ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១០៤—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៩:១–១៧ ៖ ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ​មកពី​ព្រះអម្ចាស់


« មេរៀន​ទី ១០៤—គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៩:១–១៧ ៖ ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ​មកពី​ព្រះអម្ចាស់ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៩:១–១៧ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១០៤ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៩–៩២

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៩:១–១៧

ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ​មកពី​ព្រះអម្ចាស់

យុវជន​ហាត់កីឡា

នៅ​ឆ្នាំ ១៨៣៣ ជារឿងធម្មតា​ដែលសមាជិក​សាសនាចក្រ​ជាច្រើន​បាន​ជក់​បារី និង​គ្រឿង​ស្រវឹង តែ និង​កាហ្វេ ។ ក្នុង​ការឆ្លើយតប​ចំពោះ​ការអធិស្ឋាន​របស់ យ៉ូសែប ស្ម៊ីធ អំពី​បញ្ហា​នេះ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ​ដោយ​សេចក្តីមេត្តាករុណា ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​មាន​អារម្មណ៍​ដឹងគុណ​ចំពោះ​សេចក្តីណែនាំ​ដ៏​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​ព្រះអម្ចាស់ ដែល​ត្រូវបាន​ស្គាល់​ថា​ជា ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

កំណត់​ចំណាំ ៖ ពរជ័យ​ខាងវិញ្ញាណ​ដែលបាន​សន្យា​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៩:១៨–២១ សម្រាប់​ការគោរពតាម​ពាក្យ​សម្តី​នៃ​ប្រាជ្ញាវាងវៃ​នឹង​ផ្ដោត​នៅលើ​មេរៀន​បន្ទាប់ ។ វា​អាច​ជា​ការល្អបំផុត​ក្នុង​ការបង្រៀន​មេរៀន​ទាំងពីរ​នេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា ពរជ័យ​នៃ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ គឺ​សំដៅ​ទៅ​ខាងវិញ្ញាណ​ជា​ជាង​ខាង​រូបកាយ ។

យុទ្ធសាស្រ្ត​របស់​សាតាំង

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ពី​នុយ​ដែល​សាតាំង​ប្រើ​ដើម្បី​បញ្ឆោត​បុត្រាបុត្រី​របស់​ព្រះ ។ អ្នក​អាច​យក ឬ​បង្ហាញ​រូបភាព​នុយ​ស្ទូចត្រី ។ អ្នក​ក៏​អាច​ស្នើសុំ​ឲ្យ​សិស្ស​ដែល​មាន​បទពិសោធន៍​ស្ទូចត្រី​ពិពណ៌នា​អំពី​នុយ​ដ៏​ល្អបំផុត​សម្រាប់​ប្រើ​នៅក្នុង​តំបន់​របស់​អ្នក ។ ជម្រើស​ផ្សេង​ទៀត​គឺបង្ហាញ​ផ្នែក​ទីមួយ​នៃ​វីដេអូ « You Will Be Freed » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.orgចាប់ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ១:២៩ ។

ភាពចម្រុះ​នៃ​នុយ​ស្ទូចត្រី
2:58

អ្នក​នឹង​មាន​សេរីភាព

តាមរយៈដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​ទាំងអស់​អាច​ត្រូវបាន​ផ្លាស់ប្ដូរ លាង​សម្អាត ហើយ​មាន​សេរីភាព​ពី​ការ​ញៀន ។

  • តើ​នុយ​ស្ទូចត្រី​អាច​ប្រៀបធៀប​នឹង​កលល្បិច​របស់​សាតាំង​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដំបូន្មាន​អ្វីខ្លះ ដើម្បី​ជួយ​យើង​រកឃើញ និង​ចៀសវាង​ពី​នុយ​របស់​សាតាំង ?

    មាន​ចម្លើយ​ដែល​ត្រឹមត្រូវ​ជាច្រើន​ចំពោះ​សំណួរ​ទីពីរ​ដោយ​រួមមាន​ទាំង​ការអធិស្ឋាន ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០:៥ ) ការសិក្សា​ព្រះគម្ពីរ​ជា​រៀងរាល់​ថ្ងៃ ( សូមមើល ហេលេមិន ៣:២៩–៣០ ) ស្វែងរក​វិវរណៈ​ខាង​វិញ្ញាណ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨:២–៤ ) និង​ការធ្វើ​តាម​ដំបូន្មាន​មកពី​ព្យាការី និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ២១:៥ ) ។

    ដើម្បី​ជួយ​សិស្ស​មើលឃើញ​ពី​មូលហេតុ​ដែល​យើង​អាច​ទុកចិត្ត​លើ​ដំបូន្មាន​របស់​ព្រះអង្គសង្រ្គោះ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន នីហ្វៃទី២ ២៦:២៤ និង យ៉ាកុប ៤:១០ និង​ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន​អំពី​ទ្រង់ ។

    អ្នក​ក៏​អាច​ស្នើសុំ​សិស្ស​ឲ្យ​ជញ្ជឹងគិត ឬ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​នូវ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម​នេះ​ផងដែរ ៖

  • តើ​ដំបូន្មាន ឬ​ការព្រមាន​ជាក់លាក់​មកពី​ព្រះអង្គ​សង្គ្រោះ និង​ពួក​អ្នក​បម្រើ​ដែល​មាន​សិទ្ធិ​អំណាច​របស់​ទ្រង់​បានផ្ដល់​ពរ និង​ការពារ​ជីវិត​អ្នក​ដោយ​របៀបណា ?

ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ

សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោម​នៃ​បន្ទប់​តូច​មួយ​នៅខាង​លើ​ហាង​របស់ ​នូវល ខេ វិតនី នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ។ សូម​អញ្ជើញ​សិស្ស​របស់​អ្នក​ឲ្យ​ស្រមៃមើល​បន្ទប់​ដែល​មាន​សុទ្ធតែ​បុរស​ជាច្រើន​កំពុង​ជក់​បារី និង​ចុក​ថ្នាំជក់ នៅពេល​អ្នក​ពន្យល់​ព័ត៌មាន​នៅក្នុង​កថាខណ្ឌ​ខាងក្រោម ។

សាលា​របស់​ពួក​ព្យាការី

នៅ​រដូវរងា​ឆ្នាំ ១៨៣៣ អ្នក​កាន់​បព្វជិតភាព​ប្រហែល ២០ នាក់​បាន​ជួបគ្នា​ជា​ញឹកញាប់​នៅក្នុង​បន្ទប់​នេះ ដើម្បី​ចូល​រៀន​សាលា​របស់​ពួក​ព្យាការី ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:១២៧ ) ។ ដោយសារ​តែ​ជា​រឿង​ធម្មតា​ក្នុង​ជំនាន់​នោះ មាន​បុរស​ជាច្រើន​បាន​ជក់​បារី និង​ចុក​ថ្នាំជក់​អំឡុង​ពេល​ការប្រជុំ ។ ព្រិកហាំ យ៉ង់ បាន​នឹកឃើញ​ថា « ជាញឹកញាប់ នៅពេល​ព្យាការី​ចូល​ទៅក្នុង​បន្ទប់​ដើម្បី​ផ្ដល់​ការណែនាំ​ក្នុង​សាលា នោះ​លោក​ត្រូវ​ហ៊ុំ​ព័ទ្ធ​ដោយ​ផ្សែង​បារី » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៦៣ ) ។ ស្ថានភាព​ទាំងនេះ និង​ព្រម​ជាមួយ​អារម្មណ៍​របស់ អិមម៉ា ស្ម៊ីធ ដែល​ជា​អ្នក​សម្អាត​កាក​ថ្នាំ​ជក់​ដែល​ស្ដោះ​ទៅលើ​កម្រាល​ឥដ្ឋ​នោះ​បានបំផុស​ឲ្យ យ៉ូសែប ស៊្មីធ ទូលសួរ​អំពី​ការប្រើប្រាស់​នូវ​សារធាតុ​បែបនោះ ។ នៅក្នុង​ចម្លើយ​ដែល​ព្រះអម្ចាស់​បាន​បើកសម្តែង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៩ ( សូមមើល ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ភាគ ១ បទដ្ឋាន​នៃ​សេចក្ដីពិត ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ១៦៧–៦៨ ) ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៩:១–៤ ដោយ​រកមើល​មូលហេតុ​ដែល​ព្រះអង្គសង្រ្គោះ​ប្រទាន​វិវរណៈ​នេះ ។

  • តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ព្រះ​ទ័យ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​សម្រាប់​ការបើក​បង្ហាញ​កណ្ឌ​នេះ ?

    នៅពេល​សិស្ស​ចែកចាយ​ចម្លើយ​ចំពោះ​សំណួរ​មុន សូម​ប្រាកដ​ថា ពួកគេ​យល់​ថា ព្រះអម្ចាស់​បាន​ប្រទាន​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ​ដល់​យើង​ដើម្បី​ការពារ​យើង​ពី​អំពើ​អាក្រក់​នៅ​សម័យ​យើង ។

  • តើ​ការយល់ដឹង​ពី​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បើក​សម្ដែង​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ​មាន​ឥទ្ធិពល​លើ​អារម្មណ៍​របស់​យើង​ចំពោះ​វា​យ៉ាង​ដូចម្ដេច ?

  • តើ​គម្រោង​ដ៏​អាក្រក់​ណា​ខ្លះ​នៅ​សម័យ​យើង​នេះ ដែល​យើង​ត្រូវការ​ការការពារ​របស់​ទ្រង់ ?

នៅពេល​សិស្ស​ឆ្លើយ​សំណួរ​មុនៗ អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​ស្គាល់​អំពី​របៀប​ដែល​អំពើ​អាក្រក់​មួយ​ចំនួន​ដែល​ពួកគេ​ចែកចាយ​ត្រូវ​បានរៀបចំ ឬ​បាន​គ្រោងទុក​ដើម្បី​បញ្ឆោត​យើង ។

វា​អាច​មាន​អត្ថប្រយោជន៍​សម្រាប់​សិស្ស​ក្នុង​ការគិត ឬ​ចែកចាយ​សំណួរ​ដែល​ពួកគេ​មាន​អំពី​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ ។ ផ្នែក​ខាងក្រោម​អាច​ជួយ​ពួកគេ​ស្វែងរក​ចម្លើយ ។

សៀវភៅ​ណែនាំ​សម្រាប់​អ្នកប្រើប្រាស់​មក​ពី​អង្គបង្កបង្កើត

ដើម្បី​ណែនាំ​សកម្មភាព​ខាងក្រោម អ្នក​ប្រហែលជា​ចង់​យក ឬ​និយាយ​អំពី​សៀវភៅ​ណែនាំ​របស់​ម្ចាស់​សម្រាប់​ផលិតផល​ដែល​សិស្ស​ធ្លាប់​ស្គាល់ ។ សូម​ចង្អុល​បង្ហាញ​ដោយ​សង្ខេប​តម្លៃ​នៃ​ការដឹង​ពី​របៀប​ថែរក្សា​ផលិតផល និង​ការព្រមាន​មួយចំនួន​អំពី​ការប្រើប្រាស់​មិន​ត្រឹមត្រូវ ។ សូម​ជួយ​សិស្ស​យល់​ថា​ព្រះ ក្នុងនាម​ជា​អង្គបង្កបង្កើត ( សូមមើល លោកុប្បត្តិ ១:២៧ ) យល់​ច្បាស់​អំពី​រូបកាយ​របស់​យើង ហើយ​បាន​ប្រទាន​ការណែនាំ និង​ការព្រមាន​អំពី​ការប្រើប្រាស់ និង​ការថែទាំ​របស់​រូបកាយ​យើង ។

ប្រសិនបើ​សិស្ស​មាន​សំណួរ​អំពី​ព័ត៌មាន​លម្អិត​ពី​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ ដែល​សាសនាចក្រ​មិន​បាន​បង្រៀន​ឲ្យ​បាន​ច្បាស់លាស់ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ប្រឹក្សា​ជាមួយ​ឪពុកម្តាយ ប៊ីស្សព ឬ​ប្រធានសាខា ។

សូម​បង្កើត​សៀវភៅ​ណែនាំ​សម្រាប់​ការប្រើប្រាស់​រាងកាយ​របស់​យើង​ឲ្យបាន​ត្រឹមត្រូវ ។ សូម​មាន​ភាពច្នៃប្រឌិត និង​ធ្វើ​ឲ្យ​វា​មាន​លក្ខណៈ​ផ្ទាល់ខ្លួន ស្របតាម​ជម្រើស​របស់​អ្នក ។ ជំហាន​ខាងក្រោម​គ្រាន់តែ​ជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​ជា​ច្រើន​ដែល​អាច​ធ្វើ​បាន ៖

  1. បត់​ក្រដាស​ជា​ពីរ ដើម្បី​ឲ្យ​វា​ស្រដៀង​នឹង​កូន​សៀវភៅ​ខ្លីៗ ។ បង្កើត​ក្រប​ទំព័រ​ដែល​មាន​ចំណងជើង​ដូចជា « ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ៖ សៀវភៅ​ណែនាំ​របស់​ម្ចាស់​មកពី​អង្គបង្កបង្កើត » ។ អ្នក​អាច​បន្ថែម​គំនូរ ឬ​រូបភាព​លើ​ក្រប​ទំព័រ ។

  2. នៅក្នុង​កូន​សៀវភៅ សូម​ដាក់​ចំណងជើង​នៅ​ទំព័រ​ខាងឆ្វេង​ដូចជា « ព្រះ​ដំបូន្មាន​របស់​អង្គបង្កបង្កើត​ស្តីអំពី​អ្វី​ដែល​យើង​គួរតែ​ធ្វើ » ។ សូម​ដាក់​ចំណងជើង​ទំព័រ​ខាងស្ដាំ​ដូចជា « ព្រះ​ដំបូន្មាន​របស់​អង្គបង្កបង្កើត​ស្តីអំពី​អ្វី​ដែល​យើង​គួរតែ​ចៀសវាង » ។ សូម​កុំ​ស្ទាក់ស្ទើរ​បន្ថែម​រូបភាព ឬ​រចនា​នៅលើ​ទំព័រ​ខាងក្នុង ។

  3. សូម​សិក្សា គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៩:៥–១៧ ហើយ​បំពេញ​កូន​សៀវភៅ​របស់អ្នក​ដោយ​សរសេរ ឬ​បន្ថែម​រូបភាព​នៃ​អ្វី​ដែល​អ្នករៀន ។

    បន្ថែម​ពី​លើ​ការផ្តល់​យោបល់​ខាងក្រោម សូម​ពិចារណា​ផ្តល់​សម្ភារ​មាន​អត្ថប្រយោជន៍​មកពី​ផ្នែក « ធនធាន​បន្ថែម​ទាំងឡាយ » នៃ​មេរៀន​នេះ​ដល់​សិស្ស ។

  4. សូម​ស្រាវជ្រាវ​បន្ថែម​នូវ​ធនធាន​ដែល​បាន​តែងតាំង​ដ៏​ទេវភាព​ដូចជា ដើម្បី​កម្លាំង​នៃ​យុវជន ( កូន​សៀវភៅ ឆ្នាំ ២០២២ ) សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ និង​សេចក្ដីថ្លែងការណ៍​ដោយ​ថ្នាក់ដឹកនាំ​សាសនាចក្រ ។ សូម​បន្ថែម​អ្វី​ដែល​អ្នករៀន​ទៅ​ក្នុង​កូន​សៀវភៅ​របស់​អ្នក ។

ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ ឬ​បង្ហាញ​អ្វី​ដែល​ពួកគេ​បាន​បង្កើត ។

កំណត់​ចំណាំ ៖ នៅ​ក្នុង​ផ្នែក « សកម្មភាព​រៀនសូត្រ​បន្ថែម » នៃ​មេរៀន​បន្ទាប់ មាន​ការណែនាំ​សម្រាប់​សិស្ស​ឲ្យ​បន្ថែម​ទំព័រ​ខាងក្រោយ​ទៅ​នឹង​កូន​សៀវភៅ​របស់​ពួកគេ ។ ទំព័រ​ខាងក្រោយ​នឹង​រៀបរាប់​អំពី​ពរជ័យ​ដែល​ព្រះ​ប្រទាន​មក នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៨-២១ សម្រាប់ការ​គោរព​តាម​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ ។ ប្រសិនបើ​វា​ជា​បទពិសោធន៍​ដ៏​ល្អ​សម្រាប់​សិស្ស​របស់​អ្នក នោះ​អ្នក​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ប្រគល់​កូន​សៀវភៅ​របស់​ពួកគេ​នៅ​ថ្ងៃនេះ ឬ​ត្រូវ​ប្រាកដ​ថា នឹង​យក​វា​មក​ថ្នាក់​ម្តង​ទៀត​សម្រាប់​មេរៀន​លើក​ក្រោយ ។

ព្រះអង្គ​សង្គ្រោះ​ដ៏​មាន​ព្រះទ័យ​មេត្តា​ករុណា និង​អំណត់​របស់​យើង

ដើម្បី​ជួយ​សិស្ស​ឲ្យ​មើលឃើញ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​អត់ធ្មត់​ជាមួយ​ពួកបរិសុទ្ធ​របស់​ទ្រង់ បន្ទាប់ពី​បានបើក​សម្តែង​បទបញ្ញត្តិ​នេះ អ្នក​ប្រហែលជា​ចង់​ចែកចាយ​ខ្លឹមសារ​មួយចំនួន​ខាងក្រោម​តាម​ពាក្យសម្ដី​របស់អ្នក​ផ្ទាល់​ជាមួយ​សិស្ស ៖

ព្រះ​យេស៊ូវ​បានបើក​សម្ដែង​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ នៅ​ឆ្នាំ ១៨៣៣ ប៉ុន្តែ​វា​មិន​ត្រូវ​បាន​ផ្ដល់​ជា​បទបញ្ញត្តិ​នៅ​ពេល​នោះ​ទេ ( សូម​មើល ខទី ២ ) ។ បន្ទាប់ពី​បានទទួល​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ នោះ​ពួក​បរិសុទ្ធ​ជា​ច្រើន​បាន​ចាប់ផ្ដើម​ព្យាយាម​ខិតខំ​យក​ឈ្នះ​លើ​ទម្លាប់​ទាំងនោះ​ដែល​មាន​ជា​ប្រពៃណី ហើយ​សម្រាប់​អ្នក​ខ្លះដែល​ពួកគេ​បាន​ញៀន​ជា​យូរ​មកហើយ ។ ពេល​ខ្លះ ព្រះអម្ចាស់​បានដឹកនាំ​ថ្នាក់​ដឹកនាំ​សាសនាចក្រ រួម​ទាំង ព្រិកហាំ យ៉ង់ និង យ៉ូហាន ថេលើរ ឲ្យ​រំពឹង​បន្ថែម​ទៀត​ពី​ពួកបរិសុទ្ធ ចំពោះ​ការគោរពតាម​គោលការណ៍​ដែល​បានបង្រៀន​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៩ ។ រហូតមក​ដល់​សតវត្ស​ទី ២០ ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត « បាន​សូម​អញ្ជើញ​ពួកគេ​ឲ្យ​គោរពតាម​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ ដោយ​មិន​ទទួល​ទាន​គ្រឿង​ស្រវឹង កាហ្វេ តែ ថ្នាំជក់ និង​សារធាតុ​ដែល​បង្ក​គ្រោះថ្នាក់​ផ្សេងទៀត ដែល​ពួកបរិសុទ្ធ​ជំនាន់​មុន​បាន​ប្រើ​ពេលខ្លះ » ធ្វើ​ឲ្យ « ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ចាំបាច់សម្រាប់​ការចូល​ទៅ​ព្រះវិហារ​បរិសុទ្ធ និង​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា » ( Saints ៣:២៩១–២៩២ ) ។ « នៅ​ឆ្នាំ ១៩២១ ព្រះអម្ចាស់​បាន​បំផុសគំនិត​ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត តម្រូវ​ឲ្យ​ពួកបរិសុទ្ធ​ទាំងអស់​ឈប់​ទទួលទាន​គ្រឿង​ស្រវឹង ថ្នាំជក់ កាហ្វេ និង​តែ ដើម្បី​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ » ( Church History Topics « Word of Wisdom [D&C 89] » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ជំនួយ​អ្វី​ខ្លះ​ក្នុង​ជំនាន់​របស់​យើង​សម្រាប់​អ្នក​ដែល​ពុះពារ​នឹង​ការញៀន ?

នៅ​ចុងបញ្ចប់​នៃ​វីដេអូ​នេះ​ដែល​បានផ្ដល់​យោបល់​នៅ​ដើម​មេរៀន​អាច​ផ្តល់​ក្តីសង្ឃឹម​តាមរយៈ​ព្រះគ្រីស្ទ​សម្រាប់​អ្នក​ដែល​ពុះពារ​នឹង​ការញៀន ។ អ្នក​អាច​ពិចារណា​បង្ហាញ « You Will Be Freed » ចាប់ពី​នាទី​ទី ១:២៩ ដល់​នាទី​ទី ២:៥៥ ។

សិស្ស​ដែល​ចង់​បាន​ធនធាន​បន្ថែម​ទៀត​ដើម្បី​ជួយ​ដែល​ទាក់ទង​នឹង​ការញៀន អាច​ណែនាំ​ឲ្យ​ទៅ​ជួប​ថ្នាក់​ដឹកនាំ​វួដ​របស់​ពួកគេ និង​ទៅ​កាន់​ទំព័រ « ជួយ​ដល់​ជីវិត » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

2:58

អ្នក​នឹង​មាន​សេរីភាព

តាមរយៈដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​ទាំងអស់​អាច​ត្រូវបាន​ផ្លាស់ប្ដូរ លាង​សម្អាត ហើយ​មាន​សេរីភាព​ពី​ការ​ញៀន ។

មុននឹង​សួរ​សំណួរ​ខាងក្រោម សូម​ពិចារណា​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​ភាពល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុងការ​ប្រទាន​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ​ដល់​យើង ។ វា​អាច​មាន​អត្ថប្រយោជន៍​ក្នុងការអញ្ជើញ​ពួកគេ​ឲ្យ​ស្រមៃមើល​ថា តើ​ពិភពលោក​នឹង​ខុស​គ្នា​យ៉ាងណា ប្រសិនបើ​គ្មាន​ការប្រើប្រាស់​សារធាតុ​ញៀន ។ អ្នក​ក៏​អាច​ផ្តល់​ពេលវេលា​ដល់​ពួកគេ​ដើម្បី​សរសេរ​ពី​របៀប​ដែល​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ​បាន​ផ្ដល់​ពរ និង​ការពារ​ពួកគេ និង​មនុស្ស​ជា​ទីស្រឡាញ់​របស់​ពួកគេ ។

  • តើ​ការបើក​សម្ដែង​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ​បង្ហាញ​ពី​សេចក្ដី​មេត្តាករុណា និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​បញ្ចប់​មេរៀន​ដោយ​ការចែកចាយ​ពី​របៀប​ដែល​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ​បានផ្ដល់​ពរ​ដល់​ជីវិត​របស់​អ្នក ហើយ​បង្ហាញ​ការដឹងគុណ​ចំពោះ​ព្រះអង្គសង្គ្រោះ​ដែល​ប្រទាន​វិវរណៈ​នេះ​ដល់​យើង ។