« មេរៀនទី ១១៣—គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៨ ៖ គ្រប់ការណ៍ទាំងអស់នឹងផ្សំគ្នាសម្រាប់សេចក្ដីល្អដល់យើង សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១១៣ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨–១០១
គ្រប់ការណ៍ទាំងអស់នឹងផ្សំគ្នាសម្រាប់សេចក្ដីល្អដល់យើង
នៅរដូវក្តៅក្នុងឆ្នាំ ១៨៣៣ ភាពតានតឹងរវាងពួកមិសសួរី និងពួកបរិសុទ្ធនៅក្នុងស្រុកចាកសុន បានបណ្តាលឲ្យមានមនុស្សកំណាចវាយលុកផ្ទះ បំផ្លាញអាជីវកម្ម និងទាមទារឲ្យដកសមាជិកសាសនាចក្រទាំងអស់ចេញពីតំបន់នោះ ។ នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨ ព្រះអង្គសង្គ្រោះបានផ្ដល់ការលួងលោម និងដំបូន្មានដល់ពួកបរិសុទ្ធដែលជួបការលំបាក ហើយបានណែនាំដល់ថ្នាក់ដឹកនាំសាសនាចក្រអំពីរបៀបដើម្បីដោះស្រាយការប្រព្រឹត្តដោយអយុត្តិធម៌មកលើពួកគេ ។ មេរៀននេះអាចជួយសិស្សរង់ចាំព្រះអម្ចាស់ដោយអត់ទ្រាំក្នុងគ្រាមានទុក្ខលំបាក ។
សកម្មភាពរៀនសូត្រដែលអាចមាន
-
តើពេលណាដែលជាពេលពិបាកអត់ទ្រាំ ?
-
តើមានស្ថានភាពណាខ្លះដែលអ្នកត្រូវអត់ទ្រាំ ?
-
នៅលើរង្វាស់ពី ១–១០ ដោយ ១០ មានភាពអត់ទ្រាំខ្លាំង តើអ្នកគិតថាអ្នកអត់ទ្រាំខ្លាំងប៉ុនណា ?
-
តើព្រះអម្ចាស់ចង់ឲ្យអ្នកអត់ទ្រាំក្នុងស្ថានភាពអ្វីខ្លះ ? ហេតុអ្វី ?
ពួកបរិសុទ្ធត្រូវបានបណ្ដេញចេញពីស្រុកចាកសុន រដ្ឋមិសសួរី
នៅពេលពួកបរិសុទ្ធបានមកដល់រដ្ឋមិសសួរី ដើម្បីសាងសង់ទីក្រុងស៊ីយ៉ូន ភាពតានតឹងបានកើតឡើងជាមួយនឹងអ្នករស់នៅក្នុងស្រុកចាកសុន ។ ជម្លោះនយោបាយ ការខ្វែងគំនិតគ្នាខាងសាសនា និងការសម្រេចចិត្តមិនត្រឹមត្រូវ ( រួមទាំងការមិនសាងសង់ព្រះវិហារបរិសុទ្ធដូចព្រះអង្គសង្គ្រោះបានបញ្ជា) បានបង្កើនបញ្ហា ។ ក្នុងអំឡុងរដូវក្តៅឆ្នាំ ១៨៣៣ ក្រុមយាមល្បាតបានប្រមូលផ្តុំគ្នាដើម្បីបណ្តេញពួកបរិសុទ្ធចេញពីស្រុកចាកសុនដោយកម្លាំង ។ ប៊ីស្សព អែតវឺត ប៉ាទ្រិច និង ឆាលស៍ អេលែន ត្រូវបានវាយធ្វើបាប ចាក់ជ័រកៅស៊ូ និងបិទរោមសត្វ ។ រោងពុម្ពរបស់ ដ័បបុលយូ ដ័បបុលយូ ហ្វែប្ស ត្រូវបានបំផ្លាញ ហើយទំព័រនៃគម្ពីរនៃបទបញ្ញត្តិត្រូវបានខ្ចាត់ខ្ចាយ ។ វីអែណា ចាកស៍ រួមជាមួយបងប្អូនស្រី ម៉ារី និង ខារ៉ូលីន រ៉ូលីន បានចាប់យកជាច្រើនសន្លឹកនៃវិវរណៈដោយភាពក្លាហានតាមដែលពួកគេអាចធ្វើបាន មុនពេលវិវរណៈទាំងនោះត្រូវបានបំផ្លាញ ។ ពួកគេបានរត់ ហើយលាក់ខ្លួនរបស់ពួកគេ និងវិវរណៈទាំងនោះពីពួកមនុស្សកំណាច ។ នៅក្នុងការវាយប្រហារនេះ ពួកបរិសុទ្ធជាច្រើនត្រូវបានបង្ខំឲ្យចេញពីផ្ទះសម្បែងរបស់ពួកគេដោយការផ្ជង់កាំភ្លើង ( សូមមើល ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ភាគ ១ បទដ្ឋាននៃសេចក្តីពិត ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ១៧២–១៨១ ) ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨:១–៣ ដោយរកមើលអំពីរបៀបដែលព្រះអង្គសង្គ្រោះបានឆ្លើយតបចំពោះការអធិស្ឋានរបស់ពួកបរិសុទ្ធនៅស្រុកចាកសុន ។
-
តើការប្រឹក្សានេះអាចជួយពួកបរិសុទ្ធនៅរដ្ឋមិសសួរី យ៉ាងដូចម្ដេច ?
-
តើវាអាចជួយអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ដោះស្រាយបញ្ហាលំបាកដោយរបៀបណា ?
-
តើគោលការណ៍អ្វីខ្លះដែលអ្នកអាចស្វែងយល់អំពីខគម្ពីរទាំងនេះ ?
រង់ចាំព្រះអម្ចាស់ដោយអត់ទ្រាំ
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពីការរង់ចាំព្រះអម្ចាស់ ។ អានសេចក្តីថ្លែងការណ៍ ឬមើលវីដេអូ « សេចក្តីសង្ឃឹមនៅក្នុងព្រះគ្រីស្ទ » ចាប់ពីនាទីទី ៩:១៣ ដល់នាទីទី ១០:០៦ នៅលើគេហទំព័រ ChurchofJesusChrist.org ។
15:45
ការរង់ចាំព្រះអម្ចាស់មានន័យថា ការបន្ដគោរពប្រតិបត្តិ និងរីកចម្រើនខាងវិញ្ញាណឆ្ពោះទៅកាន់ទ្រង់ ។ ការរង់ចាំមិនមែនមានន័យថា ការទន្ទឹងចាំដោយគ្មានសកម្មភាពនោះទេ ។ បងប្អូនមិនគួរមានអារម្មណ៍ថា បងប្អូនស្ថិតក្នុងបន្ទប់ រង់ចាំ នោះទេ ។
ការរង់ចាំព្រះអម្ចាស់គឺផ្តោតពីសកម្មភាព ។ ខ្ញុំបានរៀនជាច្រើនឆ្នាំមកហើយថា សេចក្តីសង្ឃឹមរបស់យើងលើព្រះគ្រីស្ទកើនឡើងនៅពេលយើងបម្រើដល់អ្នកដទៃទៀត ។ ដោយការបម្រើដូចព្រះយេស៊ូវបានបម្រើ នោះយើងបង្កើនសេចក្តីសង្ឃឹមរបស់យើងចំពោះទ្រង់ ។
ការរីកចម្រើនផ្ទាល់ខ្លួនដែលបុគ្គលម្នាក់អាចសម្រេចបាននាពេលនេះ ខណៈរង់ចាំដល់ព្រះអម្ចាស់ និងការសន្យារបស់ទ្រង់ គឺជាធាតុដ៏មានតម្លៃ និងពិសិដ្ឋមួយនៅក្នុងផែនការរបស់ទ្រង់សម្រាប់ពួកយើងម្នាក់ៗ ។ ( អិម រ័សុល បាឡឺដ « សេចក្តីសង្ឃឹមនៅក្នុងព្រះគ្រីស្ទ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៥៥ )
ប្រធាន រ័សុល អិម ណិលសុន បានប្រើ គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨:១–៣ ដើម្បីបង្រៀនអំពីចម្លើយចំពោះការអធិស្ឋានរបស់យើង ។
2:3
ប្រសិនបើយើងអធិស្ឋានដោយទស្សនវិស័យដ៏អស់កល្បមួយនោះ យើងមិនចាំបាច់ឆ្ងល់ថា តើការអង្វរដ៏ក្ដុកក្ដួល និងអស់ពីដួងចិត្តបំផុតរបស់យើងត្រូវបានឮឬអត់នោះទេ ។…
ព្រះអម្ចាស់បានជ្រើសរើសព្រះបន្ទូលដ៏ខ្លាំងបំផុតរបស់ទ្រង់ដើម្បីធានាដល់យើង ! ផ្សារភ្ជាប់ ! សក្ខីបទ ! សម្បថ ! ចេញបញ្ញត្តិ ! សេចក្តីសញ្ញាដែលមិនអាចផ្លាស់ប្តូរបាន ។ បងប្អូនប្រុសស្រី សូមជឿលើទ្រង់ ! ព្រះនឹងស្តាប់តាមការអធិស្ឋានដោយស្មោះអស់ពីចិត្តរបស់បងប្អូន ហើយជំនឿរបស់បងប្អូននឹងត្រូវបានពង្រឹង ។ ( រ័សុល អិម ណិលសុន « Face the Future with Faith » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៣៥ )
សូមអាន នីហ្វៃទី២ ២:១–២ ដោយរកមើលអ្វីដែលព្យាការីលីហៃ បានបង្រៀនយ៉ាកុប ជាកូនប្រុសរបស់លោកអំពីទុក្ខលំបាករបស់លោក ។
ដំបូន្មានរបស់ព្រះអង្គសង្គ្រោះ
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨:១១–២២ ដោយរកមើលដំបូន្មានរបស់ព្រះអង្គសង្គ្រោះ ដែលអាចជួយអ្នក ឬនរណាម្នាក់ផ្សេងទៀតរង់ចាំព្រះអម្ចាស់ដោយអត់ទ្រាំ ។
-
តើអ្នកបានរកឃើញអ្វីនៅក្នុងខគម្ពីរទាំងនេះ ដែលអាចជួយនរណាម្នាក់រង់ចាំព្រះអម្ចាស់ដោយអត់ទ្រាំ ?
-
តើពាក្យ ឬឃ្លាអ្វីដែលអ្នកនឹងចែកចាយជាមួយនរណាម្នាក់ដែលឆ្លងកាត់ការសាកល្បងមួយ ? ហេតុអ្វី ?
ការអនុវត្តការបង្រៀនរបស់ព្រះអង្គសង្រ្គោះ
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមឆ្លើយសំណួរខាងក្រោមដោយអធិស្ឋានអំពីអ្វីដែលអ្នកបានរៀនថ្ងៃនេះ ៖
-
តើអ្នកបានរៀនអ្វីខ្លះដែលអាចបង្កើនសមត្ថភាពរបស់អ្នកដើម្បីរង់ចាំព្រះអម្ចាស់ដោយអត់ទ្រាំ ?
-
តើអ្នកបានទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដែលអាចជួយអ្នករង់ចាំព្រះអង្គសង្គ្រោះដោយអត់ទ្រាំ ពេលអ្នកប្រឈមមុខនឹងបញ្ហាលំបាក ?