« មេរៀនទី ១៣៨—គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៧–១២៨ ផ្នែកទី ២ ៖ ‹ បុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១២៧–១២៨ ផ្នែកទី ២ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៣៨ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១២៥–១២៨
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៥–១២៨ ផ្នែកទី ២
« បុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ »
យ៉ូសែប ស្ម៊ីធ បានសរសេរសំបុត្រទៅពួកបរិសុទ្ធអំពីគោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់ ។ លោកបានពន្យល់អំពីការព្យាកររបស់ព្រះគម្ពីរប៊ីបដើម្បីជួយពួកបរិសុទ្ធឲ្យយល់អំពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹកជំនួសឲ្យសាច់ញាតិរបស់ពួកគេដែលបានស្លាប់ទៅ ។ មេរៀននេះអាចជួយសិស្សឲ្យស្វែងរកព័ត៌មានអំពីបុព្វការីជនដែលបានស្លាប់ទៅរបស់ពួកគេ និងរៀបចំខ្លួនដើម្បីធ្វើពិធីបរិសុទ្ធសម្រាប់ពួកលោកនៅក្នុងព្រះវិហារបរិសុទ្ធ ។
សកម្មភាពរៀនសូត្រដែលអាចមាន
បុព្វការីជនរបស់អ្នក
សូមពិចារណាចាប់ផ្ដើមថ្នាក់ដោយជួយសិស្សឲ្យគិតអំពីបុព្វការីជនរបស់ពួកគេ ។ អ្នកអាចអញ្ជើញសិស្សឲ្យរាយបញ្ជីបុព្វការីជនរបស់ពួកគេឲ្យបានច្រើនតាមដែលពួកគេអាចនឹកឃើញ ។ សិស្សអាចបង្ហាញថាបុព្វការីជនណាម្នាក់បានទទួលពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយម្នាក់ណាដែលពុំទាន់បានទទួល ។
-
តើអ្នកមានទំនុកចិត្តប៉ុនណាចំពោះសមត្ថភាពរបស់អ្នកក្នុងការធ្វើពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធសម្រាប់បុព្វការីជនរបស់អ្នក ?
សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេចងចាំអំពីបរិបទនៃ គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៧–១២៨ ។ អ្នកក៏អាចចែកចាយបរិបទបន្ថែមខាងក្រោមផងដែរ ។
អាជ្ញាធរនៅរដ្ឋមិសសួរីបានចោទប្រកាន់ យ៉ូសែបស្ម៊ីធ ថារៀបចំផែនការវាយប្រហារទៅលើអតីតអភិបាល លិលបឺន ដ័បបុលយូ បកស៍ ។ យ៉ូសែបសង្ស័យថាប្រសិនបើលោកត្រឡប់ទៅរដ្ឋមិសសួរីវិញ នោះលោកនឹងត្រូវគេសម្លាប់ ។ ពេលកំពុងលាក់ខ្លួននៅក្នុងផ្ទះរបស់ អេដវើដ ហាន់ធើរ នោះយ៉ូសែបមានគំនិត និងអារម្មណ៍ជាច្រើនអំពីពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១២៨:១ ) ។ យ៉ូសែប ស្ម៊ីធ បានសរសេរសំបុត្រទៅកាន់ពួកបរិសុទ្ធដើម្បីបង្រៀនពួកគេនូវគោលលទ្ធិសំខាន់ៗអំពីពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់ ( សូមមើល ពួកបរិសុទ្ធ ៖ ដំណើររឿងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកថ្ងៃចុងក្រោយ ភាគ ១ The Standard of Truth ឆ្នាំ ១៨១៥–ឆ្នាំ ១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៤៦៦–៤៧៧ ) ។
ពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកទាំងដប់ពីរនាក់បានបង្រៀនថា យើងមានការទទួលខុសត្រូវក្នុងការធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធសម្រាប់មនុស្សមួយចំនួន ៖
គោលលទ្ធិនៃគ្រួសារដែលទាក់ទងនឹងពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធគឺមានភាពច្បាស់លាស់ ។ នៅក្នុងការណែនាំដំបូងដែលព្រះអម្ចាស់បានលើកឡើងអំពី « ពិធីបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ របស់អ្នក » [ គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៧:៥ បានគូសបញ្ជាក់បន្ថែម ] ។ កាតព្វកិច្ចខាងគោលលទ្ធិរបស់យើងគឺមានចំពោះបុព្វការីជនរបស់យើងផ្ទាល់ ។ ការណ៍នេះដោយសារតែអង្គការសេឡេស្ទាលនៃស្ថានសួគ៌គឺផ្អែកលើក្រុមគ្រួសារ ។ ( ឃ្វីនថិន អិល ឃុក « Roots and Branches » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៥ )
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២៧:៥–៦ ហើយសូមពិចារណាគូសចំណាំពាក្យ « បុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ » ដែលអែលឌើរ ឃុក បានចង្អុលបង្ហាញ ។
-
តើអ្នកស្រមៃថាវានឹងមានលក្ខណៈបែបណាដើម្បីជួបនឹងបុព្វការីជនដែលបានស្លាប់របស់អ្នក ? តើពួកលោកអាចមានប្រតិកម្មយ៉ាងណាចំពោះកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិដែលអ្នកបានធ្វើ ?
សូមពិចារណាបង្ហាញវីដេអូ « Hearts Bound Together » នៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ១៤:៣០ ដល់នាទីទី ១៥:០២ ។ នៅក្នុងវីដេអូនេះ ប្រធាន ហែនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយចែកចាយពីការជួបបុព្វការីជនដែលស្លាប់ទៅរបស់យើងអាចមានសភាពយ៉ាងណា ។
Hearts Bound Together
សេចក្ដីសង្គ្រោះរបស់ពួកគេគឺចាំបាច់ចំពោះសេចក្ដីសង្គ្រោះរបស់យើង
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:១៥–១៨ ដោយស្វែងរកអ្វីដែលព្យាការីបានបង្រៀនអំពីគោលលទ្ធិនៃគ្រួសារដ៏នៅអស់កល្បជានិច្ច និងពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់ ។
ដើម្បីសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:១៥–១៨ អាចបែងចែកសិស្សជាបីក្រុមដើម្បីស្វែងរកអ្វីដែលព្យាការីបានបង្រៀនដូចខាងក្រោម ។ អញ្ជើញសិស្សម្នាក់ក្នុងក្រុមនីមួយៗឲ្យធ្វើជាអ្នកដឹកនាំក្រុម ។ បុគ្គលនេះអាចបែងចែកការទទួលខុសត្រូវគ្នា ។ ការទទួលខុសត្រូវមួយគឺជាការសង្ខេបសម្រាប់ថ្នាក់នូវអ្វីដែលក្រុមបានសិក្សានៅក្នុងបទគម្ពីរទាំងឡាយ ។
-
យ៉ូសែប ស្ម៊ីធ—ខទី ១៥, ១៨
-
សាវកប៉ុល—ខទី ១៥-១៦
-
ព្យាការី ម៉ាឡាគី—ខទី ១៧
បន្ទាប់ពីសិស្សអានខគម្ពីរទាំងនេះហើយ សូមអញ្ជើញក្រុមនីមួយៗឲ្យសង្ខេបខគម្ពីរទាំងនោះ ។ អ្នកក៏អាចពិភាក្សាអំពីសំណួរដែលពួកគេអាចមាន ឬឃ្លាដែលពួកគេគិតថាសំខាន់ផងដែរ ។
-
តើព្យាការីម្នាក់ៗបានបង្រៀនអ្វីខ្លះអំពីសេចក្ដីសង្គ្រោះដល់បុព្វការីជនរបស់យើង ?
ខណៈដែលសិស្សចែកចាយ ពួកគេអាចសម្គាល់ឃើញសេចក្ដីពិតជាច្រើនរួមមានដូចខាងក្រោម ៖
-
សេចក្ដីសង្គ្រោះរបស់បុព្វការីជនយើងគឺចាំបាច់ចំពោះសេចក្ដីសង្គ្រោះរបស់យើង ។
-
បុព្វការីជនយើងដែលបានស្លាប់ទៅដោយគ្មានដំណឹងល្អ មិនអាចរីកចម្រើនឆ្ពោះទៅរកភាពល្អឥតខ្ចោះរហូតទាល់តែពិធីបរិសុទ្ធនៃព្រះវិហារត្រូវបានធ្វើឡើងសម្រាប់ពួកលោក ។
សូមជួយសិស្សឲ្យយល់អំពីមូលហេតុដែលសេចក្ដីពិតទាំងនេះសំខាន់នៅសម័យនេះ ។ សំណួរខាងក្រោមនេះមួយចំនួនអាចជួយបាន ។
-
-
តើព្រះយេស៊ូវគ្រីស្ទធ្វើឲ្យសេចក្ដីសង្គ្រោះរបស់បុព្វការីជនដែលបានស្លាប់ទៅរបស់យើងអាចធ្វើបានដោយរបៀបណា ?
-
តើអ្នកគិតថាការចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិអាចជួយអ្នកឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ?
ប្រធាន ហែនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយ បានថ្លែងទីបន្ទាល់អំពីការទទួលខុសត្រូវដ៏សំខាន់របស់យើង ៖
បុព្វការីជនរបស់បងប្អូនជាច្រើននាក់ពុំបានទទួលពិធីបរិសុទ្ធទាំងនោះឡើយ ។ ប៉ុន្តែព្រះបានប្រទានមធ្យោបាយដើម្បីឲ្យបងប្អូនអាចធ្វើបាន ។ ហើយព្រះជ្រាបថាបងប្អូននឹងមានអារម្មណ៍ខិតទៅជិតបុព្វការីជនរបស់ខ្លួនក្នុងក្ដីស្រឡាញ់ ហើយថាបងប្អូនមានបច្ចេកវិទ្យាចាំបាច់ដើម្បីស្វែងរកពួកលោក ។ ទ្រង់ក៏ជ្រាបដែរថាបងប្អូននឹងរស់នៅក្នុងគ្រាដែលអាចទៅព្រះវិហារបរិសុទ្ធបាន ជាទីដែលពិធីបរិសុទ្ធទាំងឡាយត្រូវបានធ្វើឡើង ដែលអស្ចារ្យជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រ ។ ហើយទ្រង់បានជ្រាបដឹងថា ទ្រង់អាចទុកចិត្តបងប្អូនឲ្យសម្រេចកិច្ចការនេះជំនួសឲ្យបុព្វការីជនរបស់បងប្អូនបាន ។ …
… យុវវ័យជាច្រើនបានរកឃើញថាការលះបង់ពេលវេលារបស់ពួកគេដើម្បីធ្វើកិច្ចការពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធបានធ្វើឲ្យទីបន្ទាល់របស់ពួកគេអំពីផែនការនៃសេចក្ដីសង្គ្រោះកាន់តែស៊ីជម្រៅ ។ វាបានបង្កើនអានុភាពព្រះវិញ្ញាណនៅក្នុងជីវិតរបស់ពួកគេ ហើយកាត់បន្ថយឥទ្ធិពលរបស់បច្ចាមិត្ត ។ វាបានជួយពួកគេឲ្យមានអារម្មណ៍កាន់តែជិតគ្រួសាររបស់ខ្លួន និងកាន់តែជិតព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេបានរៀនថា ការងារនេះជួយសង្គ្រោះមិនត្រឹមតែអ្នកស្លាប់ប៉ុណ្ណោះទេ វាជួយសង្គ្រោះយើងទាំងអស់គ្នាដែរ [ សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១២៨:១៨ ] ។ ( ហែនរី ប៊ី អាវរិង « Gathering the Family of God » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ២១, ២២ )
-
តើអ្នកបានធ្វើអ្វីខ្លះដើម្បីចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ? តើព្រះអម្ចាស់បានប្រទានពរអ្នកឲ្យធ្វើដូច្នោះដោយរបៀបណា ?
-
តើការចូលរួមក្នុងកិច្ចការនេះបានជួយអ្នកឲ្យមានអារម្មណ៍ជិតស្និទ្ធនឹងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
ការចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ
មេរៀនផ្នែកនេះមានគោលបំណងជួយសិស្សឲ្យចូលរួមក្នុងកិច្ចការពង្សប្រវត្តិ ហើយអាចនឹងត្រៀមខ្លួនដើម្បីធ្វើពិធីបរិសុទ្ធនានានៅក្នុងព្រះវិហារបរិសុទ្ធ ។ មានវិធីជាច្រើនដែលអ្នកអាចអញ្ជើញសិស្សឲ្យចូលរួមបាន ។ នេះគឺជាឧទាហរណ៍មួយចំនួន ៖
-
សូមបង្ហាញបញ្ជីសកម្មភាពដូចខាងក្រោម ហើយសួរសិស្សថាតើពួកគេអាចបង្រៀនមិត្តរួមថ្នាក់អំពីពួកគេបានដែរឬទេ ។ បន្ទាប់មកសិស្សអាចបង្ហាញអំពីរបៀបដើម្បីសម្រេចកិច្ចការនោះ ។
-
សូមបំបែកថ្នាក់ជាក្រុមតូចៗ ហើយអញ្ជើញសិស្សឲ្យធ្វើសកម្មភាពទាំងនោះជាមួយគ្នា ។ សិស្សដែលមានបទពិសោធន៍អាចជួយសិស្សដែលគ្មានបទពិសោធន៍ ។
-
បង្កើតកន្លែងរៀនសូត្រសម្រាប់សកម្មភាពទាំងឡាយ ។ សូមអញ្ជើញសិស្សម្នាក់ដែលដឹងពីសកម្មភាពនេះឲ្យដឹកនាំកន្លែងធ្វើសកម្មភាព ។ សិស្សអាចប្តូរតាមកន្លែងដែលពួកគេជ្រើសរើស ។
សូមពិចារណាអញ្ជើញអ្នកប្រឹក្សាផ្នែកពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធមកពីវួដរបស់អ្នកឲ្យជួយ ។ ប្រសិនបើការប្រើប្រាស់បច្ចេកវិទ្យាមានកំណត់ អ្នកអាចពិចារណាផ្តោតលើសកម្មភាពដំបូងដែលបានរៀបរាប់ខាងក្រោម ។
-
បំពេញសកម្មភាពផ្សេងៗនៅក្នុងកូនសៀវភៅ គ្រួសាររបស់ខ្ញុំ ៖ដំណើររឿងដែលនាំយើងឲ្យជួបជុំគ្នា ។
-
ចាប់ផ្ដើមស្គាល់មែកធាងគ្រួសាររបស់អ្នកនៅក្នុងកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។
-
ប្រើមុខងារពិសេស « ពិធីបរិសុទ្ធត្រៀមរួច » នៅក្នុងកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ដើម្បីស្វែងរកឈ្មោះយកទៅព្រះវិហារបរិសុទ្ធ ។
-
សូមធ្វើការណាត់ជួបទៅព្រះវិហារបរិសុទ្ធនៅលើគេហទំព័រ temples.ChurchofJesusChrist.org ។
-
ចាប់ផ្ដើមស្គាល់អំពីរបៀបបន្ថែមមនុស្ស ឬភ្ជាប់កំណត់ត្រាប្រវត្ដិសាស្ដ្រទៅកាន់មែកធាងគ្រួសាររបស់អ្នកនៅក្នុងកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។
-
បន្ថែមកម្រងអនុស្សាវរីយ៍ទៅមនុស្សដែលនៅក្នុងមែកធាងគ្រួសាររបស់អ្នកក្នុងកម្មវិធីស្រាវជ្រាវគ្រួសារ ។
-
រុករកនៅផ្នែក « សកម្មភាព » នៅលើគេហទំព័រ FamilySearch.org ។
-
រុករក « ព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ » នៅក្នុងបណ្ណាល័យដំណឹងល្អ ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យចែកចាយជាមួយថ្នាក់ទាំងមូលនូវអ្វីដែលពួកគេបានធ្វើ និងអ្វីដែលពួកគេបានរកឃើញ ។ សិស្សក៏អាចពិភាក្សាអំពីរបៀបដែលទំនុកចិត្តរបស់ពួកគេដើម្បីចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិអាចនឹងកើនឡើងផងដែរ ។
ជួយសិស្សឲ្យទទួលអារម្មណ៍ថាទទួលបានការគោរព និងឲ្យតម្លៃ ៖ ដើម្បីរៀនបន្ថែមអំពីការបង្ហាញសិស្សថា អ្នកគោរព និងឲ្យតម្លៃដល់ពួកគេ សូមមើលការបង្ហាត់បង្រៀនដែលមានចំណងជើងថា « ផ្ញើសំបុត្រទៅកាន់ឪពុកម្ដាយរបស់សិស្ស អំពីចំណុចវិជ្ជមានដែលអ្នកបានកត់សម្គាល់ឃើញអំពីកូនរបស់ពួកគាត់ » ។ ការបំពាក់បំប៉ននេះមាននៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ៖ ស្រឡាញ់មនុស្សដែលអ្នកបង្រៀន ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២៨:២៤ ដោយស្វែងរកអ្វីដែលយើងអាចថ្វាយដល់ព្រះអម្ចាស់ ។
-
តើអ្នកគិតថាកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិដែលយើងធ្វើគឺជាការថ្វាយដ៏សុចរិតដល់ព្រះអម្ចាស់ដោយរបៀបណា ?
-
តើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិអ្វីខ្លះដែលអ្នកទទួលអារម្មណ៍បំផុសគំនិតឲ្យថ្វាយដល់ព្រះអម្ចាស់ ?
សូមអញ្ជើញសិស្សឲ្យធ្វើសកម្មភាពតាមចំណាប់អារម្មណ៍ដែលពួកគេទទួលបាន ។ សូមលើកទឹកចិត្តសិស្សឲ្យចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅគេហដ្ឋានជាមួយក្រុមគ្រួសាររបស់ពួកគេ ។