ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២៣—គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០ ផ្នែក​ទី ១ ៖ ព្រះអង្គ​សង្រ្គោះ​នឹង​បើក​សម្តែង​ព្រះ​អង្គ​ទ្រង់​ចំពោះ​ពួក​បរិសុទ្ធ​របស់​ទ្រង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ


« មេរៀន​ទី ១២៣—គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០ ផ្នែក​ទី ១ ៖ ព្រះអង្គ​សង្រ្គោះ​នឹង​បើក​សម្តែង​ព្រះ​អង្គ​ទ្រង់​ចំពោះ​ពួក​បរិសុទ្ធ​របស់​ទ្រង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១០ ផ្នែក​ទី ១ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៩៨ ៖ គោលលទ្ធិ​និង​សេចក្តីសញ្ញា ១០៩–១១០

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១០ ផ្នែក​ទី ១

ព្រះអង្គ​សង្រ្គោះ​នឹង​បើក​សម្តែង​ព្រះ​អង្គ​ទ្រង់​ចំពោះ​ពួក​បរិសុទ្ធ​របស់​ទ្រង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

ព្រះគ្រីស្ទ​បាន​សម្ដែង​ព្រះកាយ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

នៅ​ថ្ងៃ​ទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ព្រះ​អម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ទ្រង់​ទៅ​កាន់ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដោយ​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់​ដើម្បី​« សម្ដែង​កាយ [ ទ្រង់​ផ្ទាល់ ] ដល់​រាស្ត្រ [ របស់​ទ្រង់ ] » … នៅក្នុង​ដំណាក់​របស់​ទ្រង់ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១១០:៧ ) ។ ការសន្យា​នេះ​អាច​អនុវត្ត​ចំពោះ​យើង​នៅ​សព្វ​ថ្ងៃ​នេះ ។ មេរៀន​នេះ​អាច​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ភាពស័ក្ដិសម​របស់​យើង​រៀបចំ​ឲ្យ​យើង​ខិត​ទៅ​ជិត​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ប្រសិន​បើ​អ្នក​អាច​នៅ​ជាមួយ​ព្រះអង្គ​សង្គ្រោះ

ដើម្បី​ចាប់ផ្ដើម​ថ្នាក់​រៀន សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា ពួកគេ​មាន​ឱកាស​ឃើញ​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ផ្ទាល់ ។

ដូច​គ្នា​នេះ​ដែរ អ្នក​អាច​បង្ហាញ​រូប​ភាព​នៃ​ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ដល់​ប្រជាជន​អាមេរិក​សម័យ​បុរាណ ឬ​បង្ហាញ​វីដេអូ « Jesus Christ Appears in the Ancient Americas » ពី​កូដ​ពេល​វេលា ១១:៥២ ដល់ ១៤:០៥ ។ អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា ពួកគេ​នៅ​ទីនោះ​ដែរ ។ បន្ទាប់ពី​វីដេអូ​នេះ អ្នក​អាច​សួរ​សំណួរ​ដូច​ខាងក្រោម ៖

16:44
  • តើ​អ្នក​អាច​ទទួល​ពរជ័យ​អ្វី​ខ្លះ​ដោយ​បាន​នៅ​ជាមួយ​ព្រះអង្គ​សង្គ្រោះ ?

  • តើ​ពរជ័យ​ទាំងនេះ​អាច​ជះ​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​អ្នក​សិក្សា​នៅថ្ងៃ​នេះ សូម​ស្វែងរក​របៀប​ដែល​អ្នក​អាច​ចូល​ទៅ​ជិត​ព្រះអម្ចាស់​ខាង​វិញ្ញាណ ហើយ​រីករាយ​នឹង​ពរជ័យ​ដែល​ទ្រង់​មាន​ព្រះរាជ​បំណង​ចង់​ប្រទាន​ឲ្យ​អ្នក ។

ព្រះ​សង្រ្គោះ​សម្ដែង​ព្រះ​កាយ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​សិក្សា​អំពី​ការសម្ដែង​ព្រះកាយ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដែល​បាន​កត់​ត្រា​ក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១០ សូម​ពិចារណា​រំឭក​ពួក​គេ​អំពី​ពរជ័យ​ដែល​ព្រះ​អម្ចាស់​បាន​សន្យា​ដល់​ពួក​បរិសុទ្ធ ប្រសិន​បើ​ពួកគេ​នឹង​សង់​ព្រះវិហារ​បរិសុទ្ធ​មួយ​ឡើង​( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៧:១៥–១៦ ) ។ សិស្ស​ក៏​អាច​ពិនិត្យ​ឡើង​វិញ​នូវ​ពរជ័យ​មួយ​ចំនួន​ដែល​យ៉ូសែប ស្ម៊ីធ​បាន​អធិស្ឋាន​នៅ​ក្នុង​ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​នោះ​ដែរ ( សូមមើលគោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៩:១២ ) ។

កថាខណ្ឌ​ខាង​ក្រោម​នេះ​អាច​អាន​ឮៗ ឬ​សង្ខេប​ដើម្បី​ផ្ដល់​បរិបទ​ប្រវត្តិសាស្ត្រ​សម្រាប់ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​នឹក​ស្រមៃ​ពី​ព្រឹត្តិការណ៍​ទាំង​នេះ និង​អារម្មណ៍​ដែល​ពួកគេ​អាច​មាន ប្រសិនបើ​ពួកគេ​បាន​នៅ​ទីនោះ ។

នៅ​រសៀល​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ​ថ្ងៃ​ទី ៣ ខែ​មេសា ឆ្នាំ ១៨៣៦ ការប្រជុំ​សាក្រាម៉ង់​មួយ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ដែល​ទើប​នឹង​ឧទ្ទិស​ឆ្លង​ថ្មី ។ បន្ទាប់​ពី​ពិធី​សាក្រាម៉ង់​ត្រូវ​បាន​ចាត់​ចែង​ទៅ​កាន់​ក្រុម​ជំនុំ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី បាន​ដើរ​ពី​ក្រោយ​វាំងនន​ដែល​គ្រប​លើ​អាសនា​ដើម្បី​អធិស្ឋាន​ដោយ​ស្ងៀម​ស្ងាត់ ។ នៅ​ទី​នោះ​ពួក​លោក​បាន​ឃើញ​នូវ​ការ​មកជួប​ដ៏​ទេវភាព​ជា​បន្ត​បន្ទាប់​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០ ។ ( សូមមើល ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ភាគ ១ បទដ្ឋាន​នៃ​សេចក្ដីពិត​ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ​២០១៨ ] ទំព័រ ២៣៩–៤០ ) ។

ចំណាំ៖ មេរៀន​បន្ទាប់ ( « គោលលទ្ធិ និងសញ្ញា ១១០,​ភាគ ២ » ) រៀបរាប់​ពី​ការយាង​មកជួប​ពី​ស្ថានសួគ៌​បន្ទាប់ពី​ការ​សម្ដែង​ព្រះកាយ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ ។

ពេល​អ្នក​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១០:១–៤ សូម​ពិចារណា​ពី​គំនិត​ដែល​អ្នក​អាច​មាន ឬ​ទទួល​អារម្មណ៍ ប្រសិន​បើ​អ្នក​បាន​នៅ​ជាមួយ​យ៉ូសែប និង​អូលីវើរ ក្នុង​អំឡុង​ពេល​ការនិមិត្ត​នេះ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ណែនាំ​ខ្លួន​នៅក្នុង ខទី ៤ ?

  • តើ​អ្នក​យល់​យ៉ាង​ណា​ដែល​ព្រះអង្គ​សង្គ្រោះ​គឺ​ជា​អ្នក​គាំទ្រ​របស់​យើង​ជាមួយ​ព្រះវរបិតា ? ( សូមមើលលទ្ធិ និងសញ្ញា ៤៥:៣–៥ ) ។

ព្រះ​សង្រ្គោះ​សន្យា​ថា​នឹង​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​យើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

សូម​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១០:៥–១០ ដោយ​ស្វែងរក​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា ពួក​បរិសុទ្ធ​របស់​ទ្រង់​គ្រប់រូប​គួរ​តែ​រីករាយ ។

រូបតំណាង​ការបំពាក់បំប៉ន ផ្ដោត​លើ​គោលការណ៍​នៃ​ការប្រែចិត្ត​ជឿ ៖ លំហាត់​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​នៃ​ការប្រែចិត្ត​ជឿ ។ សម្រាប់​ការអនុវត្ត​បន្ថែម​ទៀត​ជាមួយ​នឹង​ការ​ផ្ដោតលើ​គោលការណ៍​នៃ​ការប្រែចិត្ត​ជឿ សូម​មើល​ការបំពាក់បំប៉ន​ដែល​មាន​ចំណងជើង​ថា « ផ្តោតលើ​សេចក្ដីពិត​ដែល​នាំ​ទៅរក​ការប្រែចិត្ត​ជឿ និង​ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ » នៅក្នុង​ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ។ សូម​ពិចារណា​អនុវត្ត​ជំនាញ « សួរ​សំណួរ​ដែល​ជួយ​សិស្ស​ឲ្យ​រកឃើញ និង​ថ្លែង​នូវ​គោលការណ៍​នៃការប្រែចិត្ត​ជឿ » ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​មាន​អត្ថន័យ ឬ​គួរ​ឲ្យ​ចាប់អារម្មណ៍​ចំពោះ​អ្នក ?

  • តើខ​ទី ៥ និង ទី​៨ អាច​ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួន​ខិត​មកជិត​នឹង​ព្រះអម្ចាស់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀបណា ?

    ក្នុង​ចំណោម​សេចក្ដី​ពិត​ដែល​សិស្ស​អាច​រក​ឃើញ​ពី​ខគម្ពីរ​ទាំង​នេះ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា ប្រសិន​បើ​យើង​គោរព​បទបញ្ញត្តិ ហើយ​ព្យាយាម​ឲ្យ​បាន​ស្អាតស្អំ​នៅ​ចំពោះ​ព្រះ​អម្ចាស់ ទ្រង់​នឹង​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​យើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។

  • ក្រៅ​ពី​ការបង្ហាញ​ព្រះកាយ​ជា​រូបរាងកាយ តើ​មាន​វិធី​អ្វី​ខ្លះ​ទៀត​ដែល​ព្រះ​អង្គ​សង្គ្រោះ​អាច​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​យើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ? ( ឧទាហរណ៍ មួយ​ចំនួន​មាន​ក្នុង ខទី​៨–៩ ) ។

វិធី​ផ្សេង​ទៀត​ដែល​ព្រះ​អង្គ​សង្គ្រោះ​អាច​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​យើង​អាច​រួម​បញ្ចូល​ការ​មាន​បន្ទូល​មក​កាន់​យើង​ដោយ​ព្រះសូរសៀង​ទ្រង់ ( ខ​ទី ៨ ) ព្រមទាំង​ការប្រទាន​ពរជ័យ និង​អំណោយទាន​ពិសិដ្ឋ ឬ​អំណោយទាន​នៃ​អំណាច​ខាង​វិញ្ញាណ​ពី​ស្ថានសួគ៌​ដល់​យើង ( ខទី ៩ ) ។ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​អាច​ទទួល​បាន​ពរជ័យ​មួយ​ចំនួន​ដូច​គ្នា​ដែល​សិស្ស​ប្រហែល​ជា​បាន​គិត​នៅ​ពេល​ចាប់​ផ្ដើម​មេរៀន​នេះ ។ ពរជ័យ​ទាំង​នេះ​អាច​រួម​បញ្ចូល​ទាំង​ការមក​ស្គាល់​ព្រះ​សង្រ្គោះ​ឲ្យ​បាន​ល្អ​ប្រសើរ និង​ការទទួល​ការណែនាំ សេចក្ដី​សុខសាន្ត រួមទាំង​ការព្យាបាល ។

ការគោរពតាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ និង​ការ​មាន​ភាព​ស្អាតស្អំ

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​គោរពតាម​បទបញ្ញត្តិ និង​ការខិតខំ​ធ្វើ​ឲ្យ​ខ្លួន​ស្អាតស្អំ នោះ​អ្នក​អាច​ឲ្យ​ពួកគេ​ពិនិត្យ​មើល​សំណួរ​សម្រាប់​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​រំពឹង​ទុក​ពី​យើង​មុនពេល​យើង​អាច​ចូល​ទៅ​ក្នុង​ព្រះដំណាក់​របស់​ទ្រង់ ( សូមមើល ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស ( [ ឆ្នាំ ២០២២ ] ទំព័រ ៣៦–៣៧ ) ។ សិស្ស​ប្រហែល​ជា​បាន​ធ្វើ​អ្វី​មួយ​ដែល​ស្រដៀង​គ្នានេះ​រួច​ហើយ នៅពេល​ពួកគេ​បាន​សិក្សា​មេរៀន « គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៧ » ។

អ្នក​អាច​គូរ ឬ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​គូរ​ដ្យាក្រាម​ដូច​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ។ សិស្ស​អាច​ចម្លង​រូបភាព​នោះ​ចូល​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ ពួកគេ​អាច​ធ្វើ​បញ្ជី​ពី​អ្វី​ដែល​ពួកគេ​រៀន​ពី​ការពិនិត្យ​ឡើង​វិញ​នូវ សំណួរ​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ នៅ​តាម​ផ្លូវ​នោះ ។

ផ្លូវ​ទៅកាន់​ព្រះ​វិហារ​បរិសុទ្ធ
  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​យើង​ខិតខំ​រក្សា​បទបញ្ញត្តិ​ដើម្បី​ខិត​មក​ជិត​ទ្រង់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក​ដើម្បី​ធ្វើ​ខ្លួន​ឲ្យ​ស្អាតស្អំ ឬ​ស័ក្ដិសម​នៅចំពោះ​ព្រះអម្ចាស់ ?

បងប្រុស ប្រាដលី អរ វីលខក់​ ក្នុង​គណៈប្រធាន​យុវជន​ទូទៅ​បាន​បង្រៀន ៖

បងប្រុស ប្រាដលី អរ វីលខក់

សារលិខិត​របស់​ព្រះ​គឺ​ថា ភាពស័ក្ដិសម​មិន​មែន​ជា​ភាពល្អ​ឥតខ្ចោះ​នោះ​ទេ ។ ភាពស័ក្ដិសម​គឺជា​ការប្រព្រឹត្ត​ដោយ​ស្មោះត្រង់ និង​ការព្យាយាម ។ យើង​ត្រូវតែ​ស្មោះត្រង់​ជាមួយ​ព្រះ ថ្នាក់​ដឹកនាំ​បព្វជិតភាព និង​មនុស្ស​ទាំងឡាយ​ដែល​ស្រឡាញ់​យើង ហើយ​យើង​ត្រូវ​ខិតខំ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ហើយ​កុំ​ចុះចាញ់​ដោយសារ​យើង​គ្រាន់​តែ​ភ្លាត់ភ្លាំង​នោះ​ឡើយ ។ …

សូម​ចងចាំ​ថា ការផ្លាស់ប្ដូរ​គឺ​អាច​ធ្វើ​បាន ការប្រែចិត្ត​គឺជា​ដំណើរការ​មួយ ហើយ​ភាពស័ក្ដិសម​មិន​មែនជា​ភាពល្អ​ឥតខ្ចោះ​នោះ​ទេ ។ សំខាន់​បំផុត សូម​ចាំ​ថា ព្រះ និង​ព្រះគ្រីស្ទ​មាន​ព្រះឆន្ទៈ​ជួយ​យើង​នៅ​ទីនេះ និង​ឥឡូវ​នេះ ។ …

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បាន​មាន​ប្រសាសន៍​ថា « ព្រះ​ទ្រង់​មិន​ត្រូវការ​ប្រជាជន​ដែល​ល្អ​ឥតខ្ចោះ​នោះ​ទេ ។ ទ្រង់ស្វែង​រក​អស់​អ្នក​ដែល​នឹង​ផ្តល់ « ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម » [ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៤:៣៤ ] ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួកគេ ‹ បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ › [ មរ៉ូណៃ ១០:៣២–៣៣ ] » ។ ( ប្រាដលី អរ វីលខក់ « ភាព​ស័ក្ដិសម​មិនមែន​ជា​ភាព​ល្អ​ឥតខ្ចោះ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦២, ៦៧ )

  • តើ​សារលិខិត​នេះ​អាច​ជួយ​នរណា​ម្នាក់​ដែល​ងឿងឆ្ងល់​ថា តើ​ពួកគេ​មានភាព​ស័ក្ដិសម​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​នៅ​ក្នុង​វត្តមាន​របស់​ព្រះអង្គ​សង្គ្រោះ​ដោយរបៀប​ណា ?

បង្ហាញ​ការយល់​ដឹង​របស់​អ្នក

ដើម្បី​ជួយ​សិស្ស​បង្ហាញ​ពី​ការយល់​ដឹង​របស់​ខ្លួន អ្នក​អាច​ផ្ដល់​នូវ​សាច់រឿង​ដូច​ខាង​ក្រោម ៖

សូម​ស្រមៃ​ថា​មិត្ត​ម្នាក់​កំពុង​ឆ្ងល់​ថា តើ​វា​មាន​តម្លៃ​ឬ​អត់​ក្នុង​ការខិតខំ​ដើម្បី​ឲ្យ​មាន​ភាពស័ក្ដិសម​ដើម្បី​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ មិត្ត​ម្នាក់​ទៀត​ឆ្ងល់​ថា តើ​ពួកគេ​អាច​មាន​ភាពស័ក្ដិសម​គ្រប់គ្រាន់​ដើម្បី​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែរឬទេ ។ សូម​ជ្រើស​រើស​ស្ថានភាព​មួយ​ក្នុង​ចំណោម​ស្ថានភាព​ទាំង​នេះ ហើយ​ឆ្លើយ​សំណួរ​ដូច​ខាង​ក្រោម ៖

  • ចំពោះ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ តើ​អ្នក​នឹង​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ការព្រួយ​បារម្ភ​របស់​មិត្ត​អ្នក ?

  • តើ​អ្នក​សង្ឃឹម​ថា មិត្ត​របស់​អ្នក​នឹង​យល់​យ៉ាង​ណា​អំពី​ព្រះវរបិតាសួគ៌​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិហារ​បរិសុទ្ធ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។ សូម​ពិចារណា​ចែកចាយ​អារម្មណ៍​របស់​អ្នក​អំពី​ការសន្យា​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការបង្ហាញ​ព្រះកាយ​ទ្រង់​ដល់​យើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ នៅ​ពេល​យើង​ព្យាយាម​រក្សា​បទបញ្ញត្តិ និង​ស្អាតស្អំ ។