ថ្នាក់​សិក្ខាសាលា
មេរៀនទី ៨៩—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៨ ៖ ឃ្លាំង​របស់​ព្រះអម្ចាស់


« មេរៀន​ទី ៨៩—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៨ ៖ ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៨⁠ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៨៩ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៧–៨០

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៨

ឃ្លាំង​របស់​ព្រះអម្ចាស់

ហាង​របស់ នូវែល ឃេ វីតនី

ព្រះអម្ចាស់​បាន​បង្គាប់​ដល់ យ៉ូសែប ស៊្មីធ, ស៊ីឌនី រិកដុន, នូវែល ឃេ វីតនី និង​សង្ឃ​ជាន់​ខ្ពស់​ដទៃ​ទៀត​ឲ្យ​រៀបចំ​ពួកគេ​ជា​ក្រុម​ដែល​ហៅ​ថា សហក្រុម ។ ក្រុមនេះ​បាន​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​របស់​សាសនាចក្រ ឃ្លាំង និង​កិច្ចខិត​ខំ​ប្រឹង​ប្រែង​បោះពុម្ព និង​ផ្តល់​ធនធាន​ដើម្បី​ជួយ​បំពេញ​តម្រូវការ​ខាង​សាច់ឈាម​របស់​ពួក​បរិសុទ្ធ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​បង្កើន​បំណងប្រាថ្នា​របស់​ពួកគេ​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះអង្គស​ង្គ្រោះ​ដោយ​ការមើលថែ​អ្នក​ដែល​ខ្វះខាត ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

សហក្រុម

វិធី​មួយ​ដើម្បី​ចាប់ផ្តើម​មេរៀន​នេះ​គឺ​តាមរយៈ​ការ​ជួយ​សិស្ស​បង្កើត​សាច់រៀង​អំពី​គ្រួសារ​មួយ​ដែលមាន​តម្រូវការ​ខាង​សាច់ឈាម ។ ជាផ្នែក​នៃ​សាច់រឿង​នោះ រួម​បញ្ចូល​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ដែល​គ្រួសារ​នោះ​កំពុង​ជួបប្រទះ និង​តម្រូវការ​ជាក់លាក់​ដែល​ពួកគេ​មាន ។ សាច់រឿង​នេះ​នឹង​ត្រូវ​មើល​នៅពេល​ក្រោយ​នៅក្នុង​មេរៀន​នេះ ។

សូម​ពន្យល់​ថា សិស្ស​នឹង​រៀន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអម្ចាស់​ជួយ​យើង​មើលថែ​អ្នក​ដែល​ខ្វះខាត នៅពេល​ពួកគេ​សិក្សា គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៨ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​វិវរណៈ ដើម្បី​ដឹង​ថា​នរណា​ដែល​ព្រះអម្ចាស់​អាច​ចង់​ឲ្យពួកគេ​ជួយ និង​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ។

នៅថ្ងៃ​ទី ១ ខែ មីនា ឆ្នាំ ១៨៣២ ព្យាការី យ៉ូសែប ស៊្មីធ បាន​ជួប​ជាមួយ​នឹង​ក្រុម​សង្ឃ​ជាន់​ខ្ពស់​នៅ​ក្រុង ខឺតឡង់ រដ្ឋ​អូហៃអូ ។ ក្នុងការ​ប្រជុំនោះ ព្យាការី​បាន​សរសេរ​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៨ ។ ក្រោយមក សហក្រុម ត្រូវ​បាន​បង្កើត​ឡើង ។ ដោយ​ផ្អែក​លើ​ក្រឹត្យវិន័យ​នៃ​ការថ្វាយ នោះ​សហក្រុម​បាន​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​របស់​សាសនាចក្រ កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ហិរញ្ញវត្ថុ និង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​បោះពុម្ព​នៅ​រដ្ឋ​អូហៃអូ និង មិសសួរី ។ តាមរយៈ​សហក្រុម​នេះ ព្រះអម្ចាស់​បាន​បង្កើត​ឃ្លាំង​មួយ​ដើម្បី​មើលថែ​ដល់​អ្នក​ដែល​ខ្វះខាត ហើយ យ៉ូសែប ស៊្មីធ ស៊ីឌនី រិកដុន និង នូវែល ឃេ វីតនី ត្រូវ​បានណែនាំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​មិសសួរី ( ស៊ីយ៉ូន ) ដើម្បី​រៀបចំ​វា​ឡើង ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៨:១–៦ ដោយ​រកមើល​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នកបម្រើ​របស់​ទ្រង់​រៀបចំខ្លួន​តាម​របៀប​នេះ ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​បំណងប្រាថ្នា​របស់​ព្រះ​អម្ចាស់​សម្រាប់​ប្រជារាស្រ្ត​របស់​ទ្រង់ ។

  • តើ​អ្នក​គិតថា ហេតុអ្វី​បានជា​ការមើលថែ​ដល់​ជនក្រីក្រ​គឺជា​តម្រូវការ « ដើម្បី​បន្ត​គតិ​ត​ទៅ​ទៀត » ពី​ស៊ីយ៉ូន ? តើ​វា​អាច​នាំ​សិរីល្អ​ដល់​ព្រះវរបិតាសួគ៌​ដោយ​របៀប​ណា ?

ឃ្លាំង​របស់​ព្រះអម្ចាស់

សូម​ពិចារណា​យក​ប្រអប់​មួយ​ទៅ​ថ្នាក់ ហើយ​ដាក់​ស្លាក​ប្រអប់​នេះ​ថា « ឃ្លាំង​របស់​ព្រះអម្ចាស់ » ។ សូម​សួរ​សិស្ស​ថា ពួកគេ​គិត​ថា​តើ​អ្វី​ទៅជា​ឃ្លាំង​របស់​ព្រះអម្ចាស់ ។ អ្នក​អាច​នឹង​ចង់​អញ្ជើញ​ប៊ីស្សព ឬ​ប្រធាន​សាខា​ដើម្បី​ពិភាក្សា​អំពី​របៀប​ដែល​ឃ្លាំង​របស់​ព្រះអម្ចាស់​ដំណើរការ​នៅ​តំបន់​របស់អ្នក ។

សូម​អាន​និយមន័យ​ខាង​ក្រោម​អំពី​ឃ្លាំង​របស់​ព្រះអម្ចាស់ ដោយ​រកមើល​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ជួយ​អ្នក​ដែល​ខ្វះខាត ។

ធនធាន​ទាំងអស់​ដែល​មាន​នៅ​ក្នុង​សាសនាចក្រ​ដើម្បី​ជួយ​សមាជិក​ដែល​មាន​តម្រូវការ​ខាង​សាច់ឈាម ត្រូវ​បាន​ហៅ​ថា​ឃ្លាំង​របស់​ព្រះអម្ចាស់ ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨២:១៨–១៩ ) ។ ធនធាន​ទាំងនេះ​រួម​មាន​ទាំង​ការ​ផ្ដល់​ពេលវេលា ទេពកោសល្យ សេចក្ដី​មេត្តា​ករុណា សម្ភារ និង​ធនធាន​ខាង​ហិរញ្ញវត្ថុ​របស់​សមាជិក​ដើម្បី​ជួយ​ដល់​ជន​ទ័លក្រ ។

ឃ្លាំង​របស់​ព្រះអម្ចាស់​មាន​នៅក្នុង​វួដ និង​ស្ដេក​នីមួយៗ ។ ជារឿយៗ ថ្នាក់ដឹកនាំ​អាច​ជួយ​បុគ្គលម្នាក់ៗ និង​ក្រុម​គ្រួសារ​ឲ្យ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​សេចក្ដីត្រូវការ​នានា ដោយ​ផ្អែក​ទៅ​លើ​ចំណេះដឹង ជំនាញ និង​ការបម្រើ​ដែល​ផ្ដល់​ឲ្យ​ដោយ​សមាជិក​វួដ និង​ស្ដេក ។ ( ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ២២.២.១ នៅលើ​គេហទំព័រ ChurchofJesusChrist.org )

សូម​ពិភាក្សា​ពី​របៀប​ជាក់លាក់​ដែល​យុវវ័យ​អាច​ចូលរួម​ចំណែក​ក្នុង​ឃ្លាំង​របស់​ព្រះអម្ចាស់ ( ដែល​ជា ពេលវេលា ទេពកោសល្យ សេចក្តី​មេត្តា​ករុណា សម្ភារ ធនធាន​ហិរញ្ញវត្ថុ ) ។ សូម​ចែក​ក្រដាស​ឲ្យ​សិស្ស ។ សូម​ឲ្យ​សិស្ស​សរសេរ​យ៉ាង​ហោច​ណាស់​រឿង​ជាក់លាក់​មួយ ដែល​ពួកគេ​អាច​រួមចំណែក​ដោយ​ផ្ទាល់​ដល់​ឃ្លាំង​របស់​ព្រះអម្ចាស់ ហើយ​បន្ទាប់មក​ដាក់​ក្រដាស​របស់​ពួកគេ​ក្នុង​ប្រអប់​នោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ដក​របស់​របរ​ចេញ​ពី​ឃ្លាំង ហើយ​ដឹកនាំ​ការពិភាក្សា​អំពី​របៀប​ដែល​ការរួម​ចំណែក​ជាក់លាក់​អាច​ជួយ​គ្រួសារ​នៅ​ក្នុង​សាច់រឿង​ដែល​ថ្នាក់​បាន​បង្កើត ។ សូម​ធ្វើ​សកម្មភាព​នេះ​ឡើងវិញ​ពីរ​បី​ដង ។

សេចក្តី​ថ្លែងការណ៍​ខាងក្រោម​គឺ​មាន​បំណង​ឲ្យ​សិស្ស​គិត​អំពី​រឿងនោះ​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។

សូម​គិត​ថាតើ​អ្នក​លះបង់​ប៉ុនណា​ក្នុង​ការចូលរួម​ចំណែក​ពេលវេលា ទេពកោសល្យ និង​ធនធាន​របស់​អ្នក​ដើម្បី​ជួយ​អស់​អ្នក​ដែល​ខ្វះខាត ( លះបង់​ខ្លាំង លះបង់​បន្តិចបន្តួច ឬ​មិន​លះបង់ទេ ) ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ការបំផុស​គំនិត​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ថា​មាន​ឆន្ទៈ​បន្ថែម​ទៀត​ក្នុងការ​ជួយ​អ្នក​ដែល​ខ្វះខាត ព្រមទាំង​ដឹង​ពី​វិធី​ដែល​ពួកគេ​អាច​រួមចំណែក​ដល់​ឃ្លាំង​របស់​ព្រះអម្ចាស់ ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៨:៧–៨, ១៤–១៥ ដោយ​រកមើល​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​សន្យា ។

  • តើ​ពរជ័យ​ទាំងនេះ​អាច​មាន​ឥទ្ធិពល​លើ​អ្នក និង​មនុស្ស​ដែល​អ្នក​ស្គាល់​ដោយ​របៀប​ណា ?

  • តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វី​ខ្លះ​ដល់​អស់អ្នក​ដែល​មើល​ថែ​អ្នក​ខ្វះខាត ?

    សូម​ជួយ​សិស្ស​ស្វែងរក​សេចក្តីពិត​ដូច​តទៅ​នេះ ៖ ការមើលថែ​ដល់​ជន​ក្រីក្រ និង​ជនខ្វះខាត​ជួយ​យើង​ឲ្យ​រៀបចំខ្លួន​សម្រាប់​កន្លែង​មួយ​នៅ​នគរ​សេឡេស្ទាល ។

    ម៉ាថាយ ២៥:៣១–៤០ អាច​ប្រើប្រាស់​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​គោលការណ៍​នេះ ។

  • តើ​អ្នក​គិត​ថា ការ​មើល​ថែ​ដល់​អស់​អ្នក​ដែល​ខ្វះខាត​ជួយ​រៀបចំ​យើង​ឲ្យ​គ្រង​នគរ​សេឡេស្ទាល​ដោយ​របៀប​ណា ?

  • តើ​ព្រះអង្គសង្រ្គោះ​គឺជា​គំរូ​នៃ​ការមើលថែ​ដល់​អស់អ្នក​ដែល​ខ្វះខាត​ដោយ​របៀប​ណា ?

  • តើ​មនុស្ស​ម្នាក់​អាច​បង្កើន​បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​ស្រឡាញ់ និង​យកចិត្ត​ទុកដាក់​ចំពោះ​អ្នក​ដែល​ខ្វះខាត ដូច​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ដោយ​របៀបណា ?

អ្វី​ដែល​យើង​អាច​ធ្វើ

សូមអាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៨:១៧–២២ ដោយ​ស្វែងរក​ពាក្យ​គន្លឹះ ឬ​ឃ្លា​ដែល​អាច​ជួយ​យើង​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ចូលរួម​ក្នុង​ការពិភាក្សា អ្នក​អាច​បង្ហាញ​សំណួរ​ខាងក្រោម ហើយ​អនុញ្ញាត​ឲ្យ​សិស្ស​គិត​អំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ ។ អ្នក​អាច​ជ្រើសរើស​សិស្ស​ដោយ​ព្រាវៗ​ដើម្បី​ឆ្លើយ​ដោយ​សួរ​នរណា​ម្នាក់​ឲ្យ​ជ្រើសរើស​ខែ​នៃ​ឆ្នាំ ។ សិស្ស​ដែល​ស្ម័គ្រចិត្ត​ដែល​កើត​នៅក្នុង​ខែ​នោះ​អាច​ជ្រើសរើស​សំណួរ​ដើម្បី​ឆ្លើយ ប៉ុន្តែ​មិន​គួរ​មាន​អារម្មណ៍​ថា ត្រូវ​បង្ខំ​ឲ្យ​ចូលរួម​នោះ​ទេ ។

រូបតំណាង​ការបំពាក់បំប៉ន ជួយ​សិស្ស​ម្នាក់ៗ​ឲ្យ​ចូលរួម​ចំណែក​នៅក្នុង​ការរៀនសូត្រ ៖ សម្រាប់​ការអនុវត្ត​បន្ថែម​ទៀត សូមមើល​ការបំពាក់បំប៉ន​ដែល​មាន​ចំណងជើង​ថា « បង្កើត​បរិយាកាស​មួយ ដែល​មនុស្ស​ទាំងអស់​ទទួល​បាន​ការគោរព ហើយ​ដឹង​ថា ការរួម​ចំណែក​របស់​ពួកគេ​មាន​តម្លៃ » ដែល​មាន​នៅក្នុង ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ៖ ស្រឡាញ់​អស់​អ្នក​ដែល​អ្នក​បង្រៀន ។ សូម​ពិចារណា​អនុវត្ត​ជំនាញ​នេះ​ដោយ​ការប្រាស្រ័យ​ទាក់ទង​ថា​អ្នក​ឲ្យ​តម្លៃ​សិស្ស មុន​ពេល​ពួកគេ​បញ្ចេញមតិ ឬ​នៅពេល​ពួកគេ​លើក​ដៃ​របស់​ពួកគេ​ដើម្បី​បញ្ចេញមតិ ។

  • តើ​ពាក្យ ឬ​ឃ្លា​ណា​ខ្លះ​ដែល​មាន​ប្រយោជន៍​បំផុត​សម្រាប់​អ្នក ? ហេតុអ្វី ?

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ខ្លះ​ដែល​អាច​ជួយ​យើង​ឲ្យ​គោរពប្រតិបត្តិ​តាម​ការបញ្ជា​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការមើលថែ​ដល់​អ្នក​ដែល​ខ្វះខាត ?

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ដែល​ឆ្លុះ​បញ្ចាំង​ពី​បំណង​ប្រាថ្នា​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​យើង​ក្លាយ​ដូចជា​ទ្រង់ ?

សូម​ឲ្យ​សន្លឹក​ក្រដាស​ផ្សេងទៀត​ទៅ​សិស្ស ។ សូម​ផ្តល់​ពេលវេលា​ឲ្យ​ពួកគេ​ដើម្បី​ស្គាល់​ការបំផុស​គំនិត​ដែល​ពួកគេ​ប្រហែល​ជា​បាន​ទទួល​អំពី​ការជួយ​នរណា​ម្នាក់​ដែល​ខ្វះខាត ឬ​វិធី​ជាក់លាក់​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​អាច​រួមចំណែក​ដល់​ឃ្លាំង​របស់​ព្រះអម្ចាស់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។ បន្ទាប់មក សិស្ស​អាច​ដាក់​ក្រដាស​របស់​ពួកគេ​ក្នុង​ប្រអប់​តំណាង​ឲ្យ​ឃ្លាំង​របស់​ព្រះអម្ចាស់ ជា​វិធី​បង្ហាញ​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការជួយ ឬ​ពួកគេ​អាច​យក​ក្រដាស​ទៅ​ផ្ទះ​ទុក​ជា​ការរំឭក ។