« មេរៀនទី ១៤៨—ការបន្តតំណែងនៅក្នុងគណៈប្រធាន ៖ បានជ្រើសរើសដោយព្រះអម្ចាស់ដើម្បីដឹកនាំសាសនាចក្រ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការបន្តតំណែងនៅក្នុងគណៈប្រធាន » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៤៨ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥–១៣៦
ការបន្តតំណែងនៅក្នុងគណៈប្រធាន
បានជ្រើសរើសដោយព្រះអម្ចាស់ដើម្បីដឹកនាំសាសនាចក្រ
សមាជិកសាសនាចក្រនៅក្នុងសម័យ យ៉ូសែប ស្ម៊ីធ មិនដែលធ្លាប់ឆ្លងកាត់នឹងការស្លាប់របស់ព្យាការីនោះទេ ។ ការធ្វើទុក្ករកម្មដល់ យ៉ូសែប និង ហៃរុម មិនត្រឹមតែជាពេលដ៏លំបាកខាងសតិអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រាដែលមានការច្របូកច្របល់ និងភាពមិនប្រាកដប្រជាអំពីនរណាដែលនឹងដឹកនាំសាសនាចក្រផងដែរ ។ ទោះជាយ៉ាងណា ព្រះអម្ចាស់បានរៀបចំផ្លូវមួយសម្រាប់សាសនាចក្ររបស់ទ្រង់ដើម្បីបន្តនៅក្រោមការដឹកនាំរបស់ព្យាការី ។ មេរៀននេះមានបំណងជួយសិស្សឲ្យបង្កើនទំនុកចិត្តថាព្រះអម្ចាស់នៅតែបន្តដឹកនាំកិច្ចការរបស់ទ្រង់ សូម្បីតែពេលដែលព្យាការីម្នាក់បានទទួលមរណភាពក៏ដោយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
អ្នកដឹកនាំថ្មីនៅក្នុងសាសនាចក្រ
សូមស្រមៃថាអ្នកមានមិត្តភក្តិម្នាក់ឈ្មោះថា ហ្គាព្រីយ៉ែល ដែលថ្មីៗនេះបានចូលរួមក្នុងសាសនាចក្រជាមួយគ្រួសាររបស់គាត់ ។ បន្ទាប់ពីរៀនថ្នាក់សិក្ខាសាលាចប់នៅថ្ងៃមួយ គាត់សួរសំណួរអ្នកមួយចំនួនអំពីការដឹកនាំក្នុងសាសនាចក្រ ។ គាត់កំពុងឆ្ងល់ថា តើមានអ្វីកើតឡើងនៅពេលដែលប្រធានសាសនាចក្រទទួលមរណភាព និងអំពីរបៀបដែលព្យាការីថ្មីត្រូវបានជ្រើសរើស ។ គាត់ថែមទាំងឆ្ងល់ថាតើយើងប្រាកដថា បុគ្គលនោះគឺជាបុគ្គលត្រឹមត្រូវដើម្បីធ្វើជាព្យាការីដោយរបៀបណា ។
-
នៅលើរង្វាស់ ១ ទៅ ៥ ,១មានកម្រិតទាប និង ៥ មានកម្រិតខ្ពស់ តើអ្នកមានទំនុកចិត្តកម្រិតណាចំពោះសមត្ថភាពរបស់អ្នកក្នុងការឆ្លើយតបទៅនឹងសំណួររបស់ហ្គាព្រីយ៉ែល ?
-
អ្នកគិតថា ហេតុអ្វីវាសំខាន់ដើម្បីយល់អំពីរបៀបដែលការផ្លាស់ប្តូរថ្នាក់ដឹកនាំដំណើរការក្នុងសាសនាចក្រ ?
តើនរណានឹងមកជំនួសកន្លែងរបស់ យ៉ូសែប ស្ម៊ីធ ?
នៅពេលគេធ្វើទុក្ករកម្ម យ៉ូសែប ស្ម៊ីធ សមាជិកនៃសាសនាចក្រមិនដែលធ្លាប់បានឆ្លងកាត់នូវការទទួលមរណភាពរបស់ព្យាការីនោះទេ ។ ក្រៅពីទុក្ខព្រួយដ៏ធំធេងចំពោះមរណភាពរបស់ យ៉ូសែប សមាជិកមួយចំនួនមិនច្បាស់អំពីរបៀបដែលសាសនាចក្រនឹងឈានឆ្ពោះទៅមុខនោះទេ ។ ពួកសាវកភាគច្រើនបានស្ថិតនៅភាគខាងកើតនៃសហរដ្ឋអាមេរិកកំពុងបម្រើបេសកកម្ម នៅពេលដែលពួកគេបានឮអំពីការស្លាប់របស់ យ៉ូសែប និង ហៃរុម ។ នៅពេលដឹងដំណឹងដ៏សោកសៅនោះ ពួកគេ និងអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតបានចាប់ផ្ដើមធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងណៅវូវិញ ។
នៅគ្រាអវត្តមានរបស់ប្រធានសាសនាចក្រ ក៏មានមនុស្សមួយចំនួនតូចបានចេញមុខធ្វើការអះអាងផ្សេងៗគ្នាអំពីអ្វីដែលគួរធ្វើចំពោះការដឹកនាំសាសនាចក្រ ។
ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានទីមួយបានមានប្រសាសន៍ថា លោកបានទទួលការនិមិត្តមួយថា គ្មាននរណាម្នាក់អាចបន្តតំណែងពីយ៉ូសែបបានឡើយ ។ លោកបានស្នើថា លោកគួរតែជា « អ្នកមើលខុសត្រូវ » លើសាសនាចក្រនេះ ។
ប្រធានកូរ៉ុមនៃពួកសាវកទាំងដប់ពីរនាក់បានមានប្រសាសន៍ថា យ៉ូសែប ស៊្មីធ បានប្រគល់សិទ្ធិអំណាចរបស់ព្រះអង្គសង្គ្រោះដើម្បីដឹកនាំសាសនាចក្រនេះទៅឲ្យកូរ៉ុមនៃពួកដប់ពីរនាក់ ។
សមាជិកម្នាក់ដែលបានទទួលពិធីបុណ្យជ្រមុជទឹកបួនខែមុនពេលយ៉ូសែបបានទទួលមរណភាព បង្ហាញលិខិតមួយដែលមានហត្ថលេខារបស់ យ៉ូសែប ស្ម៊ីធ ថាបានចាត់គាត់ឲ្យធ្វើជាអ្នកបន្តតំណែងពី យ៉ូសែប ។
ព្រះអម្ចាស់បានបង្កើតឡើងនូវលំនាំមួយ