ថ្នាក់​សិក្ខាសាលា
មេរៀនទី ១២២—គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៩ ៖ ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ៖ ដំណាក់​នៃ​សិរីរុងរឿង និង​អំណាច


« មេរៀនទី ១២២—គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៩ ៖ ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ៖ ដំណាក់​នៃ​សិរីរុងរឿង និង​អំណាច » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៩ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១២២ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៩–១១០

គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៩

ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ៖ ដំណាក់​នៃ​សិរីរុងរឿង និង​អំណាច

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

ពួក​បរិសុទ្ធ​បាន​ធ្វើការ​អស់​រយៈ​ពេល​ជិត​បី​ឆ្នាំ​ដើម្បី​សាងសង់​ព្រះ​វិហារ​បរិសុទ្ធ​ខឺតឡង់ ដែល​ជា​ព្រះ​វិហារ​បរិសុទ្ធ​ដំបូង ដែល​បាន​សាងសង់​នៅ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ។ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៩ គឺ​ជា​ការអធិស្ឋាន​ឧទ្ទិសឆ្លង​ដែល​ព្រះអម្ចាស់​បាន​បើកសម្តែង​ទៅកាន់​ព្យាការី យ៉ូសែប ស្ម៊ីធ ។ ការអធិស្ឋាន​នេះ​មាន​នូវ​ពរជ័យ​ដែល​យើង​អាច​ទទួល​បាន​នៅ​សម័យ​នេះ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​បំណង​ចង់​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ខ្លាំង​ឡើង ហើយ​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះអម្ចាស់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

អារម្មណ៍​ពី​ព្រះវិហារ​បរិសុទ្ធ

សូម​ពិចារណា​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​ខុសៗគ្នា ។ អ្នក​អាច​សួរ​សិស្ស​ខ្លីៗ​នូវ​ហេតុការណ៍​ពិត​មួយ​ចំនួន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដូចជា តើ​បច្ចុប្បន្ន​នេះ​មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន​ប៉ុន្មាន​កំពុង​ដំណើរការ តើ​មាន​ចំនួន​ប៉ុន្មាន​ដែល​បានប្រកាស​នៅក្នុង​សន្និសីទ​ទូទៅ​ចុងក្រោយ តើ​ព្រះវិហារ​បរិសុទ្ធ​មួយ​ណា​ដែល​នៅ​ជិត​ទីតាំង​ថ្នាក់​របស់​អ្នក​បំផុត ។ល។

  • ហេតុអ្វី​មនុស្ស​ខ្លះ​មាន​អារម្មណ៍​រំភើប​ក្នុង​ការចូល​ព្រះវិហារ​បរិសុទ្ធ ? ហេតុអ្វី​អ្នកខ្លះ​មិន​មាន​អារម្មណ៍​រំភើប ?

    សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ហើយ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ពិចារណា​ថា​តើ​ពួកគេ​យល់​ស្រប​យ៉ាង​ខ្លាំង​ប៉ុនណា​ជាមួយ​នឹង​សេចក្ដី​ថ្លែងការណ៍​នីមួយៗ ។ ជាជម្រើស អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ​អំពី​ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ដំណាក់​នៃ​ព្រះ ។

  • ការរៀបចំ​ខ្លួន ឬ​ការចូលរួម​ព្រះវិហារ​បរិសុទ្ធ​គឺ​មាន​សារៈសំខាន់​ចំពោះ​ខ្ញុំ ។

  • ខ្ញុំ​ជឿ​ថា​មាន​ពរជ័យ​ដ៏​មាន​អត្ថន័យ​ដែល​ព្រះអម្ចាស់​នឹង​ប្រទាន​ឲ្យ​ខ្ញុំ​សម្រាប់​ការខិតខំ​ដើម្បី​មាន​ភាពស័ក្ដិសម​ចូល​ក្នុង​ដំណាក់​របស់​ទ្រង់ ។

សូម​ពិចារណា​សំណួរ ឬ​កង្វល់​ណា​មួយ​ដែល​អ្នក​មាន​អំពី​ការរៀបចំ​ខ្លួន និង​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ពេល​អ្នក​សិក្សា​នៅ​ថ្ងៃ​នេះ អ្នក​អាច​អធិស្ឋាន​ដល់​ព្រះ​វរបិតាសួគ៌​ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ថា មាន​បំណង​ចង់​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​កាន់​តែ​ខ្លាំង​ឡើង ។

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

សូម​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដូចជា​រូប​ដែល​មាន​នៅពេល​ចាប់ផ្ដើម​មេរៀន ។ សូម​ចែកចាយ​ព័ត៌មាន​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​អំពី​ព្រះវិហារ​បរិសុទ្ធ​នេះ​តាម​ពាក្យ​សម្តី​របស់​អ្នក​ផ្ទាល់ ឬ​អញ្ជើញ​សិស្ស​ពីរ​នាក់​ឲ្យ​អាន​កថាខណ្ឌ​ខាង​ក្រោម​នេះ ។

នៅ​ចន្លោះ​ខែ​មិថុនា ឆ្នាំ ១៨៣៣ ដល់​ខែ​មីនា ឆ្នាំ ១៨៣៦ សមាជិក​សាសនាចក្រ​បាន​លះបង់​ពេលវេលា លុយកាក់ និង​ទ្រព្យសម្បត្តិ​ដើម្បី​ជួយ​កសាង​ព្រះវិហារ​វិហារបរិសុទ្ធ​ដំបូង​ក្នុង​គ្រា​កាន់កាប់ត្រួតត្រា​នេះ ។ បុរសៗ​បាន​ផ្តល់​ជំនាញ​ការងារ​សម្រាប់​ការសាងសង់​អគារ ហើយ​ស្ត្រីៗ​បាន​ដេរ​សម្លៀកបំពាក់ និង​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដល់​អ្នក​ធ្វើការ ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មួយ​ចំនួន​បាន​បរិច្ចាគ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ភាគ​ច្រើន​ដល់​អគារ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ព្រះវិហារ​បរិសុទ្ធ​មាន​តម្លៃ​ប្រមាណ​ជា ៦០,០០០ ដុល្លារ​អាមេរិក—គឺជា​ទឹក​ប្រាក់​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ពេល​នោះ ជា​ពិសេស​បើ​គិតពី​ភាពក្រីក្រ​របស់​ពួក​បរិសុទ្ធ ។

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ត្រូវ​បាន​ឧទ្ទិសឆ្លង​នៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ១៨៣៦ ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជា​ច្រើន ដែល​បាន​ចូលរួម​ពិធី​នេះ និង​ព្រឹត្តិការណ៍​នានា​ដែល​ទាក់ទង​នឹង​ការឧទ្ទិសឆ្លង​បានដក​ពិសោធន៍​នូវ​ការបើកសម្តែង​ខាងវិញ្ញាណ​ដ៏​មហិមា ។ ការណ៍​ទាំងនេះ​រួម​មាន​ការឮ​សំឡេង​ខ្យល់​ដ៏​ខ្លាំងក្លា ការនិយាយ​ជា​ភាសា​ដទៃ ការមើលឃើញ​ការនិមិត្ត និង​ការធ្វើ​ជា​សាក្សី​ដល់​ការយាងមក​របស់​ពួក​ទេវតា ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៩ គឺជា​ការអធិស្ឋាន​ឧទ្ទិសឆ្លង​ដែល​ព្រះ​អម្ចាស់​បានបើកសម្តែង​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ ។ ការអធិស្ឋាន​នេះ​ត្រូវ​បាន​អាន​ឮៗ​ក្នុង​អំឡុងពេល​កម្មវិធី​ឧទ្ទិសឆ្លង ។ គំរូ​នេះ​បន្ត​នៅ​សម័យ​នេះ ដោយ​មាន​ការអធិស្ឋាន​ឧទ្ទិសឆ្លង​ដ៏​បំផុស​គំនិត​មួយ ដែល​បាន​អាន​ក្នុង​អំឡុង​ពេល​វគ្គ​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ ។

អ្នក​អាច​ពិចារណា​សួរ​ថា​តើ​សិស្ស​ណា​ម្នាក់​បាន​ចូលរួម​ការឧទ្ទិសឆ្លង​ព្រះ​វិហារ​បរិសុទ្ធ​ដែរ​ឬ​ទេ ។ ប្រសិន​បើ​ពួកគេ​បាន​ចូលរួម សិស្ស​អាច​ចែកចាយ​នូវ​អ្វី​ដែល​គាត់ ឬ​នាង​ចងចាំ​អំពី​ការអធិស្ឋាន​ឧទ្ទិសឆ្លង​នោះ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ ១០៩:១–៤ ដោយ​ស្វែងរក​របៀប​ដែល​ការអធិស្ឋាន​ឧទ្ទិសឆ្លង​ដ៏​បំផុស​គំនិត​នេះ​បាន​ចាប់ផ្ដើម ។

  • នៅក្នុង​ខគម្ពីរ​ទាំងនេះ តើ​មាន​អ្វីខ្លះ​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ?

នៅពេល​សិស្ស​ចែកចាយ អ្នក​អាច​សួរ​សំណួរ​តាមដាន​មួយ​ចំនួន​ដូច​ជា « តើ​ខគម្ពីរ​ទាំង​នេះ​បើកសម្តែង​យ៉ាង​ណា​អំពី​ព្រះអម្ចាស់ ? » ឬ « តើ​អ្នក​មាន​ចំណាប់​អារម្មណ៍​អ្វីខ្លះ​ចំពោះ​អាកប្បកិរិយា​របស់​ពួក​បរិសុទ្ធ​ ? » ( ឧទាហរណ៍ សូមមើល ខទី ១ និង ៤ ) ។

គោលបំណង និង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ

សូម​ប្រាកដ​ថា សិស្ស​មាន​ពេល​គ្រប់គ្រាន់​ធ្វើ​សកម្មភាព​សិក្សា​ខាង​ក្រោម​នេះ ។ អ្នក​អាច​សរសេរ​ពាក្យ គោលបំណង និង ពរជ័យ នៅលើ​ក្ដារខៀន ។

សិស្ស​អាច​ធ្វើការ​ជាមួយ​ដៃគូ​ដើម្បី​ធ្វើ​ដូច​ខាងក្រោម​នេះ ហើយ​គូសចំណាំ​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា​ ១០៩:៥, ១១–១៦,​២០–២៤ ដោយ​រកមើល​ព្រះរាជ​បំណង​មួយ​ចំនួន​របស់​ព្រះអម្ចាស់​ក្នុងការ​កសាង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ និង​ពរជ័យ​ដែល​បានសន្យា​សម្រាប់​ធ្វើ​ដូច្នេះ ។

បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ជាមួយ​ដៃគូ​របស់​ពួកគេ ថាតើ​គោលបំណង និង​ពរជ័យ​ណាមួយ​ដែល​សំខាន់​បំផុត​ចំពោះ​ពួកគេ ហើយ​ហេតុអ្វី ។

សូម​អញ្ជើញ​ដៃគូ​នីមួយៗ​ឲ្យ​បង្កើត​សេចក្ដី​ថ្លែងការណ៍​នៃ​សេចក្ដីពិត​ដោយ​ផ្អែក​លើ​ការយល់ដឹង​ដ៏​មាន​អត្ថន័យ​មួយ​ដែល​ពួកគេ​បាន​រកឃើញ ។ ( ឬ អាស្រ័យ​លើ​ទំហំ​ថ្នាក់​រៀន អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​ចែកចាយ ) ។ សូម​ពិចារណា​ឲ្យ​ក្រដាស​តូច​មួយ​សន្លឹក​សម្រាប់​សិស្ស​ដើម្បី​សរសេរ​សេចក្តី​ថ្លែងការណ៍​របស់​ពួកគេ ហើយ​ដាក់តាំង​វា​នៅ​លើ​ក្ដារខៀន ។ បន្ទាប់មក សិស្ស​អាច​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​របស់​ពួក​គេ មួយ​ឃ្លា ឬ​ច្រើន​ឃ្លា​ដែល​វា​ផ្អែក​ទៅ​លើ និង​មូលហេតុ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​វាសំខាន់​ចំពោះ​ពួកគេ ។

សិស្ស​អាច​ចែកចាយ​សេចក្តីពិត​នេះ​ស្រដៀង​នឹង​សេចក្តីពិត​ខាង​ក្រោម​នេះ ៖

  • នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ព្រះអម្ចាស់​អាច​បង្ហាញ​ព្រះអង្គ​ទ្រង់​ចំពោះ​យើង​បាន ។ ( ខទី ៥,​១២–១៣ ) ( ចំណាំ ៖ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា មាន​របៀប​ជា​ច្រើន​ដែល​ព្រះអម្ចាស់​អាច​បើកសម្តែង​ព្រះអង្គទ្រង់ ។ ការណ៍​នេះ​នឹង​ពិភាក្សា​នៅ​មេរៀន​បន្ទាប់ ) ។

  • នៅក្នុង​ព្រះ​វិហារបរិសុទ្ធ ព្រះ​អម្ចាស់​អាច​ប្រដាប់​យើង​ដោយ​ព្រះចេស្ដា ការការពារ និង​ជំនួយ​របស់​ទ្រង់ ។ ( ខទី ១៣, ២២ )

  • ព្រះវិហារ​បរិសុទ្ធ​គឺជា​កន្លែង​នៃ​ការរៀនសូត្រ ។ ( ខទី ១៤–១៥ )

  • ការថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​អាច​រៀបចំ​ឲ្យ​យើង​បម្រើ​ព្រះអម្ចាស់ ហើយ​ផ្សព្វផ្សាយ​ព្រះបន្ទូល​របស់​ទ្រង់ ។ ( ខទី ២២–២៣ )

  • តើ​សេចក្តីពិត​ទាំងនេះ​ជួយ​អ្នក​ឲ្យ​យល់​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​ហេតុអ្វី​បាន​ជា​វា​មាន​តម្លៃ​ចំពោះ​អ្នក ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ជា​ច្រើន​នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម​មកពី​យុវវ័យ អំពី​បទពិសោធន៍​នៅ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​គំរូ​នៃ​ពរជ័យ​ដែល​បាន​រាយបញ្ជី​ខាង​លើ ព្រម​ទាំង​ពរជ័យ​បន្ថែម​ទៀត​ផងដែរ ។

មាន​តែ​គំនិត​លើក​តម្កើង​ប៉ុណ្ណោះ​ដែល​បំពេញ​គំនិត​របស់​ខ្ញុំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ វា​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការគិត​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​អ្នក​ដទៃ ។ [ ខ្លូ ឌី ] …

… ការ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់​បានជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ​កាន់​តែ​ញឹកញាប់ ។ វា​ពិត​ជា​បាន​នាំ​មិត្តភក្តិ​របស់​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ជិតស្និទ្ធ​គ្នា​ទៅវិញ​ទៅ​មក ។ ផងដែរ មិត្ត​រួម​ថ្នាក់​របស់​យើង​ជា​ច្រើន​បាន​សួរ​អំពី​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​របស់​យើង ។…

… មិត្តរបស់​ខ្ញុំ … អាច​ទទួល​បាន​ប័ណ្ណ​សម្រាប់​ការប្រើប្រាស់​មាន​កម្រិត​របស់​នាង​ជា​លើក​ដំបូង ហើយ​វា​ល្អ​ណាស់​ក្នុង​ការមើលឃើញ​ឥទ្ធិពល​វិជ្ជមាន​ដែល​វា​មាន​ទៅ​លើ​ជីវិត​របស់​នាង ។ [ អាណាលីស ខេ ] …

… ការ​គ្រាន់តែ​ដើរ​ចូល​ទៅក្នុង [ ព្រះវិហារ​បរិសុទ្ធ ] ខ្ញុំ​មាន​អារម្មណ៍​ថា បញ្ហា​ទាំងអស់​ដែល​ខ្ញុំ​មាន​នៅ​សាលា ហើយ​កន្លែង​ផ្សេង​ទៀត​បាត់​អស់​រលីង ។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សេចក្តីសុខសាន្ត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​ត្រូវ​បាន​យក​ឈ្នះ​ដោយ​អារម្មណ៍​នៃ​សុភមង្គល ។ ការ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​បាន​ជួយ​ខ្ញុំ​ឲ្យ​ផ្តោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នៅ​ព្រះវិហារ និង​ក្នុង​កាតព្វកិច្ច​ផ្សេង​ទៀត ។ វា​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​ខ្ញុំ​អាច​ទៅ ហើយ​ចេញឆ្ងាយ​ពី​បញ្ហា​ទាំងអស់​ដែល​ខ្ញុំ​មាន ។ [ ខូល អ៊ី ] ( « Youth Voices: Attending the Temple » New Era ខែ មេសា ឆ្នាំ ២០១៣ ទំព័រ ៥–៧ )

ការចូលរួម​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះ​អម្ចាស់

សូម​ពិចារណា​បង្ហាញ​វីដេអូ « The Blessings of the Temple » ( ៣:៣៧ ) ឬ « Strength beyond My Own » ( ៣:៤៧ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​ពរជ័យ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​កំពុង​រៀបចំ​ខ្លួន ឬ​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ជម្រើស​ផ្សេងទៀត​អាច​ច្រៀង​ដូចជា​បទ « ព្រះវិញ្ញាណ​នៃ​ព្រះ » ( ទំនុកតម្កើង ល.រ. ២ ) ដែល​សរសេរ​សម្រាប់​ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ឬ​ទំនុកតម្កើង​ផ្សេងទៀត​អំពី​ព្រះវិហារ​បរិសុទ្ធ ។

2:3
2:3

ប្រធាន រ័សុល អិម ណិលសុន បានថ្លែង​ទីបន្ទាល់ ៖

ប្រធាន រ័សុល អិម ណិលសុន

[ ព្រះវិហារ​បរិសុទ្ធ ] គឺ​ជា​ដំណាក់​របស់​ទ្រង់ ។ ព្រះវិហារ​បរិសុទ្ធ​ពោរពេញ​ដោយ​ព្រះចេស្តា​របស់​ទ្រង់ ។ ឥឡូវ​នេះ សូម​យើង​កុំ​មើល​រំលង​អ្វីៗ​ដែល​ព្រះអម្ចាស់​កំពុង​ធ្វើ​សម្រាប់​ពួកយើង​ឡើយ ។ … ខ្ញុំ​សូម​សន្យា​ថា ការចំណាយ​ពេល​កាន់តែ​ច្រើន​នៅ​ព្រះវិហារ​បរិសុទ្ធ នឹង​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​បងប្អូន ដែល​គ្មាន​របៀប​ណា​ផ្សេងទៀត​អាច​ផ្តល់​ឲ្យ​បាន​នោះ​ទេ ។ ( រ័សុល អិម ណិលសុន « ចូរ​ផ្តោតចិត្ត​លើ​ព្រះវិហារ​បរិសុទ្ធ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ១២១ )

  • តើ​នៅពេល​ណា​ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​ជិតស្និទ្ធ​នឹង​អ្នក​បាន​ដកពិសោធន៍​នូវ​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ពី​ចម្លើយ​របស់​ពួកគេ​ចាប់តាំង​ពី​ដើម​ដំបូង​នៃ​មេរៀន​អំពី​មូលហេតុ​ដែល​មនុស្ស​មួយ​ចំនួន​ប្រហែលជា​មិន​មាន​អារម្មណ៍​រំភើប​ក្នុងការ​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​នោះ​ទេ ។

  • តើ​អ្នក​បាន​រៀន ឬ​មាន​អារម្មណ៍​យ៉ាង​ណា​ដែល​អាច​ជួយ​នរណា​ម្នាក់​ឲ្យ​ប្រឈម​មុខ​នឹង​កង្វល់​របស់​ខ្លួន ឬ​បំផុស​គំនិត​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ខុសប្លែក​ពី​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​អារម្មណ៍​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​ព្រះអម្ចាស់ និង​ព្រះវិហារ​ដ៏​បរិសុទ្ធ​របស់​ទ្រង់​បាន​មាន​ឥទ្ធិពល​នៅ​សព្វថ្ងៃ​នេះ​ដោយ​របៀប​ណា ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ដាក់តាំង​រូបភាព​ព្រះវិហារ​បរិសុទ្ធ​នៅ​កន្លែង​មួយ​ដែល​ពួកគេ​នឹង​ឃើញ​វា​ជា​ញឹកញាប់ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​បន្ត​អធិស្ឋាន​ទៅកាន់​ព្រះ​វរបិតាសួគ៌​ដើម្បី​បង្កើន​សេចក្ដី​ស្រឡាញ់ និង​បំណង​ប្រាថ្នា​ដើម្បី​ចូលរួម​ក្នុង​ព្រះវិហារ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។