« មេរៀនទី ១៣៥—គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤ ៖ ‹ ចូរស្ថាបនាដំណាក់នេះ … ប្រយោជន៍ឲ្យយើងអាចបើកសម្ដែងប្រាប់ពីពិធីទាំងឡាយ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៣៥ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤
« ចូរស្ថាបនាដំណាក់នេះ … ប្រយោជន៍ឲ្យយើងអាចបើកសម្ដែងប្រាប់ពីពិធីទាំងឡាយ »
នៅពេលដែលពួកបរិសុទ្ធបានសង់ទីក្រុងណៅវូ ព្រះអម្ចាស់ទ្រង់បញ្ជាឲ្យពួកគេសង់ព្រះវិហារបរិសុទ្ធមួយ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:២៦–២៧ ) ។ នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤ ព្រះអម្ចាស់បានបើកសម្តែងបន្ថែមទៀតអំពីគោលបំណងនៃព្រះវិហារបរិសុទ្ធ ជាកន្លែងមួយដើម្បីទទួលបានពិធីបរិសុទ្ធដ៏ពិសិដ្ឋ ។ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីសារៈសំខាន់នៃព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ និងពិធីបរិសុទ្ធដែលបានធ្វើឡើងនៅទីនោះរួមទាំងអំណោយទានពិសិដ្ឋផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
គោលបំណងនៃព្រះវិហារបរិសុទ្ធ
ចំណាំ ៖ មេរៀននេះផ្តោតទៅលើគោលលទ្ធិ និងសេចក្ដីសញ្ញា និងពិធីបរិសុទ្ធទាំងឡាយ ។ ពិធីបរិសុទ្ធទាំងនោះពិសិដ្ឋណាស់ ហើយគួរតែពិភាក្សាដោយមានគាវរភាព ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ២៧.០ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
ដើម្បីជួយសិស្សឲ្យពិចារណាអំពីអ្វីដែលពួកគេបានដឹងនាពេលបច្ចុប្បន្នអំពីព្រះវិហារបរិសុទ្ធ សូមអញ្ជើញពួកគេឲ្យពិចារណា ឬសរសេរអំពីអ្វីដែលពួកគេនឹងនិយាយទៅកាន់មិត្តភក្តិរបស់ពួកគេនៅក្នុងស្ថានភាពខាងក្រោមនេះ ។
សូមស្រមៃថាមិត្តភក្តិម្នាក់បានឃើញរូបភាពព្រះវិហារបរិសុទ្ធមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬក៏បានជិះកាត់ព្រះវិហារបរិសុទ្ធ ហើយសួរអ្នកដោយស្មោះថា « តើព្រះវិហារបរិសុទ្ធជាអ្វី ? តើគេធ្វើអ្វីនៅទីនោះ ? »
សូមពិចារណាបង្ហាញរូបភាពដូចខាងក្រោមនេះ ៖
ការប្រើពណ៌នៃភ្លើងចរាចរណ៍ ( ក្រហម =មិនមានទំនុកចិត្ត, លឿង =មានទំនុកចិត្តខ្លះ,បៃតង =ទំនុកចិត្តខ្លាំង ) សូមជ្រើសរើសពណ៌ដែលឆ្លុះបញ្ចាំងល្អបំផុតនូវចម្លើយរបស់អ្នកចំពោះសំណួរដូចខាងក្រោម ៖
តើអ្នកមានទំនុកចិត្តប៉ុនណាថាអ្នកអាចពន្យល់ពីព្រះវិហារបរិសុទ្ធ និងពិធីបរិសុទ្ធរបស់ព្រះវិហារបរិសុទ្ធយ៉ាងច្បាស់ទៅកាន់មិត្តភក្តិរបស់អ្នក ?
តើអ្នកមានទំនុកចិត្តប៉ុនណាថាអ្នកអាចពន្យល់ពួកគេតាមរបៀបដែលអាចជួយមិត្តភក្តិរបស់អ្នកឲ្យស្គាល់អំពីរបៀបដែលព្រះអម្ចាស់បង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់តាមរយៈព្រះវិហារបរិសុទ្ធ ?
ដើម្បីជួយអ្នកឲ្យមើលឃើញអំពីរបៀបដែលសិស្សបានឆ្លើយតប សូមពិចារណាអញ្ជើញពួកគេឲ្យឆ្លើយសំណួរដូចជា « តើមានគ្នាយើងប៉ុន្មាននាក់ដែលមានពណ៍បៃតង ? ពណ៌លឿង ? ពណ៌ក្រហម ? » និង« ហេតុអ្វីបានជាអ្នកជ្រើសរើសពណ៌ដែលអ្នកបានជ្រើសរើសនោះ ? »
សូមលើកទឹកចិត្តសិស្សឲ្យអធិស្ឋានទូលសុំការយល់ដឹងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលអាចជួយពួកគេឆ្លើយសំណួរដូចខាងលើនេះព្រមទាំងសំណួរផ្ទាល់ខ្លួនរបស់ពួកគេអំពីព្រះវិហារបរិសុទ្ធ និងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធផងដែរ ។
នៅពេលដែលពួកបរិសុទ្ធបានតាំងលំនៅនៅទីក្រុងណៅវូ រដ្ឋអិលលីណោយ រួចហើយ ព្រះអម្ចាស់បានបញ្ជាពួកគេឲ្យសង់ព្រះវិហារបរិសុទ្ធមួយ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:៣១ ) ដូចដែលទ្រង់ធ្លាប់ធ្វើកាលពីមុននៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ស្រុកចាកសុន រដ្ឋមិសសួរី និងហ្វារវែស្ទ មិសសួរី ដែរ ( សូមមើល ៨៨:១១៩ ; ៩៧:១០ ; ១១៥:៧–៨ ) ។ នៅពេលដែលព្រះអម្ចាស់បញ្ជាឲ្យសាងសង់ព្រះវិហារបរិសុទ្ធណៅវូ ទ្រង់បានបើកសម្តែងនូវគោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់ទៅកាន់ព្យាការី យ៉ូសែប ស្ម៊ីធ រួចទៅហើយ ( សូមមើល ប្រធានបទ និង សំណួរ « Baptisms for the Dead » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
សូមពិចារណាសរសេរឃ្លា « រាស្ត្រយើងត្រូវបានបញ្ជារហូតឲ្យស្ថាបនា [ ព្រះវិហារបរិសុទ្ធ ] ដល់ព្រះនាមដ៏បរិសុទ្ធរបស់យើង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:៣៩ ) នៅលើក្ដារខៀន ។ សិស្សអាចគូសចំណាំឃ្លានេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
សូមអញ្ជើញសិស្សឲ្យសិក្សាខគម្ពីរខាងក្រោមនេះ ហើយពិចារណាគូសចំណាំចម្លើយដែលពួកគេរកឃើញ ។ បន្ទាប់មកពួកគេអាចពិភាក្សាអំពីអ្វីដែលពួកគេបានរៀននៅក្នុងក្រុមតូចៗ ។
ជួយអ្នករៀនឲ្យពិភាក្សាអំពីសេចក្តីជំនឿលើដំណឹងល្អជាមួយអ្នកដទៃ ៖ សម្រាប់ការអនុវត្តបន្ថែមទៀតជាមួយនឹងរឿងនេះ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « ការអញ្ជើញនានាដើម្បីឲ្យសិស្សចែកចាយជាមួយគ្នានូវអ្វីដែលពួកគេកំពុងរៀន » ដែលមាននៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ៖ អញ្ជើញឲ្យមានការរៀនសូត្រដោយឧស្សាហ៍ព្យាយាម ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:២៥–៣០, ៣៦–៤១, ៥៥ ដោយស្វែងរកមូលហេតុដែលព្រះអម្ចាស់បញ្ជាឲ្យប្រជារាស្រ្តរបស់ទ្រង់សង់ព្រះវិហារបរិសុទ្ធ ។
សិស្សអាចនឹងរកឃើញសេចក្ដីពិតផ្សេងៗដូចជា ព្រះអម្ចាស់បញ្ជាឲ្យយើងសង់ព្រះវិហារបរិសុទ្ធ « ឲ្យព្រះដ៏ខ្ពស់បំផុត គង់នៅទីនោះ » ( ខទី ២៧ ) ដើម្បី « សាងឡើងវិញនូវអ្វីដែលបានបាត់បង់ » ( ខទី ២៨ ) ជាទីកន្លែង « សម្រាប់ជាទីពឹងជ្រក » ( ខទី ៣៦ ) ហើយ « ប្រយោជន៍យើងអាចប្រទានពរដល់អ្នក ហើយបំពាក់កិត្តិយស អមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចទុកជាមកុដដល់អ្នក » ( ខទី ៥៥ ) ។ ប្រសិនបើសិស្សមិនលើកឡើងទេ សូមអញ្ជើញពួកគេឲ្យមើលឡើងវិញនូវ ខទី ៤០ ហើយបន្ថែមសេចក្ដីពិតដែលថា ព្រះអម្ចាស់បញ្ជាឲ្យយើងសង់ព្រះវិហារបរិសុទ្ធដើម្បីឲ្យយើងអាចទទួលបានពិធីបរិសុទ្ធដ៏ពិសិដ្ឋ ។ មេរៀននេះនឹងផ្ដោតសំខាន់ទៅលើសេចក្តីពិតចុងក្រោយនេះ ។
ប្រសិនបើសិស្សត្រូវការជំនួយស្វែងរកសេចក្ដីពិតនៅក្នុងខគម្ពីរទាំងនេះ សូមពិចារណាសរសេរលេខ-ខគម្ពីរ ដែលបានលើកឡើងខាងលើនៅលើក្ដារខៀនក្នុងជួរឈរមួយ និងឃ្លាដែលបានដកស្រង់នៅក្នុងឃ្លាទាំងនោះតាមលំដាប់ផ្សេងគ្នានៅក្នុងជួរឈរមួយទៀត ។ បន្ទាប់មកសិស្សអាចផ្គូផ្គងឃ្លានេះជាមួយនឹង-ខគម្ពីរដែលត្រូវគ្នានោះ ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ជួយយើងឲ្យយល់អំពីគោលបំណងរបស់ព្រះអម្ចាស់ក្នុងការប្រទានពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធឲ្យយើង ។
យើងមិនកសាង ឬចូលក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋដើម្បីគ្រាន់តែមានបទពិសោធន៍ដ៏គួរឲ្យចងចាំជាលក្ខណៈបុគ្គល ឬជាលក្ខណៈគ្រួសារប៉ុណ្ណោះទេ ។ ផ្ទុយទៅវិញ សេចក្ដីសញ្ញាដែលបានទទួល និងពិធីបរិសុទ្ធដែលបានធ្វើឡើងក្នុងព្រះវិហារបរិសុទ្ធ មានសារៈសំខាន់យ៉ាងខ្លាំងដើម្បីធ្វើឲ្យដួងចិត្តយើងបានបរិសុទ្ធ និងសម្រាប់ការលើកតម្កើងដ៏ខ្ពង់ខ្ពស់ដល់បុត្រា និងបុត្រីនៃព្រះ ។ ( ដេវីឌ អេ បែដណា « Let This House Be Built unto My Name » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៥ )
នៅក្នុងព្រះវិហារបរិសុទ្ធ ខឺតឡង់ ព្រះអង្គសង្រ្គោះ និងសារទូតពីស្ថានសួគ៌ដទៃទៀតបានលេចមក ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១១០ ) ។ ព្រះវិហារបរិសុទ្ធ ខឺតឡង់ ក៏ជាទីកន្លែងនៃការបំផុសគំនិត និងការរៀនសូត្រផងដែរ ។ នៅទីក្រុងណៅវូ ព្រះអម្ចាស់បានបើកសម្តែងពិធីបរិសុទ្ធដែលប្រព្រឹត្តទៅក្នុងព្រះវិហារបរិសុទ្ធនៅសព្វថ្ងៃនេះបន្ថែមទៀត ។ សព្វថ្ងៃនេះនៅក្នុងព្រះវិហារបរិសុទ្ធ សមាជិកដ៏ស្មោះត្រង់នៃសាសនាចក្រធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ទទួលអំណោយទានពិសិដ្ឋ ( រួមទាំងការលាងសម្អាត និងការចាក់ប្រេងតាំង ) ហើយចូលរួមក្នុងការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ។
មេរៀននាពេលអនាគតនឹងផ្តោតទៅលើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន និងពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ។ ផ្នែកដែលនៅសេសសល់នៃមេរៀននេះនឹងផ្តោតទៅលើអំណោយទានពិសិដ្ឋ ។
ពិធីបរិសុទ្ធមួយក្នុងចំណោមពិធីបរិសុទ្ធទាំងឡាយដែលព្រះអម្ចាស់បានបើកសម្តែងដល់ពួកបរិសុទ្ធនៅទីក្រុងណៅវូគឺជាអំណោយទានពិសិដ្ឋ ។
មុនពេលសិក្សាអំពីអំណោយទានពិសិដ្ឋ អ្នកអាចផ្ដល់ពេលឲ្យសិស្សពីរបីនាទីដើម្បីពិចារណាពីសំណួរអ្វីដែលពួកគេអាចមានអំពីអំណោយទានពិសិដ្ឋ និងមូលហេតុដែលវាសំខាន់សម្រាប់ពួកគេដើម្បីទទួលបានអំណោយទានពិសិដ្ឋនោះ ។ សូមពន្យល់ថា ពេលដែលពួកគេសិក្សាអំពីអំណោយទានពិសិដ្ឋ នោះព្រះវិញ្ញាណបរិសុទ្ធអាចជួយពួកគេស្វែងរកចម្លើយចំពោះសំណួរដែលពួកគេមាន ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីអំណោយទានពិសិដ្ឋ និងមូលហេតុដែលព្រះអម្ចាស់មានព្រះទ័យចង់ប្រទានពរដល់ពួកគេតាមរយៈពិធីបរិសុទ្ធនេះនៅក្នុងព្រះវិហារ សូមពិចារណាប្រើគំនិតមួយក្នុងចំណោមគំនិតដូចខាងក្រោមនេះ ៖
សូមផ្ដល់ពេលឲ្យសិស្សសិក្សាធនធានដែលពួកគេជ្រើសរើស ចេញពីបញ្ជីដូចខាងក្រោម ។
សូមផ្ដល់សំណៅចែកដែលភ្ជាប់មកជាមួយឲ្យសិស្សដើម្បីសិក្សា ។
សូមអនុញ្ញាតឲ្យសិស្សសិក្សាដោយខ្លួនឯង ជាមួយដៃគូ ឬក្នុងក្រុមតូចៗ ។
សូមសិក្សាអំពីធនធានមួយចំនួនខាងក្រោមនេះ ដោយរកមើលរបៀបដែលព្រះអម្ចាស់ប្រទានពរដល់យើងនៅពេលយើងទទួលអំណោយទានពិសិដ្ឋរបស់យើងនៅក្នុងព្រះវិហារបរិសុទ្ធ ។
សូមអានព័ត៌មានខាងក្រោមដែលមាននៅលើគេហទំព័រ temples.ChurchofJesusChrist.org ដោយរកមើលចម្លើយចំពោះសំណួរខាងក្រោមនេះ ៖
នៅពេលអ្នកចូលរួមក្នុងសាសនាចក្រ នោះអ្នកបានទទួលពិធីបរិសុទ្ធចំនួនពីរ ៖ ពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ ។ ដូចគ្នានេះដែរ អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធក៏ទទួលជាពីរផ្នែកផងដែរ ។
នៅក្នុងផ្នែកទីមួយ អ្នកនឹងទទួលបានដោយឯកជនភាព និងផ្ទាល់ខ្លួននូវអ្វីដែលហៅថាពិធីបរិសុទ្ធ « ពិធីលាងជម្រះ » ។ ពិធីបរិសុទ្ធទាំងនេះរួមមាននូវពរជ័យពិសេសនានាដែលទាក់ទងនឹងកេរដំណែល និងសក្តានុពលដ៏ទេវភាពរបស់អ្នក ។ ដោយជាផ្នែកមួយនៃពិធីបរិសុទ្ធទាំងនេះ អ្នកក៏នឹងត្រូវអនុញ្ញាតឲ្យពាក់សម្លៀកបំពាក់ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធផងដែរ ។
នៅផ្នែកទីពីរ អ្នកនឹងទទួលបានអ្វីៗផ្សេងទៀតទាក់ទងនឹងអំណោយទានពិសិដ្ឋរបស់អ្នកនៅក្នុងមជ្ឈដ្ឋានជាក្រុមមួយ ។ ការណ៍នេះធ្វើឡើងនៅក្នុងបន្ទប់ណែនាំមួយដោយមានអ្នកដទៃទៀត ដែលកំពុងចូលរួមក្នុងព្រះវិហារបរិសុទ្ធផងដែរ ។ ព្រឹត្តិការណ៍ទាំងឡាយណាដែលជាផ្នែកនៃផែនការនៃសេចក្តីសង្រ្គោះគឺត្រូវបានបង្ហាញ ។ វារួមមានការបង្កបង្កើតពិភពលោក ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ការក្បត់សាសនា និងការស្តារឡើងវិញ ។ អ្នកក៏នឹងរៀនបន្ថែមទៀតអំពីរបៀបដែលមនុស្សទាំងអស់អាចត្រឡប់ទៅកាន់វត្តមានរបស់ព្រះអម្ចាស់វិញផងដែរ ។ អំណោយទានពិសិដ្ឋមួយចំនួនត្រូវបានបង្ហាញតាមរយៈវីដេអូ ហើយអំណោយទានមួយចំនួនទៀតត្រូវបានបង្ហាញដោយអ្នកធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។
នៅអំឡុងពិធីបរិសុទ្ធនៃអំណោយទានពិសិដ្ឋនេះ អ្នកនឹងត្រូវបានអញ្ជើញឲ្យចុះសេចក្ដីសញ្ញាមួយចំនួនជាមួយនឹងព្រះ ។ សេចក្តីសញ្ញាទាំងនេះអាចរួមមានដូចតទៅ ៖
ក្រឹត្យវិន័យនៃការគោរពប្រតិបត្តិ ដែលរួមមានការខិតខំដើម្បីគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ។
ក្រឹត្យវិន័យនៃការថ្វាយ ដែលមានន័យថា ការធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើបានដើម្បីគាំទ្រដល់កិច្ចការរបស់ព្រះអម្ចាស់ និងការប្រែចិត្តដោយចិត្តសង្រេង និងវិញ្ញាណទន់ទាប ។
ក្រឹត្យវិន័យនៃដំណឹងល្អ គឺជាក្រឹត្យវិន័យដែលខ្ពស់ជាងដែលទ្រង់បានបង្រៀនកាលទ្រង់គង់នៅលើផែនដីនេះ ។
ក្រឹត្យវិន័យនៃព្រហ្មចារីភាព ដែលមានន័យថាយើងមានទំនាក់ទំនងផ្លូវភេទតែជាមួយនឹងមនុស្សដែលយើងបានរៀបការពេញច្បាប់ និងស្របតាមក្រឹត្យវិន័យរបស់ព្រះប៉ុណ្ណោះ ។
ក្រឹត្យវិន័យនៃការថ្វាយ ដែលមានន័យថាជាការថ្វាយពេលវេលា ទេពកោសល្យ និងអ្វីៗទាំងអស់របស់យើងដែលព្រះអម្ចាស់បានប្រទានដល់យើង ដើម្បីស្ថាបនាសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទនៅលើផែនដីនេះ ។
នៅពេលអ្នកគោរពតាមសេចក្ដីសញ្ញារបស់អ្នក នោះអ្នកនឹងខិតទៅជិតព្រះអង្គសង្រ្គោះ ហើយទំនាក់ទំនងរបស់អ្នកជាមួយនឹងទ្រង់កាន់តែមានឥទ្ធិពលខ្លាំងឡើង ។ ព្រះសន្យាថា អស់អ្នកដែលគោរពតាមសេចក្ដីសញ្ញារបស់ខ្លួននឹងមានឱកាសត្រឡប់ទៅរស់នៅជាមួយនឹងទ្រង់វិញជារៀងរហូត ។
នៅចុងបញ្ចប់នៃអំណោយទានពិសិដ្ឋ អ្នកចូលរួមត្រឡប់ទៅទីវត្តមានរបស់ព្រះអម្ចាស់វិញដោយនិមិត្តរូប នៅពេលពួកគេចូលទៅក្នុងបន្ទប់សេឡេស្ទាល ។ នៅទីនោះអ្នកអាចចំណាយពេលពិចារណា អធិស្ឋាន អានព្រះគម្ពីរ ឬចែកចាយគំនិតរបស់អ្នកដោយស្ងៀមស្ងាត់ជាមួយគ្រួសារ និងមិត្តភក្តិ ។ វាជាទីកន្លែងនៃភាពសុខសាន្តដែលអ្នកអាចទទួលបានការលួងលោម និងការណែនាំពីព្រះផងដែរ ។ ( សូមមើល « About the Temple Endowment » នៅលើគេហទំព័រ temples.ChurchofJesusChrist.org ) ។
សូមផ្ដល់ឱកាសដល់សិស្សដើម្បីពន្យល់អំពីអ្វីទៅជាអំណោយទានពិសិដ្ឋ និងរបៀបដែលព្រះអម្ចាស់បានប្រទានពរជ័យដល់ពួកគេ នៅពេលពួកគេទទួលអំណោយទានពិសិដ្ឋនេះ ។ ដើម្បីធ្វើបែបនេះ អ្នកអាចសរសេរ « តើអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធគឺជាអ្វី ? » ហើយ « ហេតុអ្វីបានជាអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធមានសារៈសំខាន់ ? » ដាក់នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សមួយចំនួនឲ្យឆ្លើយ ។ សិស្សក៏អាចចែកចាយសំណួរអ្វីដែលពួកគេមានអំពីអំណោយទានពិសិដ្ឋនេះ ហើយសិស្សដទៃទៀតអាចចែកចាយនូវអ្វីដែលពួកគេបានសិក្សាដែលអាចជួយបានផងដែរ ។
ព្រះវិហារបរិសុទ្ធ និងខ្ញុំ
សូមពិចារណាបង្ហាញសាច់រឿងអំពីមិត្តភក្តិម្ដងទៀត ដែលមាននៅដើមមេរៀននេះ ។ សូមអញ្ជើញសិស្សឲ្យឆ្លុះបញ្ចាំងអំពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធបានបង្រៀនពួកគេនៅថ្ងៃនេះ ឬបន្ថែមការយល់ដឹងរបស់ពួកគេទៅលើអ្វីដែលពួកគេបានសរសេរនៅពេលចាប់ផ្ដើមថ្នាក់រៀននេះ ។ សូមអញ្ជើញសិស្សឲ្យចែកចាយអំពីរបៀបដែលពួកគេនឹងឆ្លើយតបទៅនឹងមិត្តភក្តិរបស់ពួកគេតាមរបៀបមួយដែលនឹងជួយពួកគេឲ្យទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ ។
« Why Latter-day Saints Build Temples » នៅលើគេហទំព័រ temples.ChurchofJesusChrist.org
« About Proxy Baptism and Confirmation » នៅលើគេហទំព័រ temples.ChurchofJesusChrist.org
ប្រធានបទប្រវត្តិសាសនាចក្រ « Baptism for the Dead » នៅលើគេហទំព័រ ChurchofJesusChrist.org/study/history/topics
ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ២៧.២ នៅលើគេហទំព័រ ChurchofJesusChrist.org
« About Temple Sealings » នៅលើគេហទំព័រ temples.ChurchofJesusChrist.org
« Inside Temples » នៅលើគេហទំព័រ temples.ChurchofJesusChrist.org
អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
ដង្វាយធួន—ការក្លាយ-ជា-តែមួយ-ក្នុងព្រះគ្រីស្ទ—កើតឡើងនៅពេលយើងអនុវត្តសេចក្តីជំនឿ ហើយបង្កើតផលចំពោះការប្រែចិត្ដ ។ វាតម្រូវឲ្យមានការអនុវត្តសេចក្ដីជំនឿ និងការប្រែចិត្តទាំងក្នុងជីវិតរមែងស្លាប់ និងក្នុងអមតភាព ។ ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធតែឯងមិនបានផ្លាស់ប្ដូរយើង ឬអស់អ្នកដែលនៅក្នុងពិភពវិញ្ញាណនោះទេ ។ ប៉ុន្តែពិធីបរិសុទ្ធដ៏ទេវភាពទាំងនេះអាចធ្វើឲ្យសេចក្ដីសញ្ញានានាជាមួយព្រះអម្ចាស់ បានបរិសុទ្ធដែលអាចនាំមកនូវភាពសុខដុមជាមួយទ្រង់ និងរវាងគ្នាទៅវិញទៅមក ។ ( ហ្គើរីត ដបុលយូ ហ្គង « រីករាយជារៀងរហូត » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៨៤ )
អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
គោលបំណងចម្បងនៃព្រះវិហារបរិសុទ្ធគឺដើម្បីផ្តល់នូវពិធីបរិសុទ្ធដែលចាំបាច់ទាំងឡាយសម្រាប់ភាពតម្កើងឡើងរបស់យើងនៅក្នុងនគរសេឡេស្ទាល ។ ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធដឹកនាំយើងទៅកាន់ព្រះអង្គសង្រ្គោះរបស់យើង ហើយផ្ដល់ពរ ដែលមានសម្រាប់យើងតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ( រ៉ូបឺត ឌី ហែល « Blessings of the Temple » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤៨ )
« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » បង្រៀនដូចតទៅនេះ ៖
ពីធីបរិសុទ្ធ និងសេចក្តីសញ្ញាពិសិដ្ឋនានាដែលមាននៅក្នុងព្រះវិហារបរិសុទ្ធអាចធ្វើឲ្យបុគ្គលម្នាក់ៗត្រឡប់ទៅកាន់វត្តមាននៃព្រះវិញ ហើយធ្វើឲ្យក្រុមគ្រួសារអាចបានរួមរស់នឹងគ្នាដ៏អស់កល្បជានិច្ច ។ ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org )
វីដេអូខាងក្រោមនេះអាចជួយឲ្យសិស្សមើលឃើញពីខាងក្នុងព្រះវិហារបរិសុទ្ធ និងកន្លែងដែលអំណោយទានពិសិដ្ឋធ្វើឡើង ។
នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤:២ ព្រះអម្ចាស់បានបង្គាប់ពួកបរិសុទ្ធឲ្យ « អនុវត្តការប្រកាសដ៏ម៉ឺងម៉ាត់ ប្រាប់អំពីដំណឹងល្អ » ។ សម្រាប់ព័ត៌មានដែលមានអត្ថប្រយោជន៍អំពីការប្រកាសនេះ សូមមើល Doctrine and Covenants Student Manual ( ឆ្នាំ ២០១៨ ) ទំព័រ ៧០៧–៧១០ ។
អ្នកអាចសួរសិស្សអំពី ការប្រកាស របស់សាសនាចក្រណាមួយដែលពួកគេស្គាល់ និងមូលហេតុដែលសាសនាចក្រចេញសេចក្តីប្រកាសនោះ ។
សិស្សអាចអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:៣–៧ ហើយឆ្លើយសំណួរដូចខាងក្រោម ៖
បន្ទាប់មកអ្នកអាចផ្តល់ឲ្យសិស្សពីរបីនាទីដើម្បីសរសេរ « ការប្រកាសផ្ទាល់ខ្លួនទៅកាន់ពិភពលោក » របស់ពួកគេ ។ ពួកគេអាចដាក់បញ្ចូលនូវអ្វីមួយចំនួនដែលពួកគេជឿថាពួកគេចង់ចែកចាយជាមួយអ្នកផ្សេងទៀតនៅក្នុងពិភពលោក ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យពិចារណាអំពីអ្វីដែលពួកគេអាចដាក់បញ្ចូលអំពីព្រះវិហារបរិសុទ្ធនៅក្នុងការប្រកាសរបស់ពួកគេផងដែរ ។
អ្នកអាចជួយសិស្សឲ្យយល់អំពីសារៈសំខាន់នៃភាពស្មោះត្រង់ដោយធ្វើដូចខាងក្រោមនេះ ។ សិស្សអាចអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:១៥ និង ២០ ដោយរកមើលលក្ខណៈទូទៅរបស់ ហៃរុម ស៊្មីធ និង ជច មិលលើ ដែលធ្វើឲ្យព្រះអម្ចាស់សព្វព្រះទ័យ ។
បន្ទាប់មក សិស្សអាចអានដូចតទៅនេះចេញពី សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ៖
ការរស់នៅដោយទៀងត្រង់មានន័យថា អ្នកស្រឡាញ់សេចក្តីពិតអស់ពីចិត្ត—ច្រើនជាងអ្នកស្រឡាញ់ការលួងលោមផ្ទាល់ខ្លួន ប្រជាប្រិយភាព ឬភាពងាយស្រួល ។ វាមានន័យថាធ្វើអ្វីដែលត្រឹមត្រូវព្រោះវាត្រឹមត្រូវ ។ ( ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស [ ឆ្នាំ ២០២២ ] ទំព័រ ៣១ )
អ្នកអាចជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅអំពីភាពស្មោះត្រង់ដោយសួរសំណួរដូចខាងក្រោមនេះ ៖
តើវាមើលទៅមានលក្ខណៈយ៉ាងដូចម្តេចសម្រាប់យុវវ័យដើម្បីស្រឡាញ់សេចក្តីពិតច្រើនជាងការលួងលោមផ្ទាល់ខ្លួន ប្រជាប្រិយភាព ឬ ភាពងាយស្រួល ?
តើការរស់នៅដោយភាពស្មោះត្រង់នឹងជួយយើងឲ្យក្លាយជាសិស្សដ៏ល្អប្រសើររបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
បន្ទាប់មកសិស្សអាចពិចារណាអំពីរបៀបដែលពួកគេអាចអភិវឌ្ឍភាពស្មោះត្រង់កាន់តែខ្លាំងនៅផ្ទះ នៅសាលា និងក្នុងការប្រាស្រ័យទាក់ទងរបស់ពួកគេជាមួយអ្នកដទៃ ។
នៅទីបំផុត ពួកបរិសុទ្ធត្រូវបានបណ្តេញចេញពីទីក្រុងណៅវូ ។ សូមមើល « Endowed with Power » ដើម្បីមើលឃើញពីបំណងប្រាថ្នារបស់ពួកបរិសុទ្ធក្នុងការទទួលអំណោយទានពិសិដ្ឋរបស់ពួកគេ មុនពេលពួកគេត្រូវចាកចេញពីព្រះវិហារបរិសុទ្ធ ។
12:17