« មេរៀនទី ១៣៧—គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៧–១២៨ ផ្នែកទី ១ ៖ សេចក្តីសង្រ្គោះដល់មនុស្សស្លាប់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១២៧–១២៨ ផ្នែកទី ១ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៣៧ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១២៥–១២៨
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៧–១២៨ ផ្នែកទី ១
សេចក្តីសង្រ្គោះដល់មនុស្សស្លាប់
នៅខែ សីហា ឆ្នាំ ១៨៤០ យ៉ូសែប ស្ម៊ីធ បានបង្រៀនគោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់ជាលើកដំបូង ។ សមាជិកសាសនាចក្របានរីករាយក្នុងឱកាសនេះដើម្បីផ្ដល់ពិធីបរិសុទ្ធនៃការសង្រ្គោះដល់សាច់ញាតិដែលបានស្លាប់ទៅរបស់ពួកគេ ។ យ៉ូសែប ស្ម៊ីធ បានសរសេរសំបុត្រទៅពួកបរិសុទ្ធដើម្បីណែនាំពួកគេអំពីពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់ ។ មេរៀននេះអាចជួយសិស្សឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះពួកគេ ដែលបានបើកសម្តែងតាមរយៈពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សាច់រឿងមួយ
សាច់រឿងខាងក្រោមនេះអាចជួយសិស្សឲ្យគិតពិចារណាអំពីអារម្មណ៍របស់ពួកគេអំពីគោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្គ្រោះសម្រាប់មនុស្សស្លាប់ ។ សិស្សអាចសម្តែងអំពីរបៀបដែលពួកគេអាចឆ្លើយតបទៅអានណា ។
ក្នុងអំឡុងពេលពិភាក្សាជាមួយពួកអ្នកផ្សព្វផ្សាយសាសនា អានណា បានរៀនអំពីការត្រូវធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយទទួលពិធីបុណ្យជ្រមុជទឹក ( សូមមើល ម៉ាថាយ ៣:១៣–១៧; យ៉ូហាន ៣:៥; នីហ្វៃទី២ ៣១:៤–១១ ) ។ នាងចង់ទទួលពិធីបុណ្យជ្រមុជទឹកដោយចិត្តស្មោះត្រង់ ប៉ុន្តែនាងក៏មានការព្រួយបារម្ភអំពីប្អូនស្រីដែលបានស្លាប់ទៅរបស់នាងផងដែរ ។ អានណាបានសួរពួកអ្នកផ្សព្វផ្សាយសាសនាថា « តើមានអ្វីកើតឡើងចំពោះប្អូនស្រីរបស់ខ្ញុំដែលបានស្លាប់មុនពេលនាងអាចទទួលពិធីបុណ្យជ្រមុជទឹកនោះ ?
-
នៅពេលអ្នកពិចារណាអំពីចំណុចសំខាន់នៃគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះ តើអ្នកមានអារម្មណ៍អ្វីខ្លះដែលអ្នកនឹងចែកចាយ ?
សូមរំឭកសិស្សថា មនុស្សគ្រប់ជំនាន់ រួមទាំងសមាជិកពីដើមរបស់សាសនាចក្របានសួរសំណួរដូចអានណាផងដែរ ។ តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ព្រះវរបិតាសួគ៌បានបើកសម្តែងអំពីរបៀបដែលផែនការរបស់ទ្រង់អាចជួយសង្គ្រោះអស់អ្នកដែលចង់បានការសង្គ្រោះ ។
ផែនការរបស់ព្រះវរបិតាសួគ៌
ព្រះអម្ចាស់បានបើកសម្តែងគោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់បន្តិចម្តងៗ ។ នៅខែ សីហា ឆ្នាំ ១៨៤០ យ៉ូសែប ស្ម៊ីធ បានបង្រៀននៅឯពិធីបុណ្យសពរបស់ ស៊ីមួរ ព្រុនសុន ។ ក្នុងអំឡុងពេលទេសនកថានោះ លោកបានសម្លឹងមើលទៅ ជេន នីមែន ដែលជាស្ត្រីមេម៉ាយដែលកូនប្រុសរបស់គាត់បានស្លាប់មុនពេលគាត់បានទទួលពិធីបុណ្យជ្រមុជទឹក ។ យ៉ូសែបបានយោងទៅ កូរិនថូស ទី១ ១៥:២៩ ហើយបានបង្រៀនថា ផែនការរបស់ព្រះបានអនុញ្ញាតឲ្យមនុស្សដែលនៅរស់ទទួលពិធីបុណ្យជ្រមុជទឹកជំនួសឲ្យនរណាម្នាក់ដែលបានស្លាប់ទៅហើយ ។ ក្រោយមក ជេនបានទទួលបុណ្យជ្រមុជទឹកឲ្យស៊ីរូសដែលជាកូនប្រុសរបស់នាង ។ ពិធីបុណ្យជ្រមុជទឹកនេះគឺជាពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់ដំបូងគេនៅគ្រាកាន់កាប់ត្រួតត្រានេះ ( សូមមើល ពួកបរិសុទ្ធ ៖ ដំណើររឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ភាគ ១ The Standard of Truth ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៤២១–៤២២ ) ។
ក្រោយមកព្រះអម្ចាស់បានបើកសម្តែងថា ពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់ត្រូវធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:២៩–៣២ ) ។ នៅខែ វិច្ឆិកា ឆ្នាំ ១៨៤១ ពួកបរិសុទ្ធបានចាប់ផ្ដើមធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់បុព្វការីជនរបស់ពួកគេនៅក្នុងព្រះវិហារបរិសុទ្ធណៅវូដែលមិនទាន់សាងសង់រួច ។ នៅខែ កញ្ញា ឆ្នាំ ១៨៤២ យ៉ូសែប ស្ម៊ីធ បានណែនាំពួកបរិសុទ្ធឲ្យរក្សាកំណត់ត្រានៃពិធិបរិសុទ្ធទាំងនោះ និងព័ត៌មានលម្អិតសំខាន់ៗផ្សេងទៀត ។ ការណែនាំទាំងនោះឥឡូវនេះជា គោលលទ្ធិ និងសេចក្តីសញ្ញា ១២៧ និង ១២៨ ( សូមមើល Saints ១:៤៧៦–៤៧៧ ) ។ យ៉ូសែប ស្ម៊ីធ បានពន្យល់ថា អ្នកកត់ត្រាគួរតែជាសាក្សីនៃពិធីបរិសុទ្ធនេះ ហើយរក្សាកំណត់ត្រាត្រឹមត្រូវដែលនឹងត្រូវកត់ត្រាទុកនៅក្នុងសៀវភៅទូទៅមួយរបស់សាសនាចក្រ ។ លោកក៏បានបង្រៀនផងដែរថា អ្នកដទៃគួរតែជាសាក្សីនៃពិធិបរិសុទ្ធនេះផងដែរ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១២៨:២–៤ ) ។ បន្ទាប់មកលោកបានពន្យល់អំពីមូលហេតុដែលលំដាប់លំដោយនៃកិច្ចការនេះចាំបាច់ត្រូវតែល្អិតល្អន់ ។
មុនពេលអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២៨:៥ វាអាចមានអត្ថប្រយោជន៍ក្នុងការពន្យល់ថា« មុនកំណើតលោកិយមកម្ល៉េះ » សំដៅទៅលើពេលវេលាមុនផែនដីត្រូវបានបង្កបង្កើតឡើង នៅពេលដែលមានក្រុមប្រឹក្សានៅស្ថានសួគ៌ ( សូមមើល អ័ប្រាហាំ ៣:២២–២៧ ) ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:៥ ដោយរកមើលអ្វីដែលអ្នករៀនអំពីពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
-
តើខគម្ពីរនេះបង្រៀនយើងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងផែនការរបស់ទ្រង់ ?
សូមជួយសិស្សឲ្យស្វែងរកសេចក្ដីពិតនេះ ៖ ព្រះវរបិតាសួគ៌បានរៀបចំផ្លូវមួយសម្រាប់សេចក្ដីសង្គ្រោះដល់អស់អ្នកដែលបានស្លាប់ទៅដោយគ្មានចំណេះដឹងអំពីដំណឹងល្អ ។
សូមពិចារណាសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀនដើម្បីជួយសិស្សឲ្យពិភាក្សាអំពីរឿងនេះ ។ ការសួរសំណួរមួយចំនួនខាងក្រោមនេះ អាចជួយសិស្សយល់ពីសេចក្តីពិតនេះ ។ អ្នកអាចបង្កើនការពិភាក្សាដោយសុំឲ្យសិស្សចែកចាយគំនិតរបស់ពួកគេអំពីមតិយោបល់របស់មិត្តរួមថ្នាក់ ។
-
តើសេចក្ដីពិតនេះបង្រៀនអ្នកអំពីគុណលក្ខណៈ បុគ្គលិកលក្ខណៈ ឬគោលបំណងរបស់ព្រះវរបិតាសួគ៌អ្វីខ្លះ ?
-
តើសេចក្ដីពិតនេះអាចជះឥទ្ធិពលដល់អ្នក និងគ្រួសាររបស់អ្នកយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃសេចក្ដីពិតនេះ សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិតនេះ ។ ឬ អ្នកអាចចែកចាយសេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះ ហើយអញ្ជើញសិស្សឲ្យចែកចាយនូវប្រតិកម្មរបស់ពួកគេចំពោះសេចក្តីថ្លែងការណ៍នេះ ។
អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងការប្រោសលោះមនុស្សស្លាប់ ។
ការទទួលខុសត្រូវរបស់យើងមានតាំងពីយូរយារណាស់មកហើយ ហើយជ្រាលជ្រៅប្រៀបដូចជាសេចក្ដីស្រឡាញ់របស់ព្រះដែលហ៊ុំព័ទ្ធបុត្រាបុត្រីរបស់ទ្រង់នៅគ្រប់ពេល និងគ្រប់ទីកន្លែងដូច្នោះដែរ ។ កិច្ចខិតខំរបស់យើងជំនួសឲ្យមនុស្សស្លាប់បានធ្វើជាសាក្សីដ៏ឧឡារិកថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះប្រោសលោះដ៏ទេវភាពរបស់មនុស្សលោកទាំងអស់ ។ ព្រះគុណ និងការសន្យារបស់ទ្រង់ក៏បានឈោងទៅដល់ សូម្បីតែអស់អ្នកដែលពុំបានស្វែងរកទ្រង់កាលនៅមានជីវិតក្តី ។ ដោយសារទ្រង់ នោះពួកអ្នកជាប់ទោសនឹងត្រូវបានរំដោះឲ្យមានសេរីភាព ។ ( ឌី ថត គ្រីស្តូហ្វឺសិន « The Redemption of the Dead and the Testimony of Jesus » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ១១ )
កត់ត្រាទុកនៅលើផែនដី និងនៅលើស្ថានសួគ៌
សូមពិចារណាបង្ហាញរូបភាពអាងជ្រមុជទឹកនៅព្រះវិហារបរិសុទ្ធ ។ សូមអញ្ជើញសិស្សឲ្យចង្អុលបង្ហាញពីអ្នកកត់ត្រា និងពួកសាក្សី ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យស្វែងរក និងគូសចំណាំកិច្ចការទាំងនេះនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:៣ ។ ប្រសិនបើសិស្សបានបម្រើជាសាក្សី នោះពួកគេអាចចែកចាយបទពិសោធន៍របស់ពួកគេ ។
របៀបមួយដើម្បីជួយសិស្សឲ្យស្វែងរកការទាក់ទងគ្នានៅក្នុងកណ្ឌទាំងនេះគឺត្រូវត្រឡប់ទៅរកសាច់រឿងអំពីអានណាវិញ ។
បន្ទាប់ពីបានទទួលពិធីបុណ្យជ្រមុជទឹក អានណាបានចូលរួមក្នុងព្រះវិហារបរិសុទ្ធ ហើយបានទទួលបុណ្យជ្រមុជទឹកសម្រាប់បងស្រីរបស់នាងដែលបានស្លាប់ទៅ ។ នាងឆ្ងល់ថាតើនាងអាចដឹងថា ពិធីបរិសុទ្ធនេះមានសុពលភាពនៅស្ថានសួគ៌ដោយរបៀបណាទៅ ។
មុនពេលសិស្សអានបទគម្ពីរខាងក្រោមនេះ អ្នកអាចពន្យល់ថា នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:៨ ឃ្លា « ដោយខ្លួនគេផ្ទាល់ » សំដៅទៅលើបុគ្គលដែលទទួលពិធីបុណ្យជ្រមុជទឹកសម្រាប់ខ្លួនឯង និងឃ្លា « ភ្នាក់ងាររបស់គេផ្ទាល់ » សំដៅទៅលើអ្នកដែលទទួលពិធីបុណ្យជ្រមុជទឹកសម្រាប់អ្នកដទៃ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២៧:៥–៧; ១២៨:៦–៨ ដោយរកមើលអ្វីដែលអ្នកនឹងចែកចាយជាមួយអានណា ដើម្បីឆ្លើយសំណួររបស់នាង ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះដែលអ្នកចង់ចែកចាយជាមួយអានណា ?
-
ហេតុអ្វីអ្នកគិតថាការរក្សាកំណត់ត្រានៃពិធីបរិសុទ្ធមានសារៈសំខាន់ក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ?
-
តើការយល់ដឹងអំពីខគម្ពីរទាំងនេះអាចជះឥទ្ធិពលលើបទពិសោធន៍នៃព្រះវិហារបរិសុទ្ធរបស់អ្នកយ៉ាងដូចម្ដេច ?
សូមពន្យល់ថា ពិធីបរិសុទ្ធដែលបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធគឺជាការចងនៅលើផែនដី និងនៅស្ថានសួគ៌ដោយសារតែកូនសោបព្វជិតភាពដែលបានស្ដារឡើងវិញតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:៩–១១ ) ។
« ចូរឲ្យចិត្តអ្នកបានអរសប្បាយ ហើយរីករាយជាអតិបរមាចុះ »
គោលបំណងនៃកណ្ឌនេះគឺដើម្បីជួយសិស្សឲ្យមានអារម្មណ៍អស្ចារ្យចំពោះផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។ សូមពិចារណាសរសេរ ផែនការរបស់ព្រះវរបិតាសួគ៌ នៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យបន្ថែមពាក្យ ឬឃ្លាដែលបង្ហាញអំពីអារម្មណ៍របស់ពួកគេអំពីផែនការនេះ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយអំពីមូលហេតុដែលពួកគេមានអារម្មណ៍បែបនោះ ។
សិស្សក៏អាចបន្ថែមនៅលើក្តាខៀននូវអារម្មណ៍ដែលពួកគេបានដកពិសោធន៍នៅពេលចូលរួមក្នុងពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់នៅក្នុងព្រះវិហារបរិសុទ្ធ ។
នៅពេលសិស្សអានវគ្គបទគម្ពីរខាងក្រោមនេះ ហើយពិភាក្សាអំពីសំណួរដែលអមមកជាមួយនោះ ពួកគេអាចបន្ថែមពាក្យ ឬឃ្លានៅលើក្ដារខៀន ។
នៅក្នុងសំបុត្ររបស់លោក យ៉ូសែប ស្ម៊ីធ បានបង្ហាញទស្សនៈរបស់លោកអំពីគោលលទ្ធិដ៏រុងរឿងនៃការប្រោសលោះសម្រាប់មនុស្សស្លាប់ ។ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២៨:២២–២៣ ដោយរកមើលអារម្មណ៍ដែលបានបង្ហាញអំពីផែនការរបស់ព្រះវរបិតាសួគ៌ ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះមកពីខគម្ពីរទាំងនេះដែលឆ្លុះបញ្ចាំងពីអារម្មណ៍របស់អ្នកអំពីផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់សេចក្តីសង្គ្រោះរបស់បុត្រាបុត្រីរបស់ទ្រង់ ?
-
តើនៅពេលណាដែលអ្នកបានដកពិសោធន៍នូវអារម្មណ៍ទាំងនេះណាមួយ ខណៈដែលកំពុងចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ?
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដែលថា « ពួកអ្នកជាប់គុកនឹងបានរួច » ? ( ខទី ២២ ) ។ ហេតុអ្វីវាអាចជាហេតុផលមួយសម្រាប់ការរីករាយដ៏អស្ចារ្យ ?
សូមពិចារណាអញ្ជើញសិស្សឲ្យបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេអំពីគោលលទ្ធិនៃការប្រោសលោះសម្រាប់មនុស្សស្លាប់ ។ សូមអញ្ជើញពួកគេឲ្យយកចិត្តទុកដាក់ទៅលើការបំផុសគំនិតណាមួយពីព្រះវិញ្ញាណនៅពេលដែលពួកគេបានធ្វើការងារនោះ ។ ពួកគេអាចសរសេរ គូរ ឬកត់ត្រាសារលិខិតមួយ ។ សិស្សអាចប្រើឃ្លាមួយចំនួនដែលបានរាយនៅលើក្ដារខៀន ដើម្បីពិពណ៌នាអំពីរបៀបដែលផែនការរបស់ព្រះវរបិតាសួគ៌ផ្ដល់នូវសេចក្ដីសង្ឃឹមដល់មនុស្សដែលស្លាប់ដោយគ្មានចំណេះដឹងអំពីដំណឹងល្អ ។ ពួកគេក៏អាចសរសេរអំពីឥទ្ធិពលនៃផែនការនៃសេចក្ដីសង្គ្រោះដែលមានចំពោះគ្រួសាររបស់ពួកគេផងដែរ ។ សិស្សប្រហែលជាចង់ពិពណ៌នាអំពីបទពិសោធន៍ដ៏មានអត្ថន័យនៃការចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយគំនិតរបស់ពួកគេ ។ អ្នកក៏អាចចែកចាយអារម្មណ៍របស់អ្នកអំពីការប្រោសលោះចំពោះអ្នកស្លាប់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ផងដែរ ។