ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២៥—គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១១ ៖ « យើង​នឹង​រៀបចំ​គ្រប់​អ្វីៗ​ទាំងអស់​សម្រាប់​សេចក្ដី​ល្អ​ដល់​អ្នក »


« មេរៀន​ទី ១២៥—គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១១ ៖ ‹ យើង​នឹង​រៀបចំ​គ្រប់​អ្វីៗ​ទាំងអស់​សម្រាប់​សេចក្ដី​ល្អ​ដល់​អ្នក › » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ១១១ »​សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១២៥ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ១១១–១១៤

គោលលទ្ធិ និង​សេចក្តីសញ្ញា ១១១

« យើង​នឹង​រៀបចំ​គ្រប់​អ្វីៗ​ទាំងអស់​សម្រាប់​សេចក្ដី​ល្អ​ដល់​អ្នក »

ក្រុង​សាឡិម រដ្ឋ​ម៉ាស្សាជូសសែត្ស

នៅ​ឆ្នាំ ១៨៣៦ សាសនាចក្រ​មាន​បំណុល​យ៉ាង​ធំ ។ ព្យាការី យ៉ូសែប ស្ម៊ីធ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​សាឡិម រដ្ឋ​ម៉ាស្សាជូសសែត្ស ជា​កន្លែង​ដែល​ពួកលោក​សង្ឃឹម​ថា​នឹង​ទទួល​បាន​ប្រាក់​ដើម្បី​សង​បំណុល​របស់​សាសនាចក្រ ។ នៅ​ថ្ងៃ​ទី ៦ ខែ សីហា ឆ្នាំ ១៨៣៦ យ៉ូសែប ស្ម៊ីធ បានទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១១ ។ នៅក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ធានា​ដល់​លោក​ទាក់ទង​នឹង​បំណុល​របស់​សាសនាចក្រ និង​សុខុមាលភាព​របស់​ស៊ីយ៉ូន ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

តើ​អ្វីៗ​នឹង​កើតឡើង​យ៉ាង​ដូចម្តេច​ទៅ ?

សូម​ចាប់ផ្ដើម​រៀន​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ឧបសគ្គ​នានា​ដែល​ក្មេង​វ័យជំទង់​ប្រឈម​ជា​ទូទៅ ដែល​អាច​នាំ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ឬ​ភ័យ​ខ្លាច​ថា អ្វីៗ​នឹង​មិន​ប្រសើរ​ឡើង​ទេ ។ បន្ទាប់មក អ្នក​អាច​គូរ​រង្វាស់​ដូច​ខាងក្រោម​នៅ​លើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​វា​ដើម្បី​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ។

រង្វាស់​ពី ១ ដល់ ៥
  • តើ​អ្នក​គិត​ថា​ក្មេង​វ័យ​ជំទង់​ភាគច្រើន​មាន​ទំនុកចិត្ត​ខ្លាំង​ប៉ុនណា​ថា អ្វីៗ​នឹង​ដំណើរការ​ដើម្បី​ជា​ប្រយោជន៍​របស់​ពួកគេ ?

សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​នឹង​វាយ​តម្លៃ​ខ្លួន​របស់​អ្នក​នៅក្នុង​រង្វាស់​នេះ​ទាក់ទង​នឹង​បញ្ហា ឬ​ឧបសគ្គ​ដែល​អ្នក​កំពុង​ប្រឈម ឬ​អាច​ប្រឈម​មុខ​នៅ​ពេល​អនាគត ។

ពេលវេលា​ដ៏​លំបាក​មួយ​សម្រាប់​យ៉ូសែប និង​អ្នក​ដទៃ

សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សាវតា​បរិបទ​ដូច​ខាងក្រោម​នេះ ឬ​អ្នក​អាច​សង្ខេប​វា​តាម​ពាក្យ​សម្តី​របស់​អ្នក​ផ្ទាល់ ។ ជា​ជម្រើស អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន​ចាប់ពី ជំពូក​ទី ២២ នៃ ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ វ៉ុល ១ បទដ្ឋាន​នៃ​សេចក្តីពិត ឆ្នាំ ១៨១៥–១៨៤៦ ( [ ឆ្នាំ ២០១៨ ] ទំព័រ ២៥៨–២៥៩ ) ឬ​អ្នក​អាច​ចាក់​សំឡេង​ពី​ជំពូក​នោះ ( មាន​នៅលើ​គេហទំព័រ saints.ChurchofJesusChrist.org ) ចាប់ពី​នាទី​ទី ១៦:១៤ ដល់​នាទី​ទី ១៧:០០ ។ អ្នក​អាច​លើក​ឡើង​ថា ដូច​ដែល​យើង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ក្នុង​ជីវិត​របស់​យើង​ដែល​អាច​នាំ​ឲ្យ​បាក់​ទឹកចិត្ត យ៉ូសែប ស្ម៊ីធ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជាច្រើន​នៅ​ឆ្នាំ ១៨៣៦ ដែល​ធ្វើ​ឲ្យ​ពួកលោក​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​អនាគត​របស់​ស៊ីយ៉ូន ។

ផែនទី​នៃ​សហរដ្ឋ​អាមេរិក​ភាគ​ខាង​កើត

នៅ​ឆ្នាំ ១៨៣៦ សាសនា​ជាប់​បំណុល​យ៉ាង​ច្រើន ដោយសារ​តែ​ការចំណាយ​លើ​ការសាងសង់​ព្រះ​វិហារ​បរិសុទ្ធ​ខឺតឡង់ និង​ការទិញ​ដី​នៅ​រដ្ឋ​អូហៃអូ និង​រដ្ឋ​មិសសួរី ។ ជាមួយ​គ្នា​នេះ​ដែរ ពួក​បរិសុទ្ធ​នៅ​ស្រុកក្លេ រដ្ឋ​មិសសួរី ត្រូវ​បានបង្ខំ​ឲ្យ​ផ្លាស់ប្តូរ​លំនៅ ។ នៅ​ចុង​ខែ​កក្កដា ឆ្នាំ ១៨៣៦ ដោយ​កង្វល់​ទាំងនេះ​មាន​ទម្ងន់​ធ្ងន់​ក្នុង​គំនិត​របស់​ពួកលោក យ៉ូសែប និង ហៃរុម ស្ម៊ីធ រួមទាំង អូលីវើរ ខៅឌើរី និង ស៊ីឌនី រិកដុន បាន​ធ្វើ​ដំណើរ​ជាង ៦០០ ម៉ាយល៍ ( ៩៦៥ គីឡូម៉ែត្រ ) ពី​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ទៅកាន់ក្រុង​សាឡិម រដ្ឋ​ម៉ាស្សាជូសសែត្ស ។ ទោះបី​ជា​មូលហេតុ​នៃ​ការធ្វើ​ដំណើរ​របស់​ពួក​លោក​មិន​ប្រាកដ​ក្តី ក៏​ពួកលោក​ប្រហែលជា​បានធ្វើ​តាម​ព័ត៌មាន​ដែល​ពួកលោក​គិត​ថា អាច​ជួយ​ពួកលោក​ឲ្យ​ធូរស្រាល​ពី​បំណុល​របស់​សាសនាចក្រ​ដែរ ។ ដំណើររឿង​មួយ​បានបញ្ជាក់​ថា សមាជិក​សាសនាចក្រ​ម្នាក់​បាន​ប្រាប់ យ៉ូសែប ស្ម៊ីធ អំពី​ផ្ទះ​មួយ​នៅ​ក្រុងសាឡិម​ដែល​បាន​លាក់​លុយ​ជា​ច្រើន ។ ( សូមមើល ការណែនាំ​អំពី​ប្រវត្តិសាស្ត្រ « Revelation, 6 August 1836 [D&C 111]» ទំព័រ ៣៥ josephsmithpapers.org ) ។

  • តើ​អ្នក​គិត​ថា យ៉ូសែប ស្ម៊ីធ មាន​ទំនុក​ចិត្ត​ខ្លាំង​ប៉ុនណា​ថា បញ្ហា​ដែល​សាសនាចក្រ​កំពុង​ប្រឈម​មុខ​នឹង​អាច​ដោះស្រាយ​បាន​យ៉ាង​ល្អ​នោះ ?

នៅពេល​សិស្ស​សិក្សា គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១១ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​វិវរណៈ​អំពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ជួយ​យើង​ឲ្យ​បង្កើន​ទំនុកចិត្ត​របស់​យើង​ថា បញ្ហា និង​ឧបសគ្គ​របស់​យើង​អាច​ដោះស្រាយ​សម្រាប់​សេចក្តីល្អ​របស់​យើង ។

« ការចម្កួត​របស់​អ្នក​ក៏​ដោយ »

សូម​ពិចារណា​សរសេរ​ក្រុម​ខគម្ពីរ​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ។ របៀប​មួយ​ដើម្បី​សិក្សា​ការណ៍​ទាំងនេះ​គឺ​អាន​ក្រុម​ទី​មួយ រួចហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​ទៅ​នឹង​សំណួរ​ទាំងពីរ​នៅលើ​ក្រដាស​មួយ​សន្លឹក ហើយ​ក្រោយមក​ហុច​វា​ទៅ​មិត្តរួម​ថ្នាក់ ។ សូម​ពិភាក្សា​ពី​អ្វី​ដែល​សិស្ស​បាន​សរសេរ ។ សូម​ធ្វើ​សកម្មភាព​នេះ​ឡើងវិញ​ជាមួយ​នឹង​ក្រុម​ដែល​មាន​ពីរ​ខគម្ពីរ​នៅ​សេសសល់ ។ ការណ៍​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន និង​អ្វី​ដែល​មិត្ត​រួមថ្នាក់​របស់​ពួកគេ​បាន​បង្រៀន ។

ប្រសិនចាំបាច់ សូម​ពន្យល់​ថា ការចម្កួត គឺជា​ការវិនិច្ឆ័យ​ខុស ឬ​មិន​ត្រឹមត្រូវ ។

រូបតំណាង​ការបំពាក់បំប៉នផ្ដោត​លើ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ៖ សម្រាប់​ការអនុវត្ត​បន្ថែម​ទៀត​នឹង​ការណ៍​នេះ សូមមើល​ការបំពាក់បំប៉ន​ដែល​មាន​ចំណងជើង​ថា « បង្រៀន​អំពី​ព្រះបរមងារ តួនាទី និង​គុណលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » នៅក្នុង ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ៖ ផ្ដោតលើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សូម​ពិចារណា​អនុវត្ត​ជំនាញ « បង្កើត​សំណួរ​ស្រាវជ្រាវ ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្វែងរក​តួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ » ។ បន្ទាប់ពី​ពិនិត្យមើល​ការបំពាក់បំប៉ន​នេះ​ហើយ អ្នក​អាច​កែតម្រូវ ឬ​បន្ថែម​ទៅ​នឹង​សំណួរ​ដែល​អ្នក​សួរ​សិស្ស​អំពី​វគ្គបទគម្ពីរ​ខាង​ក្រោម​នេះ ។

សូម​អាន​ក្រុម​ខគម្ពីរ​ខាងក្រោម ហើយ​សម្រាប់​ក្រុម​នីមួយៗ​សូម​ឆ្លើយ​សំណួរ​ទាំង​ពីរ​ដែល​មាន​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​មាន​សំណួរ​អ្វីខ្លះ​អំពី​ខគម្ពីរ​ទាំងនេះ ?

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​អ្នក​បានរៀន​អំពី​ព្រះ​ចេញពី​ខគម្ពីរ​ទាំងនេះ ?

នៅក្នុង​ការឆ្លើយតប​របស់​ពួកគេ​ទៅនឹង​សំណួរ​ទីពីរ សិស្ស​អាច​លើកឡើង​ពី​សេចក្ដី​ពិត ឬ​គុណលក្ខណៈ​របស់​ព្រះ​មួយ​ចំនួន ។ ទាំងនេះ​អាច​រួម​បញ្ចូល​នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ព្រះ​មាន​មេត្តាករុណា​ជាមួយ​ការចម្កួត​របស់​យើង (សូម​មើល ខ​ទី ១ ) ព្រះ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​យើង​តាមរយៈ​សេចក្ដី​សុខសាន្ត និង​ព្រះចេស្តា​នៃ​ព្រះ​វិញ្ញាណ​របស់​ទ្រង់ ( សូម​មើល ខ​ទី ៨ ) ព្រះ​រៀបចំ​គ្រប់​អ្វីៗ​ទាំង​អស់ សម្រាប់សេចក្ដីល្អ​ដល់​យើង ( សូម​មើល ខ​ទី ១១ ) ។

  • តើ​សេចក្ដីពិត​ដែល​អ្នក​ស្វែងយល់​អាច​ជួយ យ៉ូសែប ស្ម៊ីធ ដោះស្រាយ​ឧបសគ្គ និង​កង្វល់​ដែល​លោក​បាន​ជួបប្រទះ​យ៉ាង​ដូចម្ដេច ?

  • តើ​វា​អាច​ជួយ​អ្នក​បាន​យ៉ាង​ដូចម្ដេច ?

ព្រះ​រៀបចំ​គ្រប់​អ្វីៗ​ទាំង​អស់ សម្រាប់សេចក្ដីល្អ​ដល់​យើង

សូម​ធ្វើ​តាម​ការបំផុស​គំនិត​របស់​ព្រះ​វិញ្ញាណ​ទាក់ទង​នឹង​សេចក្ដីពិត​មួយ​ណា​ដែល​នឹង​ជួយ​សិស្ស​ឲ្យ​សិក្សា​កាន់តែ​ស៊ីជម្រៅ ។ មេរៀន​ដែល​នៅ​សល់​នេះ​នឹង​ផ្តោត​ទៅ​លើ​សេចក្ដីពិត​ដែល​ថា ព្រះ​អាច​រៀបចំ​គ្រប់​អ្វីៗ​ទាំង​អស់ សម្រាប់​សេចក្ដីល្អ​ដល់​យើង ។ សូម​ពិចារណា​សរសេរ​សេចក្ដី​ពិត​នេះ​នៅ​លើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំ​ពាក្យ​ក្នុង ខ ទី ១១ដែល​បង្រៀន​អំពី​សេចក្តីពិត​នេះ ។

ប្រសិនបើចាំបាច់ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា រៀបចំ ក្នុង​ខគម្ពីរ​នេះ​មាន​ន័យ​ថា​« ចាត់ចែង » ។ អ្នក​ប្រហែល​ជា​សំដៅ​ទៅ​លើ​រង្វាស់​នេះ​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ថា ពួកគេ​មាន​ទំនុកចិត្ត​ប៉ុនណា​ថា ព្រះ​អាច​ចាត់ចែង « អ្វីៗ​ទាំងអស់ » សម្រាប់​សេចក្តី​ល្អ ។

សូម​ពិចារណា​ពិភាក្សា​ជាមួយ​សិស្ស​ថា ប្រសិនបើ​ពួកគេ​ចង់​ជឿ​លើ​សេចក្ដីពិត​នេះ​កាន់តែ​ខ្លាំង នោះ​ពួកគេ​អាច​អធិស្ឋាន​ទូលសុំ​ជំនួយ​ដើម្បី​ពង្រឹង​ការយល់ដឹង និង​ជំនឿ​របស់​ពួកគេ​ទៅលើ​គុណលក្ខណៈ​របស់​ព្រះ​នេះ ។

  • យោង​តាម ខ​ទី ១១ តើ​យើង​ត្រូវការ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ព្រះ​ចាត់ចែង​អ្វីៗ​ទាំងអស់​សម្រាប់​សេចក្តី​ល្អ​ដល់​យើង ?

ប្រសិនបើចាំបាច់ សូម​ពន្យល់​ថា ការធ្វើ​ជា « អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ដូច​ជា​ពស់ តែ​ឥត​បាប » ( ខទី ១១ ) សំដៅ​ទៅ​លើ​គំនិត​ដែល​ថា ពួក​សិស្ស​របស់​ព្រះ​អង្គ​សង្រ្គោះ​គួរតែ​បញ្ចូល​ប្រាជ្ញា​ដោយ​ចិត្ត​ទៀងត្រង់ និង​ភាពបរិសុទ្ធ ។

ចំពោះ​សកម្មភាព​ខាង​ក្រោមនេះ អ្នក​អាច​រៀបចំ​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​បី​នាក់ ។ សូម​ឲ្យ​សិស្ស​ម្នាក់ៗ​នៅ​ក្នុង​ក្រុម​អាន​វគ្គបទគម្ពីរ​ខុសៗគ្នា​ខាង​ក្រោម ។ បន្ទាប់ពី​សិស្ស​បាន​អាន និង​ពិភាក្សា​អំពី​វគ្គបទគម្ពីរ​នេះ​ហើយ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ឡើង​មក​ក្តារខៀន ហើយ​សរសេរ​អ្វីមួយ​ដែល​ពួកគេ​បាន​រកឃើញ ។ ពួកគេ​អាច​សរសេរ​វា​ជុំវិញ​សេចក្ដីពិត​នៅ​លើ​ក្ដារខៀន ដោយ​មាន​ព្រួញ​ចង្អុល​ទៅ​សេចក្ដីពិត​នោះ ។

សូម​សិក្សា​វគ្គបទគម្ពីរ​ខាងក្រោម​នេះ ដោយ​រកមើល​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​ព្រះ​រៀបចំ​គ្រប់​អ្វីៗ​ទាំងអស់​សម្រាប់​សេចក្តី​ល្អ​ដល់​យើង ។ សូម​ពិចារណា​អំពី​ការភ្ជាប់​ខគម្ពីរ​ខាងក្រោម​នេះ​ជាមួយនឹង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១១:១១ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ហើយ​បន្ទាប់មក​បន្ថែម​នូវ​អ្វី​ដែល​ពួកគេ​បានរៀន​នៅក្នុង​បញ្ជី​នៅ​លើ​ក្ដារខៀន ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បានថ្លែង​ទីបន្ទាល់ ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

អ្វីៗ​នឹង​ដំណើរការ​ទៅមុខ ។ កុំ​បារម្ភ​អី ។ ខ្ញុំ​និយាយ​បែប​នេះ​ប្រាប់​ខ្លួន​ឯង​ជា​រៀង​រាល់​ព្រឹក ។ វា​នឹង​ដំណើរការ​ទៅមុខ ។ ប្រសិនបើ​អ្នក​ខិតខំ​អស់​ពី​លទ្ធភាព វា​នឹង​ដំណើរការ​ទៅមុខ ។ សូម​ដាក់​សេចក្ដី​ទុក​ចិត្ត​របស់​អ្នក​ទៅ​លើ​ព្រះ ហើយ​បន្ត​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ និង​ទំនុកចិត្ត​ទៅ​លើ​អនាគត ។ ព្រះអម្ចាស់​នឹង​មិន​បោះបង់​យើង​ចោល​ឡើយ ។ ទ្រង់​នឹង​មិន​បោះបង់ចោល​យើង​ឡើយ ។ ( « Latter-day Counsel: Excerpts from Addresses of President Gordon B. Hinckley » Ensign ខែ តុលា ឆ្នាំ ២០០០ ទំព័រ ៧៣ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នៅ​លើ​ក្ដារខៀន ។ ពួកគេ​អាច​ពន្យល់​ពី​មូលហេតុ​ដែល​វា​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។ សំណួរ​មួយ​ចំនួន​ខាងក្រោម​អាច​ពង្រឹង​ដល់​ការពិភាក្សា ៖

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ដែល​អាច​ពង្រឹង​ទំនុកចិត្ត​របស់​អ្នក​ថា ព្រះ​អាច​រៀបចំ​គ្រប់​អ្វីៗ​ទាំងអស់​សម្រាប់​សេចក្តី​ល្អ​ដល់​អ្នក ?

  • តើ​ការមាន​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ​ជួយ​អ្នក​ឲ្យ​ទុកចិត្ត​ថា ព្រះ​អាច​រៀបចំ​គ្រប់​អ្វីៗ​ទាំងអស់​សម្រាប់​សេចក្តី​ល្អ​ដល់​អ្នក​ដោយ​របៀប​ណា ?

  • តើ​ព្រះ​បានរៀបចំ​គ្រប់​អ្វីៗ​ទាំងអស់​សម្រាប់​សេចក្តី​ល្អ​នៅក្នុង​ជីវិត​របស់​អ្នក ឬ​ជីវិត​របស់​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​នៅពេល​ណា និង​របៀប​ណា ?

សកម្មភាព​ខាងក្រោម​នេះ​ផ្ដល់​ពេលវេលា​ដល់​សិស្ស​ដើម្បី​ពិចារណា​ពី​របៀប​ដែល​ពួកគេ​បានរៀន និង​អារម្មណ៍​ទទួលបាន​នៅ​ថ្ងៃ​នេះ ដែលអាច​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់​ពួកគេ និង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតាសួគ៌ ។ បន្ទាប់ពី​សិស្ស​បានសរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ​រួចរាល់​ហើយ អ្នក​អាច​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​ជាមួយ​ថ្នាក់ ។

សូម​បំពេញ​ប្រយោគ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ។

  • ទំនុកចិត្ត​របស់​ខ្ញុំ​ថា ព្រះ​អាច​រៀបចំ​គ្រប់​អ្វីៗ​ទាំងអស់​សម្រាប់​សេចក្តី​ល្អ​របស់​ខ្ញុំ​ត្រូវ​បាន​ពង្រឹង​នៅ​ថ្ងៃនេះ​ដោយ​…
    អ្វី​ដែល​ខ្ញុំ​បានរៀន​នៅ​ថ្ងៃនេះ​អាច​ជួយ​ខ្ញុំ​ដោះស្រាយ​បញ្ហា​ដែល​ខ្ញុំ​កំពុង​ប្រឈម​ជាមួយ​ដោយ​…
    ពេល​ជួប​ការលំបាក​នៅ​ពេល​អនាគត ខ្ញុំ​ចង់​ចាំ …