​ការល្អ

នៅពេល​បានទទួល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨ យ៉ូសែប ស្ម៊ីធ និង​ពួក​អែលឌើរ​ខ្លះ​នៃ​សាសនាចក្រ​ទើបបាន​មក​ដល់​រដ្ឋ​មិសសួ​រី ។ ពួកលោក​ចង់​បាន​ការណែនាំ​អំពី​របៀប​បង្កើត​សាសនាចក្រ និង​កសាង​ទីក្រុង​ស៊ីយ៉ូន​ក្នុង​តំបន់ ។ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ពួកលោក​អំពី​របៀប ដែល​ពួកលោក​អាច​ប្រើ​សិទ្ធិជ្រើសរើស​របស់​ពួកលោក​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨:២៦–២៩ ដើម្បី​រៀន​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួកបរិសុទ្ធ អំពី​ការប្រើប្រាស់​សិទ្ធិជ្រើសរើស​របស់​ពួកគេ ។ សរសេរ​ពាក្យ និង​ឃ្លា​ដែល​អ្នក​រកឃើញ​នៅ​ក្នុង​ផ្នែក​ដែល​ត្រឹមត្រូវ​នៅក្នុង​តារាង​ខាងក្រោម ។ ( កំណត់ចំណាំ ៖ « វា​មិន​ត្រូវ » មាន​ន័យ​ថា វា​មិន​ចាំបាច់ ឬ​វា​មិន​គួរ​ឲ្យ​ចង់បាន ) ។

សូម​ពិចារណា​បង្ហាញ​តារាង​ខាងក្រោម​នៅលើ​ក្ដារខៀន ឬ​ផ្តល់​ច្បាប់​ចម្លង​ផ្ទាល់ខ្លួន​ទៅដល់​ពួកគេ​រៀងៗខ្លួន ។ វា​អាច​ជួយ​សិស្ស​មួយចំនួន​ឲ្យ​ចូលរួម​ធ្វើ​សកម្មភាព​នេះ​កាន់តែ​ច្រើន ប្រសិនបើ​ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​បំពេញ​វា​ជាមួយ​ដៃគូ ។

ការប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​របស់​អ្នក​ដើម្បី​ប្រែក្លាយ …

កាន់តែ​ដូចជា​ព្រះ​យេស៊ូវ

មិន​សូវ​ដូចជា​ព្រះ​យេស៊ូវ

នៅពេល​សិស្ស​បានធ្វើ​រួចរាល់​ហើយ សូម​ពិចារណា​សួរ​សំណួរ​ដែល​ជួយ​ពួកគេ​ឲ្យ​គិត និង​យល់​អំពី​អត្ថន័យ​នៃ​ឃ្លា​ដែល​ពួកគេ​បាន​រកឃើញ ។ ឧទាហរណ៍ ៖

  • តើ​អ្នក​គិត​ថា ការ « ឧស្សាហ៍​ចូល​រួម » ឬ​ការ​ស្វែងរក​យ៉ាង​សកម្ម​ដើម្បី​ធ្វើការ​ល្អ​មាន​អត្ថន័យ​យ៉ាង​ណា ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា យើង​គួរ​ចៀសវាង « ការបង្ខំ » ឬ បង្ខិតបង្ខំ​ឲ្យ​ធ្វើ​ការល្អ ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការជំរុញចិត្ត​របស់​យើង​ក្នុង​ការធ្វើ​ល្អ​មាន​សារៈសំខាន់ ?

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ឬ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ជា​ពាក្យសម្ដី​ផ្ទាល់​របស់​អ្នក សូម​កត់ត្រា​សេចក្ដីពិត​មួយឬ​ពីរ ដែល​អ្នក​អាច​ប្រាប់​បាន​ថា​មាន​សារៈសំខាន់​ចំពោះ​ព្រះអង្គ​សង្គ្រោះ​ចេញមកពី​ខគម្ពីរ​ទាំងនេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​សេចក្ដីពិត​ដែល​ពួកគេ​បាន​កត់ត្រា ឬ​សរសេរ​វា​នៅលើ​ក្ដារខៀន ។ សេចក្តីពិត​មួយ​ដែល​ពួកគេ​អាច​បង្ហាញ​គឺ​ថា ព្រះ​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ព្យាយាម​យ៉ាង​សកម្ម​ដើម្បី​នាំ​មក​នូវ​សេចក្ដី​សុចរិត ។

អ្នក​អាច​ចង់​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត ឬ​កត់ត្រា​ថាតើ​ពួកគេ​ខិតខំ​ស្វែងរក​យ៉ាង​សកម្ម​ពី​របៀប​ដើម្បី​បម្រើ​ព្រះ និង​អ្នកដទៃ​ញឹកញាប់​ប៉ុនណា ដោយ​មិន​ចាំបាច់​ត្រូវ​ប្រាប់​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​នោះ​ឡើយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​យក​ចិត្ត​ទុកដាក់​លើ​របៀប​ដែល​ពួកគេ​អាច​ខិតខំ​ប្រឹងប្រែង​ឧស្សាហ៍​ចូលរួម​ក្នុង​បុព្វហេតុ​ល្អ​មួយ នៅពេល​ពួកគេ​បន្ត​ការសិក្សា ។

  • តើ​គំរូ​អ្វីខ្លះ​ដែល​អ្នក​អាច​គិត​ចេញពី​បទគម្ពីរ​ដែល​មាន​នរណា​ម្នាក់​រស់នៅ​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

  • តើ​គំរូ​អ្វី​ខ្លះ​ដែល​ព្រះអង្គ​សង្គ្រោះ​កត់សម្គាល់​ពី​ឱកាស​ដើម្បី​ធ្វើការ​ល្អ និង​ប្រើប្រាស់​សិទ្ធិជ្រើសរើស​របស់​ទ្រង់​ដើម្បី​ធ្វើ​សកម្មភាព ?

អ្នក​អាច​ពិចារណា​បង្ហាញ​សិស្ស​នូវ​វីដេអូ « Jesus Christ Has Compassion and Heals the People » ( ៦:៣២ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ វីដេអូ​នេះ​ពិពណ៌នា​អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ជ្រើសរើស​ចំណាយ​ពេល​បន្ថែមទៀត​នៅ​ជាមួយ​ពួក​សាសន៍​នីហ្វៃ ដើម្បី​បម្រើ និង​ព្យាបាល​ពួកគេ ។

6:33

ឬ​អ្នក​អាច​បង្ហាញ​វីដេអូ « Widow of Nain » ( ២:២២ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ វីដេអូ​នេះ​ពិពណ៌នា​អំពី​ព្រះអង្គ​សង្គ្រោះ​បានសង្កេត​ឃើញ​ម្តាយ​ដែល​មាន​ទុក្ខព្រួយ​ម្នាក់ ហើយ​សម្រេច​ព្រះទ័យ​ផ្អាកដំណើរ ដើម្បី​លួងលោម​នាង និង​ព្យាបាល​កូនប្រុស​របស់​នាង ។

2:23

ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ជីវិត​របស់​យើង ។

សូម​ពិចារណា​ជួយ​សិស្ស​ឲ្យ​រកឃើញ​អំពី​របៀប​ដែល​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ខទី ២៦–២៩ អាច​មាន​លក្ខណៈ​យ៉ាងណា​ក្នុង​ស្ថានភាព​ជីវិត​ពិត ។ អ្នក​អាច​ប្រើ​ស្ថានភាព​មួយ​ចំនួន​ដូច​ខាងក្រោម ឬ​ស្ថានភាព​ផ្សេង​ទៀត​ដែល​ល្អ​ជាង ទាក់ទង​នឹង​សិស្ស​របស់​អ្នក ។

សូម​បែងចែក​សិស្ស​ជា​ក្រុម​តូចៗ ដើម្បី​ពិភាក្សា​អំពី​ខគម្ពីរ ឬ​ឃ្លា​ណា​ដែល​អនុវត្ត​បាន​ល្អ​បំផុត​ចំពោះ​ស្ថានភាព​នីមួយៗ ។ សូម​លើក​ទឹក​ចិត្ត​ក្រុម​ឲ្យ​គិត​អំពី​របៀប​ជាច្រើន​ដែល​មនុស្ស​ម្នាក់ៗ​អាច​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ​ដើម្បី​ចូលរួម​ក្នុង​បុព្វហេតុ​ដ៏​ល្អ​មួយ ។

បន្ទាប់មក ពិចារណា​អំពី​ការអញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​ធ្វើ​សកម្មភាព​ឡើងវិញ ដោយ​បង្កើត​សាច់រឿង​ផ្ទាល់ខ្លួន​របស់ពួកគេ ដែល​ក្មេង​ជំទង់​ម្នាក់​អាច​អនុវត្ត​តាម​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង កណ្ឌ​ទី ៥៨ ។

  1. ថ្មីៗ​នេះ ជូលីត ត្រូវ​បាន​ចាត់​ឲ្យ​បម្រើ​គ្រួសារ​ដែល​នាង​មិន​ធ្លាប់​ជួប ។ នាង​មិន​ប្រាកដ​ថា​ត្រូវ​ចាប់ផ្តើម​ដោយ​របៀប​ណា​ទេ ។

  2. គ្រូបង្រៀន​សាលា​ថ្ងៃ​អាទិត្យ​របស់ អាន គឺជា​មនុស្ស​ល្អ​ម្នាក់ ប៉ុន្តែ​មិនមែន​ជា​គ្រូបង្រៀន​ដែល​មាន​បទពិសោធន៍​នោះ​ទេ ។ មិត្ត​រួមថ្នាក់​របស់​នាង​ជាច្រើន​នាក់​ហាក់​ដូចជា​បាត់បង់​ចំណាប់​អារម្មណ៍ ហើយ​លែង​ព្យាយាម​ចូលរួម​នៅក្នុង​មេរៀន​នេះ​ទៀត​ហើយ ។

  3. ចាស្មីន​សង្កេតឃើញ​ថា ម្ដាយ​របស់​នាង​ហាក់​ដូច​ជា​ហត់​ជាង​ធម្មតា​កាល​ពី​ពេល​ថ្មីៗ​នេះ ។

  4. ហ្សាវើរ បាន​ឃើញ​ការចុះផ្សាយ​មិន​ល្អ​មួយ​ចំនួន អំពី​សិស្ស​ផ្សេង​ទៀត​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

  5. យ៉ារេឌ​មាន​ពេល​ទំនេរ​នៅ​ពេល​រសៀល ដោយ​គាត់​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ឡើយ ហើយ​គ្មាន​កន្លែង​ណា​ដែល​គាត់​ត្រូវទៅ​នោះ​ដែរ ។

ដើម្បី​បញ្ចប់ សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​ច្រៀង ឬ​ស្តាប់​ទំនុកតម្កើង​ដែល​ពង្រឹង​គោលការណ៍​ដែល​បាន​រៀន​នៅក្នុង​មេរៀន​នេះ ។ ជម្រើស​មួយ​គឺ « តើ​ខ្ញុំ​បាន​ធ្វើ​ល្អ​ឬទេ ? » ( ទំនុក​តម្កើង ល.រ. ១៣៨ ) ។ សូម​ឲ្យ​ពួកគេ​ជញ្ជឹងគិត​អំពី​របៀប​ដែល​អត្ថបទ​ចម្រៀង​អនុវត្ត​ចំពោះ​គោលការណ៍​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នៅក្នុង កណ្ឌ​ទី ៥៨ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឲ្យ​ចែកចាយ​ជាមួយ​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​ពួកគេ​ចងចាំ​ពី​ការសិក្សា​របស់​ពួកគេ​ថ្ងៃនេះ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការអនុញ្ញាត​ឲ្យ​សិស្ស​សរសេរ​គំនិត​របស់​ពួកគេ មុន​នឹង​អញ្ជើញ​អ្នក​ខ្លះ​ឲ្យ​ចែកចាយ​ឮៗ ។

អ្នក​អាច​នឹង​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ឱកាស​ដើម្បី​ធ្វើ​សកម្មភាព តាម​អ្វី​ដែល​ពួកគេ​បាន​រៀន​មុន​មេរៀន​ថ្នាក់​សិក្ខាសាលា​លើក​ក្រោយ ។ អ្នក​អាច​តាមដាន​ដោយ​អញ្ជើញ​សិស្ស​ដែល​​ស្ម័គ្រចិត្ត ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។