ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១៤—គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១:១–៤២ ៖ « ទោះជា​ពួកគេ​មាន​បាប​ក៏​ដោយ គង់តែ​ចិត្ត​យើង​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អាណិត​មេត្តា​ដល់​ពួក​គេ​ដែរ »


« មេរៀន​ទី ១១៤—គោលលទ្ធិ និង​សេចក្តីសញ្ញា ១០១:១–៤២ ៖ ‹ ទោះជា​ពួកគេ​មាន​បាប​ក៏​ដោយ គង់តែ​ចិត្ត​យើង​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អាណិត​មេត្តា​ដល់​ពួក​គេ​ដែរ ›⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០១:១–៤២ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១១៤ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៨–១០១

គោលលទ្ធិ និង​សេចក្តីសញ្ញា ១០១:១–៤២

« ទោះជា​ពួកគេ​មាន​បាប​ក៏​ដោយ គង់តែ​ចិត្ត​យើង​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អាណិត​មេត្តា​ដល់​ពួក​គេ​ដែរ »

រូបភាព​សេចក្តី​អាណិតអាសូរ​របស់​ព្រះគ្រីស្ទ

ពួកបរិសុទ្ធ​នៅ​រដ្ឋមិសសួរី បានពុះពារ​ដើម្បី​រស់នៅ​ដោយ​សុចរិត ដូច​ព្រះអម្ចាស់​បាន​បញ្ជា ។ ជាលទ្ធផល ពួកគេ​បានបាត់បង់​អំណាច និង​ការការពារ​ជាច្រើន​របស់​ព្រះអម្ចាស់ ហើយ​ត្រូវ​បាន​ពួក​មារសត្រូវ​បណ្តេញចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ ។ ទោះ​បី​ជា​បែប​នេះ​ក្ដី ព្រះ​អម្ចាស់​បាន​ធានា​ដល់​ពួកគេ​ពី​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់​ចំពោះ​ពួកគេ​ដដែល ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​អាណិតអាសូរ និង​សេចក្ដីមេត្តាករុណា​របស់​ព្រះអង្គសង្គ្រោះ​សម្រាប់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មូលហេតុ​នៃ​ការរងទុក​លំបាក

សូម​ពិចារណា​ពី​ការបង្ហាញ​រូបភាព​ខាងក្រោម ហើយ​សួរ​សិស្ស​ពី​មូលហេតុ​ផ្សេង​គ្នា​ថា ហេតុអ្វី​បាន​ជា​យុវនារី​អាច​មាន​អារម្មណ៍​តូចចិត្ត ។ អ្នក​អាច​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ។

យុវវ័យ​មិន​សប្បាយ​ចិត្ត

បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ចែកចាយ​ជាមួយ​សិស្ស​ថា ការសាកល្បង​ដែល​យើង​ជួបប្រទះ​អាច​កើត​មាន​ដោយសារ​ហេតុផល​ផ្សេងៗ ។ មួយចំនួន​ក្នុង​ចំណោម​នោះ​រួម​មាន​ជម្រើស​របស់​យើង​ផ្ទាល់ ផ្នែក​ធម្មជាតិ​នៃ​ជីវិត ឬ​ជម្រើស​មិន​ល្អ​របស់​អ្នក​ដទៃ ។ សូម​ពិចារណា​ពី​ការរាយ​បញ្ជី​ប្រភេទ​ទាំង​បី​នេះ​នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​ក្ដារខៀន ហើយ​អនុញ្ញាត​ឲ្យ​សិស្ស​តម្រៀប​ហេតុផល​ដែល​ពួកគេ​បាន​រាយបញ្ជី​ក្នុង​ប្រភេទ​នីមួយៗ ។

អ្នក​អាច​ចង់​យោង​ទៅ​សេចក្តីថ្លែងការណ៏​ផ្នែក « ធនធាន​បន្ថែម​ទាំងឡាយ » មកពី​អត្ថបទ ប្រធានបទ និង សំណួរ « Adversity » សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​មូលហេតុ​បី​យ៉ាង​ដែល​ត្រូវ​រងទុក្ខ ។

ការឆ្លើយតប​របស់​ព្រះអម្ចាស់​ចំពោះ​ការរងទុក្ខ​របស់​ពួកបរិសុទ្ធ

អ្នក​អាច​អាន ឬ​សង្ខេប​ជា​ពាក្យ​សម្តី​ផ្ទាល់ខ្លួន​របស់​អ្នក​នូវ​ព័ត៌មាន​បរិបទ​ខាងក្រោម ។

នៅឆ្នាំ ១៨៣៣ ការប្រឆាំង​នៅ​រដ្ឋ​មិសសួរី បាន​ក្លាយ​ជា​អំពើ​ហិង្សា នៅពេល​ដែល​ក្រុម​មនុស្ស​កំណាច​បានចាប់ផ្តើម​ប្រើ​កម្លាំង​ដើម្បី​បណ្ដេញ​ពួកបរិសុទ្ធ​ចេញ​ពី​ទីក្រុង​អ៊ិនឌីប៉ែនដែនស៍ ។ ពួកបរិសុទ្ធ​មិន​ប្រាកដ​ថា​តើ​ត្រូវ​ឈរ​ជើង​ឬ​ត្រូវ​រត់​ចេញ​ទេ នៅពេល​អាកាសធាតុ​កាន់តែ​ត្រជាក់ ហើយ​ភាពតានតឹង​បាន​កើនឡើង ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ក្នុងពេល​នេះ ប៉ុន្តែ​បាន​ទទួល​ពត៌មាន​បច្ចុប្បន្នភាព​អំពី​ស្ថានភាព​នៃ​ពួកបរិសុទ្ធ ។ ដោយ​ដឹង​ពី​ការឈឺចាប់ និង​ទុក្ខព្រួយ​របស់​ពួកគេ ព្យាការី​បាន​អធិស្ឋាន​ទូលសួរ​ព្រះវរបិតាសួគ៌​ថា តើ​ពួកគេ​អាច​បាន​ត្រឡប់​ទៅ​គេហដ្ឋាន​របស់​ពួកគេ​ក្នុង​រដ្ឋ​មិសសួរី វិញ​ដែរ​ឬ​ទេ ។ លោក​បាន​ទទួល​វិវរណៈ​ដែល​ឥឡូវ​នេះ​ត្រូវ​បាន​ស្គាល់​ថា​ជា គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១ ។ ( សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ឧបសគ្គ​របស់​ពួក​បរិសុទ្ធ សូមមើល Saints ភាគ ១ The Standard of Truth ជំពូក​ទី ១៧ ) ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១:១–២ ដោយ​រកមើល​មូលហេតុ​ដែល​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​ពួកបរិសុទ្ធ​រងទុក្ខ​ដូច​ដែល​ពួកគេ​បានជួប​ប្រទះ ។

  • តើ​អ្នក​បាន​រក​ឃើញ​អ្វីខ្លះ ?

  • តើ​អ្វី​អាច​ជា​មូលហេតុ​ផ្សេងទៀត​នៃ​ការរងទុក្ខ​របស់​ពួកគេ ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា បន្ថែម​ពីលើ​ការរងទុក្ខ​ដោយសារ​ការរំលង​របស់ពួកគេ ពួកបរិសុទ្ធ​បាន​រងទុក្ខ​ពី​ជម្រើស​មិនល្អ​របស់​អ្នក​ដទៃ ( ក្រុម​មនុស្ស​កំណាច ) និង​ជា​ផ្នែក​ធម្មជាតិ​នៃ​ជីវិត ( ភាពត្រជាក់​នៃ​រដូវរងា ) ។

សម្រាប់​សកម្មភាព​ខាងក្រោម អ្នក​អាច​បែងចែក​សិស្ស​ជា​គូ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន​ខគម្ពីរ ដៃគូ​ម្នាក់​កំពុង​ស្វែងរក​អ្វី​ដែល​ពិបាក​នឹង​ស្តាប់ ហើយ​ម្នាក់ទៀត​ស្វែងរក​រឿង​ដែល​អាច​នឹង​ជួយ​លួងលោម​ដើម្បី​ស្តាប់ ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១:៣–៩ ដោយ​រកមើល​អ្វី​ដែល​ជា​ការលួងលោម​ក្នុង​ការស្តាប់ និង​អ្វី​ដែល​ពិបាក​ស្តាប់ ។

  • តើ​អ្នក​បាន​រក​ឃើញ​អ្វីខ្លះ ?

  • យោងតាម ខទី ៣ និង ៩ តើ​ព្រះអម្ចាស់​ទត​ឃើញ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ដូច​ម្ដេច ?

    សិស្ស​អាច​ស្វែងយល់​ពី​សេចក្តីពិត ដោយ​រួមទាំង សូម្បីតែ​នៅពេល​យើង​មាន​អំពើបាប ព្រះអម្ចាស់​បាន​ប្រទាន​ក្តី​អាណិតអាសូរ និង​សេចក្តី​មេត្តាករុណា​ចំពោះ​យើង​ដែរ ។

    សូម​ជួយ​សិស្ស​ពិភាក្សា​អំពី​របៀប​ដែល​គោលការណ៍​នេះ​អាច​ជួយ​យើង​មើល​ទៅ​ព្រះអម្ចាស់​នៅ​ជំនាន់​របស់​យើង ។ សំណួរ​ដូច​ខាងក្រោម​អាច​ជួយ​បាន ។

  • តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ នៅពេល​ទ្រង់​ប្រទាន​ក្តី​អាណិត​អាសូរ និង​សេចក្តី​មេត្តាករុណា​មក​លើ​យើង នៅពេល​យើង​មាន​បាប ជាជាង​មិន​អើពើ​នឹង​អំពើបាប​របស់​យើង ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​ព្រះយេស៊ូវ​គ្រីស្ទ មាន​សមត្ថភាព​នៃ​ក្តី​អាណិត​អាសូរ និង​សេចក្តី​មេត្តាករុណា​ក្នុងការ​ឆ្លើយតប​នឹង​អំពើបាប​របស់​យើង ?

លើក​ទឹកចិត្ត​ដោយ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​គ្រីស្ទ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​មូលហេតុ​ដែល​ពួកគេ​ផ្ទាល់​ត្រូវការ​ក្តី​អាណិត​អាសូរ និង​សេចក្ដី​មេត្តាករុណា​របស់​ព្រះអង្គសង្គ្រោះ ។ សូម​ឲ្យ​ពួកគេ​ជញ្ជឹងគិត​អំពី​របៀប​ដែល​ការទទួល​បាន​ក្តី​អាណិតអាសូរ និង​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់​អាច​ប្រទានពរ​ដល់​ជីវិត​របស់​ពួកគេ ។

រូបតំណាង​ការបំពាក់បំប៉ន សូម​ទុកពេល​ឲ្យ​សិស្ស​ពិភាក្សា​អំពី​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ ។ សកម្មភាព​ខាងក្រោម​នេះ​លើកទឹកចិត្ត​សិស្ស​ឲ្យ​សិក្សា ហើយ​បន្ទាប់មក​ពិភាក្សា​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​ពួកគេ​កំពុង​រៀន ។ សម្រាប់​ការបំពាក់​បំប៉ន​បន្ថែម​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ សូមមើល​ការបំពាក់បំប៉ន​ដែល​មាន​ចំណងជើង​ថា « លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន » ដែល​មាន​នៅក្នុង ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ។ សូម​ពិចារណា​អនុវត្ត​ជំនាញ​នេះ​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​គ្នា​ទៅវិញ​ទៅមក​នូវ​អ្វី​ដែល​ពួកគេ​កំពុងរៀន ។

អ្នក​អាច​បែងចែក​សិស្ស​ជា​គូ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍ និង​វគ្គ​បទគម្ពីរ​ខាងក្រោម ។ បន្ទាប់មក ពួកគេ​អាច​ពិភាក្សា​សំណួរ​នេះ​ជាមួយ​គ្នា ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍ និង​វគ្គ​បទគម្ពីរ​ខាងក្រោម ដោយ​រកមើល​អ្វី​ដែល​អ្នករៀន​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ជួយ​នរណា​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​បាប ។

អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរនាក់​បានបង្រៀន ៖

13:12
អែលឌើរ អូលីសេស សូរ៉េស

បងប្អូន និង​ខ្ញុំ​ខុសពីទ្រង់ ព្រះគ្រីស្ទ​មាន​សមត្ថភាព​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​គ្រប់​ទិដ្ឋភាព​នៃ​ស្ថានភាព​របស់​នរណា​ម្នាក់ ។ ទោះ​បី​ជាទ្រង់​ជ្រាប​ពី​ភាពទន់ខ្សោយ​របស់​យើង​ក្ដី ក៏​ព្រះអង្គ​សង្គ្រោះ​មិន​ថ្កោលទោស​យើង​ភ្លាមៗដែរ ប៉ុន្តែ​នៅ​តែ​បន្ត​ធ្វើ​ការ​ជាមួយ​យើង​ដោយក្ដី​អាណិតអាសូរ ។ ( អូលីសេស សូរ៉េស « សេចក្តី​អាណិត​អាសូរ​ដ៏អង្វែង​របស់​ព្រះអង្គ​សង្គ្រោះ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១៥ )

ហេព្រើរ ៤:១៤–១៦

  • តើ​អ្នក​បាន​រក​ឃើញ​អ្វីខ្លះ ? តើ​វា​នឹង​ជួយ​នរណា​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​បាប​ដោយ​របៀប​ណា ?

សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​អំពី​របៀប​ដែល​អ្នក​ត្រូវ​បាន​ប្រទានពរ​ដោយ​ក្តី​អាណិត​អាសូរ និង​សេចក្ដី​មេត្តាករុណា​របស់​ព្រះអង្គសង្គ្រោះ ។ សូម​អញ្ជើញសិស្ស​ដែល​ស្ម័គ្រ​ចិត្ត​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ផងដែរ ។ សូម​ចងចាំ​ថា អ្នក ឬ​សិស្ស​មិន​គួរ​ចែកចាយ​បទពិសោធន៍​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ពេក ឬ​សារភាព​ពី​អំពើបាប​កន្លង​មក​នោះ​ទេ ។

ចុះ​ចំណែក​ស៊ីយ៉ូន​វិញ ?

សូម​ពិចារណា​ចែកចាយ​ជាមួយ​សិស្ស​ថា ពួកបរិសុទ្ធ​នៅ​រដ្ឋ​មិសសួរី សង្ឃឹម​ថា​នឹង​សាងសង់​ទីក្រុង​ស៊ីយ៉ូន​ក្នុង​ទីក្រុង​អ៊ិនឌីប៉ែនដែនស៍ ប៉ុន្តែ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ ។ ទោះបីជា​សិស្ស​អាច​មិន​ទាក់ទង​នឹង​ការបាត់បង់​ស៊ីយ៉ូន​ក៏​ដោយ ពួកគេ​អាច​មាន​អារម្មណ៍​ថា​ពួកគេ​បាន​បាត់បង់​អ្វី​ផ្សេង​ទៀត​ដ៏​មាន​តម្លៃ ឬ​ពិសិដ្ឋ​សម្រាប់​ពួកគេ ដូចជា​មិត្តភក្តិ ឬ​ឱកាស​ដើម្បី​រីកចម្រើន​ខាងវិញ្ញាណ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន​ខគម្ពីរ​ខាងក្រោម ហើយ​គិត​អំពី​អ្វី​ដែល​ពួកគេ​បង្រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១:១៦–១៩ ស្វែងរក​ការលួងលោម និង​ទស្សនវិស័យ​ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ ។

  • តើ​ខគម្ពីរ​ទាំងនេះ​ជួយ​អ្នក​ឲ្យ​យល់​អំពី​ទស្សនវិស័យ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​អ្នក​អ្វីខ្លះ ?

  • តើ​ព្រះអម្ចាស់​បាន​បង្រៀន​អ្វីខ្លះ​អំពី​ទីក្រុង​ស៊ីយ៉ូន ដែល​អាច​ទាក់ទង​នឹង​ជីវិត​របស់​យើង​ឥឡូវនេះ ?

    អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គិតពិចារណា​អំពី​បញ្ហាប្រឈមមុខ និង​ជម្រើស​នានារបស់​ពួកគេ​ផ្ទាល់ ។ ពួកគេ​អាច​ឆ្លើយតប​ទៅនឹង​សំណួរ​ដូច​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​ខគម្ពីរ​អ្វី​មកពី គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១:១–១៩ ដែល​អ្នក​ចង់ចងចាំ ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ក្ដី​អាណិតអាសូរ ឬ​សេចក្ដី​មេត្តាករុណា​របស់​ព្រះអង្គ​សង្គ្រោះ ដែល​អាច​ជា​ពរជ័យ​ដល់​ជីវិត​របស់​អ្នក ?

  • តើ​អ្វី​ជា​ជំហាន​មួយ​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ធ្វើ​តាម​អ្វី​ដែល​អ្នកមាន​អារម្មណ៍ ?