ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៧៧—គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤:១–១៧ ៖ « តម្រូវ​ឲ្យ​អត់ទោស »


« មេរៀន​ទី ៧៧—គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤:១–១៧ ៖ ‹ តម្រូវ​ឲ្យ​អត់ទោស ›⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤:១–១៧ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៧៧ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤–៦៦

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤:១–១៧

« តម្រូវ​ឲ្យ​អត់ទោស »

សមាជិក​គ្រួសារ​ពីរ​នាក់​កំពុង​ឱបគ្នា

ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ពី​រដ្ឋ​មិសសួរី​ទៅ​រដ្ឋ​អូហៃអូ យ៉ូសែប ស្ម៊ីធ និង​អ្នកផ្សេងទៀត​មាន​ការឈ្លោះ​ប្រកែក​គ្នា និង​អារម្មណ៍​មិន​ល្អ​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។ នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ណែនាំ​ពួកគេ​អំពី​តម្រូវការ​របស់​ពួកគេ​ដើម្បី​អត់ទោស ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​កាន់តែ​មាន​ចិត្ត​អភ័យទោស ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការគិត​ពិចារណា​អំពី​ការអភ័យទោស

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ដំណើររឿង​មួយ​អំពី​ការអភ័យទោស ។ ឬ​អ្នក​អាច​ចែកចាយ​ដំណើររឿង​មួយ​អំពី​ការអភ័យទោស​ដូចជា « Forgiveness: My Burden Was Made Light » ( ៨:២៤ ) ដែល​មាន​នៅលើ ChurchofJesusChrist.org ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

8:24
  • តើ​អ្នក​ចាត់ទុក​ខ្លួនឯង​ថា​ជា​មនុស្ស​ដែល​អភ័យទោស​ដែរ​ឬ​ទេ ? ហេតុអ្វី​មាន​អារម្មណ៍​ដូច្នោះ ឬ​ហេតុអ្វី​មិន​មាន​អាម្មណ៍​ដូច្នោះ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​អភ័យទោស​ដល់​មនុស្ស​ដទៃ ?

  • តើ​អ្នក​ត្រូវ​អភ័យទោស​ឲ្យ​នរណា​ដែរ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន​ដើម្បី​ដឹង​ថា តើ​ពួកគេ​ត្រូវ​អភ័យទោស​ឲ្យ​នរណា និង​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ផ្ដល់​ការអភ័យទោស ។

ព្រះយេស៊ូវ​គ្រីស្ទ​សព្វ​ព្រះទ័យ​នឹង​អភ័យទោស​ឲ្យ

សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​បរិបទ​ខាងក្រោម​នេះ​សម្រាប់ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤ ។

នៅ​ខែ សីហា ឆ្នាំ ១៨៣១ បន្ទាប់ពី​បាន​ឧទ្ទិស​ឆ្លង​ក្រុង​ស៊ីយ៉ូន​នៅ​រដ្ឋ​មិសសួរី នោះ​យ៉ូសែប ស្ម៊ីធ, អូលីវើរ ខៅឌើរី, អ៊ីសាក មួរលី, អែសរ៉ា ប៊ូត និង​អ្នកដទៃ​ទៀត​បាន​ត្រឡប់​ទៅ​ផ្ទះ​នៅ​រដ្ឋ​អូហៃអូ​វិញ ។ លក្ខខណ្ឌ​ធ្វើ​ដំណើរ​ដ៏​ក្ដៅហែង និង​ប្រកប​ដោយ​គ្រោះថ្នាក់ និង​ការមិន​យល់ស្រប​គ្នា​រវាង​ថ្នាក់ដឹកនាំ បាន​បណ្ដាល​ឲ្យ​ក្រុម​នេះ​រិះគន់​គ្នា និង​ឈ្លោះគ្នា ។ ក្រោយពី​ពួកគេ​បាន​មកដល់​ផ្ទះ ភាពតានតឹង​នៅតែ​កើតមាន​ក្នុង​ចំណោម​ពួកគេ ( ⁠សូមមើល ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ភាគ ១ បទដ្ឋាន​នៃ​សេចក្ដីពិត ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ១៣៣–៣៤, ១៣៦–៣៧ ) ។ ជា​ការឆ្លើយតប​ទៅនឹង​បទពិសោធន៍​របស់​ពួកគេ នោះ​ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ដែល​ឥឡូវនេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:១–៧ ដោយ​ស្វែងរក​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ឆ្លើយតប​ទៅនឹង​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើបាប ។

ព្រះអង្គ​សង្គ្រោះ

សូម​ពិចារណា​ដាក់​បង្ហាញ​រូបភាព​ព្រះអង្គ​សង្គ្រោះ ។ សូម​ឲ្យ​សិស្ស​ជញ្ជឹង​គិត​អំពី​សំណួរ​ខាងក្រោម ។ ក្រោយមក សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​សិស្ស​នៅក្នុង​ថ្នាក់ ឬ​ជាមួយ​ដៃគូ​ម្នាក់ ។

  • តើ​អ្នក​រកឃើញ​គុណលក្ខណៈ​អ្វីខ្លះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

  • តើ​អ្នក​មាន​អំណរគុណ​ខ្លាំង​បំផុត​សម្រាប់​គុណលក្ខណៈ​ទាំងនេះ​មួយ​ណា ? ហេតុអ្វី ?

យើង​ត្រូវតែ​អត់ទោស​ឲ្យ​មនុស្ស​ទាំងអស់

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:៩–១១ ដោយ​ស្វែងរក​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​ធ្វើតាម​គំរូ​របស់​ទ្រង់ ។

រូបតំណាង​ចំណេះចំណាន​ខាង​គោលលទ្ធិគោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:៩–១១ គឺជា​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ដល់​យ៉ូសែប និង​អ្នកដទៃ​ទៀត ?

    សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដីពិត​ថា ព្រះយេស៊ូវ​គ្រីស្ទ​តម្រូវ​ឲ្យ​យើង​អភ័យទោស​ដល់​មនុស្ស​ទាំងអស់ ។ សូម​ពិចារណា​សរសេរ​សេចក្តីពិត​នេះ​ដាក់​នៅលើ​ក្តារខៀន ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ផងដែរ ។

    សូម​ចំណាយ​ពេល​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ពី ខទី ៩–១១ ។ សំណួរ​ខាងក្រោម​នេះ​មួយ​ចំនួន​អាច​ជួយ​បាន ។

  • ហេតុអ្វី​អ្នក​គិត​ថា ព្រះយេស៊ូវ​គ្រីស្ទ​តម្រូវ​ឲ្យ​យើង​អត់ទោស​ដល់​មនុស្ស​គ្រប់រូប ?

  • ហេតុអ្វី​អ្នក​គិត​ថា យើង​មាន « បាប​ដ៏ធំ​ជាង » ( ខទី ៩ ) នៅពេល​យើង​ជ្រើសរើស​មិន​អភ័យទោស​ឲ្យ​អ្នកដទៃ​នោះ ?

  • តើ​អ្នក​គិត​ថា ការនិយាយ​ក្នុង​ចិត្ត​យើង​ថា « សូម​ឲ្យ​ព្រះ​ទ្រង់​ជំនុំជម្រះ​រវាង​អ្នក​នឹង​ខ្ញុំ » ( ខទី ១១ ) អាច​ជួយ​យើង​ឲ្យ​អភ័យទោស​ដល់​អ្នកដទៃ​បាន​ដោយ​របៀបណា ?

  • តើ​ការអភ័យទោស​ឲ្យ​អ្នកដទៃ​នឹង​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​អ្វីខ្លះ ?

ការរៀន​ពី​របៀប​អភ័យទោស​ឲ្យ​អ្នកដទៃ

សូម​ពិចារណា​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​សួរ​សំណួរ ឬ​ចែកចាយ​ឧបសគ្គ​នានា​ដែល​ទាក់ទង​នឹង​ការអភ័យទោស ។ សិស្ស​អាច​ឆ្លើយតប​ទៅនឹង​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន តាម​មុខងារ​បោះឆ្នោត​អនាមិក ឬ​នៅលើ​សន្លឹក​ក្រដាស​ដែល​អាច​ចែកចាយ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់រៀន​បាន ។

  • តើ​មនុស្ស​អាច​មាន​សំណួរ​អ្វីខ្លះ នៅពេល​ពួកគេ​ព្យាយាម​អភ័យទោស​ឲ្យ​អ្នកដទៃ ?

  • តើ​មនុស្ស​អាច​ប្រឈម​មុខ​នឹង​ឧបសគ្គ​អ្វីខ្លះ នៅពេល​ដែល​ពួកគេ​ព្យាយាម​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​អភ័យទោស​ឲ្យ​គេ​នោះ ?

សិស្ស​អាច​សួរ​សំណួរ​ដូចជា «តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​ខ្ញុំ​ឲ្យ​អភ័យទោស​ដល់​អ្នកដទៃ​បាន​យ៉ាង​ដូចម្ដេច ? » ឬ « តើ​ការអភ័យទោស​ឲ្យ​អ្នកដទៃ​មាន​ន័យ​ថា ខ្ញុំ​ត្រូវតែ​រង​របួស​ម្ដងទៀត​ឬ ? »

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​សំណួរ​មួយ​ជា​ថ្នាក់​រួមគ្នា ឬ​រៀងៗ​ខ្លួន ។ បន្ទាប់​មក សូម​ឲ្យ​ពួកគេ​ស្រាវជ្រាវ​ប្រភព​ដែល​បាន​តែងតាំង​ដោយ​ទេវភាព​រកមើល​ចម្លើយ ។

សិស្ស​អាច​រកឃើញ​ចម្លើយ​បាន តាមរយៈ​ការស្រាវជ្រាវ​រក​ពាក្យ​ដូចជា « ព្រះយេស៊ូវ » « អត់ទោស » « ព្រះអង្គ​សង្រ្គោះ » និង « សេចក្ដី​មេត្តា​ករុណា » នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ឬ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ អ្នក​ក៏​អាច​ផ្ដល់ជា​បទគម្ពីរ​ផងដែរ ដូចជា ម៉ាថាយ ៥:៧; ១៨:២១–៣៥ និង ម៉ូសាយ ២៦:៣០–៣១ និង​សេចក្ដី​ថ្លែងការណ៍​មកពី​ព្យាការី​ដែល​មាន​រាយបញ្ជី​នៅ​ខាងក្រោម​នេះ ។

អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​យើង​ឲ្យ​អភ័យទោស​ឲ្យ​អ្នកដទៃ​បាន ៖

13:21
អែលឌើរ ហ្គើរីត ដបុលយូ ហ្គង

ពេល​ខ្លះ ឆន្ទៈ​របស់​យើង​ដើម្បី​អភ័យទោស​ឲ្យ​បុគ្គល​ម្នាក់​អាច​ធ្វើ​ឲ្យ​ពួកគេ​ផង និង​ខ្លួន​យើង​ផង​ជឿ​ថា យើង​អាច​ប្រែចិត្ត ហើយ​ត្រូវបាន​អភ័យ​ទោស​ឲ្យ​បាន ។ ពេល​ខ្លះ ឆន្ទៈ​ក្នុង​ការប្រែចិត្ត និង​សមត្ថភាព​ដើម្បី​អភ័យទោស​បាន​កើត​ឡើង​នៅពេល​ផ្សេងៗ​គ្នា ។ ព្រះអង្គ​សង្គ្រោះ​របស់​យើង​ជា​អង្គ​សង្រួប​សង្រួម​របស់​យើង​ជាមួយ​នឹង​ព្រះ ប៉ុន្ដែ​ទ្រង់​ក៏​ជួយ​យើង​ឲ្យ​ស្គាល់​ខ្លួន​ឯង និង​ពង្រឹង​ទំនាក់ទំនង​យើង​ជាមួយ​អ្នក​ដទៃ ពេល​យើង​មក​ទ្រង់​ផងដែរ ។ ជាពិសេស ពេល​ការឈឺចាប់ និង​ទុក្ខ​ព្រួយ​មាន​ភាពខ្លាំងក្លា នោះ​ការផ្សះផ្សា​ទំនាក់ទំនង និង​ការព្យាបាល​ដួងចិត្ត​របស់​យើង​មាន​ការលំបាក​ណាស់ ហើយ​ប្រហែល​ជា​មិនអាច​ទ្រាំទ្រ​បាន​ដោយ​ខ្លួនឯង​ទៀត​ផង ។ ប៉ុន្តែ​ស្ថានសួគ៌​អាច​ផ្ដល់​កម្លាំង និង​ប្រាជ្ញា​ដល់​យើង លើស​ពី​សមត្ថភាព​របស់​យើង​ផ្ទាល់ ដើម្បី​ដឹង​ពី​ពេល​ដែល​ត្រូវ​ស៊ូទ្រាំ និង​របៀប​ដើម្បី​ឈប់​ខ្វល់​នឹង​បញ្ហា​ទាំង​នោះ ។ ( ហ្គើរីត ដបុលយូ ហ្គង « រីករាយ​ជា​រៀង​រហូត » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៨៥ )

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

2:3
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ព្រះគ្រីស្ទ​បាន​បង្រៀន​នៅ​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ថ្មី​ថា « ចូរ​លើកលែង​ឲ្យ​គេ នោះ​គេ​នឹង​លើក​លែង​ឲ្យ​អ្នក​វិញ » [ លូកា ៦:៣៧ ] ។ ហើយ​នៅ​ជំនាន់​របស់​យើង ទ្រង់​បង្រៀន​ថា ៖ « យើង​ជា​ព្រះអម្ចាស់​នឹង​អត់ទោស​ដល់​អ្នក​ណា ដែល​យើង​នឹង​អត់​ទោស ប៉ុន្តែ​រីឯ​អ្នក​វិញ​គឺ​តម្រូវ​ឲ្យ​អត់​ទោស​ដល់​មនុស្ស​ទាំងអស់ » [ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:១០ ] ។ ប៉ុន្តែ វា​សំខាន់​សម្រាប់​អ្នក​ដែល​រស់នៅ​ក្នុង​ការថ្នាំងថ្នាក់​ចិត្ត​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​ទ្រង់ ពុំ​បាន មាន​បន្ទូល ។ ទ្រង់ ពុំ​បាន មាន​ព្រះបន្ទូល​ថា « អ្នក​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន​អារម្មណ៍​ឈឺចាប់​ពិតប្រាកដ ឬ​កើត​ទុក្ខ​ពិត​ប្រាកដ ដោយសារ​តែ​ជួប​នឹង​ការបំផ្លិច​បំផ្លាញ​ដោយ​ស្នាដៃ​មនុស្ស​ដទៃ​នោះ​ទេ » ។ ហើយ​ទ្រង់​ក៏​ពុំ​បាន មាន​បន្ទូល​ថា « ដើម្បី​មាន​ការអភ័យទោស​ទាំងស្រុង អ្នក​ត្រូវ​ត្រឡប់​ទៅ​រក​ទំនាក់ទំនង​ដ៏​ឈឺចាប់ ឬ​ត្រឡប់​ទៅ​រក​កាលៈទេសៈ​រំលោភបំពាន បំផ្លិចបំផ្លាញ » នោះ​វិញ​ឡើយ ។ ប៉ុន្តែ​ទោះបី​ជា​មាន​ការខកចិត្ត​ខ្លាំង​ប៉ុណ្ណា​អាច​កើត​ឡើង​ចំពោះ​យើង​ក្តី ក៏​យើង​អាច​ដោះស្រាយ​ក្តី​ឈឺចាប់​របស់​យើង​បាន នៅពេល​យើង​ឈាន​ជើង​ដើរ​លើ​ផ្លូវ​ឆ្ពោះ​ទៅរក​ការព្យាបាល​ពិតប្រាកដ​តែ​ប៉ុណ្ណោះ ។ ផ្លូវ​នេះ​គឺ​ការអភ័យទោស​ដែល​ព្រះយេស៊ូវ​ជា​អ្នក​ស្រុក​ណាសារ៉ែត បាន​អំពាវនាវ​ដល់​ពួក​យើង​ម្នាក់ៗ​ថា « ចូរ​មក​តាម​ខ្ញុំ » [ លូកា ១៨:២២ ] ។ ( ជែហ្វ្រី អ័រ ហូឡិន « The Ministry of Reconciliation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៨–៧៩ )

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ចម្លើយ​ដែល​ពួកគេ​រកឃើញ ឬ​ចំណាប់​អារម្មណ៍​ដែល​ពួកគេ​ទទួល​បាន​អំពី​ការអភ័យទោស ។ ពួកគេ​ក៏​អាច​ចែកចាយ​គំរូ​អំពី​របៀប​ដែល​ពួកគេ​ទទួល​បាន​ពរជ័យ តាមរយៈ​ការធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​អភ័យទោស​ឲ្យ​អ្នកដទៃ​ផងដែរ ។ សូម​រំឭក​សិស្ស​កុំ​ឲ្យ​ចែកចាយ​បទពិសោធន៍ ឬ​ព័ត៌មាន​លម្អិត​ណាមួយ ដែល​ជា​រឿង​ផ្ទាល់ខ្លួន​ពេក ។

  • តើ​យើង​អាច​ធ្វើ​សកម្មភាព​ជាក់លាក់​អ្វីខ្លះ ដែល​នឹង​ជួយ​យើង​ឲ្យ​អភ័យទោស​ដល់​អ្នកដទៃ ?

ចម្លើយ​ដែល​អាច​មាន ដែល​សិស្ស​អាច​ចែកចាយ​បាន រួមមាន​ដូច​ខាងក្រោម ៖

  • សិក្សា​ដំណើររឿង​អំពី​ព្រះអង្គ​សង្គ្រោះ និង​អ្នកដទៃ​ដែល​ផ្ដល់​ការអភ័យទោស

  • ជញ្ជឹង​គិត​អំពី​របៀប​ដែល​ជីវិត​របស់​យើង​នឹង​មាន​ភាពខុសគ្នា​យ៉ាងណា ប្រសិនបើ​យើង​បាន​ផ្ដល់​ការអភ័យទោស​នោះ

  • ផ្ដល់​ការអធិស្ឋាន​ដ៏ស្មោះសរ​មួយ ដែល​យើង​ថ្វាយ​បន្ទុក​របស់​យើង​ដល់​ព្រះ ហើយ​ទូលសូម​ជំនួយ​របស់​ទ្រង់​ដើម្បី​អភ័យទោស​ឲ្យ​អ្នកដទៃ

  • ទទួល​ស្គាល់​ថា តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ដួងចិត្ត​របស់​យើង​អាច​ផ្លាស់ប្ដូរ​បាន​តាម​ពេលវេលា ដើម្បី​នៅ​ទីបំផុត យើង​អាច​អភ័យទោស​ឲ្យ​អ្នកដទៃ​បាន

ការអនុវត្ត​ផ្ទាល់ខ្លួន

នៅ​ដើម​មេរៀន​នេះ សិស្ស​ត្រូវបាន​អញ្ជើញ​ឲ្យ​គិត​អំពី​នរណា​ម្នាក់​ដែល​ពួកគេ​ត្រូវ​អភ័យទោស​ឲ្យ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​ពិចារណា​អំពី​ស្ថានភាព​នោះ ហើយ​ស្វែងរក​ការបំផុស​គំនិត នៅពេល​ពួកគេ​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នេះ ។

សូម​ជញ្ជឹងគិត​អំពី​សំណួរ​ខាងក្រោម​នេះ ហើយ​ពិចារណា​កត់ត្រា​គំនិត ឬ​អារម្មណ៍​របស់​អ្នក​ទុក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ពឹងផ្អែក​លើ​ព្រះអង្គ​សង្គ្រោះ​ដើម្បី​អភ័យទោស​ឲ្យ​គេ​បាន ?

  • តើ​អ្នក​នឹង​ខិតខំ​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មាន​ការអភ័យទោស​កាន់តែ​ខ្លាំង​នោះ ?

ទន្ទេញ

អ្នក​អាច​នឹង​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឹះ​គឺ « ប៉ុន្តែ​រីឯ​អ្នក​វិញ គឺ​តម្រូវ​ឲ្យ​អត់ទោស​ដល់​មនុស្ស​ទាំងអស់ » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ មាន​នៅក្នុង​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។