ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១៥ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១:៤៣–១០១ ៖ រឿង​ប្រៀបប្រដូច​អំពី​ស៊ីយ៉ូន


« មេរៀន​ទី ១១៥—គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១:៤៣–១០១ ៖ រឿង​ប្រៀបប្រដូច​អំពី​ស៊ីយ៉ូន » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០១:៤៣–១០១ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១១៥ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៨–១០១

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០១:៤៣–១០១

រឿង​ប្រៀបប្រដូច​អំពី​ស៊ីយ៉ូន

រឿងប្រៀបប្រដូច​នៅក្នុង គ&ស

នៅពេល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ឮ​អំពី​ការបៀតបៀន​ដ៏​ធ្ងន់ធ្ងរ​ដែល​ពួកបរិសុទ្ធ​បាន​រងទុក្ខ​នៅ​រដ្ឋ​មិសសួរី នោះ​លោក​បាន​ទូលអង្វរ​ព្រះអម្ចាស់​ជំនួស​ពួកគេ ។ ជា​ផ្នែក​នៃ​ការឆ្លើយតប​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​រឿងប្រៀបប្រដូច​ដើម្បី​ផ្តល់​ដំបូន្មាន និង​ការលួងលោម​ដល់​ពួកបរិសុទ្ធ ។ មេរៀននេះ​នឹង​ផ្តល់​ឲ្យ​សិស្ស​នូវ​ឱកាស​ដើម្បី​សិក្សា​រឿងប្រៀបប្រដូច​មួយ និង​ស្វែងរក​អត្ថន័យ​ខាងវិញ្ញាណ​របស់​រឿង​នោះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ជារឿយៗ ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច

សូម​ពិចារណា​បង្ហាញ​របស់របរ​ទូទៅ ដូចជា​សម្ភារសិក្សា សម្លៀកបំពាក់ ឬ​គ្រឿង​អេឡិចត្រូនិច ។ ឬ​អញ្ជើញ​សិស្ស​ឲ្យ​មើល​របស់របរ​នៅ​ជុំវិញ​ថ្នាក់​រៀន ឬ​របស់របរ​ដែល​ពួកគេ​មាន​ជាមួយ​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​របស់របរ​មួយ ហើយ​គិត​អំពី​វិធី​ច្នៃប្រឌិត​មួយ​ដើម្បី​ប្រៀបធៀប​វា​ទៅនឹង​ទិដ្ឋភាព​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ឬ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ ឧទាហរណ៍ ពួកគេ​អាច​ប្រៀបធៀប​ទូរសព្ទដៃ​ទៅនឹង​ការអធិស្ឋាន ពីព្រោះ​ការអធិស្ឋាន​គឺជា​ឧបករណ៍​ដែល​យើង​ប្រើ​ដើម្បី​ទាក់ទង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​របស់របរ​របស់​ពួកគេ ហើយ​ការប្រៀបធៀប​ខាង​វិញ្ញាណ​ជាមួយ​ដៃគូ ឬ​ជាមួយ​ថ្នាក់ ។

ជារឿយៗ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ដោយ​ប្រើ​ដំណើររឿង​សាមញ្ញ ដែលគេ​ស្គាល់​ថាជា​ពាក្យ​ប្រៀប​ប្រដូច ។ នៅក្នុងពាក្យ​ប្រៀប​ប្រដូច​ទាំងនេះ ព្រះយេស៊ូវ​បានប្រៀបធៀបវត្ថុ ឬ​ស្ថានភាព​ដែល​ធ្លាប់​ស្គាល់ ទៅនឹង​សេចក្តីពិត​ខាងវិញ្ញាណ ( សូមមើល​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ពាក្យ​ប្រៀបប្រដូច » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • តើ​ឧទាហរណ៍​អ្វីខ្លះ​នៃ​រឿង​ប្រៀបប្រដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ?

  • តើ​សេចក្ដីពិត​ខាង​វិញ្ញាណ​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​ចេញពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​រឿង​ប្រៀបប្រដូច​ទាំងនោះ ?

ឧទាហរណ៍ សិស្ស​អាច​នឹង​ចែកចាយ​រឿង​ប្រៀបប្រដូច​អំពី​សាសន៍​សាម៉ារី​ចិត្ត​ល្អ ( សូមមើល លូកា ១០:២៥–៣៧ ) ដែល​បង្រៀន​អំពី​ការស្រឡាញ់ និង​ការបម្រើ​អ្នក​ដទៃ ដូច​ព្រះអង្គសង្គ្រោះ​ធ្វើ ។ ឬ​ពួកគេ​អាច​នឹង​ចែកចាយ​រឿង​ប្រៀបប្រដូច​អំពី​ស្ត្រី​ព្រហ្មចារី​ទាំង​ដប់​នាក់ ( សូមមើល ម៉ាថាយ ២៥:១–១៣ ) ដែល​បង្រៀន​យើង​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​សិក្សា​រឿងប្រៀបប្រដូច​អំពី​ការប្រោសលោះ​នៃ​ស៊ីយ៉ូន សូម​ពិចារណា​សុំ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ចងចាំ​ពី​មេរៀន​ថ្មីៗ​អំពី​ការសាកល្បង​ដែល​ពួកបរិសុទ្ធ​នៅ​រដ្ឋមិសសួរី បាន​ពុះពារ ។ តាម​តម្រូវការ អ្នក​អាច​ចែកចាយ​សេចក្តី​សង្ខេប​ខាងក្រោម ៖

អំឡុងពេល​នៃ​ការធ្វើ​ទុក្ខបុកម្នេញ​ដ៏​ធ្ងន់ធ្ងរ ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​រឿង​ប្រៀបប្រដូច​ដើម្បី​បង្រៀន យ៉ូសែប ស៊្មីធ និង​ពួកបរិសុទ្ធ​អំពី​ការប្រោសលោះ​នៃ​ស៊ីយ៉ូន ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១:៤៣ ) ។ នៅ​ចុង​ឆ្នាំ ១៨៣៣ អំពើ​ហឹង្សា​របស់​ពួក​មនុស្ស​កំណាច​លើ​ពួក​បរិសុទ្ធ​ជាង ១,០០០ នាក់​ត្រូវ​បានបណ្តេញ​ចេញ​ពី​ស្រុក​ចាកសុន រដ្ឋ​មិសសួរី ហើយ​ផ្ទះ​របស់​ពួកគេ​ជាង ២០០ ខ្នង​ត្រូវ​បាន​ដុតបំផ្លាញ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានទូល​សួរ​ព្រះអម្ចាស់​ថា ហេតុអ្វី​បាន​ជា​ពួកបរិសុទ្ធ​ត្រូវ​បណ្ដេញចេញ​ពី​ទីក្រុង​ស៊ីយ៉ូន និង​អ្វី​ដែល​គួរ​ធ្វើ​ដើម្បី​ពួកគេ​អាច​ត្រឡប់​មក​វិញ ។ ព្រះអម្ចាស់​បាន​ឆ្លើយតប​ដោយ​រឿង​ប្រៀបប្រដូច ។

ការសិក្សា​រឿងប្រៀបប្រដូច

អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀន​ដូច​ខាងក្រោម​អំពី​ការរៀន​មកពី​រឿងប្រៀបប្រដូច​របស់​ព្រះអង្គ​សង្គ្រោះ ៖

13:57
អែលឌើរ ដេវីឌ អេ បែដណា

អត្ថន័យ ឬ​សារ​លិខិត​នៃ​រឿង​ប្រៀប​ប្រដូច​នោះ ធម្មតា​ពុំត្រូវ​បាន​បង្ហាញ​ដោយច្បាស់លាស់​នោះ​ទេ ។ តែរឿង​នោះ​គឺគ្រាន់តែ​ជួយនាំ​សេចក្តីពិត​ដ៏ទេវភាព​ទៅ​កាន់​អ្នក​ទទួល តាម​រង្វាស់​នៃ​សេចក្តីជំនឿ​របស់គេ​លើ​ព្រះ ការរៀបចំ​ផ្ទាល់​ខ្លួន​ខាង​វិញ្ញាណ និង​ឆន្ទៈ​ដើម្បី​រៀន​សូត្រ​ប៉ុណ្ណោះ ។ ដូច្នេះ​បុគ្គល​ម្នាក់​ត្រូវតែ​អនុវត្ត​សិទ្ធិ​ជ្រើសរើស​ខាងសីលធម៌ និង « សូម រក និង​គោះ » យ៉ាងសកម្ម [ សូមមើល ម៉ាថាយ ៧:៧–៨; លូកា ១១:៩–១០ ] ដើម្បី​ស្វែងយល់​អំពី​សេចក្ដីពិត ដែល​បានបង្កប់​ក្នុង​រឿង​ប្រៀបប្រដូច​នោះ ។ ( ដេវីឌ អេ បែដណា « ឱ ! ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កម្លាំង​របស់​ឯង » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩២ )

  • តើ​សេចក្តីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​មាន​ឥទ្ធិពល​លើ​សមត្ថភាព​របស់​យើង​ក្នុង​ការយល់​ពី​ការបង្រៀន​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

  • តើ​ការខិតខំ​របស់​យើង​ក្នុង​ការសិក្សា​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ប្រាស្រ័យទាក់ទង​នឹង​ទ្រង់​អំពី​អារម្មណ៍​របស់​យើង​ចំពោះ​ទ្រង់​អ្វីខ្លះ ?

រូបតំណាង​សំណៅចែកសូម​ពិចារណា​ផ្តល់​ឲ្យ​សិស្ស​នូវ​សំណៅចែក​ដែល​មាន​ចំណង​ជើង​ថា « របៀប​សិក្សា​រឿង​ប្រៀបប្រដូច​របស់​ព្រះអង្គ​សង្គ្រោះ » ដើម្បី​ជួយ​ណែនាំ​ពួកគេ​ពេញ​មួយ​មេរៀន​នេះ ។

របៀបសិក្សា​រឿងប្រៀបប្រដូច​របស់​ព្រះអង្គសង្គ្រោះ

  1. ស្វែងរក​ព័ត៌មាន​លម្អិត​សំខាន់ៗ ។ ព័ត៌មាន​លម្អិត​ទាំង​នេះ​អាច​រួមមាន​ទាំងមនុស្ស ទីកន្លែង វត្ថុ សកម្មភាព ឬ​ព្រឹត្តិការណ៍​នានា ។

  2. ធ្វើការ​ប្រៀបធៀប ។ កំណត់​នូវ​អ្វី​ដែល​ព័ត៌មាន​លម្អិត​នីមួយៗ​នៅក្នុង​រឿងប្រៀបប្រដូច​អាច​ធ្វើ​តំណាង ឬ​និមិត្តរូប ។ តម្រុយ​បរិបទ ជំនួយ​ការសិក្សា​ព្រះគម្ពីរ និង​ការជញ្ជឹងគិត​អាច​មាន​អត្ថប្រយោជន៍ ។

  3. ស្វែងយល់​ពី​មេរៀន​ដ៏​មានតម្លៃ ។ បន្ទាប់ពី​ធ្វើ​ការប្រៀបធៀប សូម​ស្វែងរក​ជំនួយ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ស្វែងរក​មេរៀន​ដ៏​មាន​តម្លៃ​ដែល​ព្រះអង្គសង្គ្រោះ​កំពុង​បង្រៀន​នៅក្នុង​រឿងប្រៀបប្រដូច ។

  4. កំណត់​ការអនុវត្ត​ផ្ទាល់ខ្លួន ។ ស្វែងរក​ជំនួយមក​ពី​ព្រះវរបិតាសួគ៌ និង​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​ដឹង​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​អនុវត្ត​មេរៀន​ដែល​អ្នក​រកឃើញ​ដោយ​ផ្ទាល់ ។

រឿង​ប្រៀបប្រដូច​អំពី​បុរស​ត្រកូល​ខ្ពស់

សកម្មភាព​ខាងក្រោម​អាច​ជួយ​សិស្ស​អនុវត្ត​តាម​ជំហាន​ទាំងបួន សម្រាប់​ការសិក្សា​រឿប​ប្របៀបប្រដូច​ទាំងឡាយ ។ សូម​ពិចារណា​បង្ហាញ​តារាង​ខាងក្រោម ឬ​ចម្លង​វា​ដាក់​នៅលើ​ក្ដារខៀន ។ បង្កើត​ក្រុម​ចំនួន​ប្រាំមួយ ហើយ​ចាត់​ឲ្យ​ក្រុម​នីមួយៗ​បំពេញ​ការ៉េ​ផ្សេងៗ​គ្នា​នៅ​លើ​តារាង​នេះ ។ ឬ​អញ្ជើញ​សិស្ស​ឲ្យ​ចម្លង​តារាង​ចូល​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ហើយ​បំពេញ​តារាងនោះ​រៀងៗខ្លួន ។

ស្វែងរក​ព័ត៌មាន​លម្អិត​សំខាន់ៗ

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១០១:៤៣–៦២ ។ សម្រាប់​ការដាក់​ជា​ក្រុម​នៃ​ខគម្ពីរ​នីមួយៗ សូម​បង្កើត​គំនូរ​សាមញ្ញ​មួយ ឬ​សរសេរ​សេចក្ដី​សង្ខេប​ដើម្បី​បង្ហាញ​ខគម្ពីរ​ទាំងឡាយ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ១០១:៤៣–៤៥ ។ ការណែនាំ​របស់​បុរស​ត្រកូល​ខ្ពស់

គោលលទ្ធិ និង​សេចក្តីសញ្ញា ១០១:៤៦–៥០ ។ សកម្មភាព​របស់​ពួក​អ្នកបម្រើ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០១:៥១ ។ លទ្ធផល​នៃ​ការប្រព្រឹត្ត​របស់​ពួក​អ្នក​បម្រើ

គោលលទ្ធិ និង​សេចក្តីសញ្ញា ១០១:៥២–៥៤ ។ ការឆ្លើយតប​របស់​បុរស​ត្រកូល​ខ្ពស់

គោលលទ្ធិ និង​សេចក្តីសញ្ញា ១០១:៥៥–៥៨ ។ ការណែនាំ​បន្ទាប់​របស់​បុរស​ត្រកូល​ខ្ពស់

គោលលទ្ធិ និង​សេចក្តីសញ្ញា ១០១:៥៩–៦២ ។ ការឆ្លើយតប​របស់​ពួក​អ្នកបម្រើ

នៅពេល​សិស្ស​រៀនចប់ សូម​អញ្ជើញ​ពួកគេ​ចែកចាយ​អ្វីដែល​ពួកគេ​បានរកឃើញ ។ សូម​ប្រាកដ​ថា​ពួកគេ​យល់​លម្អិត​នៃ​រឿង​ប្រៀបប្រដូច​នេះ ។

សូម​ពិចារណា​ការបំពេញ​ជា​ថ្នាក់រៀន​ទាំងមូល​នូវ​ជំហាន​បី​ចុងក្រោយ​នៃ​ការ​សិក្សា​រឿង​ប្រៀបប្រដូច ។

ធ្វើការ​ប្រៀបធៀប

  • តើ​តម្រុយ​អ្វីខ្លះ​ដែល​អាច​ជួយ​យើង​ឲ្យ​ឃើញ​ថា បុរស​ត្រកូល​ខ្ពស់​តំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​ចម្ការ​ទំពាំង​បាយជូរ ឬ​ប៉ម​តំណាង​ឲ្យ​អ្វី ?

  • តើ​ពេល​ខ្លះ​ទង្វើ​របស់​យើង​អាច​ដូច​អ្នក​ពួកបម្រើ​ទាំងនោះ​ដោយ​របៀប​ណា ?

សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យមើល​វគ្គ​ចំណេះចំណានខាង​គោលលទ្ធិ អេសេគាល ៣:១៦–១៧ ដើម្បី​ស្វែងរក​ការប្រៀបធៀប​ដែល​អាច​មាន​សម្រាប់​អ្នកយាម ។ បរិបទ​ខាងក្រោម​អាច​ជួយ​សិស្ស​ធ្វើ​ការប្រៀបធៀប​បន្ថែម ៖

ដូច​ពួក​អ្នក​បម្រើ​នៅក្នុង​រឿង​ប្រៀបប្រដូច​ដែល​បដិសេធ​មិន​សង់​ប៉ម នោះ​ពួកបរិសុទ្ធ​នៅ​រដ្ឋ​មិសសួរី បាន​ធ្វេសប្រហែស​ក្នុងការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ដូចដែល​ព្រះអម្ចាស់​បានណែនាំ​ពួកគេ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៧:៣; ៨៤:៣–៤; ៩៧:១០–១២ ) ។

សម្រាប់​ពួក​បរិសុទ្ធ​នៅ​ស្រុក​ចាកសុន អ្នក​បម្រើ​ដែល​បាន​រៀបរាប់​នៅក្នុង ខទី ៥៥ តំណាង​ឲ្យ យ៉ូសែប ស្ម៊ីធ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៣:២១ ) ។ យ៉ូសែប ស៊្មីធ បាន​ធ្វើ​តាម​បញ្ជា​របស់​ព្រះអម្ចាស់ ហើយ​បាន​រៀបចំ​ក្រុម​មួយ​ដែល​ហៅ​ថា ជុំរំ​ស៊ីយ៉ូន ដើម្បី​រំដោះ​ដែនដីស៊ីយ៉ូន​ឡើង​វិញ ។ ជំរំ​ស៊ីយ៉ូន​នឹង​ពិភាក្សា​នៅក្នុង​មេរៀន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៣ និង ១០៥ ។

ស្វែងយល់​ពី​មេរៀន​ដ៏​មាន​តម្លៃ

  • តើ​មេរៀន​ដ៏​មាន​តម្លៃ​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​អាច​នឹង​កំពុង​បង្រៀន​តាមរយៈ​រឿង​ប្រៀបប្រដូច​នេះ ?

  • តើ​រឿង​ប្រៀបប្រដូច​នេះ​បង្រៀន​អ្នក​អំពី​គុណលក្ខណៈ​របស់​ព្រះ យេស៊ូវ​គ្រីស្ទ​អ្វីខ្លះ ?

    ប្រសិនបើ​សិស្ស​ពិបាក​ក្នុង​ស្វែងយល់​អំពី​មេរៀន​ដ៏​មាន​តម្លៃ សូម​ពិចារណា​ផ្តល់​គោលការណ៍​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អំពី​របៀប​ដែល​រឿង​ប្រៀបប្រដូច​បង្ហាញ​ពី​សេចក្ដីពិត​ទាំងនេះ ។ នៅពេល​យើង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ទ្រង់​ពង្រឹង​យើង​ដើម្បី​ទប់ទល់​នឹង​សត្រូវ​ខាង​វិញ្ញាណ និង​ខាង​រូបកាយ ។ ពួក​ព្យាការី​ដើរតួ​ជា​អ្នក​យាម​នៅ​លើ​ប៉ម ដោយ​ព្រមាន​យើង​អំពី​គ្រោះថ្នាក់​ដែល​នឹង​កើតឡើង ។ តាមរយៈ​កិច្ចការ​ព្រះវិហារបរិសុទ្ធ ព្រះអង្គ​សង្គ្រោះ​រៀបចំ​យើង​ដើម្បី​ទប់ទល់​នឹង​មារសត្រូវ ។

  • ហេតុអ្វី​បាន​ជា​មេរៀន​ទាំងនេះ​អាច​មាន​អត្ថប្រយោជន៍​សម្រាប់​ពួកបរិសុទ្ធ​នៅ​ឆ្នាំ ១៨៣៣ ?

  • តើ​អ្នក​បានឃើញ​ភស្ដុតាង​នៃ​សេចក្ដីពិត​មួយ ឬ​ច្រើន​ក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?

កំណត់​ការអនុវត្ត​ផ្ទាល់ខ្លួន

  • តើ​មាន​វិធី​អ្វីខ្លះ​ដែល​អ្នក​អាច​អនុវត្ត​រឿង​ប្រៀបប្រដូច​នេះ​នៅ​សម័យ​យើង ?

សូម​ស្វែងរក​ជំនួយមក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​កំណត់​វិធី​មួយ ឬ​ពីរ​ដែល​អ្នក​អាច​អនុវត្ត​សេចក្តីពិត​ដែល​មាន​អារម្មណ៍​ថា មាន​សារៈសំខាន់​សម្រាប់​អ្នក​ចេញពី​រឿងប្រៀបប្រដូច​នេះ ។ សូម​សរសេរ​ចំណាប់អារម្មណ៍​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ការសិក្សា​រឿង​ប្រៀបប្រដូច​ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​ពង្រឹង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ សូម​លើកទឹកចិត្ត​សិស្ស​ក្នុង​ការខិតខំ​របស់​ពួកគេ​ដើម្បី​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ពួកគេ​សិក្សា ពិចារណា និង​អនុវត្ត​ការបង្រៀន​របស់ទ្រង់​ផ្ទាល់ ។