ថ្នាក់​សិក្ខាសាលា
មេរៀនទី ១០៦—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩០ ៖ គណៈប្រធាន​ទីមួយ


« មេរៀន​ទី ១០៦—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩០ ៖ គណៈប្រធាន​ទីមួយ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩០ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១០៦ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៩–៩២

គោលលទ្ធិ និង​សេចក្តីសញ្ញា ៩០

គណៈប្រធាន​ទីមួយ

គណៈប្រធាន​ទី​មួយ

នៅ​ខែ មីនា ឆ្នាំ ១៨៣៣ ព្រះអម្ចាស់​បាន​ដឹកនាំ យ៉ូសែប ស៊្មីធ ឲ្យ​ញែកចេញ ស៊ីឌនី រិកដុន និង ហ្វ្រេឌ្រិច ជី វិលលាម្ស ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​របស់​លោក​ក្នុង​គណៈប្រធាន​ទីមួយ ។ ក្នុង​នាម​ជា​គណៈប្រធាន បុរស​ទាំង​បី​រូប​នេះ​បាន​កាន់​កូនសោ​បព្វជិតភាព ដែល​អនុញ្ញាត​ឲ្យ​ពួកលោក​ធ្វើ​ជា​អធិបតី​លើ​នគរ​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការណែនាំ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ ប្រទាន​ដល់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ តាមរយៈ​គណៈប្រធាន​ទីមួយ​របស់​ទ្រង់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

កូនសោ​អាច​ផ្ដល់​សិទ្ធិ​ចូលប្រើ

វិធី​មួយ​ដើម្បី​ចាប់ផ្តើម​ថ្នាក់​គឺ​បង្ហាញ​ថា កូនសោ​អនុញ្ញាត​ឲ្យ​យើង​ចូលប្រើ​របស់​ពិសេស​នៅពេល​ចាំបាច់ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​លើ​ក្រដាស​តូចៗ​ពីអ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​សំខាន់​ដើម្បី​រក្សា​សុវត្ថិភាព ។ សូម​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ និង​មូលហេតុ ។ សូម​ប្រមូល​ក្រដាស ហើយ​ចាក់​សោ​វា​នៅ​កន្លែង​ដែល​អាច​ចូល​បាន​ដោយ​ប្រើ​កូនសោ​ប៉ុណ្ណោះ ។ ប្រសិនបើ​អ្នក​មិន​អាច​ទុក​ឯកសារ​ឲ្យ​មាន​សុវត្ថិភាព​នៅក្នុង​អ្វី​ដែល​អាច​ចាក់សោ​ដោយ​កូនសោ​បានទេ នោះ​អ្នក​អាច​ដាក់​វា​ក្នុង​ប្រអប់​មួយ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា ក្រដាស​របស់​ពួកគេ​ត្រូវបាន​ចាក់សោ ។ បង្ហាញ​កូនសោ​មួយ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​តម្លៃ​នៃ​សោ​នោះ ។ អ្នក​ក៏​អាច​សួរ​ថា ៖

  • តើ​មាន​កិច្ចការ​សំខាន់​អ្វីខ្លះ​ក្នុង​ជីវិត​របស់​អ្នក​ដែល​ទាមទារ​ឲ្យ​អ្នក​អាច​ប្រើ​សោ​ទាំងនោះ​បាន ?

  • តើ​អ្នក​នឹង​ទុកចិត្ត​នរណា​ក្នុងការ​ប្រើប្រាស់ និង​ការពារ​សោ​នោះ ? ហេតុអ្វី ?

សូម​ពិចារណា​ពី​ការពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​កាន់​កូនសោ​បព្វជិតភាព​ដែល​ត្រូវ​បានប្រើ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ សូម​អញ្ជើញ​សិស្ស​នៅពេល​ពួកគេ​សិក្សា​នៅ​ថ្ងៃ​នេះ ឲ្យ​គិត​អំពី​អ្នក​ដែល​ទ្រង់​ប្រទាន​កូនសោ​ទាំងនោះ​នៅលើ​ផែនដី និង​អ្វី​ដែល​ពួកលោក​ជួយ​យើង​ដោយ​ប្រើ​កូនសោ ។

ព្រះយេស៊ូវ​គ្រីស្ទ បានរៀបចំ​គណៈប្រធាន​ទីមួយ

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​សិក្សា​វគ្គ​បទគម្ពីរ​ខាងក្រោម អ្នក​អាច​នឹង​ចង់​បង្ហាញ​រូបភាព​របស់​គណៈប្រធាន​ទីមួយ​នៅក្នុង​ឆ្នាំ ១៨៣៣ ( សូម​មើល​រូបភាព​សំខាន់ៗ​នៃ​មេរៀន​នេះ ) ហើយ​ផ្តល់​នូវ​បរិបទ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

អ្វី​ដែល​ហៅ​សព្វថ្ងៃ​នេះ​ថា​ជា​គណៈប្រធាន​ទីមួយ​ត្រូវ​បាន​ហៅ​ដំបូង​ថា ជា​គណៈប្រធាន​នៃ​បព្វជិតភាព​ជាន់ខ្ពស់ ។ ស៊ីឌនី រិកដុន និង ហ្វ្រែឌើរិក ជី វិលលាម្ស ត្រូវ​បានហៅ ហើយ​ញែកចេញ​ជា​ទីប្រឹក្សា​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ក្នុង ខែ មីនា ឆ្នាំ ១៨៣៣ ដើម្បី​បង្កើត​គណៈប្រធាន​នេះ ។ នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩០ ព្រះអម្ចាស់​បាន​បើកសម្ដែង​ការណែនាំ​ដល់ យ៉ូសែប ស្ម៊ីធ អំពី​ការទទួល​ខុសត្រូវ​របស់​គណៈប្រធាន​ទីមួយ ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩០:១–៣, ៦ ដោយ​រកមើល​អ្វី​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ យ៉ូសែប ស៊្មីធ ស៊ីឌនី រិកដុន និង ហ្វ្រែឌើរិក ជី វិលលាម្ស ។

  • តើ​ការទទួល​ខុសត្រូវ​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​បុរស​ទាំងនេះ​ឲ្យ​ទទួល ?

    សូម​អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​យល់​អំពី​កូនសោ​បព្វជិតភាព ។ សូម​ផ្តល់​ពេល​ឲ្យ​សិស្ស​ដើម្បី​សួរ​សំណួរ​ដែល​ពួកគេ​អាច​មាន​អំពី​កូនសោ​បព្វជិតភាព និង​ការរៀបចំ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ផងដែរ ។ តាម​តម្រូវការ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​រកមើល « កូន​សោ​ទាំងឡាយ​នៃ​បព្វជិតភាព » សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ដើម្បី​រៀន​បន្ថែមទៀត និង​ចែកចាយ​អ្វី​ដែល​ពួកគេ​ស្វែងរក ។

  • តើ​យើង​អាច​រៀនអ្វី​ខ្លះ​មកពី​ខគម្ពីរ​ទាំងនេះ អំពី​របៀប​ដែល​ព្រះអម្ចាស់​គ្រប់គ្រង​សាសនាចក្រ​របស់​ទ្រង់ ?

សិស្ស​អាច​និយាយ​អំពី​សេចក្តីពិត​ជាច្រើន​ដែល​យើង​អាច​រៀន​បាន ។ សេចក្តីពិត​មួយ​ដែល​អ្នក​អាច​បញ្ជាក់​គឺ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​នៅលើ​ផែនដី​តាមរយៈ​កូន​សោ​បព្វជិតភាព ដែល​ទ្រង់​បាន​ប្រទាន​ដល់​គណៈប្រធាន​ទីមួយ​របស់​ទ្រង់ ។

ដើម្បី​ជួយ​សិស្ស​យល់ និង​ទទួល​អារម្មណ៍​ពី​សារៈសំខាន់​នៃ​សេចក្តីពិត​នេះ នោះ​អ្នក​អាច​បង្ហាញ​វីដេអូ « Where Are the Keys? » ( ២:៥១ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

2:51

អ្នក​ក៏​អាច​បង្ហាញ និង​ពិភាក្សា​អំពី​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ពន្យល់​ពី​របៀប ដែល​ព្រះអង្គ​សង្គ្រោះ​ប្រើប្រាស់​កូនសោ នៅក្នុង​សាសនាចក្រ​របស់ទ្រង់​ដើម្បី​ប្រទានពរ​ដល់​ជីវិត​របស់​យើង ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

នៅក្នុង​សិទ្ធិ​អំណាច​នៃ​កូនសោ​ទាំងនេះ អ្នក​កាន់​តំណែង​បព្វជិតភាព​របស់​សាសនាចក្រ រក្សា​ភាព​បរិសុទ្ធ​នៃ​គោលលទ្ធិ​របស់​ព្រះ​អង្គ​សង្គ្រោះ និង​សេចក្ដី​សុចរិត​នៃ​ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ​របស់ទ្រង់ ។ ពួកគាត់​ជួយ​រៀបចំ​អ្នក​ទាំងឡាយ​ដែល​ចង់​ទទួល​ពិធី​ទាំងនោះ វិនិច្ឆ័យ​ទៅលើ​គុណសម្បត្តិ និង​ភាពស័ក្ដិសម​នៃ​អ្នក​ទាំងឡាយ​ដែល​ដាក់​ស្នើ រួច​ហើយ​ត្រូវ​ធ្វើ​ពិធី​ទាំងនោះ ។

ដោយ​មាន​កូនសោ​នៃ​នគរ ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​អាច​ស្គាល់​ទាំង​សេចក្ដី​ពិត និង​ភាព​ក្លែងក្លាយ ហើយ​ថ្លែង​ដោយ​សិទ្ធិ​អំណាច​ជា​ថ្មី​ម្ដង​ទៀត​ថា « ព្រះ​អម្ចាស់​មាន​បន្ទូល​ដូច្នេះ » ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Why the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១០ )

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ពី​របៀប​ដែល​ទ្រង់​ប្រើ​កូនសោ​បព្វជិតភាព​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ភារកិច្ច​របស់​គណៈប្រធាន​ទីមួយ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​បង្កើត និង​បំពេញ​តារាង​ដូច​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ អនុញ្ញាត​ឲ្យ​សិស្ស​រៀន​ជាមួយ​ដៃគូ ឬ​ក្រុម​តូចៗ​តាមរយៈ​ការអាន ពិភាក្សា និង​ចែកចាយ​ការយល់ដឹង ។

ព្រះគម្ពីរ

របៀប​ដែល​ព្រះអម្ចាស់​ប្រទានពរ​ដល់​យើង​តាមរយៈ​គណៈប្រធាន​ទីមួយ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩០:៩

( នៅក្នុង​ខ​នេះ « របស់អ្នក » សំដៅ​ទៅ​លើ​គណៈប្រធាន​ទីមួយ និង « ពួកគេ » សំដៅ​ទៅលើ​ពួក​អែលឌើរ​នៃ​សាសនាចក្រ ) ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩០:១៤–១៦

គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៧:៨–៩

គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៧:៣៣

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២០ ក្បាល​កណ្ឌ និង​ខទី ១

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៤:១២៥–១២៦

គណៈ​ប្រធាន​ទីមួយ និង​ព្រះបន្ទូល​នៃ​ព្រះ

ផ្នែក​នេះ​អាច​ជួយ​សិស្ស​យល់​ថា ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​វិវរណៈ​ទៅកាន់​គណៈប្រធាន​ទីមួយ ។ សូម​ពន្យល់​ថា នៅក្នុង​វគ្គបទគម្ពីរ​នេះ ព្រះអម្ចាស់​សំដៅ​ទៅលើ​វិវរណៈ​ទៅកាន់​ថ្នាក់ដឹកនាំ​ជម្រើស​របស់​ទ្រង់​ជា « ព្រះបន្ទូល​​នៃ​ព្រះ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩០:៤–៥ ) ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩០:៤–៥ ដោយ​រកមើល​ពី​របៀប​ដែល​ព្រះអម្ចាស់​មាន​អារម្មណ៍អំពី​ព្រះ​បន្ទូល ( ឬ​វិវរណៈ ) ទ្រង់​ប្រទាន​ដល់​យើង​តាមរយៈ​គណៈប្រធាន​ទីមួយ​របស់​ទ្រង់ ។

  • តើ​អ្នក​រៀន​អ្វី​ខ្លះ​ចេញពី​ខគម្ពីរ​ទាំងនេះ ?

  • តើ​ពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា​វិវរណៈ​នៃ​ព្រះ​បាន​ការពារ​អ្នក​ពី​ព្យុះ​ជីវិត ?

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​ការទទួល​ខុសត្រូវ​ដ៏​ធំ​បំផុត​របស់​ព្យាការី​របស់​ព្រះអម្ចាស់ ៖

2:3
អែលឌើរ នែល អិល អាន់ឌើរសិន⁠

ព្យាការី​ពុំ​ឈរ​នៅ​ចន្លោះ​រវាង​អ្នក និង​ព្រះអង្គសង្គ្រោះ​ទេ ។ ផ្ទុយ​ទៅវិញ លោក​ឈរ​នៅ​ក្បែរ​អ្នក ហើយ​ចង្អុល​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅរក​ព្រះអង្គសង្គ្រោះ ។ ការទទួល​ខុសត្រូវ​ដ៏​ធំ​មហិមា និង​អំណោយ​ទាន​ដ៏​មាន​តម្លៃ​បំផុត​របស់​ព្យាការី​ចំពោះ​យើង​គឺ សាក្សី​ដ៏​រឹងមាំ​របស់​លោក ចំណេះដឹង​ពិតប្រាកដ​របស់​លោក ដែល​ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ ដូចជា​ពេត្រុស​ពី​ជំនាន់​បុរាណ ដែលជា​ព្យាការី​របស់​យើង​ប្រកាស​ថា « [ ទ្រង់​ជា ] ព្រះគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ » [ ម៉ាថាយ ១៦:១៦ ] ។ ( នែល អិល អាន់ឌើរសិន « The Prophet of God » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៧ )

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​ព្យាការី និង​ទីប្រឹក្សា​របស់​លោក​ចង្អុលបង្ហាញ​យើង​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ?

    រូបតំណាង​ការបំពាក់បំប៉ន សូម​ប្រើ​ប្រសាសន៍​របស់​ព្យាការី​សម័យ​ទំនើប ដើម្បី​សង្កត់ធ្ងន់​លើ​គោលលទ្ធិ និង​គោលការណ៍​នានា ។ សកម្មភាព​ខាងក្រោម​ផ្តល់​ឲ្យ​សិស្ស​នូវ​ឱកាស​មួយ​ដើម្បី​សិក្សា​ប្រសាសន៍​របស់​ព្យាការី ។ សម្រាប់​ការអនុវត្ត​បន្ថែម​ទៀត​អំពី​របៀប​ប្រើ​ប្រសាសន៍​របស់​ព្យាការី សូម​មើល​ការបំពាក់បំប៉ន​ដែល​មាន​ចំណងជើង​ថា « បង្រៀន​ចេញ​ពី​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី​ថ្ងៃ​ចុងក្រោយ » នៅក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ បង្រៀន​គោលលទ្ធិ ។ សូម​ពិចារណា​អនុវត្ត​ជំនាញ « រៀបចំ​ការអញ្ជើញ​ដែល​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​សេចក្តីពិត​ដែល​មាន​ក្នុង​បទគម្ពីរ​ទៅ​នឹង​អ្វី​ដែល​ពួកព្យាការី​នៅរស់​កំពុង​មាន​ប្រសាសន៍ » ។

    សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ដើម្បី​សិក្សា​សារលិខិត​ថ្មីៗ​មកពី​ព្យាការី និង​ទីប្រឹក្សា​របស់​លោក ។ សិស្ស​អាច​ជ្រើសរើស​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ទីមួយ ហើយ​រកមើល​សុន្ទរកថា​សន្និសីទ​ទូទៅ​ថ្មីៗ​បំផុត​មួយ​របស់​លោក​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។ ប្រហែលជា​អ្នក​អាច​បែងចែក​សិស្ស​ជា​បី​ក្រុម ដែល​ក្រុម​នីមួយៗ​សិក្សា​ពាក្យ​មកពី​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ទីមួយ ដោយ​រកមើល​ការបង្រៀន​ដែល​ពួកគេ​មាន​អារម្មណ៍​ថា មាន​សារៈសំខាន់​សម្រាប់​យុវវ័យ​ឲ្យ​យល់ដឹង ។ បន្ទាប់​មក សិស្ស​អាច​រាយការណ៍​នូវ​អ្វី​ដែល​ពួកគេ​រៀន ។ ជាមួយនឹង​ការបង្រៀន​នីមួយៗ​ដែល​បាន​ចែកចាយ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ជញ្ជឹងគិត ហើយ​បង្ហាញ​ពី​របៀប​ដែល​វា​ចង្អុល​បង្ហាញ​យើង​ទៅកាន់​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ ។

    អ្នក​អាច​បញ្ចប់​មេរៀន​នេះ​ដោយ​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​អារម្មណ៍​ដែលមាន​នៅ​ថ្ងៃ​នេះ ដែល​ទាក់ទង​នឹង​ពួកគេ​បំផុត ។ សូមពិចារណា​សួរសំណួរ​ដូចខាងក្រោមនេះ ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​នៅ​ថ្ងៃ​នេះ​ដែល​អ្នក​ចង់​ចងចាំ ?

  • ប្រសិនបើ​នរណា​ម្នាក់​សួរ​ថា ហេតុអ្វី​បាន​ជា​អ្នក​ស្តាប់​ការណែនាំ​មកពី​គណៈប្រធាន​ទីមួយ តើ​មាន​អ្វី​មួយ​ដែល​អ្នក​ចង់​ពន្យល់​ដល់​ពួកគេ ?