« មេរៀនទី ១០៥—គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩:១៨–២១ ៖ ‹ យើងជាព្រះអម្ចាស់ប្រទានដល់ពួកគេនូវសេចក្ដីសន្យាមួយ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩:១៨–២១ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១០៥ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩–៩២
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩:១៨–២១
« យើងជាព្រះអម្ចាស់ប្រទានដល់ពួកគេនូវសេចក្ដីសន្យាមួយ »
បន្ទាប់ពីបើកសម្តែងពាក្យសម្តីនៃប្រាជ្ញាវាងវៃដល់ យ៉ូសែប ស្ម៊ីធ ( សូមមើលមេរៀន « គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩:១–១៧ » ) ព្រះយេស៊ូវគ្រីស្ទបានពន្យល់ពីពរជ័យមួយចំនួនដែលទ្រង់ប្រទានដល់អ្នកដែលគោរពតាមគោលការណ៍ដែលបានបង្រៀនដោយស្មោះត្រង់នៅក្នុងវិវរណៈនេះ ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យជ្រើសរើសរស់នៅតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ហើយទទួលពរជ័យដែលបានសន្យារបស់ព្រះអង្គសង្គ្រោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
រនាំង
អែលឌើរ អែលឌើរ ហ្វុន ជី ខីតឆ៍ កំពុងរីករាយនាថ្ងៃមួយនៅឯឆ្នេរសមុទ្រ នៅពេលដែលអ្នកជិះក្ដារលើរលកមួយក្រុមបានខកចិត្តដែលមានមនុស្សដាក់រនាំងនៅចន្លោះឈូងសមុទ្រ និងលំហមហាសមុទ្រ ។ ពួកអ្នកជិះក្ដារលើរលកបានរអ៊ូដែលរនាំងនេះបានធ្វើឲ្យខូចការធ្វើដំណើររបស់ពួកគេ ដោយរារាំងពួកគេមិនឲ្យហែលរលកធំៗ ដែលកំពុងបក់បោកនៅខាងក្រៅឆកសមុទ្រ ។
នៅទីបំផុត [ អ្នកជិះក្ដារលើរលកដែលមានវ័យចំណាស់ម្នាក់ ] បានក្រោកឈរឡើង ហើយដើរទៅរកក្រុមនោះ ។ គាត់បានដកកែវយឺតចេញពីកាបូបស្ពាយគាត់ ហើយហុចវាទៅឲ្យអ្នកជិះក្ដារលើរលកម្នាក់ដោយមិនស្ដីអ្វីទាំងអស់ រួចចង្អុលទៅរនាំងការពារនោះ ។ ពួកគេម្នាក់ៗបានយកកែវយឺតនោះមកឆ្លុះមើល ។ ដោយមានជំនួយពីកែវយឺតនោះ ពេលដល់វេនខ្ញុំ ខ្ញុំអាចមើលឃើញអ្វីមួយដែលខ្ញុំមិនអាចមើលឃើញពីមុន ៖ គឺត្រីឆ្លាមធំៗ—កំពុងស៊ីចំណីនៅជិតថ្មប៉ប្រះទឹកនៅម្ខាងទៀតនៃរនាំងការពារនោះ ។…
នៅពេលយើងឈរនៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនោះ ទស្សនវិស័យរបស់យើងបានផ្លាស់ប្ដូរមួយរំពេច ។ រនាំងការពារមួយដែលទំនងដូចជា ការតឹងរឹង និងដាក់កំហិត—ដែលហាក់ដូចជាកាត់បន្ថយភាពសប្បាយ និងភាពរីករាយនៃការជិះក្ដារលើរលកដ៏ធំៗ—បានក្លាយទៅជាអ្វីមួយផ្សេងទៅវិញ ។ ឥឡូវ រនាំងការពារនេះបានផ្ដល់ការការពារ សុវត្ថិភាព និងភាពសុខសាន្ត ពេលយើងយល់ដឹងជាថ្មីអំពីគ្រោះថ្នាក់ដែលលាក់ខ្លួននោះ ។ ( វ៉ន ជី ខីតឆ៍ « Blessed and Happy Are Those Who Keep the Commandments of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១៦ )
-
តើបទពិសោធន៍របស់អែលឌើរ ខីតឆ៍ អាចបង្រៀនយើងអ្វីខ្លះអំពីព្រះ និងបទបញ្ញត្តិរបស់ទ្រង់ ?
-
តើបទបញ្ញត្តិមួយណាដែលបង្ហាញពីព្រះរាជបំណងរបស់ព្រះក្នុងការការពារយើងបានល្អបំផុត ? ហេតុអ្វី ?
-
តើអ្នកមើលឃើញថាពាក្យសម្តីនៃប្រាជ្ញាវាងវៃ ជាពរជ័យមកពីព្រះវរបិតាសួគ៌ ឬជាការរឹតបន្តឹងក្នុងជីវិតរបស់អ្នក ?
-
តើអ្នកដឹងអ្វីខ្លះអំពីពរជ័យដែលព្រះវរបិតាសួគ៌ប្រទានដល់អ្នកដែលគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ?
-
តើវាមានសារៈសំខាន់យ៉ាងណាចំពោះអ្នកក្នុងការគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ? ហេតុអ្វី ?
ពរជ័យដែលព្រះអង្គសង្គ្រោះចង់ប្រទានឲ្យយើង
បន្ទាប់ពីបានបើកសម្ដែងពាក្យសម្តីនៃប្រាជ្ញាវាងវៃដល់ យ៉ូសែប ស្ម៊ីធ ព្រះយេស៊ូវគ្រីស្ទបានពន្យល់ពីពរជ័យដែលទ្រង់ និងព្រះវរបិតាសួគ៌ប្រទានដល់អ្នកដែលគោរពតាមវិវរណៈនេះដោយស្មោះត្រង់ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩:១៨–២១ ហើយគូសចំណាំរាល់ការសន្យាដែលទ្រង់ទាំងទ្វេបានធ្វើចំពោះអ្នកដែលគោរពប្រតិបត្តិ ។
-
តើអ្នកគិតថាមនុស្សមួយចំនួនអាចនឹងមានសំណួរអ្វីខ្លះ នៅពេលពួកគេអានការសន្យាទាំងនេះមកពីព្រះអម្ចាស់ ?
ពរជ័យនៃសុខភាព និងការតស៊ូ ( ខទី ១៨, ២០ )
សូមអាន កថាខណ្ឌទី ៧–៨ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះពី ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលនៅពេលនោះជាគណៈប្រធានទីមួយ ។ លោកសំដៅទៅលើបទពិសោធន៍ដែលលោកមានកាលជាយុវជននៅក្នុងកងទ័ព ដែលលោកបានសង្កេតឃើញថា ទាហានមួយចំនួនដែលមិនគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ មានកម្លាំងខាងរាងកាយលើសពីលោក ។ សូមរកមើលសេចក្តីពិតដែលអាចជួយនរណាម្នាក់ឆ្លើយសំណួរដែលពួកគេមានអំពីការសន្យាដែលព្រះអម្ចាស់បានធ្វើ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩:១៨, ២០ ។
នៅទីបំផុត ខ្ញុំបានដឹងថា ការសន្យារបស់ព្រះមិនតែងតែសម្រេចបានលឿន ឬតាមរបៀបដូចយើងសង្ឃឹមនោះទេ វាកើតឡើងតាមពេលវេលារបស់ទ្រង់ និងតាមមាគ៌ារបស់ទ្រង់ ។ ជាច្រើនឆ្នាំក្រោយមក ខ្ញុំអាចឃើញភស្ដុតាងច្បាស់លាស់នៃពរជ័យខាងសាច់ឈាមដែលកើតមានចំពោះអ្នកដែលគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ—បន្ថែមលើពរជ័យខាងវិញ្ញាណដែលកើតឡើងភ្លាមៗមកពីការគោរពតាមក្រិត្យវិន័យណាមួយរបស់ព្រះ ។ ក្រឡេកក្រោយវិញ ខ្ញុំដឹងច្បាស់ថា ការសន្យាទាំងឡាយរបស់ព្រះអម្ចាស់ ប្រហែលជាមិនលឿនទេ តែប្រាកដប្រជាជានិច្ច ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Continue in Patience » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥៨ )
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអម្ចាស់ និងការសន្យារបស់ទ្រង់ ដែលអាចជួយនរណាម្នាក់ដែលគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ប៉ុន្តែនៅតែពុះពារនឹងបញ្ហាសុខភាព ?
ពរជ័យនៃប្រាជ្ញា និងចំណេះដឹង ( ខទី ១៩ )
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៣៤ ហើយគិតអំពីរបៀបដែលគោលលទ្ធិដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុងខគម្ពីរនេះ អាចអនុវត្តចំពោះពាក្យសម្តីនៃប្រាជ្ញាវាងវៃ ។
-
តើពាក្យសម្តីនៃប្រាជ្ញាវាងវៃ ជាចម្បង គឺជាពរជ័យខាងវិញ្ញាណ បន្ថែមពីលើពរជ័យខាងរូបកាយដោយរបៀបណា ?
-
តើការគោរពប្រតិបត្តិរបស់យើងចំពោះពាក្យសម្តីនៃប្រាជ្ញាវាងវៃអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះប្រទានពរដល់យើងជាប្រាជ្ញា និងចំណេះដឹងខាងលោកិយបន្ថែមទៀតតាមរបៀបណា ? ជាប្រាជ្ញា និងចំណេះដឹងខាងវិញ្ញាណបន្ថែមទៀតដោយរបៀបណា ?
-
តើការគោរពប្រតិបត្តិតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃជួយយើងឲ្យទទួលបានវិវរណៈមកពីព្រះកាន់តែពេញលេញ តាមរយៈព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេច ?
ដានីយ៉ែល និងយុវវ័យផ្សេងទៀតដែលរស់នៅបាប៊ីឡូន បានទទួលការអប់រំ និងបង្ហាត់បង្រៀនឲ្យក្លាយជាបុរសឈ្លាសវៃសម្រាប់ស្តេច ។ ពេលពួកគេទទួលបានអាហាររបស់ស្ដេច ដានីយ៉ែលមិនព្រមបរិភោគទេ ដោយសារតែច្បាប់សុខភាពរបស់ព្រះអម្ចាស់នៅពេលនោះ ។ អ្នកបម្រើរបស់ស្តេចបានអនុញ្ញាតឲ្យ ដានីយ៉ែល និងអ្នកផ្សេងទៀតសាកល្បងរយៈពេល ១០ ថ្ងៃ នៃការទទួលទានអាហារផ្សេងៗដើម្បីមើលថាតើពួកគេនឹងមានសុខភាពល្អ និងឆ្លាតដូចយុវវ័យផ្សេងទៀតនៅក្នុងកម្មវិធីនេះដែរឬទេ ។
សូមអាន ដានីយ៉ែល ១:១៧–២០ សូមរកមើលភស្តុតាងនៃពរជ័យខាងលោកិយ និងខាងវិញ្ញាណនៃពាក្យសម្តីប្រាជ្ញាវាងវៃ ដែលព្រះបានប្រទាន ដានីយ៉ែល និងដៃគូរបស់លោក ។
-
តើភស្ដុតាងអ្វីខ្លះនៃពរជ័យរបស់ព្រះដែលអ្នកបានរកឃើញ ?
ពរជ័យនៃការការពារ ( ខទី ២១ )
-
តើគំរូអ្វីខ្លះនៃការការពាររបស់ព្រះអង្គសង្គ្រោះដែលអ្នកបានឃើញនៅក្នុងជីវិតរបស់អ្នក ពេលអ្នកបានគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ?
ការគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ
-
ផ្អែកលើអ្វីដែលអ្នកបានរៀនអំពីពាក្យសម្តីនៃប្រាជ្ញាវាងវៃ ហេតុអ្វីបានជាវាមានតម្លៃសម្រាប់អ្នកដើម្បីគោរពតាមវិវរណៈនេះមកពីព្រះគ្រីស្ទ ?
សូមធ្វើផែនការមួយដែលនឹងជួយអ្នកគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ។ សូមគិតអំពីស្ថានភាព ឬការល្បួងដែលអ្នកប្រហែលជាប្រឈមមុខ ហើយសម្រេចចិត្តពីវិធីសាស្រ្តដ៏ល្អបំផុតសម្រាប់អ្នកដើម្បីយកឈ្នះវា ។ សូមគិតពីការចែកចាយបំណងប្រាថ្នា និងផែនការរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ តាមរយៈការអធិស្ឋាន និងទូលសុំកម្លាំងរបស់ទ្រង់ដើម្បីជោគជ័យ ។