« មេរៀនទី ១៣៦—គោលលទ្ធិ និងសេចក្តីសញ្ញា ១២៦ ៖ ព្រះអម្ចាស់បានទទួលយកការបម្រើរបស់ ព្រិកហាំ យ៉ង់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១២៦ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
នៅថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ១៨៤១ ព្រះអម្ចាស់បានប្រទានវិវរណៈមួយដល់ ព្រិកហាំ យ៉ង់ តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។ បន្ទាប់ពី ព្រិកហាំ បានបម្រើបេសកកម្មជាច្រើននៅសហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេស អង់គ្លេស ព្រះអម្ចាស់បានមានបន្ទូលថា ការធ្វើដំណើរធ្វើកិច្ចការផ្សព្វផ្សាយសាសនារបស់លោក អាចទទួលយកបានចំពោះទ្រង់ ។ ទ្រង់បានមានបន្ទូលថា វាដល់ពេលដែល ព្រិកហាំ ត្រូវថែរក្សាគ្រួសាររបស់លោកជាពិសេសហើយ ។ មេរៀននេះអាចជួយសិស្សឲ្យបង្កើនបំណងប្រាថ្នារបស់ខ្លួនក្នុងការធ្វើកិច្ចការដោយឧស្សាហ៍ព្យាយាមសម្រាប់ព្រះអម្ចាស់ដូចដែល ព្រិកហាំ យ៉ង់ បានធ្វើ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សូមស្រមៃថាថ្នាក់ដឹកនាំស្តេក ឬមណ្ឌលម្នាក់បានធ្វើការស្ទង់មតិសមាជិកសាសនាចក្រវ័យជំទង់នៅក្នុងតំបន់របស់អ្នក ហើយបានសួរសំណួរដូចខាងក្រោមនេះ ។ តើចម្លើយរបស់ពួកគេមួយចំនួនអាចមានអ្វីខ្លះ ?
-
តើអ្នកព្យាយាមបម្រើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទតាមរបៀបណាខ្លះ ? ហេតុអ្វីអ្នកបម្រើទ្រង់ទាំងទ្វេ ?
-
តើអ្វីខ្លះដែលរារាំងមិនឲ្យបម្រើព្រះអម្ចាស់ ? ហេតុអ្វីពេលខ្លះយើងមិនចង់បម្រើទ្រង់ ?
របៀបដែលព្រះអម្ចាស់មានអារម្មណ៍អំពី ព្រិកហាំ យ៉ង់
-
ព្រិកហាំ យ៉ង់ បានធំឡើងក្នុងជីវភាពក្រីក្រ ជាកូនទីប្រាំបួនក្នុងចំណោមកូនដប់មួយនាក់ ។
-
នៅអាយុ ១៤ ឆ្នាំ ម្តាយរបស់លោកបានទទួលមរណភាព ។
-
នៅអាយុ ១៦ ឆ្នាំ លោកបានចាប់ផ្តើមរស់ដោយខ្លួនឯងនៅក្នុងពិភពលោកនេះ ដោយបានធ្វើជាជាងឈើ ជាងកញ្ចក់ និងជាជាងគំនូរ ។
-
នៅអាយុ ២៣ ឆ្នាំ លោកបានរៀបការជាមួយ មីរៀម វើកស៍ ហើយក្រោយមកពួកលោកបានមានកូនស្រីពីរនាក់ ។
-
ព្រិកហាំ បានសិក្សាអំពីព្រះគម្ពីរមរមនអស់រយៈពេលពីរឆ្នាំដោយប្រៀបធៀបវាទៅនឹងព្រះគម្ពីរប៊ីបមុនពេលលោកចូលរួមក្នុងសាសនាចក្រនេះ ។ ក្រោយមកលោកបានរាយការណ៍ថា « ខ្ញុំបានដឹងថាព្រះគម្ពីរនេះពិត ហើយខ្ញុំក៏បានដឹងដែរថា ខ្ញុំអាចមើលឃើញដោយភ្នែករបស់ខ្ញុំផ្ទាល់ ឬក៏ទទួលអារម្មណ៍តាមរយៈការយកម្រាមដៃរបស់ខ្ញុំទៅប៉ះ » ( eachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ២ ) ។
-
ព្រិកហាំ បានបំពេញបេសកកម្មចំនួន ១០ នៅក្នុងសហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសអង់គ្លេស ។
-
លោកបានក្លាយជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅអាយុ ៣៣ ឆ្នាំ ។
-
នៅថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ១៨៤១ ព្រះអម្ចាស់បានប្រទានវិវរណៈមួយដល់ ព្រិកហាំ យ៉ង់ តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២៦:១–៣ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលអំពីការបម្រើរបស់លោក ។