ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២៧—វាយ​តម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៨ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៥–១១៥


« មេរៀន​ទី ១២៧—វាយ​តម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៨ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៥–១១៥⁠ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៥ )

« វាយ​តម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៨ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១២៧—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៥–១១៥

វាយតម្លៃ​ការរៀនសូត្រ​របស់អ្នក ទី ៨

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៥–១១៥

ថ្ម​ត្រួតគ្នា

ការពិចារណា និង​ការវាយតម្លៃ​ពី​ការរៀនសូត្រ​ខាង​វិញ្ញាណ​របស់​យើង​អាច​ជួយ​យើង​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ចងចាំ និង​វាយតម្លៃ​លើ​របៀប​ដែល​បទពិសោធន៍​របស់​ពួកគេ នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា បាន​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

វាយ​តម្លៃ​ការ​រីក​ចម្រើន​ខាងវិញ្ញាណ​របស់អ្នក

យក​ថ្ម​ជាច្រើន​ដុំ​ដែល​មាន​ទំហំ​ខុសគ្នា​ទៅ​ថ្នាក់រៀន​ហើយ​ឲ្យ​សិស្ស​បង្កើត​សញ្ញា​សម្គាល់​ផ្លូវ ។ អញ្ជើញ​សិស្ស​ឲ្យ​ដាក់​ថ្ម​មួយ​ចំនួន​ត្រួត​លើ​គ្នា ហើយ​រកមើល​អ្វី​ដែល​បង្កើត​បាន​ជា​គ្រឹះ​មួយ​ដែល​មាន​ស្ថេរភាព ។ ( ជាជម្រើស សូម​បង្ហាញ​រូបភាព​នៃ​សញ្ញា​សម្គាល់​ផ្លូវ ) ។ អ្នក​អាច​និយាយ​ថា​ពី​បុរាណ និង​សព្វ​ថ្ងៃ​នេះ​សញ្ញា​សម្គាល់​ផ្លូវ​ទាំងនេះ​ផ្តល់​នូវ​សុវត្ថិភាព និង​ទិសដៅ​ដល់​អ្នក​ធ្វើដំណើរ ។ អ្នក​អាច​សួរ​សំណួរ​ដូច​ខាងក្រោម​អំពី​សកម្មភាព​នេះ ។

  • តើសញ្ញា​សម្គាល់​ផ្លូវ​អ្វីខ្លះ​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ឲ្យ ដើម្បី​ដឹកនាំ​យើង​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ត្រឡប់​ទៅវត្តមាន​របស់​ទ្រង់វិញ ?

  • តើ​សញ្ញា​សម្គាល់​ផ្លូវ​អាច​ជា​និមិត្ត​សញ្ញា​នៃ​ព្រះអង្គ​សង្រ្គោះ​យ៉ាង​ដូចម្ដេច ?

សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​ថា វគ្គ​បទគម្ពីរ​ដែល​ពួកគេ​បាន​សិក្សា មេរៀន​ដែល​ពួកគេ​បាន​រៀន និង​ការបង្រៀន​ដែល​ពួកគេ​បាន​អនុវត្ត​ក្នុង​ការសិក្សា​របស់​ពួកគេ​អំពី​គោលលទ្ធិ និង​សេចក្ដី​សញ្ញា អាច​ប្រៀបបាន​ទៅនឹង​ថ្ម​ដែល​បាន​ដាក់ត្រួត​លើគ្នា ដោយ​ផ្ដល់នូវ​សុវត្ថិភាព និង​ទិស​ដៅ​នៅ​ពេល​ពួកគេ​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល​ការកត់ត្រា​ដែល​ពួកគេ​បាន​ធ្វើ និង​បទគម្ពីរ​ដែល​ពួកគេ​បានសិក្សា​ក្នុង​រយៈ​ពេល​ពីរ​បី​សប្តាហ៍​ចុង​ក្រោយ​នេះ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៥–១១៥ ) ដោយ​ពិចារណា​ពី​សេចក្ដី​ពិត​ដែល​ពួកគេ​បាន​រៀន ។

នៅពេល​អ្នក​គិតពិចារណា​ពី​បទពិសោធន៍​របស់​អ្នក​ក្នុងការ​សិក្សា​អំពី​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សូមអញ្ជើញ​ព្រះវិញ្ញាណ​ប្រកប​ដោយ​អធិស្ឋាន ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​ការរីកចម្រើន​ដែល​អ្នក​កំពុង​ធ្វើ​ចំពោះ​ព្រះ​វរបិតាសួគ៌​របស់​អ្នក និង​ព្រះ​សង្រ្គោះ​របស់​អ្នក ដែលជា​ព្រះ​យេស៊ូវ​គ្រីស្ទ ។

សូម​បង្ហាញ​សំណួរ​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិចារណា​ពី​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​នឹង​សំណួរ​មួយ ឬ​ពីរដូច​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​សេចក្ដីពិត​ខាងវិញ្ញាណ​មួយ​ចំនួន​អ្វីខ្លះ​ដែល​អ្នក​បានរៀន ឬ​អនុវត្ត​ដែល​បានជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ​នឹង​ព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ?

  • តើ​សេចក្ដីពិត​ទាំងនេះ​បាន​ផ្ដល់​ឲ្យ​អ្នក​នូវ​ទិសដៅ និង​សុវត្ថិភាព​នៅ​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​យ៉ាង​ដូចម្ដេច ?

  • តើ​វគ្គបទគម្ពីរ​អ្វីខ្លះ​ពី​គោលលទ្ធិ និង​សេចក្តីសញ្ញា​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ? ហេតុអ្វី ?

នៅពេល​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​កត់ត្រា​ចម្លើយ​របស់​ពួកគេ​ហើយ សូម​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ពីរបី​នាក់​ឲ្យ​ចែកចាយ​ការគិតពិចារណា​ដែល​មិន​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ពេក ។ ពួកគេ​អាច​ចែកចាយ​វគ្គបទគម្ពីរ​ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ និង​មូលហេតុ ។ នៅពេល​សិស្ស​ចែកចាយ​ពួកគេ​អាច​បន្ថែម​ថ្ម​ទៅ​តាម​សញ្ញា​សម្គាល់​ផ្លូវ ។

សូម​ពិចារណា​អំពី​ការបំផុស​គំនិត​របស់​ព្រះ​វិញ្ញាណ និង​តម្រូវការ​សិស្ស​របស់​អ្នក នៅពេល​អ្នក​ជ្រើសរើស​ប្រើ​សកម្មភាព​​ណាមួយ​ខាង​ក្រោមនេះ ។

សូម​ពន្យល់​ពី​របៀប​ដែល​បព្វជិតភាព និង​កូន​សោ​ទាំងឡាយ​នៃ​បព្វជិតភាព​របស់​ព្រះអង្គ​សង្គ្រោះផ្ដល់​ពរ​ដល់​សាសនាចក្រ​របស់​ទ្រង់

សូម​ជួយ​សិស្ស​ឲ្យ​វាយ​តម្លៃ​នូវ​អ្វី​ដែល​ពួកគេ​បានរៀន​ថ្មីៗ​នេះ​អំពី​បព្វជិតភាព និង​កូនសោ​បព្វជិតភាព​របស់​ព្រះ​អង្គ​សង្រ្គោះ ។ នៅក្នុង​ការសិក្សា​របស់​ពួកគេ​ពី មេរៀន​ទី ១១៩ ៖ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៧:១–២០ សិស្ស​ប្រហែល​ជា​បាន​រៀន​ថា អស់​អ្នក​ដែល​បម្រើ​នៅក្នុង​សាសនាចក្រ​អាច​ទាញយក​អំណាច​របស់​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​បព្វជិតភាព​របស់​ទ្រង់ ។ នៅក្នុង​ការសិក្សា​របស់​ពួកគេ​អំពី គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១០ ផ្នែក​ទី ២ សិស្ស​ប្រហែលជា​បាន​រៀន​អំពី​ការស្ដារ​ឡើងវិញ​នូវ​កូនសោ​បព្វជិតភាព​ទៅកាន់ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។

អ្នក​អាច​ចែកចាយ​សាច់រឿង​ដូច​ខាងក្រោម ។ ក្នុង​ការសរសេរ​ចម្លើយ​របស់​ពួកគេ សិស្ស​អាច​មើល​កំណត់​ចំណាំ​ដែល​ពួកគេ​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ ឬ​ខគម្ពីរ​ដែល​ពួកគេ​បាន​គូសចំណាំ ។

បេកគី និង​មៃឃើល គឺជា​បងប្អូន​ដែល​ទើប​តែ​ចូលរួម​ក្នុង​សាសនាចក្រ​នាពេល​ថ្មីៗ​នេះ ។ ពួកគេ​គឺ​ជា​សមាជិក​តែ​ពីរ​នាក់​គត់​ក្នុង​គ្រួសារ​របស់​ពួកគេ ។ ពួកគេ​ទាំងពីរ​នាក់​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​អំពី​ព្រះ​គម្ពីរ​មរមន ព្យាការី​យ៉ូសែប ស្ម៊ីធ និង​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ប៉ុន្តែ​ទទួល​ដឹង​ថា ពួកគេ​នៅតែ​មាន​អ្វីៗ​ជា​ច្រើន​ទៀត​ដើម្បី​រៀន ។ នៅក្នុង​ព្រះវិហារ​នា​ថ្ងៃ​អាទិត្យ​មួយ ពួកគេ​បាន​ឮ​នរណា​ម្នាក់​និយាយ​អំពី​របៀប​ដែល​បព្វជិតភាព និង​កូនសោ​នៃ​បព្វជិតភាព​របស់​ព្រះអង្គ​សង្គ្រោះ​ផ្ដល់​ពរ​ដល់​សមាជិក​នៃ​សាសនាចក្រ​គ្រប់រូប ។ ពួកគេ​ពិត​ជា​មិន​ដឹង​ថា​វា​មាន​ន័យ​យ៉ាង​ណា​ទេ ។

  • តើ​អ្នក​អាច​ប្រើ​អ្វីខ្លះ​ពី​ការសិក្សា​ថ្មីៗ​នេះ​របស់​អ្នក​នៅក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ដើម្បី​ជួយ​បេកគី និង​មៃឃើល​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​របៀប​ដែល​អំណាច​បព្វជិតភាព និង​កូនសោ​បព្វជិតភាព​របស់​ព្រះអង្គ​សង្គ្រោះ​ផ្ដល់​ពរ​ដល់​យើង​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ ?

ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ អ្នក​អាច​គូរ​ឡើងវិញ​នៅលើ​ក្ដារខៀន​នូវ​ដើម​ឈើ ពី មេរៀន​ទី ១១៩ ៖ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៧:១–២០ ហើយ​ដាក់​ស្លាក​លើ​មែកឈើ​នូវ​អង្គការ​ផ្សេងៗ​នៅក្នុង​សាសនាចក្រ ។ សិស្ស​អាច​ចែកចាយ​ថា បុរស និង​ស្ត្រី​ដែល​ទទួល​បាន​ការហៅ​នៅក្នុង​សាសនាចក្រ​បាន​ទាញ​អំណាច​ពី​ព្រះអង្គ​សង្គ្រោះ ដើម្បី​បម្រើ​អ្នក​ដទៃ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ដោយ​ជា​ផ្នែក​មួយ​នៃ​ការពន្យល់​របស់​ពួកគេ សិស្ស​អាច​ប្រើ​ខគម្ពីរ​ចេញពី​កណ្ឌ ១០៧ ដើម្បី​បង្ហាញ​ថា សិទ្ធិអំណាច និង​មុខតំណែង​ទាំងអស់​នៅក្នុង​សាសនាចក្រ​នៃ​ព្រះអង្គ​សង្រ្គោះ គឺជា​ផ្នែក​បន្ថែម​ទៅនឹង​បព្វជិតភាព​ម៉ិលគីស្សាដែក ។ ខគម្ពីរ​ខ្លះ​ដែល​ពួកគេ​អាច​ប្រើ រួមបញ្ចូល ខទី ៥, ៨, ១៤, ១៨–២០ ឬ​ខគម្ពីរ​ផ្សេង​ទៀត​នៃ​ជម្រើស​របស់​ពួកគេ​ដើម្បី​បង្រៀន​ការណ៍​នេះ ។

ដូចគ្នា​នេះ​ដែរ អ្នក​អាច​បង្ហាញ​រូបភាព​នៃ​ការមកជួប​របស់​ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដែល​បាន​រៀបរាប់​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១០ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ថា ​តើ​តួអង្គ​ទាំងនេះ​ជា​នរណា ហើយ​កូនសោ​អ្វី​ដែល​ពួកលោក​បាន​ស្តារ​ឡើង​វិញ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ប្រើ​ខគម្ពីរ​ពី កណ្ឌ​ទី ១១០ ក្នុង​ការពន្យល់​របស់​ពួក​គេ ។

ចូរមាន​អារម្មណ៍​កាន់តែ​មាន​ទំនុកចិត្ត​ខ្លាំង​ឡើង​ថា ពួកសាវក​ជា​សាក្សី​ពិសេស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ

នៅក្នុង​មេរៀន​ថ្មីៗ​នេះ សិស្ស​ប្រហែលជា​បានរៀន​ពី​របៀប​ដែល​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ទាំង​ដប់​ពីរ​នាក់​គឺជា​សាក្សី​ពិសេស​នៃ​ព្រះនាម​ព្រះ​គ្រីស្ទ នៅក្នុង​ពិភពលោក​ទាំងអស់ ( សូម​មើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:២៣ ) ។ សូម​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​គិត​ពិចារណា​ពី​ទីបន្ទាល់​របស់​ពួកគេ​ថា ព្យាការី និង​សាវក​គឺជា​សាក្សី​ពិសេស​របស់​ព្រះ​គ្រីស្ទ​នៅក្នុង​ជំនាន់​របស់​យើង ហើយ​ត្រូវ​បាន​ត្រួតត្រា​ដោយ​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​ជួយ​យើង​ឲ្យ​ខិត​ទៅ​ជិត​ទ្រង់ ។

របៀប​មួយ​ដើម្បី​ធ្វើ​បែប​នេះ អាច​ជា​ការបង្ហាញ​រូបភាព​ថ្មីៗ​របស់​គណៈប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​សួរ​សំណួរ​ដូច​ខាង​ក្រោម​នេះ ។ អ្នក​អាច​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​ជញ្ជឹងគិត និង​កត់ត្រា​ពី​គំនិត​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ មួយរយៈ​ក្រោយ​មក សូម​អនុញ្ញាត​ឲ្យ​សិស្ស​ស្ម័គ្រចិត្ត​ពីរបី​នាក់ ចែកចាយ​គំនិត​របស់​ពួកគេ ។

  • តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ​នា​ពេល​ថ្មីៗ​នេះ ដែល​បាន​ជះឥទ្ធិពល​លើ​ទីបន្ទាល់​របស់​អ្នក​ដែល​ថា ពួកព្យាការី និង​ពួកសាវក​ពិត​ជា​សាក្សី​ពិសេស​របស់​ព្រះ​គ្រីស្ទ ?

    ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា សិស្ស​អាច​ប្រើ​សកម្មភាព​បន្ថែម​ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​ពួកគេ​ថា ពួកព្យាការី និង​ពួកសាវក​គឺជា​សាក្សី​ពិសេស​របស់​ព្រះ​គ្រីស្ទ នោះ​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ដូច​ខាងក្រោម​នេះ ៖

  • សូម​ជ្រើសរើ​សារលិខិត​ថ្មីៗ​ពី​គណៈប្រធាន​ទីមួយ ឬ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ។ សូម​គិត​ពិចារណា​ពី​របៀប​ដែល​សារលិខិត​នោះ​បាន​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • សូម​ឆ្លើយតប​ទៅនឹង​ការអញ្ជើញ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​សមាជិក​ម្នាក់​នៃ​គណៈ​ប្រធាន​ទីមួយ ឬ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ។ សូម​ចែកចាយ​ការអញ្ជើញ​នោះ​នៅលើ​ទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​អ្នក ។

  • នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម សូម​ឆ្លើយតប​ទៅនឹង​ការចុះផ្សាយ ឬ​ផ្ញើសារ​ផ្ទាល់​មួយ​ទៅកាន់​សមាជិក​នៃ​គណៈ​ប្រធាន​ទីមួយ ឬ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ដែល​បង្ហាញ​ពី​អំណរគុណ​របស់​អ្នក​ចំពោះ​សារលិខិត​ថ្មីៗ​នេះ ដែល​បាន​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​ព្រះអង្គ​សង្គ្រោះគឺ ព្រះ​យេស៊ូវ​គ្រីស្ទ ។

បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សិស្ស​មួយ​ចំនួន​អាច​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ឬ​ចុះផ្សាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

រៀបចំ​ខ្លួន​ថ្វាយ​បង្គំ​ព្រះ​អម្ចាស់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

នៅក្នុង​មេរៀន​មុន សិស្ស​មាន​ឱកាស​ត្រៀម​ខ្លួន​ថ្វាយ​បង្គំ​ព្រះ​អម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។ នេះ​គឺជា​សេចក្តី​សង្ខេប​មួយ​ចំនួន​នៃ​មេរៀន​ថ្មីៗ​ដែល​បាន​ជួយ​ដល់​ការណ៍​នេះ ៖

  • នៅក្នុង កណ្ឌទី ៩៥ សិស្ស​ប្រហែលជា​បាន​ពិភាក្សា​អំពី​ការលះបង់​ដើម្បី​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • នៅក្នុង កណ្ឌទី ៩៧ ពួកគេ​ប្រហែលជា​បាន​ពិនិត្យមើល​នូវ​របៀប​ដែល​ព្រះ​វិហារ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​មាន​សំណួរ​ដែល​ជួយ​យើង​ឲ្យ​មាន​ចិត្ត​បរិសុទ្ធ ។

  • នៅក្នុង កណ្ឌទី ១០៩ សិស្ស​បាន​រកឃើញ​ពរជ័យ​នានា ដែល​ទាក់ទង​នឹង​ការថ្វាយបង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​ពិចារណា​ពី​របៀប​ដែល​ពរជ័យ​ទាំង​នេះ​អាច​ជំរុញ​ពួកគេ​ក្នុង​ជីវិត​របស់​ពួកគេ ។

  • នៅក្នុង កណ្ឌទី ១១០ សិស្ស​ប្រហែលជា​បានពិភាក្សា​អំពី​របៀប​ដែល​ភាពស័ក្ដិសម​របស់​ពួកគេ​អាច​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១០:៥–១០ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​គោលដៅ ឬ​ផែនការ​ជាក់លាក់​ដែល​ពួកគេ​បានធ្វើ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​ថ្វាយបង្គំ​ទ្រង់​នៅក្នុង​ព្រះវិហារ​របស់​ទ្រង់ ។

  • តើ​អ្នក​បាន​ខិតខំ​ប្រឹងប្រែង​អ្វីខ្លះ​នាពេល​ថ្មីៗ​នេះ ដើម្បី​រៀបចំ​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ការថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ?

ប្រសិនបើ​សិស្ស​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សំណួរ​ជាក់លាក់​បន្ថែម​ទៀត ដែល​ធ្វើ​តាម​ផែនការ ឬ​គោលដៅ​ដែល​ពួកគេ​ប្រហែលជា​កំពុង​ធ្វើ នោះ​អ្នក​អាច​បង្ហាញ​អត្ថបទ​ដូច​ខាងក្រោម​សម្រាប់​សិស្ស ហើយ​ឲ្យ​ពួកគេ​ឆ្លើយតប​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន​ដើម្បី​ណែនាំ​អ្នក​នៅពេល​អ្នក​ឆ្លើយ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

  • តើ​អ្នក​បាន​លះបង់ ឬ​ស្ម័គ្រចិត្ត​ធ្វើ​អ្វីខ្លះ​ដើម្បី​បង្ហាញ​ថា អ្នក​ឲ្យ​អាទិភាព​ការថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ជីវិត​របស់​អ្នក ?

  • តើ​អ្នក​បានឃើញ​ពរជ័យ​អ្វីខ្លះ​ក្នុង​ជីវិត​របស់​អ្នក នៅពេល​អ្នក​គិតពិចារណា​ពី​ចម្លើយ​របស់​អ្នក​ទៅនឹង​សំណួរ​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ដើម្បី​រៀបចំ​ខ្លួន​ចូលទៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ?

  • តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​ព្យាយាម​មាន​ភាពស័ក្ដិសម​ក្នុង​ការថ្វាយបង្គំ​ព្រះ​អម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ?

សូម​គិត​អំពី​របៀប​ដែល​អ្នក​បាន​ទទួល​ពរ​ចំពោះ​ការខិតខំ​របស់​អ្នក ។ តើ​អ្នក​នឹង​បន្ត​ធ្វើ ឬ​ចាប់ផ្ដើម​ធ្វើ​អ្វីខ្លះ​ដើម្បី​រៀបចំខ្លួន​ថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ?

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ធ្វើ​សកម្ម​ភាព​លើ​ការផ្លាស់ប្ដូរ​ណា​មួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា បាន​ជំរុញចិត្ត​ឲ្យ​ធ្វើ​នៅពេល​ពួកគេ​បាន​ពិនិត្យ​មើល​នូវ​ការរីកចម្រើន​របស់​ពួកគេ ។ អ្នក​អាច​សរសើរ​ដល់​ការខិតខំ​របស់​សិស្ស​ក្នុងការ​ធ្វើ​ឲ្យ​ព្រះវរបិតាសួគ៌ ព្រះអង្គសង្រ្គោះ​របស់​យើង និង​ដំណឹងល្អ​ជា​អាទិភាព​ក្នុង​ជីវិត​របស់​ពួកគេ ។ អ្នក​អាច​បញ្ចប់​ដោយ​ចែកចាយ​គំរូ​នៃ​ពរជ័យ​ដែល​អ្នក​បាន​ទទួល​ពី​ការរៀបចំ​ខ្លួន​របស់​អ្នក ដើម្បី​ថ្វាយ​បង្គំ​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។