ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១៧—ជំរំ​អ៊ីស្រាអែល ៖ « ពួក​ទេវតា​របស់​យើង​នឹង​ទៅ​មុខ​អ្នក ព្រម​ទាំង​វត្តមាន​របស់​យើង​ផង »


« មេរៀន​ទី ១១៧—ជំរំ​អ៊ីស្រាអែល ៖ ‹ ពួក​ទេវតា​របស់​យើង​នឹង​ទៅ​មុខ​អ្នក ព្រម​ទាំង​វត្ត​មាន​របស់​យើង​ផង › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ជំរំ​អ៊ីស្រាអែល » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១១៧ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០២–១០៥

ជំរំ​អ៊ីស្រាអែល

« ពួក​ទេវតា​របស់​យើង​នឹង​ទៅ​មុខ​អ្នក ព្រម​ទាំង​វត្តមាន​របស់​យើង​ផង »

បទពិសោធន៍​នៅ​ជំរំ​ស៊ីយ៉ូន

ជំរំ​អ៊ីស្រាអែល​បានចាក​ចេញ​ពី​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ក្នុង​ខែ ឧសភា ឆ្នាំ ១៨៣៤ ដើម្បី​ចាប់ផ្តើម​ការធ្វើ​ដំណើរ​ជាង ៨០០ ម៉ាយ ( ១,២៨០ គីឡូម៉ែត្រ ) ដោយ​ថ្មើរ​ជើង ។ ទោះបី​ជា​សមាជិក​នៃ​ជំរំ​ប្រឈមមុខ​នឹង​ឧបសគ្គ និង​ការលំបាក​ជាច្រើន​នៅ​តាម​ផ្លូវ​ក៏​ដោយ ក៏​ពួកគេ​បាន​ជួបប្រទះ​នូវ​ពរជ័យ​ជាច្រើន​ផងដែរ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​យល់​ថា ព្រះ​នឹង​គង់​នៅ​ជាមួយ ហើយ​ជួយ​ពួកគេ នៅពេល​ពួកគេ​ជ្រើសរើស​ដើរតាម​ទ្រង់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

នេះ​គឺជា​មេរៀន​ទីពីរ​ក្នុង​ចំណោម​មេរៀន​បី​អំពី​បទពិសោធន៍​នៅ​ជំរំ​អ៊ីស្រាអែល ដែល​បានបង្រៀន​នៅក្នុង​សប្តាហ៍ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០២–១០៥ ។ ប្រសិនបើ​អ្នក​មិន​បានបង្រៀន​មេរៀន​មុនៗ​ទេ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​បញ្ចូល​ផ្នែកខ្លះ​ពី​វា​ចូល​ទៅក្នុង​មេរៀន​នេះ ។

ការដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ពិចារណា​ចាប់ផ្តើម​មេរៀន​ដោយ​សិក្សា​សេចក្តី​ថ្លែងការណ៍​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ហើយ​ពិភាក្សា​អំពី​សំណួរ​ដែល​មាន​បន្ទាប់​ពី​នោះ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បានពិពណ៌នា​អំពី​ផ្លូវ​ដែល​អាច​ត្រូវ​បាន​ទាមទារ​ពី​អ្នកដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ៖

14:18
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ គ្រីស្ទសាសនា​គឺ​មាន​ការលួងលោមចិត្ត ប៉ុន្តែ​ជាញឹកញាប់​វា​មិន​សុខស្រួល​ទេ ។ ផ្លូវ​ទៅកាន់​ភាព​បរិសុទ្ធ និង​សុភមង្គល​នៅ​ទីនេះ និង​ជីវិត​បន្ទាប់​នេះ គឺ​ជា​ផ្លូវ​ដ៏​វែង​ឆ្ងាយ ហើយ​ជួនកាល​ជា​ផ្លូវ​រដិបរដុប​មួយ ។ វា​ត្រូវការ​ពេលវេលា និង​ភាពតស៊ូ​ស្វិតស្វាញ​ដើម្បី​ដើរ​លើ​វា ។ ប៉ុន្តែ ប្រាកដ​ណាស់ រង្វាន់​ក្នុង​ការធ្វើ​ដូច្នោះ​គឺ​ធំធេង​បំផុត ។ ( ជែហ្វ្រី អ័រ ហូឡិន « Waiting on the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១៦–១១៧ )

  • តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​គិត​ឃើញ​យ៉ាង​ណាខ្លះ​ចំពោះ​សេចក្តី​ថ្លែងការណ៍​នេះ ?

    សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់ ព្រមទាំង​អ្វី​ដែល​ធ្វើ​ឲ្យ​វា​មាន​តម្លៃ ឬ​អាច​ធ្វើ​ឲ្យ​វា​ស័ក្តិសម​ដែល​វា​ត្រូវការ ។ បន្ទាប់ពី​សិស្ស​បានគិត​អំពី​ស្ថានភាព​របស់​ពួកគេ​ហើយ សូម​ពិចារណា​ពិភាក្សា​សំណួរ​ខាងក្រោម​ជាមួយ​គ្នា ។

  • តើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ពិបាក​ដើម្បីធ្វើ​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​សព្វ​ថ្ងៃ​នេះ ?

    សិស្ស​អាច​ចែកចាយ​គំនិត​ដូចនេះ ៖ ការធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​អាច​ចំណាយ​ពេលវេលា និង​ការខិតខំ​ច្រើន ជារឿយៗ​អ្នកដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ត្រូវ​បាន​តម្រូវ​ឲ្យ​ខុស​ពី​ពិភពលោក ឬ​ពេល​ខ្លះ​អ្នក​ដើរតាម​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​អ្នក​ដទៃ​ធ្វើ​ទុក្ខបុកម្នេញ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ទីបំផុត​វា​ស័ក្តិសម​នឹង​ការខិតខំ​ដែល​វា​ត្រូវការ​ដើម្បី​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ ?

នៅក្នុង​មេរៀន​នេះ អ្នក​នឹង​សិក្សា​អំពី​ដំណើរ​នៃ​ជំរំ​អ៊ីស្រាអែល​ដែល​បានចេញ​ពី​រដ្ឋ​អូហៃអូ ទៅកាន់​រដ្ឋ​មិសសួរី ។ ការធ្វើ​ដំណើរ​របស់​ពួកគេ​មាន​រយៈពេល​វែង លំបាក និង​ត្រូវការ​ការខិតខំ​ច្រើន ។ ប៉ុន្តែ សមាជិក​នៃ​ជំរំ​ក៏​បាន​ទទួល​ពរជ័យ​ដ៏​អស្ចារ្យ​នៅ​តាម​ផ្លូវ​ដែរ ។ នៅពេល​អ្នក​សិក្សា សូម​រកមើល​សេចក្ដីពិត​ដែល​អាច​ជួយ​អ្នក នៅពេល​អ្នក​ពិបាក​ធ្វើ​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ។

ជំរំ​អ៊ីស្រាអែល​ចាប់ផ្តើម​ដំណើរ​របស់​ខ្លួន

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ចងចាំ​អំពី​គោលបំណង​នៃ​ជំរំ​អ៊ីស្រាអែល ។ បើ​ចាំបាច់ សូម​បង្ហាញ​ផែនទី​ខាងក្រោម ហើយ​ចែកចាយ ឬ​សង្ខេប​កថាខណ្ឌ​ខាងក្រោម ។ អ្នក​ក៏​អាច​បង្ហាញ « Zion’s Camp » ( ១៨:៤៤ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ២:១៣ ដល់​នាទី​ទី ៣:០២ ។

21:29
ជំរំ​ស៊ីយ៉ូន

នៅ​ខែ ឧសភា ឆ្នាំ ១៨៣៤ សមាជិក​នៃ​ជំរំ​អ៊ីស្រាអែល​បានចាប់ផ្តើម​ធ្វើ​ដំណើរ​ជាង ៨០០ ម៉ាយ ( ១,២៨០ គីឡូម៉ែត្រ ) ឆ្ពោះ​ទៅ​កាន់​រដ្ឋ​មិសសួរី។ ជំរំ​ឧបសម្ព័ន្ធ​ពីរ​បានចាកចេញ​ក្នុង​ពេល​តែមួយ​ពី​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ និង​ពី​ទឹកដី ផនធីក រដ្ឋ​ម៉ីឈីហ្គែន ។ ក្រុម​ទាំង​ពីរ​នៅ​ទីបំផុត​បាន​រួមគ្នា​នៅក្នុង​រដ្ឋ​មិសសួរី ។ ជំរំ​នៃ​ប្រទេស​អ៊ីស្រាអែល ដែល​ក្រោយ​មក​ត្រូវ​បាន​ស្គាល់​ថា ជា​ជំរំ​ស៊ីយ៉ូន មាន​បុរស​ប្រមាណ ២០០ នាក់ ស្ត្រី ១២ នាក់ និង​កុមារ ១០ នាក់ ។ គោលបំណង​របស់​ពួកគេ​គឺ​ដើម្បី​ជួយ​ស្ដារ​ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ទៅកាន់​ទឹកដី​របស់​ពួកគេ​ដែល​ត្រូវបាន​ដកហូត​ពី​ពួកគេ​ដោយ​អយុត្តិធម៌ ។

ផ្នែក​នៃ​មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​រៀន​អំពី​បទពិសោធន៍​មួយចំនួន​ដែល​សមាជិក​នៃ​ជំរំ​អ៊ីស្រាអែល​មាន​ក្នុង​អំឡុងពេល​ធ្វើ​ដំណើរ​របស់​ពួកគេ ។

រូបតំណាង​សំណៅចែកសូម​ពិចារណា​ចែកចាយ​សំណៅចែក​ដែល​មាន​ចំណងជើង​ថា « បទពិសោធន៍​មកពី​ជំរំ​នៃ​អ៊ីស្រាអែល » ។ សូម​ផ្តល់​ពេល​ដល់​សិស្ស​ដើម្បី​សិក្សា​ខ្លឹមសារ និង​ពិភាក្សា​សំណួរមក​ពី​សំណៅចែក ។

ដើម្បី​បន្ថែម​ឲ្យ​មាន​ភាពចម្រុះ អ្នក​អាច​ចាត់​សិស្ស​បីនាក់​ដែល​ស្ម័គ្រចិត្ត​ក្នុង​ការបង្រៀន​មួយ​ផ្នែក​នៃ​សំណៅចែក​នោះ ។ ពួកគេ​អាច​បង្រៀន​នៅ​មុខ​ថ្នាក់​រៀន ឬ​តាម​កន្លែង​ផ្សេង​គ្នា​ក្នុង​បន្ទប់ ខណៈ​សិស្ស​ជា​ក្រុម​តូចៗ​ផ្លាស់​ទី​ជុំវិញ​បន្ទប់ ។

ជម្រើស​មួយ​ទៀត​អាច​បង្ហាញ​ផ្នែក​នៃ​វីដេអូ « Zion’s Camp » ។ សូម​ពិចារណា​ផ្អាក​វីដេអូ​បន្ទាប់ពី​នាទី​នីមួយៗ​ដូច​ខាងក្រោម ហើយ​ឲ្យ​សិស្ស​អាន​បទពិសោធន៍​ដែល​ត្រូវគ្នាចេញ​ពី​សំណៅចែក ។

  • បទពិសោធន៍ #១: ៣:០២ ដល់ ៥:០០

    21:29
  • បទពិសោធន៍ #២:៥:០១ ដល់ ៨:០២

    21:29
  • បទពិសោធន៍ #៣: ៨:០៣ ដល់ ១៣:០៦

    21:29

បទពិសោធន៍​ចេញពី​ជំរំ​អ៊ីស្រាអែល

បទពិសោធន៍ #១

អែលឌើរ ចច អេ ស្ម៊ីធ ( ឆ្នាំ ១៨១៧–១៨៧៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​រំឭក​ពី​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ជំរំ​អ៊ីស្រាអែល​បានជួប​ក្នុង​អំឡុងពេល​ធ្វើ​ដំណើរ​របស់​ពួកគេ ៖

អែលឌើរ ចច អ័លប៊ើត ស៊្មីធ

ព្យាការី យ៉ូសែប ស្ម៊ីធ មាន​ការនឿយ​ហត់​ដូច​ជា​បុរស​ដទៃទៀត​ក្នុង​អំឡុងពេល​នៃការធ្វើ​ដំណើរ​នោះ ។ បន្ថែមពី​លើ​ការថែទាំ​លើ​ការផ្តល់​ជំរំ និង​ធ្វើ​ជា​អធិបតី​លើ​នោះ ​​ភាគច្រើន​លោក​បាន​ដើរ ហើយ​ជើង​ក៏​បាន​ហើម ហូរឈាម និង​ឈឺជើង ដែល​ជា​លទ្ធផល​ធម្មតា​ពី​ការដើរ​ពី​ចម្ងាយ ២៥ ទៅ ៤០ ម៉ាយ​ក្នុង​មួយ​ថ្ងៃ​នៅ​រដូវក្ដៅ​នៃ​ឆ្នាំ​នោះ ។ ប៉ុន្តែ​អំឡុងពេល​ធ្វើ​ដំណើរ​នោះ​ទាំង​មូល លោក​ពុំ​ដែល​រអ៊ូរទាំ ឬ​ត្អូញត្អែរ​ទាល់តែ​សោះ ខណៈ​ដែល​មនុស្ស​ស្ទើរតែ​ទាំងអស់​ក្នុង​ជំរំ​នោះ បាន​ត្អូញត្អែរ​ដាក់​លោក​អំពី​ការឈឺ​ម្រាមជើង ពងបែក​នៅ​ជើង ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ កង្វះ​ស្បៀងអាហារ នំបុ័ង​គ្មាន​គុណភាព [ នំបុ័ង​ធ្វើ​ពី​ពោត ] មិន​ល្អ ប៊ឺ [ ខូច ] ទឹកឃ្មុំ​រស់ជាតិ​ខ្លាំង សាច់​ជ្រូក​បីជាន់ និង​ឈីស​មាន​ដង្កូវ ជាដើម ។ … ប៉ុន្តែ​យើង​ជា​ជំរំ​នៃ​ស៊ីយ៉ូន ហើយ​ពួក​យើង​ជាច្រើន​នាក់ មិន​សូវ​អធិដ្ឋាន មិន​សូវ​គិតគូរ ធ្វេសប្រហែស ព្រងើយកន្តើយ ល្ងង់ខ្លៅ ឬ​អារក្ស ហើយ​យើង​មិន​ទាន់​ដឹង​អំពី​វា​នៅ​ឡើយ​ទេ ។ យ៉ូសែប ត្រូវតែ​ស៊ូទ្រាំ​ជាមួយ​ពួកយើង ហើយ​បង្រៀន​ពួកយើង​ដូចជា​កូនក្មេង ។ ទោះ​យ៉ាង​ណា​ក៏​ដោយ មាន​មនុស្ស​ជា​ច្រើន​នៅក្នុង​ជំរំ ដែល​មិន​ដែល​ត្អូញត្អែរ ហើយ​ដែល​តែង​ត្រៀម​ខ្លួន​ជានិច្ច និង​មាន​ឆន្ទៈ​ធ្វើ​ដូច​ដែល​ថ្នាក់​ដឹកនាំ​របស់យើង​ចង់បាន ។ ( ចច អេ ស្ម៊ីធ នៅក្នុង Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៨៧–២៨៨ )

  • អ្នក​គិត​ថា ហេតុអ្វី​សមាជិក​នៃ​ជំរំ​នេះ​ឆ្លើយតប​ខុស​គ្នា​ចំពោះ​កាលៈទេសៈ​ដូចគ្នា ?

  • តើ​អ្វី​អាច​ជួយ​យើង​រក្សា​អាកប្បកិរិយា​វិជ្ជមាន នៅពេល​យើង​ជួប​ការលំបាក​ក្នុង​ការព្យាយាម​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ ?


បទពិសោធន៍ #២

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៣:២០ និង​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម​នេះ​ដោយ​ប្រធាន ហើប៊ើរ ស៊ី ឃឹមបឹល ( ឆ្នាំ ១៨០១–១៨៦៨ ) នៃ​គណៈប្រធាន​ទីមួយ ៖

អែលឌើរ ហ៊ីប៊ើរ ស៊ី ឃិមបឹល

ទោះ​ជា​សត្រូវ​របស់​យើង​បន្ត​គំរាមកំហែង​យើង​ដោយ​ហឹង្សា​ក្ដី យើង​គ្មាន​ការ​ភ័យខ្លាច​ឡើយ ហើយ​យើង​ក៏​មិន​រុញរា​ក្នុង​ការ​បញ្ចប់​ដំណើរ​របស់​យើង​ដែរ ដោយសារ​ព្រះ​គង់​នៅ​ជាមួយ​នឹងយើង ហើយ​ទេវតា​របស់​ទ្រង់​យាង​ទៅ​ជាមួយ​យើង ហើយ​សេចក្ដី​ជំនឿនៃ​ក្រុម​ដ៏​តូច​របស់​យើង គ្មាន​ការ​រង្គោះរង្គើ​ឡើយ ។ យើង​ដឹង​ថា​ទេវតា​ជា​គូកន​របស់​យើង ព្រោះ​យើង​បាន​ឃើញ​ទ្រង់​ទាំងឡាយ ។ ( ហើប៊ើរ ស៊ី ឃឹមបឹល នៅក្នុង Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៨៨–២៨៩ )

  • តើ​អ្នក​គិត​ថា​ពរជ័យ​នេះ​នឹង​មាន​ឥទ្ធិពល​លើ​អ្នក​យ៉ាងណា ប្រសិនបើ​អ្នក​បានក្លាយ​ជា​ផ្នែក​នៃ​ជំរំ​អ៊ីស្រាអែល​នោះ ?

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​ព្រះអម្ចាស់​ជួយ​ពួក​អ្នក​ដើរតាម​ទ្រង់​ធ្វើ​កិច្ចការ​លំបាកៗ​នៅ​ថ្ងៃ​នេះ ?


បទពិសោធន៍ #៣

នៅពេល​ដែល​ជំរំ​អ៊ីស្រាអែល​ធ្វើ​ដំណើរ​តែ​មួយ​ថ្ងៃ​ពី​ស្រុក ចាកសុន បុរស​ដែល​មាន​អាវុធ​ចំនួន ៥ នាក់​បាន​ចូល​មក​ជិត​ពួកគេ ។ បុរស​ទាំង​នោះ​បាន​អួត​ថា មនុស្ស​ជាង​បី​រយ​នាក់​ទៀត​កំពុង​ធ្វើ​ដំណើរ​មក​វាយ​លុក​ជំរំ​នេះ ។ នៅពេល​សមាជិក​ជំរំ​ពិភាក្សា​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា « ចូរ​នៅ​ស្ងៀម ហើយ​មើល​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ » ។

ម្ភៃ​នាទី​ក្រោយ​មក ព្យុះភ្លៀង​មួយ​បាន​បោកបក់​ពេញ​ជំរំ ។ ព្យុះ​នេះ​បាន​បណ្តាល​ឲ្យ​ទឹក​ទន្លេ​នៅ​ក្បែរៗ​នោះ​ឡើង​យ៉ាងខ្លាំង ដែល​រារាំង​ពួក​មាសត្រូវ​របស់​ពួកគេ​មិន​ឲ្យ​ឆ្លងកាត់ និង​មក​វាយប្រហារ​បាន​ឡើយ ។ សមាជិក​ជា​ច្រើន​នៃ​ជំរំ​អ៊ីស្រាអែល​បាន​រកឃើញ​ជម្រក​នៅក្នុង​ព្រះវិហារ​តូច​មួយ​នៅ​ក្បែរ​នោះ ។ មួយ​សន្ទុះ​ក្រោយមក ភ្លៀង​បានធ្លាក់​យ៉ាង​ខ្លាំង យ៉ូសែប ស្ម៊ីធ បាន​ចូល​ក្នុង​ព្រះវិហារ ហើយ​បានប្រកាស​ថា « ព្រះ​គង់​នៅក្នុង​ព្យុះ​នេះ ! »

នៅ​ព្រឹក​ស្អែក​បន្ទាប់ពី​ខ្យល់​ព្យុះ សមាជិក​នៃ​ជំរំ​បានប្រទះ​ឃើញ​តង់ និង​គ្រឿង​ផ្គត់ផ្គង់​របស់​ពួកគេ សើម និង​រាយប៉ាយ ប៉ុន្តែ​គ្មាន​មនុស្ស​ណា​ម្នាក់​ត្រូវ​បាន​វាយ​ប្រហារ​នោះ​ទេ ( ដកស្រង់ និង​សង្ខេបពី Saints: The Story of the Church of Jesus Christ in the Latter Days ភាគ ១ បទដ្ឋាន​នៃ​សេចក្ដីពិត ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ២០៣–២០៤ ) ។

  • ប្រសិនបើ​អ្នក​ធ្លាប់​ជា​ផ្នែក​នៃ​ជំរំ​អ៊ីស្រាអែល តើ​បទពិសោធន៍​នេះ​អាច​ជះឥទ្ធិពល​ដល់​អារម្មណ៍​របស់​អ្នក​ចំពោះ​ព្យាការី យ៉ូសែប ស្ម៊ីធ យ៉ាង​ដូចម្ដេច ?

  • តើ​បទពិសោធន៍​នេះ​អាច​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះ​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​ក្នុង​ជីវិត​របស់​អ្នក ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បានរៀន​ចេញពី​សកម្មភាព​សិក្សា​នេះ ដោយ​ការសួរ​សំណួរ​ដូច​ខាងក្រោម ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ នៅពេល​អ្នក​បាន​សិក្សា​បទពិសោធន៍​មួយ​ចំនួន​នៃ​ជំរំ​អ៊ីស្រាអែល​នេះ ?

  • តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់​ចេញមក​ពី​បទពិសោធន៍​ទាំងនេះ ?

នៅពេល​សិស្ស​ចែកចាយ ពួកគេ​អាច​កំណត់​សេចក្តីពិត​ស្រដៀង​នឹងអ្វី​ខាងក្រោម​នេះ ៖ ព្រះ​នឹង​គង់​នៅ​ជាមួយ​នឹងយើង ហើយ​ជួយ​យើង​នៅពេល​យើង​ខិតខំ​ធ្វើ​តាម​ទ្រង់ ។

យល់​ឲ្យ​បាន​ច្បាស់

សូម​ចំណាយ​ពេលខ្លះ​ដើម្បី​ស្វែងរក និង​សិក្សា​បទគម្ពីរ​មួយ ឬ​ច្រើន​ដែល​បង្រៀន​អំពី​ព្រះរាជ​បំណង​របស់​ព្រះ​ក្នុងការ​គង់នៅ​ជាមួយ​នឹងយើង និង​ជួយ​យើង​ក្នុង​ជីវិត​របស់​យើង ។ អ្នក​អាច​ជ្រើសរើស​ខគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក ឬ​ជ្រើសរើស​ខគម្ពីរ​មួយ​ចំនួន​ចេញពី​បញ្ជី​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​ចេញពី​បទគម្ពីរ​ដែល​អ្នក​បាន​សិក្សា​ទាំងនេះ ? ហេតុអ្វី ?

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ដែល​អាច​ជួយ​នរណា​ម្នាក់​ដែល​ពិបាក​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​ពិចារណា​អំពី​ការថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នក​បាន​ពិភាក្សា ហើយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​ការបំផុសគំនិត​ខាង​វិញ្ញាណ ដែល​ពួកគេ​អាច​នឹង​បាន​ទទួល ។